ការឃុំខ្លួនយុវជន៧រូប (ក្នុងនោះមានព្រះសង្ឃ១អង្គ) ទំនងជាត្រូវបានធ្វើ ដោយ«បំពាន»។ នេះ បើតាម​ការលើក​ឡើង របស់ក្រុមអ្នកជំនាញ​ខាងសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ដោយជំរុញ​ទៅអាជ្ញាធររបប​ក្រុងភ្នំពេញ ឲ្យដោះលែងពួកគេ​ឲ្យនៅក្រៅឃុំ ដោយអនុលោម​​តាមច្បាប់ជាតិ និងអន្តរជាតិ។

ក្រុមអ្នកជំនាញទាំងនោះ រួមមាន៖ លោក«Vitit Muntarbhorn» អ្នករាយការណ៍ពិសេស​ស្តីពីស្ថានភាពសិទ្ធិ​មនុស្ស​នៅកម្ពុជា, អ្នកស្រី«Mary Lawlor» អ្នករាយការណ៍ពិសេស​​ស្តីពីស្ថានភាពអ្នកការពារសិទ្ធិមនុស្ស, អ្នកស្រី​«Miriam Estrada- Castillo» អនុប្រធានក្រុមការងារ​ស្តីពីការឃុំខ្លួន​ដោយបំពាន, អ្នកស្រី«Irene Khan» អ្នករាយការណ៍​ពិសេស​ស្តីពីការលើកស្ទួយ និង ការការពារសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ និងគំនិត ព្រមទាំង​លោក​«Clement Nyaletsossi Voule» អ្នករាយការណ៍ពិសេស​ស្តីពីសិទ្ធិសេរីភាព ក្នុងការជួបជុំដោយសន្តិវិធី និង​ចងក្រង​សមាគម។

នៅក្នុងលិខិតផ្ញើរទៅកាន់រដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២១ អ្នកជំនាញខាងលើបានសម្តែងកង្វល់ ទាក់ទងនឹងការបន្តឃុំខ្លួន​បណ្តោះអាសន្ន ទៅលើអ្នកការពារសិទ្ធិមនុស្ស ដែលរួមមាន កញ្ញា ឈឿន ដារ៉ា​វី, លោក ហ៊ុន វណ្ណៈ, ព្រះតេជគុណ កើត សារ៉ាយ, លោក ថា ឡា​វី, កញ្ញា អេង ម៉ាឡៃ, លោក ​​មួង សុ​ភ័ក្រ្ត និង លោក មាន​ ព្រហ្ម​មុនី​ ហើយថា ការឃុំខ្លួនយុវជន៧រូប ទំនងជាត្រូវបានធ្វើឡើងដោយ«បំពាន» និងដកហូត​សេរីភាព​របស់​ពួកគេ។

ក្រុមអ្នកជំនាញបានបញ្ជាក់ថា ក្រុមយុវជនទាំង៧រូប «គ្រាន់តែធ្វើការឆ្លើយតប ទៅនឹងការងារស្របច្បាប់ និងដោយ​សន្តិវិធីរបស់ពួកគេ ក្នុងការការពារសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន នៅប្រទេសកម្ពុជា»។

លិខិតដែលសរសេរជាភាសាអង់គ្លេស បានបន្តទៀតថា៖

«អ្នកការពារសិទ្ធិមនុស្ស ទាំងប្រាំពីររូបនេះ ត្រូវបានបដិសេធ មិនឱ្យនៅក្រៅឃុំ ជាច្រើនលើកច្រើនសារ បើទោះបីជា ពួកគេបានចំណាយពេលជិត ១០ខែ ក្នុងការឃុំខ្លួនបណ្តោះអាសន្ន រួចហើយក៏ដោយ។ ការបន្តដកហូតសេរីភាព​របស់​ពួកគេ គឺជាការបំពាន​ដោយផ្ទាល់ នូវសិទ្ធិទទួលបាន​នីតិវិធីត្រឹមត្រូវ ក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិ ដូចមាន​ចែង​ក្នុង​មាត្រា៩ នៃកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR)។»

អ្នកជំនាញអង្គការសហប្រជាជាតិ បានលើកឡើងជាថ្មីម្តងទៀត នូវកង្វល់អំពីការរំលោភបំពានសិទ្ធិ របស់​យុវជន​ទាំងប្រាំពីររូប ក្នុងការទទួលបាន នីតិវិធីត្រឹមត្រូវ ដើម្បីទទួលបានការតំណាងតាមផ្លូវច្បាប់ និងសិទ្ធិរបស់​អ្នកការពារ​សិទ្ធិមនុស្សទាំងនោះ ក្នុងការទទួលបានការជំនុំជម្រះ ដោយយុត្តិធម៌។

«ក្រុមអ្នកជំនាញបានសម្តែង នូវកង្វល់យ៉ាងខ្លាំង ចំពោះរបាយការណ៍ដែលថា អាជ្ញាធរនៅកម្ពុជា កំពុងកំណត់​គោលដៅ គំរាមកំហែង និងដាក់ទោសទណ្ឌដល់ អ្នកការពារសិទ្ធិមនុស្ស ក្នុងគោលបំណងឱ្យមានការភ័យខ្លាច ក្នុងចំណោម​អ្នកដែលធ្វើការងារ ដើម្បីការពារសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន។»

