«កម្ពុជា»ក្រោមការដឹកនាំ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងសាងកេរ្ដិ៍ឈ្មោះបន្ថែមទៀត នៅជុំវិញពិភពលោក ដោយបានជាប់នៅក្នុង«បញ្ជីខ្មៅ» នៃក្រុមប្រទេសមេកន្ទ្រាញ និងផ្ដាច់ការ ដែលធ្វើការរាំងខ្ទប់គេហទំព័រសារព័ត៌មានឯករាជ្យ។
ការចាត់ព្រះរាជាណាចក្រអច្ឆរិយៈ ទៅក្នុងបញ្ជីដែលមានឈ្មោះដ៏អាក្រក់ ធ្វើឡើងដោយអង្គការអ្នកយកព័ត៌មានគ្មានព្រំដែន (RWB /RSF) ដែលមានទីស្នាក់ការធំ ក្នុងរដ្ឋធានី ប៉ារីស (បារាំង) ក្នុងដើមខែវិច្ឆិកានេះ តាមរយៈកម្មវិធីមួយ របស់អង្គការអន្តរជាតិនេះ ដែលមានឈ្មោះថា «Collateral Freedom»។
មកដល់ថ្ងៃនេះ កម្មវិធី «Collateral Freedom» បានចុះឈ្មោះប្រទេសចំនួន១៨ ដែលសុទ្ធសឹងជាប្រទេសប្រកាន់យក នូវការដឹកនាំតាមបែបផ្ដាច់ការ មានដូចជាប្រទេស ចិន វៀតណាម ភូមា ថៃ និងប្រទេសជាច្រើន ក្នុងតំបន់មជ្ឈឹមបូព៌ា។ គោលបំណងរបស់ «Collateral Freedom» គឺទាមទារឲ្យធ្វើការបើកចំហរសេរីភាពសារព័ត៌មាន នៅជុំវិញពិភពលោក និង«បំបែកការរាំងខ្ទប់» សម្រាប់គេហទំព័រសារព័ត៌មានឯករាជ្យទាំងឡាយ ដែលរងគ្រោះនៅក្នុងប្រទេសទាំងនោះ។
កម្មវិធីខាងលើ ត្រូវបានបង្កើតឡើង តាំងពីអំឡុងខែមីនា ឆ្នាំ២០១៥ តែអង្គការអ្នកយកព័ត៌មានគ្មានព្រំដែន ទើបនឹងសម្រេចចាត់ប្រទេស កម្ពុជា ចូលក្នុង«បញ្ជីខ្មៅ»នៃកម្មវិធីរបស់ខ្លួន ជាផ្លូវការ ក្នុងចុងឆ្នាំ២០២០នេះ បន្ទាប់ពីគេហទំព័រទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ (MONOROOM.info) ត្រូវបានរាំងខ្ទប់ នៅក្នុងព្រះរាជាណាចក្រ និងរងការរំខាន មិនស្រាកស្រាន្ដ រាប់ពីចុងខែមីនាកន្លងមក។
ទំព័រ «Collateral Freedom» របស់ប្រទេសកម្ពុជា មានសរសេររៀបរាប់ត្រួសៗថា៖
«ដោយខ្លាចបាត់បង់អំណាច ដែលលោកមាន តាំងពីជាង៣០ឆ្នាំមកនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបើកយុទ្ធនាការបង្ក្រាបយ៉ាងចាស់ដៃ ទៅលើសេរីភាពសារព័ត៌មាន ជាពិសេសនៅមុនការបោះឆ្នោតសាកល ឆ្នាំ២០១៨ ដោយដាក់បាតដៃរបស់លោក ទៅលើប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក សឹងតែទាំងអស់ ហើយបិទសារព័ត៌មានឯករាជ្យ រួចគម្រាមកំហែង និងចាប់អ្នកកាសែតដាក់គុក…។»
អង្គការអន្តរជាតិ ដែលមានឯកទេស ខាងការពារសេរីភាពសារព័ត៌មាន នៅជុំវិញផែនដី បានបន្តថា ដោយកង្វះព័ត៌មាន ប្រកបដោយតុល្យភាព និងតម្លាភាព ពលរដ្ឋកម្ពុជាបានងាក ទៅស្វែងរកព័ត៌មាន ដែលផ្សាយនៅតាមបណ្ដាញអ៊ិនធើណែត និងនៅលើបណ្ដាញសង្គម ដែលបានក្លាយជាទីកម្សាន្ដ ដ៏មានប្រជាប្រិយភាព។
«តែមិនទាន់ចប់នៅឡើយទេ ព្រោះព័ត៌មានដ៏រសើបៗ ដែលផ្សាយចេញ ដោយគេហទំព័រទាំងនោះ នឹងត្រូវអាជ្ញាធរលាបពណ៌ ដោយហៅថាជា”«Fake News” ហើយគេហទំព័រណា ដែលផ្សាយព័ត៌មានខាងលើ នឹងត្រូវរងការរាំងខ្ទប់។»
អង្គការ «RWB /RSF» បន្តទៀតថា៖
«ក្រោមលេស នៃការប្រយុទ្ធទល់នឹងការរាតត្បាតជំងឺ “Covid-19” របបដឹកនាំនៅកម្ពុជាសព្វថ្ងៃ បានអនុម័តច្បាប់មួយ កាលពីអំឡុងខែមេសា ដើម្បីប្រកាសដាក់ប្រទេស ក្នុងគ្រាមានអាសន្ន ដោយដាក់ឲ្យមាន នូវការរាំងខ្ទប់ជាទូទៅ និងការឃ្លាំមើលយ៉ាងដិតដល់ រាល់ទម្រង់នៃប្រព័ន្ធទូរគមនាគមទាំងឡាយ៕»