សេចក្ដីថ្លែងការណ៍មួយ របស់គណបក្សសង្គ្រោះជាតិ (CNRP) ដែលចេញផ្សាយ​កាលពីមុននេះ បានសរសេរបដិសេធ សេចក្ដីសម្រេចរបស់សន្និសីទពិភពលោក នៃក្រុមអ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ មកពីជុំវិញពិភពលោក ដែលបានប្រព្រឹត្តិទៅ រយៈពេលពីរថ្ងៃ កាលពីម្សិលម៉ិញ និងម្សិលម្ងៃ នៅក្រុង អាត្លង់តា ភាគខាងកើតសហរដ្ឋអាមេរិក។

លិខិតគណបក្ស ដែលគ្មានចុះលេខនោះ បានសរសេរចាត់ទុកការសម្រេចនោះ ថាមានលក្ខណៈផ្ទុយទាំងស្រុង ពីលក្ខន្តិកៈគណបក្សសង្គ្រោះជាតិ និងមិនអាចទទួលយកបាន ជាដាច់ខាត។

ក្រៅពីលើកមកបញ្ជាក់ ពីលក្ខន្តិកៈគណបក្ស នៅត្រង់ប្រការ៤៥ថ្មីនោះ សេចក្ដីថ្លែងការណ៍ នៅបានអះអាងថា សេចក្ដីសម្រេចរបស់សន្និសីទ «មិនអាចចាប់បង្ខំ ឬតម្រូវឲ្យគណបក្សសង្គ្រោះជាតិ ឬគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស ត្រូវតែធ្វើតាមនោះទេ» ដោយសំអាងថា «អ្នកចូលរួមធ្វើសន្និសីទខាងលើ មិនមាននីតិសម្បទា ដែលមានសិទ្ធិជាអ្នកស្នើ ឬជាអ្នកសម្រេចជ្រើសរើស ឬជ្រើសតាំងប្រធានស្ដីទី​គណបក្សឡើយ»។

កាលពីល្ងាចថ្ងៃម្សិលម៉ិញ (យប់ថ្ងៃទី២ ខែធ្នូ នៅអាមេរិក ត្រូវជាព្រឹកថ្ងៃទី៣ ខែធ្នូ នៅកម្ពុជា) សន្និសីទពិភពលោក ដែលត្រូវបានរៀបចំធ្វើ ដោយក្រុមអ្នកគាំទ្រគណបក្សនៅក្រៅប្រទេស បានបញ្ចប់កិច្ចប្រជុំរបស់ខ្លួន ដោយចេញជាសេចក្ដីសម្រេច មាន១០ចំណុច ក្នុងនោះមានការស្នើសុំឲ្យលោក សម រង្ស៊ី ឡើងធ្វើជាប្រធានស្ដីទីគណបក្ស នៅក្នុងអំឡុងពេល នៃការឃុំខ្លួនប្រធានគណបក្ស លោក កឹម សុខា ដោយរបបដឹកនាំក្រុងភ្នំពេញ។ សេចក្ដីសម្រេចរបស់សន្និសីទ បានគ្រោងប្រមូល បណ្ដាសាខាគណបក្សសង្គ្រោះជាតិ នៅតាមបណ្ដាប្រទេសធំៗ នៅតាមទ្វីបសំខាន់ៗ ដាក់បញ្ចូលបង្កើត ជាសាខាគណបក្សសង្គ្រោះជាតិក្រៅប្រទេសតែមួយ ហៅជាភាសាអង់គ្លេសថា «CNRP-Oversea» ឬ «CNRP-O»។

អ្នកឃ្លាំមើលបញ្ហានយោបាយកម្ពុជា លោក ព្រហ្ម គិត បានថ្លែងប្រាប់ទស្សនាវដ្ដី សំដែងការសង្ស័យ ទៅលើសេចក្ដីថ្លែងការណ៍ ដែលគ្មានចុះលេខគណបក្ស និងដែលបកស្រាយទាំងទទឹងទិស ថាក្រុមអ្នកគាំទ្រនៅខាងក្រៅស្រុក មិនមាននីតិសម្បទាគ្រប់គ្រាន់ ដើម្បីធ្វើការស្នើសុំនោះ។ លោកចោទសួរមកវិញថា ក្រែងអ្នកខាងក្រៅនោះហើយ ជាអ្នកឧបត្ថម្ភទ្រព្យធន់ ដើម្បីឲ្យគណបក្សនៅក្នុងស្រុក មានដំណើរការឬ?

