កម្ពុជាដំណឹង

នីតិរដ្ឋកម្ពុជា ជាប់លេខនៅ​«បាត​តារាង»​របស់​គម្រោង​យុត្តិធម៌​ពិភពលោក

មិនអន់ដល់ចុងក្រោយគេបង្អស់ទេ តែគ្រាន់ជាងចំណាត់ថ្នាក់ចុងក្រោយបង្អស់មួយ​លេខ។ «គម្រោងយុត្តិធម៌ពិភពលោក» ដែលជាកម្មវិធី របស់អង្គការសង្គមស៊ីវិលអន្តរជាតិ​មួយ មានទីតាំងក្នុងរដ្ឋធានីវ៉ាស៊ីនតោន (សហរដ្ឋអាមេរិក) បានដាក់​លេខ​«បាត​តារាង»​ជិតចុងក្រោយគេបង្អស់នេះ ឲ្យដល់កម្រិតនីតិរដ្ឋនៅកម្ពុជា។

របាយការណ៍របស់ «គម្រោងយុត្តិធម៌ពិភពលោក (World Justice Project)» ស្ដីពីកម្រិតនីតិរដ្ឋនៅតាមប្រទេសចំនួន១១៣ នៅក្នុងពិភពលោក ដែលចេញផ្សាយក្នុងដើមខែកុម្ភៈនេះ បានផ្តល់ពិន្ទុ ០,៣២ ឲ្យកម្ពុជាសម្រាប់ការគោរព-អនុវត្តច្បាប់ អភិបាលកិច្ច ការប្រឆាំងអំពើពុករលួយ សន្តិសុខ​សណ្ដាប់ធ្នាប់ និងប្រព័ន្ធយុត្តិធម៌ ដែលត្រូវនឹងចំណាត់ថ្នាក់លេខ ១១២ លើ១១៣។ ចំណាត់ថ្នាក់នេះ មិនបានផ្លាស់ប្ដូរទេ បើធៀបនឹងឆ្នាំមុន។

តារាងចំណាត់ថ្នាក់ ឆ្នាំ២០១៧-២០១៨ របស់គម្រោងអន្តរជាតិខាងលើ បានបង្ហាញថា ប្រទេសដែលអន់ជាងគេកម្ពុជា មានតែមួយប៉ុណ្ណោះ គឺប្រទេសវេណេស៊ុយអេឡា ដែលជាប់លេខ១១៣ (ជាមួយពិន្ទុ ០,២៩)។ ផ្ទុយទៅវិញប្រទេស អាហ្វហ្គានីស្ដង់ ដែលមេដឹកនាំកម្ពុជា​តែង​រិះគន់ថា ញាំញីដោយសង្គ្រាមនោះ ជាប់លេខ១១១ ជាមួយពិន្ទុ ០,៣៤ ស្ថិតនៅលើកម្ពុជា។

បើនិយាយនៅក្នុងតំបន់ ចំណាត់ថ្នាក់ជិតចុងគេបង្អស់នេះ មិនអនុញ្ញាតឲ្យកម្ពុជា ធ្វើការធៀបខ្លួន ទៅនឹងបណ្ដាប្រទេសជិតខាងខ្លួនបានទេ។ ប្រទេសជាសមាជិកអាស៊ានទាំងអស់ សុទ្ធតែមានចំណាត់ថ្នាក់ល្អជាងកម្ពុជា ដូចជា ហ្វីលីពីនលេង៨៨ វៀតណាម​លេខ៧៤ ថៃលេខ៧១ ឥណ្ឌូនេស៊ីលេខ៦៣ និងម៉ាឡេស៊ីលេខ៥៣។ រីឯភូមាដែលទើបចេញ ពីរបបដឹកនាំយោធាផ្ដាច់ការនោះ ក៏មានចំណាត់ថ្នាក់ប្រសើរជាងកម្ពុជាដែរ (លេខ១០០)។ សម្រាប់ប្រទេសសិង្ហបូរីវិញ លោតឡើងដល់លេខ១៣ ដែលសឹងតែមានន័យថា ជាកំពូលចំណាត់ថ្នាក់។

សម្រាប់ប្រទស ដែលជាប់ចំណាត់ខ្ពស់ជាងគេ មានប្រទេស​ដាណឺម៉ាក​លេខ១ ណ័វេស​លេខ២ ហ្វាំងឡង់​លេខ៣ ស៊ុយអែដ​លេខ៤ និងហូឡង់​លេខ៥។ ប្រទេសមួយចំនួនដែល​តែងអួតអាងថា ជាបីតាប្រជាធិបតេយ្យ ដូចយ៉ាងបារាំង ជាប់លេខ១៨ និងសហរដ្ឋអាមេរិក ជាប់លេខ១៩។

