កម្ពុជាដំណឹង

ខ្លីៗពីបារាំង៖ ក្រុង​ប៉ារីស ថាការព្យួរ​«EBA»​នឹងចូល​​ជា​ធរមាន​ថ្ងៃ​១២សីហា

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីតាំងពីឆ្នាំ១៩៨៤ នៅប្រទេសកម្ពុជា។ (រូបថតឆ្នាំ២០២០ បង្ហោះលើទំព័រហ្វេសប៊ុក)
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីតាំងពីឆ្នាំ១៩៨៥ នៅប្រទេសកម្ពុជា។ (រូបថតឆ្នាំ២០២០ បង្ហោះលើទំព័រហ្វេសប៊ុក)

សម្រាប់រដ្ឋាភិបាល«ក្រុង​ប៉ារីស» ការផ្ដល់ជំនួយ​ពីសំណាក់ក្រុមអ៊ឺរ៉ុប (Team Europe) ក្នុង​ទំហំ​ទឹកប្រាក់ ៤៤៣លានអ៊ឺរ៉ូ ជារឿងមួយដោយឡែក ពីការសម្រេច​របស់​សហភាព​អ៊ឺរ៉ុប (EU) ក្នុង​ការព្យួរ​​​ប្រព័ន្ធអនុគ្រោះពន្ធ «EBA» ពីប្រទេសកម្ពុជា ដែលនឹងចូលជាធរមាន នៅ​ថ្ងៃ​ទី១២ ខែសីហាខាងមុខ។ នេះ បើតាម​របាយការណ៍​ខ្លីៗ ប្រចាំសប្ដាហ៍​ទី២៥ របស់​ក្រសួង​​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុបារាំង ដែលទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ បានចូល​ទៅ​ពិគ្រោះ។

របាយការណ៍ខ្លីៗនោះ បានសរសេរថា សហភាពអ៊ឺរ៉ុបតាមរយៈ គំនិតផ្ដួចផ្ដើមមួយ​របស់​ខ្លួន ដែលមានឈ្មោះថា «Team Europe» បានធ្វើចលនាផ្ដល់ជាជំនួយ និងប្រាក់កម្ចី ប្រមាណជា ៤៤៣លានអ៊ឺរ៉ូ ដើម្បីជួយប្រទេសកម្ពុជា ក្នុងការប្រយុទ្ធទល់នឹងជំងឺ «Covid-19» និងដើម្បីជួយបញ្ចៀស ផលប៉ះពាល់ផ្នែកសង្គម-សេដ្ឋកិច្ច នៅក្នុងរយៈពេល​នៃវិបត្តិ។

ក្រុង​ប៉ារីស ដែលតែងធ្វើរបាយការណ៍ ពីបណ្ដាប្រទេសនានា ក្នុងសមាគមអាស៊ាន សឹងជា​រៀងរាល់សប្ដាហ៍ បានបញ្ជាក់ថា គំនិតផ្ដួចផ្ដើមខាងលើ របស់សហភាពអ៊ឺរ៉ុប ត្រូវ​បាន​ធ្វើ​ឡើង ក្នុងទំហំទឹកប្រាក់ រហូតដល់២ពាន់លានអ៊ឺរ៉ូ ដើម្បីជំរុញទិសដៅ ជួយដល់​ដៃគូ​ទាំង​ឡាយ​របស់ខ្លួន ដែលកំពុងប្រឈមមុខ ទល់នឹងការរាតត្បាត ដ៏ចង្រៃ។

ផ្ទុយទៅវិញ បើទោះជាសហភាពអ៊ឺរ៉ុបជួយកម្ពុជា ក្នុងវិបត្តិទល់នឹងជំងឺ «Covid-19» ខាង​លើនេះក្ដី តែការសម្រេចផ្អាក ប្រព័ន្ធអនុគ្រោះពន្ធ «EBA» ដែលមានទំហំ២០% ទៅលើ​ផលិតផលនាំចេញ ដ៏សំខាន់ៗរបស់ប្រទេសកម្ពុជា នឹងនៅតែរក្សាទុក ជាធរមានដដែល។

របាយការណ៍សប្ដាហ៍ទី២៥ របស់វិមានប៊ែរស៊ី (Bercy – គឺក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ​បារាំង) បានបញ្ជាក់ថា ការផ្អាក ឬការយកពន្ធ មួយផ្នែកឡើងវិញ នឹងត្រូវអនុវត្ត ចាប់ពី​ថ្ងៃទី១២ ខែសីហាខាងមុខ ជាកំហិត។

ការសម្រេចរបស់សហភាពអ៊ឺរ៉ុប ដែលធ្វើឡើង កាលពីដើមខែកុម្ភៈ ឆ្នាំ២០២០ បានកំណត់​ឲ្យយក​ពន្ធឡើងវិញ ប្រមាណជា​២០% ទៅលើ៤០មុខទំនិញ ដែលនាំចេញពីកម្ពុជា និង​នាំចូល​ទៅក្នុង​ទីផ្សារ របស់​សហភាព ទាំង២៧ប្រទេស។ ការសម្រេចនេះ នឹងត្រូវចូល​ជា​ធរមាន នៅ៦ខែក្រោយ (ដែលត្រូវនឹងថ្ងៃទី១២ ខែសីហា)។

