កម្ពុជាដំណឹង

មន្ត្រី CNRP ត្រូវខុទ្ទកាល័យ​ប្រធានាធិបតី​បារាំងទទួលជួប​ នៅសប្ដាហ៍​ក្រោយ

ខុទ្ទកាល័យប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) នឹងទទួលជួបតំណាងរបស់គណបក្សសង្គ្រោះជាតិ នៅសប្ដាហ៍​ក្រោយ ដើម្បីអនុញ្ញាតឲ្យពួកគេដាក់ញត្តិទាមទារ និងជម្រាបជូនប្រធានាធិបតីបារាំង ពីស្ថានភាពវិបត្តិនយោបាយ នៅកម្ពុជា។ នេះ បើតាមការអះអាង របស់មន្ត្រីគណបក្សសង្គ្រោះជាតិ ប្រចាំក្នុងទ្វីបអ៊ឺរ៉ុប។

លោក ទេព មនោរម្យ មន្ត្រីគណបក្សប្រឆាំង ទទួលបន្ទុកព័ត៌មាន និងការផ្សព្វផ្សាយ បានថ្លែងប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ក្នុងយប់នេះថា ក្រុមរបស់លោកបានទទួលចម្លើយ នៃការទទួលឲ្យចូលជួបនេះ ពីខុទ្ទកាល័យប្រធានាធិបតីបារាំងនេះ កាលពីម្សិលម្ងៃ (ថ្ងៃអង្គារទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩)។ លោកបន្តអះអាងថា៖

«ខាងខុទ្ទកាល័យ អនុញ្ញាតឲ្យយើងចូលជួបបីនាក់។ តែយើងនៅមិនទាន់ដឹងថា តើឈ្មោះនរណា នឹងត្រូវទៅនៅឡើយទេ យើងមិនទាន់កំណត់ ប៉ុន្តែគេឲ្យជួបបីនាក់។ មានប្រធានចលនាយុវជនម្នាក់ កញ្ញា លឹម កណ្ណិកា ម្នាក់ ហើយពីរនាក់ទៀត មិនទាន់ដឹងច្បាស់ទេ។»

មន្ត្រីគណបក្សប្រឆាំងនៅក្រៅប្រទេសរូបនេះ បានពន្យល់ថា អ្នកដែលត្រូវចាត់ នៅសប្ដាហ៍​ក្រោយ ឲ្យចូលជួបក្នុងខុទ្ទកាល័យប្រធានាធិបតីបារាំងនោះ គួរតែជាមនុស្សដែលមានឥទ្ធិពល ដូចយ៉ាងលោក សម រង្ស៊ី និងភរិយាលោកជាដើម។ លោក ទេព មនោរម្យ ថ្លែងថា៖

«យើងចង់ឲ្យមនុស្ស ដែលមានឥទ្ធិពល ដូចជាលោកប្រធាន សម រង្ស៊ី និងអ្នកមីង សូមូរ៉ា ដែលជាតំណាងរាស្ត្ររបស់យើងចូលជួប ព្រោះពួកយើងចង់ឲ្យពួកគាត់ មានលទ្ធភាព នៅក្នុងការពន្យល់ និងផ្ដល់ព័ត៌មាន ឲ្យរដ្ឋាភិបាលបារាំងមួយចំនួន ទាក់ទងនឹងការរំលោភកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីសផង។»

ញត្តិរបស់អ្នកគាំទ្រគណបក្សប្រឆាំង ដែលទស្សនាវដ្ដីបានចូលទៅពិគ្រោះ មានសរសេររៀបរាប់យ៉ាងច្រើន ពីតួនាទីរបស់ប្រទេសបារាំង នៅក្នុងវិបត្តិនយោបាយ នៅកម្ពុជា ជាពិសេសក្នុងនាមប្រទេសនេះ ជាសហប្រធាន និងជាម្ចាស់ហត្ថលេខី នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ឆ្នាំ១៩៩១។

ញត្តិដែលដាក់ចំណងជើងថា «សូមប្រទេសបារាំង ជួយកម្ពុជាឲ្យងាកត្រឡប់ មករកលទ្ធិប្រជាធិបតេយ្យវិញ» បានរៀបរាប់ ពីការដឹកនាំតាមបែប«ផ្ដាច់ការ» នៃលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាង ដែលបានដាក់ប្រទេសកម្ពុជា ក្នុងរយៈពេលចុងក្រោយបង្អស់នេះ ឲ្យងាកដើរចេញពីវិថីប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ខុសពីរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ឆ្នាំ១៩៩១។ 

