ដំណឹងអាស៊ី-ប៉ាស៊ីភិក

ការបង្ក្រាប​គ្រឿងញៀន នៅហ្វីលីពីន អាចជា​​«ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ»

អង្គការលើកលែងទោសអន្តរជាតិ ហៅជាភាសាអង់គ្លេស «Amnesty International» បានទាមទារកាលពីថ្ងៃចន្ទម្សិលម៉ិញ ទៅកាន់អង្គការសហប្រជាជាតិ ឲ្យបើកការស៊ើបអង្កេត ដោយឯករាជ្យមួយ ទៅលើការប្រហារជីវិតមនុស្ស ជាច្រើនពាន់នាក់ ក្រោមផ្លាក​«ការបង្ក្រាប​គ្រឿងញៀន» របស់ប្រធានាធិបតី រ៉ូឌ្រីចូ ឌូតែតេ (Rodrigo Duterte) ដោយបានហៅការសម្លាប់ទាំងនោះ ថាត្រូវបានធ្វើឡើង ជា«លក្ខណៈប្រព័ន្ធ» និងដោយ«នីទណ្ឌភាព»។

យុទ្ធនាការនោះ បានទទួលជោគជ័យ​នៅទីបំផុត សម្រាប់បណ្ដាជនហ្វីលីពីនទូទៅ និងបានក្លាយជា«យីហោនយោបាយ»មួយ របស់លោក ឌូតែតេ។ ប៉ុន្តែការកាប់សម្លាប់នោះ ដែលធ្វើឡើង ដោយកងកម្លាំងអាជ្ញាធរ បានរងការថ្កោលទោស ពីសហគមន៍អន្តរជាតិ យ៉ាងខ្លាំងក្លា។

លោក រ៉ូឌ្រីចូ ឌូតែតេ បានឈ្នះឆ្នោត និងឡើងកាន់អំណាច ក្នុងឆ្នាំ២០១៦។ លោកបានអនុវត្តន៍ពាក្យសន្យា ដែលលោកបានប្រកាស នៅក្នុងយុទ្ធនាការបោះឆ្នោត គឺការវាយបង្ក្រាបយ៉ាងហឹង្សា ប្រឆាំងការជួញដូរគ្រឿងញៀន។ តែមិនមែនមានតែប៉ុណ្ណឹងទេ ប្រធានាធិបតីរូបនេះ ក៏មានឈ្មោះល្បី ក្នុងប្រើប្រាស់ភាសាជេរប្រទេចផ្ដាសារ ដោយមិនរើសមុខដែរ។

នៅក្នុងរបាយការណ៍ លើកទីពីររបស់ខ្លួន អង្គការលើកលែងទោសអន្តរជាតិ ដែលមានទីស្នាក់ការកណ្ដាល នៅរាជធានីឡុងដ៍ ចក្រភពអង់គ្លេស បានអះអាងថា ជនរងគ្រោះជាច្រើនលើសលប់ សុទ្ធសឹងជាពលរដ្ឋហ្វីលីពីនក្រីក្រ ដែលភាគច្រើន ស្ថិតក្នុង«បញ្ជីនៃការឃ្លាំមើល ពីការទាក់ទងនឹងគ្រឿងញៀន»។ ឈ្មោះរបស់ពួកគេទាំងនោះ ត្រូវបានបញ្ចេញឲ្យដឹង ដោយអាជ្ញាធរតំបន់ ក្រោមការដាក់សម្ពាធ របស់កងកម្លាំងនគរបាល ដើម្បីអនុញ្ញាតឲ្យពួកគេ បង្ហាញ«ស្នាដៃ»ក្នុងការកម្ទេចបណ្ដាញគ្រឿងញៀន។

របាយការណ៍របស់អង្គការអន្តរជាតិ បានបន្តថា៖

«រឿងដែលអាក្រក់បំផុត គឺបណ្ដាជនដែលមានឈ្មោះ នៅក្នុងបញ្ជីឃ្លាំមើលនោះ មិនមានមធ្យោបាយណា ដើម្បីដកឈ្មោះពួកគេ ចេញពីបញ្ជីបានទេ។ បញ្ជីឃ្លាំមើលទៀតសោធ ក៏មិនត្រូវបានអាជ្ញាធរ ធ្វើបច្ចុប្បន្នភាពដែរ ព្រោះមានមនុស្សខ្លះ កំពុងស្ថិតក្រោមការព្យាបាល និងខ្លះទៀត បានឈប់ប្រើប្រាស់ ឬទាក់ទងជាមួយគ្រឿងញៀន ទៅហើយ។»

អង្គការលើកលែងទោស ដែលជាដៃគូពិគ្រោះយោបល់ យ៉ាងជិតស្និត របស់អង្គការសហប្រជាជាតិ  បានបញ្ជាក់ថា ខ្លួនគ្មានលទ្ធភាពដើម្បីដឹង ពីចំនួនពិតប្រាកដ នៃមនុស្សដែលត្រូវបានសម្លាប់នោះទេ។ អង្គការអន្តរជាតិ ថែមទាំងបានចោទរដ្ឋាភិបាលលោក ឌូតែតេ ថាបានប្រើនយោបាយ «បង្វិលព័ត៌មានយ៉ាងងងើល»។

ការបង្ក្រាប​គ្រឿងញៀន ជាកិច្ចការ«ផ្ទៃក្នុង»របស់ហ្វីលីពីន!