ការសម្រេចខាងលើធ្វើឡើង បន្ទាប់ពី​សហភាព​អឺរ៉ុប​ បាន​រក​ឃើញ​ថា​ របបដឹកនាំ​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​រំលោភ​សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ «ជា​ប្រព័ន្ធ​ និង​យ៉ាង​ធ្ងន់ធ្ងរ» រាប់ចាប់តាំងពីពាក់កណ្ដាលឆ្នាំ២០១៧មក ដោយក្នុង​នោះ​ មាន​​ការ​ចាប់ឃុំ​ខ្លួន​លោក ​កឹម សុខា ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​រហូតឈានដល់ ការ​រំលាយគណបក្ស​ប្រឆាំង​ដ៏​ធំ​មួយនេះ គួបផ្សំនឹង​ការ​ហាមឃាត់​ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ ចំនួន​១១៨​នាក់ ​មិន​ឲ្យ​ធ្វើ​នយោបាយ​ សម្រាប់រយៈពេល​៥ឆ្នាំ។

មុននឹងឈានមកដល់ ការធ្វើសេចក្ដីសម្រេច សហភាព​អឺរ៉ុបបានបើកនីតិវិធី ជាច្រើន​ដំណាក់កាល ដើម្បី​ព្រមាន​រដ្ឋាភិបាលកម្ពុជា តាំងពីដើមខែកុម្ភៈ ឆ្នាំ២០១៩។

តាមរយៈទូរសារអេឡិចត្រូនិកមួយ ដែល​គណៈកម្មការអ៊ឺរ៉ុប បានឆ្លើយតប​នឹង​ការសាកសួរ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ កាលពីពីរសប្ដាហ៍មុន បានបញ្ជាក់ថា សហភាពអ៊ឺរ៉ុប​អាច​ពិចារណា​ឡើងវិញ អំពីការសម្រេចរបស់ខ្លួន នៅក្នុង​​លក្ខខណ្ឌ​តែមួយ​គត់ នោះគឺកម្ពុជា ត្រូវបង្ហាញអំពី«វឌ្ឍនភាព គួរឱ្យកត់សម្គាល់ ជុំវិញ​សិទ្ធិពលរដ្ឋ និង​សិទ្ធិនយោបាយ» នៅក្នុងប្រទេស។

យ៉ាងណា លក្ខខណ្ឌខាងលើ របស់សហភាពអ៊ឺរ៉ុប ដែលមានចែង នៅក្នុងកិច្ចព្រមព្រៀង «EBA» មិនមែនជាអ្វី ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រៀមនឹងធ្វើតាមនោះទេ ដោយលើកហេតុផល ម្ដង​ហើយម្ដងទៀត ថាកម្ពុជាមិន​យក​អធិបតេយ្យភាព​ខ្លួន ទៅដូរ​នឹងប្រព័ន្ធអនុគ្រោះ​អ្វីឡើយ៕



លំអិតបន្ថែមទៀត

កំសាន្ដ

«ទទាយំឆ្លង» ចេញ​ទំនុកថ្មី​ទៀត តែ​មិនមែន​ចេញ​ពី ហ៊ុន សែន ទេ!

ពីនេះពីនោះ – បើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេះប្ដូរទំនុកបទដើម របស់ចម្រៀង«ទទាយំឆ្លង»បាន ចុះហេតុអ្វី អ្នកផ្សេងមិនអាចធ្វើបានដែរ? នោះ គឺជាទំនុកថ្មីមួយ និពន្ធដោយម្ចាស់គណនីហ្វេសប៊ុកម្នាក់ ឈ្មោះ ...
ដំណឹង

បារាំង-អាល្លឺម៉ង់ ស្នើកម្ចី​​៥០០កោដិ​អ៊ឺរ៉ូ ដើម្បីឲ្យ​សេដ្ឋកិច្ចអ៊ឺរ៉ុប​ងើប​ឡើង​វិញ

មហាយក្សពីរនៅក្នុងសហភាពអ៊ឺរ៉ុប បារាំង-អាល្លឺម៉ង់ បានស្នើគម្រោងថវិកា ៥០០កោដិ អ៊ឺរ៉ូ ដើម្បីអនុញ្ញាត ឲ្យសេដ្ឋកិច្ចអ៊ឺរ៉ុប ងើបចេញពីវិបត្តិ នៃជំងឺ«Covid-19»។ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ...
កម្ពុជា

សុខ ឥសាន ថាក្រុមប្រឆាំង«ជិតងាប់»​ព្រោះ សម រង្ស៊ី មិនហ៊ាន​ចូលស្រុក

សម្រាប់លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) បានលើកឡើងនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩នេះថា ក្រុមប្រឆាំងកំពុងបែកបាក់ និងជ្រួលច្របល់ ដោយសារមេបក្សពួកគេ គឺលោក សម ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.