ញត្តិទាមទារនោះ បានសរសេរថា៖

«ក្នុងពេលបច្ចុប្បន្ននេះ យើងមិនអាចនិយាយពីកម្ពុជា ជាប្រទេសនីតិរដ្ឋបានឡើយ តែជាកម្ពុជា នៃរបបផ្ដាច់ការ។ លទ្ធិប្រជាធិបតេយ្យកំពុងស្លាប់ នៅចំពោះមុខយើង។ ហើយយើងមិនអាចទ្រាំបាន នឹងឃើញប្រទេសកម្ពុជាវិនាសនោះឡើយ។ តើយើងអាចទុកឲ្យប្រជាជនកម្ពុជា រស់នៅក្នុងភាពភ័យខ្លាច យ៉ាងដូម្ដេចទៅកើត? តើនៅចំពោះអំពើអយុត្តិធម៌នេះ ប្រទេសបារាំងត្រូវធ្វើអ្វីខ្លះ? តើប្រទេសបារាំង កំពុងធ្វើឲ្យតួនាទីខ្លួន​បាត់បង់ឬ? តើប្រទេសបារាំងនៅឯណា?»

ញត្តិខាងលើ ទទួលបានអ្នកចុះហត្ថលេខាគាំទ្រ ប្រមាណជា២០០០នាក់ មកដល់ម៉ោងនេះ ដែលហួសពីគ្រប់គ្រាន់ សម្រាប់ការដាក់ស្នើ ឡើងទៅកាន់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ឲ្យធ្វើអន្តរាគមន៍ក្នុងតួនាទីខ្លួន យ៉ាងហោចណាស់ ជាសហប្រធាន និងជាម្ចាស់ហត្ថលេខី នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ឆ្នាំ១៩៩១។ ញត្តិបានឲ្យដឹងបន្តថា៖

«ប្រទេសបារាំង និងប្រទេសប្រជាធិបតេយ្យជាច្រើនទៀត បានធ្វើអន្តរាគមន៍យ៉ាងឆាប់រហ័ស ក្នុងការគាំទ្រគណបក្សប្រឆាំង នៅក្នុងប្រទេសវេណេស៊ុយអេឡា ដោយប្រើរយៈពេលដ៏ខ្លីមួយប៉ុណ្ណោះ។ ចុះហេតុអ្វីប្រទេសបារាំង មិនធ្វើការប្រឹងប្រែងដូចគ្នានេះ ដើម្បីគាំទ្រឲ្យមានលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា?»៕



លំអិតបន្ថែមទៀត

កម្ពុជា

សម រង្ស៊ី តម្រូវ​ឲ្យ«ហ៊ុន សែន ត្រូវ​ដោះលែង កឹម សុខា មុន​គេ»

ត្រូវ​ដោះលែង កឹម សុខា ៖ ការប្ដូរជំហររបស់របបដឹកនាំក្រុងភ្នំពេញ ដែលមានគម្រោង​កែច្បាប់ជាថ្មី ដើម្បីបើក​លទ្ធភាព ឲ្យមន្ត្រីគណបក្ស​សង្គ្រោះជាតិ ទាំង១១៨នាក់ អាចមានសិទ្ធិ ធ្វើសកម្មភាពនយោបាយ​ឡើងវិញ បន្ទាប់ពី​ពួកគេ ត្រូវបានតុលាការហាមឃាត់ ...
កម្ពុជា

ហ៊ុន សែន គ្រោងឲ្យ​មន្ត្រី​ទៅស្នាក់​នៅ​«សៀមរាប» ជំនួស​អ្នក​ទេសចរណ៍

ដើម្បីដោះស្រាយវិបត្តិ មេរោគ«កូរូណា»ថ្មី ដែលកំពុងរួមរិតវិស័យទេសចរណ៍កម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោងបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រី និងកិច្ចប្រជុំធំៗផ្សេងទៀត នៅក្នុងខេត្ត«សៀមរាប»។ គម្រោងបើកកិច្ចប្រជុំនេះ ត្រូវបានបុរសខ្លាំងកម្ពុជា ពន្យល់ថា គឺដើម្បីឲ្យក្រុមមន្ត្រីរាប់រយ-រាប់ពាន់នាក់ ...
កម្ពុជា

អតីត​ចៅសង្កាត់ CNRP ត្អូញពីការរំខានតាមផ្លូវតុលាការ ទៅលើសិទ្ធិខ្លួន

«ខ្ញុំរស់នៅ វាពិបាកណាស់! ហើយខ្ញុំមិនដឹងថា តើពេលតទៅមុខទៀត ខ្ញុំនឹងប្រឈមអ្វីទៀតទេ។» នេះ ជាការអះអាងឡើង របស់កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សែត នៅខណៈដែល អតីត​ចៅសង្កាត់ អូចារ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.