អ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជា លោក ជិន ម៉ាលីន បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ក្រសួងត្រូវការពេល សិក្សា​ទៅលើ​របាយការណ៍​ខាងលើ ដើម្បីឲ្យដឹងថា របាយការណ៍នេះនិយាយពីអ្វីខ្លះសិន មុននឹងធ្វើប្រតិកម្មតបវិញ។ លោកថា កម្ពុជាបានធ្វើ​កំណែទម្រង់​​ច្រើន​ហើយ ​​លើ​ប្រព័ន្ធ​យុត្តិធម៌របស់ខ្លួន បើទោះជាមានការ​ខ្វះ​ចន្លោះ​ខ្លះក៏ដោយ។

ក្នុងរបាយការណ៍សន្ទស្សន៍ ឆ្នាំ២០១៨ របស់អង្គការតម្លាភាពអន្តរជាតិ ស្ដីពីអំពើពុករលួយ ប្រទេសកម្ពុជា ក្រោយរបបដឹកនាំលោក ហ៊ុន សែន ក៏មានពិន្ទុមិនសូវល្អដែរ។ របាយការណ៍នោះ ដែលទើបចេញផ្សាយ កាលពីចុងខែកន្លងទៅ បានផ្ដល់ពិន្ទុសម្រាប់កម្ពុជា ឲ្យជាប់លេខជិត​«បាត​តារាង»ដូចគ្នា គឺលេខ១៦១ ពីក្នុងចំណោម១៨០ប្រទេស។

សូមជម្រាបជូនថា «គម្រោងយុត្តិធម៌ពិភពលោក» ធ្វើការតាមរយៈកម្មវិធីចំនួន ៣ គឺ (១) ការស្រាវជ្រាវ និងអាហារូបករណ៍ (២) របាយការណ៍​សន្ទស្សន៍​ចំណាត់ថ្នាក់ ស្ដីពីនីតិរដ្ឋ និង (៣) ការចូលរួម។ គម្រោងនេះព្យាយាមបង្កើនការយល់ដឹង​ជាសាធារណៈ អំពីសារៈសំខាន់​ជាមូលដ្ឋាននៃនីតិរដ្ឋ ជំរុញការកែទម្រង់របស់រដ្ឋាភិបាល និងបង្កើតកម្មវិធីជាក់ស្តែង នៅថ្នាក់សហគមន៍៕



លំអិតបន្ថែមទៀត

របាយការណ៍

«ខ្ញុំជា ឈុត វុទ្ធី» ​ភាពយន្ដ​ឯកសារ​និយាយពី​វីរភាព និង​ការធ្វើឃាត

ភាពយន្ដឯកសារ រឿង «ខ្ញុំជា ឈុត វុទ្ធី» បានរៀបរាប់ឡើងវិញ ពីវីរភាពរបស់លោក ឈុត វុទ្ធី សកម្មជនការពារព្រៃឈើដ៏ល្បីល្បាញ ដែលបានប្រឹងប្រែង ​ការពារ​ធនធាន​ធម្មជាតិ របស់ខ្មែរ ...
កម្ពុជា

ហ៊ុន សែន ព្រមាន​«ដកព្រះរាជអាជ្ញាណា» ដែល​មិនធ្វើតាម​លោក

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងក្នុងរសៀលថ្ងៃអង្គារ ទី១២ ខែមិនា ឆ្នាំ២០១៩នេះ ថានឹង«ដកព្រះរាជអាជ្ញាណា» ដែលមិនធ្វើតាមនយោបាយព្រហ្មទណ្ឌ នៃរបបដឹកនាំរបស់លោក។ ថ្លែងក្នុងពិធីបិទសន្និបាត បូកសរុបការងារ ឆ្នាំ២០១៨ ...
កម្ពុជា

ស ខេង សម្រេចប្ដឹង សម រង្ស៊ី នៅឯ… តុលាការ​កម្ពុជា !

មិនខុសពីការអះអាង របស់មន្ត្រីអ្នកនាំពាក្យ លោក ផៃ ស៊ីផាន ដែលថា បុរសខ្លាំងទី១ និងទី២ នៃរបបក្រុងភ្នំពេញ នឹងប្ដឹងលោក សម រង្ស៊ី ឡើងទៅតុលាការនោះឡើយ។ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.