លោក ព្រហ្ម គិត ដែលមានអតីតភាព ជាអ្នកច្បាប់ចូលរួម តាក់តែងរដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ១៩៩៣ បានអះអាងថា តាមគោលការណ៍ច្បាប់ ការផ្ដល់ប្រាក់ទៅឲ្យគណបក្ស ទោះតាមរូបភាព ជាវិភាគទានក្ដី ម្ចាស់ទ្រព្យត្រូវតែមានសិទ្ធិ ក្នុងការស្នើសុំអ្វីមួយ ទៅកាន់គណបក្ស ដូចជាចង់ដឹងថា តើយកប្រាក់នេះ ទៅណាដើម្បីធ្វើអ្វីជាដើម។ លោកបន្តថា៖

«មិនអាចត្រូវការគេ តែនៅពេលខ្លួនចង់បានប្រាក់ ស្រាប់តែពេលគេស្នើសុំអ្វីមួយ ស្រាប់តែមកនិយាយថា អ្នកឯងគ្មាននីតិសម្បទាដើម្បីស្នើសុំ អញ្ចឹងទេ»។

ចំណុចដែលគួរឲ្យសង្ស័យ ចំពោះសេចក្ដីថ្លែងការណ៍នោះ នៅត្រង់ថា លិខិតនេះហាក់ត្រូវបានចេញផ្សាយ តែពីមនុស្សប៉ុន្មាននាក់ ដោយយកឈ្មោះគណបក្ស​យកទៅបិតពីលើ។ អ្នកឃ្លាំមើលរូបនេះ បានពន្យល់ថា លោក អេង ឆៃអ៊ាង និងអ្នកស្រី មូ សុខហួ ដែលជាអនុប្រធានគណបក្ស សុទ្ធតែមានវត្តមាន នៅក្នុងសន្និសីទ ខណៈអនុប្រធានមួយរូបទៀត គឺលោក ប៉ុល ហម នៅក្នុងប្រទេស ត្រូវបានគេបំបិតសិទ្ធិនិយាយស្ដី ពាក់ព័ន្ធនឹងនយោបាយ។ បើនិយាយពីគណៈកម្មការចំពោះកិច្ច ដែលជាអ្នកសម្រេច ចំពោះកិច្ចការគណបក្សនោះវិញ ក៏កាន់តែមិនអាចដែរ ដោយហេតុថា មានដំណឹងពីការមិនចុះសម្រុងគ្នា នៅក្នុងគណៈកម្មការនេះ។

ខុសប្លែក ពីលិខិតផ្លូវការមុនៗ លិខិតមួយច្បាប់ចុងក្រោយនេះ មិនត្រូវបានផ្ញើរចេញ ពីទូរសារអេឡិចត្រូនិក នៃអគ្គលេខាធិការដ្ឋានគណបក្ស មកកាន់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូទេ។ គេឃើញលិខិតនេះ ត្រូវបានបង្ហោះព្រោងព្រាត នៅលើបណ្ដាញសង្គម ជាពិសេសនៅលើគណនីលោក មុត ចន្ថា នាយកខុទ្ទកាល័យលោក កឹម សុខា និងកញ្ញា កឹម មនោវិទ្យា ដែលជាកូនស្រីច្បងលោក កឹម សុខា។ ជាពិសេស លិខិតនេះ ចេញផ្សាយតែប៉ុន្មាននាទីប៉ុណ្ណោះ ក្រោយការបង្ហោះ របស់លោក មុត ចន្ថា នៅលើគណនីរបស់លោក៕



លំអិតបន្ថែមទៀត

កម្ពុជា

សម រង្ស៊ី ថា​សម្ពាធ​អន្តរជាតិ​ធ្វើឲ្យ ហ៊ុន សែន សម្រេច​ចិត្ត​​«ត្រឡប់ត្រឡិន»

សម្រាប់មេដឹកនាំប្រឆាំង បានពន្យល់ថា ការប្រកាសរបស់រដ្ឋាភិបាលក្រុងភ្នំពេញ ដែលថា កម្ពុជាមិនបានដាក់សមាជិកសភាអ៊ឺរ៉ុប ចូលក្នុងបញ្ជីខ្មៅ នៃជនហាមឃាត់ចូលទឹកដីកម្ពុជានោះ ជាការសម្រេចចិត្តបែប«ត្រឡប់ត្រឡិន» របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកំពុងរងសម្ពាធ ពីសហគមន៍អន្តរជាតិ។ ...
កម្ពុជា

សម រង្ស៊ី ថ្លែង​បន្ថែម​ឲ្យ​ជនមាន​កាំភ្លើង ត្រៀម​ការពារ​ខ្លួន​និង​ពលរដ្ឋ

នៅចំពោះគម្រោងបើកសវនាការ របស់សាលាដំបូងរាជធានីភ្នំពេញ ពីបទចោទ «ញុះញង់កុំឲ្យយោធិន ស្តាប់បង្គាប់ និងធ្វើឲ្យខូចទឹកចិត្តកងទ័ព» លោក សម រង្ស៊ី បានបញ្ជាក់ជំហរថា លោកមិនខ្វល់អ្វីឡើយ។ ផ្ទុយទៅវិញ លោកបានអំពាវនាវបន្ថែម ...
ទស្សនៈប្រិយមិត្ត

លិខិតចំហ សម រង្ស៊ី ជូន​តំណាង​រាស្ត្រ​ពិភពលោក ឲ្យ​ការពារ​ភាព​ជា​តំណាង​រាស្ត្រ​ពិត

ក្នុងខណៈពេលដែលរដ្ឋសភា គណបក្សប្រជាជនកម្ពុជា បានអនុម័តការធ្វើវិសោធនកម្ម លើច្បាប់ចំនួន៤ ដើម្បីឈានទៅយកអាសនៈ របស់គណបក្សប្រឆាំង ទៅបែងចែកឲ្យគណបក្សដទៃនោះ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានផ្ញើរ«លិខិតចំហ»មួយ ពីរដ្ឋធានីប៉ារីស ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.