កម្ពុជាដំណឹង

កម្ពុជា​មានពេល​៦ខែ ដើម្បី​«ស្ដារស្ថានភាព»​បើចង់រក្សាទុក EBA

ការប្រកាសបើកនីតិវិធីផ្លូវការ ដើម្បីឈានទៅដកប្រទេសកម្ពុជា ចេញពីកម្មវិធីអនុគ្រោះពន្ធ «EBA» មិនមែនជាសេចក្ដីសម្រេចចុងក្រោយ របស់សហភាពអ៊ឺរ៉ុប ដែលថានឹងត្រូវព្យួរប្រព័ន្ធអនុគ្រោះពន្ធ ក្នុងពេលនេះទេ។ ប៉ុន្តែសម្រាប់សហភាពអ៊ឺរ៉ុប វាជាការកំណត់ពេលវេលា ដែលមានកាលវិភាគច្បាស់លាស់ ដើម្បីឈានទៅកាន់ទិសដៅនោះ ប្រសិនណាជាប្រទេសកម្ពុជា មិន«ស្ដារស្ថានភាព»ឲ្យល្អប្រសើរវិញទេ។

ដូចអ្នកស្រី សេស៊ីលីយ៉ា ម៉ាលស្ត្រម (Cecilia Malmström) តំណាងជាន់ខ្ពស់ នៃសហភាពអ៊ឺរ៉ុប ទទួលបន្ទុកគោលនយោបាយ​ពាណិជ្ជកម្ម បានពន្យល់នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយកាលពីម្សិលម៉ិញអះអាងថា ការបើកនីតិវិធីផ្លូវការ ក្នុងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ វាការចាប់ផ្ដើមរាប់ថ្ងៃជាផ្លូវការ សម្រាប់រយៈពេល៦ខែ ដែលសហភាអ៊ឺរ៉ុប ត្រូវឃ្លាំមើលប្រទេសកម្ពុជា យ៉ាងដិតដល់និងជាក់លាក់ ហើយវិធានការចាំបាច់ទាំងអស់ (ពីសំណាក់អាជ្ញាធរកម្ពុជា) ត្រូវដាក់ឲ្យចេញជារូបរាង ក្នុងរយៈពេលនេះ។

អ្នកស្រី ម៉ាលស្ត្រម បានថ្លែងព្រមាននៅក្នុងសេចក្ដីប្រកាសព័ត៌មាននោះថា៖

«នៅពេលយើងនិយាយថា គោលនយោបាយពាណិជ្ជកម្មរបស់សហភាពអ៊ឺរ៉ុប ផ្អែកទៅលើគុណតម្លៃ [នៃលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងសិទ្ធិការងារ] មិនមែននិយាយ ឲ្យរួច​តែពីមាត់​នោះទេ។»

ដោយអះអាងថា សហភាពអ៊ឺរ៉ុបនៅតែបើកទ្វា ដើម្បីជជែកជាមួយកម្ពុជានោះ អ្នកស្រី សេស៊ីលីយ៉ា ម៉ាលស្ត្រម បានឲ្យដឹងទៀតដូច្នេះ៖

«យើងមានមោទនភាព​ណាស់ ព្រោះយើងជាលំហរទីផ្សារមួយ នៃលំហរទីផ្សារពិភពលោក ដែលបើកចំហជាងគេ សម្រាប់បណ្ដាប្រទេស ដែលមិនសូវមានការរីកចម្រើន ហើយមានភស្តុតាងច្រើនណាស់ ដែលបង្ហាញថា ការនាំចេញ​ទៅកាន់លំហរទី​ផ្សារដ៏ធំ របស់សហភាពអឺរ៉ុប អាចផ្តល់​នូវសន្ទុះសេដ្ឋកិច្ច​ដ៏សំខាន់​ សម្រាប់​ប្រទេស​ទាំងនោះ។ ជាការឆ្លើយតបវិញ យើងគ្រាន់តែស្នើឲ្យប្រទេសទាំងនោះ គោរពនូវគោលការណ៍​​ជាមូលដ្ឋានគ្រឹះ​មួយចំនួន។»

ខាងក្រោមនេះ ជាកាលវិភាគនៃនីតិវិធីរបស់គណៈកម្មការអ៊ឺរ៉ុប ដើម្បីឈានទៅដកប្រទេសកម្ពុជា ចេញពីកម្មវិធីអនុគ្រោះពន្ធ «EBA» របស់ខ្លួន៖