តបនឹងលិខិតខាងលើ របបក្រុងភ្នំពេញបានបដិសេធ​កង្វល់ របស់ក្រុមអ្នកជំនាញ។ ឯកអគ្គរាជទូតកម្ពុជា​​ប្រចាំ​​អង្គការ​សហ​ប្រជាជាតិ​​ ក្នុងក្រុង​ហ្សឺណែវ (Geneva ប្រទេស​ស្វីស) បាន​ផ្ញើ​លិខិតចុះ​ថ្ងៃ​ទី២៨ ខែកក្កដា ត្រឡប់វិញ​ដោយ​អះអាង​ថា នោះ​ជា​ការ​អនុវត្ត​ច្បាប់ ព្រោះ​យុវជន​ទាំង​នេះ ធ្វើសកម្មភាព​តវ៉ា​​ទាមទារ​ឲ្យ​ដោះ​លែងលោក រ៉ុង ឈុន និង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ ពី​អ្នក​នយោបាយ​មួយ​ចំនួន។ ឯកអគ្គរាជទូតបានបំភ្លឺ​ទៀត​ថា ការ​បន្ត​ឃុំ​ខ្លួន និង​​ពន្យារ​ពេល​សវនាការ​កន្លង​មក មិនមែន​ជា​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​នោះ​ទេ ប៉ុន្តែ​ដោយសារ​រាតត្បាត​ជំងឺ​កូវីដ១៩។

យ៉ាងណា ក្រុមអ្នកជំនាញបានជំរុញ ទៅរបបដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យចាត់វិធានការ​បណ្តោះអាសន្ន​ចាំបាច់ទាំងអស់ ដើម្បីបញ្ឈប់ការរំលោភបំពានទាំងឡាយ ដែលបានលើកឡើង និងដើម្បីទប់ស្កាត់ កុំឲ្យមាន​ការកើតឡើងវិញ នូវការរំលោភបំពានទាំងនោះ ហើយក្នុងករណី​ដែលការស៊ើបអង្កេត​ទាំងឡាយ បង្ហាញថា​ពិត ឬការចោទប្រកាន់ទាំងនោះ​រកឃើញថា​ជាការពិតមែននោះ ត្រូវធានាឲ្យមានគនីយ្យភាព នៃបុគ្គលណាមួយ​ដែល​ទទួលខុសត្រូវ ចំពោះការរំលោភបំពាន ដែលបាន​ចោទប្រកាន់ទាំងនោះ៕



លំអិតបន្ថែមទៀត

របាយការណ៍

បេសកកម្មបន្លា​លួស​​របស់ កូហ្វី អាណាន់ អតីត​អគ្គលេខាធិការ អ.ស.ប

លោក កូហ្វី អាណាន់ (Kofi Annan) អតីត​អគ្គលេខាធិការ​នៃអង្គការ​សហប្រជាជាតិ និងជាម្ចាស់​ពានរង្វាន់​ណូបែល​សន្តិភាព បានលាចាកលោក​យើងនេះ កាលពីថ្ងៃសៅរ៍ ទី១៨ ខែសីហា ឆ្នាំ២០១៨ ដោយបន្យល់ទុក ...
កម្ពុជា

អ្នកជំនាញ អ.ស.ប ស្នើ​ឲ្យ​ដោះលែង​​​យុវជន​​​និយម កែម ឡី ទាំង​ពីររូប

ក្រុមអ្នកជំនាញសិទិ្ធមនុស្ស អ.ស.ប (អង្គការសហប្រជាជាតិ) នៅថ្ងៃនេះ បានអំពាវនាវឲ្យអាជ្ញាធរកម្ពុជាដោះលែង និងទម្លាក់ចោលបទចោទទាំងឡាយ លើបុរសពីររូប ដែលត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងសកម្មភាពរំឭកខួបបីឆ្នាំ នៃការធ្វើឃាតលើ លោក កែម ឡី ...
ពីឆ្វេងទៅស្ដាំ៖ អ្នកស្រី រ៉ូណា ស្មីត និងអ្នកស្រី ម៉ារី លោវល័រ អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ស្ដីទីស្ថានភាពសិទ្ធិមនុស្ស។ (រូបថត UN)
កម្ពុជា

អ្នកជំនាញ អ.ស.ប ៦រូប ប្រតិកម្មនឹង​ការចាប់ខ្លួន​មនុស្ស​នៅកម្ពុជា

អ្នកជំនាញសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ (អ.ស.ប) ចំនួន ៦រូប បានផ្ញើលិខិតរួម ដ៏វែងអន្លាយមួយ ជូនរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ទាក់ទងនឹងការចាប់ខ្លួន ការឃុំខ្លួន ការបំភិតបំភ័យ ការឈ្លបមើល ការគំរាមកំហែង ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.