បើតាមតួលេខរបស់រដ្ឋាភិបាល បានឲ្យដឹងថា មនុស្ស៥៣០០នាក់ ត្រូវបានសម្លាប់ ដោយកងកម្លាំងនគរបាល។ តែក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្ស បានអះអាងថា ចំនួនមនុស្សស្លាប់ មានតួលេខ៤ដង លើសតួលេខដែលផ្ដល់ដោយរដ្ឋាភិបាល។

របាយការណ៍បន្តថា នៅពេលមានសារព័ត៌មាន សំដែងការខ្វល់ខ្វាយ ពីការសម្លាប់រង្គាលនោះ អាជ្ញាធរមិនបានអើពើ ធ្វើការស៊ើបអង្កេតទេ ហើយក៏មិនបានបង្កើតកម្មវិធី ដើម្បីអប់រំព្យាបាល សម្រាប់ក្រុមអ្នកញៀនថ្នាំនោះដែរ។

«បែបនេះ ជាទិសដៅក្នុងការបង្កើត ឲ្យមាននូវបរិយាកាស នៃនីទណ្ឌភាពទាំងស្រុង នៅក្នុងប្រទេស ដែលអនុញ្ញាឲ្យកងកម្លាំងនគរបាល និងអ្នកផ្សេងទៀត មានសេរីភាពពេញទំហឹង ក្នុងការកាប់សម្លាប់ ដោយគ្មានក្រែងរអាអ្វីទាំងអស់។»

អង្គការអន្តរជាតិខាងលើ បានបញ្ជាក់បន្ថែមថា៖

«ឧក្រិដ្ឋកម្មដែលកើតមាននេះ អាចត្រូវបានចាត់ទុក ថាជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។»

«ការបរាជ័យ របស់សហគមន៍អន្តរជាតិ ក្នុងការធ្វើប្រតិកម្មពិតប្រាកដ តបនឹងការរំលោភបំពានសិទ្ធិមនុស្ស ដ៏ធ្ងន់ធ្ងរនេះ បានធ្វើឲ្យរដ្ឋាភិបាល ហ៊ានពង្រីក​ការបង្ក្រាប​របស់ខ្លួន ទៅលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ អ្នកការពារសិទិ្ធមនុស្ស និងសកម្មជននយោបាយ។»

សម្រាប់រដ្ឋាភិបាលហ្វីលីពីនវិញ បានចាត់ទុករបាយការណ៍ខាងលើ ថាគ្មានមូលដ្ឋានគ្រឹះ និងមានលក្ខណៈ ជាការជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុង ក៏ដូចជាអធិបតេយ្យរបស់ប្រទេសហ្វីលីពីន៕



You may also like

កម្ពុជា

រ៉ាត់ រ័ត្នមុនី ធ្វើកិច្ចការ​បង្ហាញពី​«ភាពអសកម្ម​របស់​រដ្ឋាភិបាល»

ទណ្ឌកម្មដាក់ទៅលើលោក រ៉ាត់ រ័ត្នមុនី មានបំណងគម្រាមកំហែង ទៅដល់បណ្ដាសកម្មជនផ្សេងទៀត ដែលធ្វើការងាររួមចំណែក ក្នុងការបង្ហាញឱ្យឃើញ អំពីវិបត្តិនៅក្នុងសង្គម និង«ភាពអសកម្ម​របស់​រដ្ឋាភិបាល»។ ខាងលើនេះ ជាការអះអាង នៅក្នុងសេចក្ដីថ្លែងការណ៍​ របស់អង្គការលើកលែងទោសអន្តរជាតិ ...
កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

ក្រសួង​ការបរទេស​ចោទគណៈកម្មការ​អ៊ឺរ៉ុប ថា​«លំអៀងយ៉ាងគឃ្លើន»

មានគណបក្សនយោបាយចំនួន១៩ទៀត ដែលប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា តែគណៈកម្មការអ៊ឺរ៉ុបសម្លឹងឃើញ តែគណបក្សសង្គ្រោះជាតិមួយ! នេះ បង្ហាញយ៉ាងច្បាស់ពីភាព«លំអៀងយ៉ាងគឃ្លើន» របស់គណៈកម្មការអ៊ឺរ៉ុប ដែលបានសម្រេចបើកនីតិវិធីផ្លូវការ ដើម្បីឈានទៅដកប្រទេសកម្ពុជា ចេញពីកម្មវិធីអនុគ្រោះពន្ធរបស់ខ្លួន។ ខាងលើនេះ ជាខ្លឹមសារសំខាន់មួយ ដែលត្រូវបានដកស្រង់ចេញ ...

Comments are closed.

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...
ដំណឹង

ទាហានអ៊ុយក្រែន​ដែលត្រូវរ៉ុស្ស៊ី​បាញ់សម្លាប់ ក្លាយជា«វីរបុរសជាតិ»

ទាហានអ៊ុយក្រែនដែលត្រូវកងទ័ពរ៉ុស្ស៊ីបាញ់សម្លាប់ ត្រូវបានកំណត់អត្ថសញ្ញាណ និងប្រកាសឲ្យក្លាយជា«វីរបុរសជាតិ»។ នេះ បើតាមទីភ្នាក់ងារសន្តិសុខអ៊ុយក្រែន «SBU» និងការថ្លែង របស់ប្រធានាធិបតីអ៊ុយក្រែន លោក «Volodymyr Zelensky» នៅល្ងាចថ្ងៃអាទិត្យទី១២ ខែមិនា។ ...