១) ចាប់ពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ អាជ្ញាធរនៃប្រទេសកម្ពុជា មានពេល៦ខែ ដើម្បី«ស្ដារស្ថានភាព» ដោយបង្ហាញនូវចំណាត់ការជាក់លាក់ ក្នុងការវិលទៅកាន់វិថី នៃលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។ រយៈពេលនេះ សហភាពអ៊ឺរ៉ុបនឹងឃ្លាំមើលប្រទេសកម្ពុជា យ៉ាងដិតដល់ជាងពេលណាៗទាំងអស់។

២) បន្ទាប់មកសហភាពអ៊ឺរ៉ុប ត្រូវការពេល៣ខែទៀត ដើម្បីរៀបចំរបាយការណ៍មួយឡើង។

៣) គណៈកម្មការអ៊ឺរ៉ុប មានពេល៣ខែយូរបំផុត (ដែលមានន័យថា អាចលឿនជាងនេះ) ដើម្បីធ្វើការសម្រេច​នៅទីបំផុតថា តើប្រទេសកម្ពុជា នឹងត្រូវព្យួរចេញ​ពីកម្មវិធីអនុគ្រោះពន្ធ «EBA» ឬយ៉ាងណា។

៤) បើគណៈកម្មការអ៊ឺរ៉ុបសម្រេចថាត្រូវព្យួរ នោះការសម្រេចនេះ​​នឹងចូលជាធរមាន នៅ៦ខែក្រោយ។

ដូច្នេះរាប់ពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះទៅ ពេលវេលាយូរបំផុត​ដែលសរុប​ទាំងការឃ្លាំមើល ការធ្វើរបាយការណ៍ ការសម្រេច និងទាំងការអនុវត្តន៍ មានរយៈពេល១៨ខែ ដើម្បីប្រព័ន្ធ «EBA» ត្រូវបានព្យួរជាស្ថាពរ ខណៈប្រទេសកម្ពុជា មានពេលតែ៦ខែដំបូងប៉ុណ្ណោះ សម្រាប់អនុញ្ញាតឲ្យសហភាពអ៊ឺរ៉ុប ដើរត្រឡប់ក្រោយវិញ៕



លំអិតបន្ថែមទៀត

កម្ពុជា

ស្ថានទូត​ច្រានចោល​ការចោទ​អាមេរិក ថា​នៅពីក្រោយ​«រដ្ឋប្រហារឆ្នាំ១៩៧០»

នៅចំពោះការចោទប្រកាន់ រហូតក្លាយជារឿងធម្មតា ដែលអះអាងថា អាមេរិកនៅពីក្រោយរដ្ឋប្រហារ ថ្ងៃ១៨ ខែមីនា ឆ្នាំ១៩៧០ ទម្លាក់សម្ដេច ព្រះនរោត្ដម សីហនុ និងដាក់ឲ្យមានរបបសាធារណរដ្ឋមួយឡើងនោះ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានចេញធ្វើប្រតិកម្មថា ...
កម្ពុជា

ហ៊ុន សែន ប្រកាស​ឲ្យអ្នកគាំទ្រ ទទួលទាន​«នំបញ្ចុក»​ទាំងអស់គ្នា

«ឥឡូវខ្ញុំសុំប្រកាស ជូនប្រជាពលរដ្ឋកម្ពុជា ជាពិសេសចំពោះសមាជិកសមាជិកា គណបក្សប្រជាជន និងអ្នកគាំទ្រគណបក្សប្រជាជន សុំទទួលទាន”នំបញ្ចុក”ទាំងអស់គ្នា» នេះ ជាការអះអាងឡើង របស់លោក ហ៊ុន សែន ដើម្បីឆ្លើយតបទៅនឹងកម្មវិធីនំបញ្ចុកសាមគ្គី ដែលរៀបចំឡើងជាលក្ខណៈអន្តរជាតិ ...
កម្ពុជា

អាជ្ញាធរ​ចិន​រកឃើញ​បុរសចិន​ផ្ទុក​«Covid-19»​ម្នាក់​ទៀត ចេញពី​កម្ពុជា

ជនជាតិចិនមួយរូប អាយុ៣៧ឆ្នាំ ដែលធ្វើដំណើរ ចេញពី​កម្ពុជា កាលពីថ្ងៃទី១០ ខែមេសា ត្រូវបានអាជ្ញាធរនៃក្រុង ស៊ិនជិន (Shenzhen) ប្រទេសចិន ធ្វើតេស្ដិ៍រកឃើញ ថាបានឆ្លងជំងឺ «Covid-19» ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.