ដំណឹងបារាំង

អតីតប្រធានាធិបតីបារាំង ទទួលមរណភាព​ដោយសារ​«Covid-19»

លោក វ៉ាឡេរី ជីស្កាដេស្ដាំង (Valéry Giscard d’Estaing) អតីតប្រធានាធិបតីបារាំង រវាងពី​ឆ្នាំ១៩៧៤ មកទល់នឹងឆ្នាំ១៩៨១ បានទទួលមរណភាព ក្នុងជន្មាយុ៩៤ឆ្នាំ កាលពី​យប់​ថ្ងៃពុធទី២ ខែធ្នូ ឆ្នាំ២០២០នេះ ដោយសារជំងឺកូវីដ-១៩ (Covid-19)។ នេះ បើតាម​ការអះអាង​របស់ក្រុមគ្រួសាររបស់លោក ក្នុងយប់ថ្ងៃដដែល។

អតីតរដ្ឋបុរស​នៃសាធារណរដ្ឋបារាំង បានលាចាកលោក នៅក្នុងលំនៅដ្ឋានរបស់លោក ដែលស្ថិតក្នុងក្រុង «Authon» នៃតំបន់ «Loir-et-Cher» ចំងាយប្រមាណ​ជា១៥០​គីឡូម៉ែត្រ ភាគនារតីនៃរដ្ឋធានីប៉ារីស។

ប្រសិនជាក្រុមគ្រួសារ បានអះអាងពីមូលហេតុ នៃមរណភាពរបស់លោក ដែលជាប់​ទាក់ទង​នឹងជំងឺកូវីដ-១៩ ដ៏អប្រិយនោះ តែស្ថានភាពសុខភាព​របស់អតីតប្រធានាធិបតី​បារាំងរូបនេះ បានធ្លាក់ចុះដុនដាប តាំងពីច្រើនខែ ហើយត្រូវបានទទួល ឲ្យចូលសម្រាកពេទ្យ ជាច្រើនដង ទាក់ទងនឹងអាការបេះដូង និងសួត។

លោក វ៉ាឡេរី ជីស្កាដេស្ដាំង បានជាប់ឆ្នោតជាប្រធានាធិបតីបារាំង ក្នុងពេលដែលលោក មានអាយុ៤៨ឆ្នាំ ដែលធ្វើឲ្យលោក ក្លាយជាប្រធានាធិបតីក្មេងជាងគេ នៅក្នុងប្រវត្តិសាស្ត្រ​នៃសាធារណរដ្ឋបារាំង។

អតីតប្រធានាធិបតីបារាំង និង​ខ្មែរក្រហម

នៅអាស៊ីភាគអាគ្នេយ៍ ឈ្មោះរបស់លោកអតីតប្រធានាធិបតី ត្រូវបានក្រុម​អ្នកប្រវត្តិវិទូ​ផ្សារភ្ជាប់ ទៅនឹងព្រឹត្តិការណ៍ក្នុងឆ្នាំ១៩៧៥៖ នោះគឺជ័យជំនះ នៃក្រុមកុម្មុយនីស្ដិ៍​នៅក្នុង​ប្រទេស​វៀតណាម ឡាវ និងនៅកម្ពុជា ដែលធ្វើឲ្យប្រទេស​អតីតអាណានិគមបារាំង​ទាំងបី បានធ្លាក់ខ្លួន ចូលទៅ​ក្នុងប្លុកលោកខាងកើត ក្រោមឥទ្ធិពលរបស់​សហភាពសូវៀត និងប្រទេសចិន​ប្រជាមានិត។

ព្រឹត្តិការណ៍ដែលសំខាន់ជាងគេ គឺ«ការប្រគល់ខ្លួន»មេដឹកនាំនៃរបបសាធារណរដ្ឋខ្មែរ ដែលបានចូលមកសុំសិទ្ធិ​ជ្រកកោន ក្នុងស្ថានទូតបារាំងប្រចាំកម្ពុជា ប្រគល់​ទៅឲ្យក្រុម​ខ្មែរក្រហម នៅប៉ុន្មានថ្ងៃក្រោយការដួលរំលំ នៃរដ្ឋធានីភ្នំពេញ។

ការប្រគល់ខ្លួននោះ ធ្វើឡើងក្រោមការសម្រេច របស់កុងស៊ុលបារាំង​ប្រចាំកម្ពុជា លោក «Jean Dyrac» ដោយមានការពិភាក្សាដោយផ្ទាល់ ជាមួយលោក ជីស្កាដេស្ដាំង ពីរដ្ឋធានីប៉ារីស (បារាំង)។

ជាលទ្ធផល មេដឹកនាំនៃរបបសាធារណរដ្ឋខ្មែរ ដែលត្រូវបានបញ្ជូនចេញ ពីស្ថានទូត​បារាំង ត្រូវបានក្រុមខ្មែរក្រហម យកទៅសម្លាប់​ចោលទាំងអស់។

សាក្សីជាច្រើន នៅក្នុងព្រឹត្តិការណ៍ខាងលើ ដែលនៅមានជីវិតនៅឡើយ ត្រូវ​បាន​ក្រុមអ្នកស្រាវជ្រាវ ប្រវត្តិវិទូ និងអ្នកសារព័ត៌មាន ដកស្រង់សំដី​យកទៅសរសេរ​ជាសៀវភៅ ឬជារបាយការណ៍អង្កេត និងចេញផ្សាយ​ជាបន្តបន្ទាប់។ សមិទ្ធិករភាពយន្ដខ្លះ ក៏បានយក​​ព្រឹត្តិការណ៍នេះ ផលិតចេញជាភាពយន្ដដែរ ដូចមានក្នុងរឿង«វាលពិឃាត» (របស់អាមេរិក) និងរឿង«ទ្វាររបង»​(របស់បារាំង)ជាដើម។

សាក្សីខ្លះលើកឡើងថា ការសម្រេចរបស់កុងស៊ុងបារាំង នៅគ្រានោះ ធ្វើឡើង​ដោយសារ​តែក្រុមខ្មែរក្រហម បានបដិសេធ​អភ័យឯកសិទ្ធិការទូត និង​បានគម្រាមវាយលុក​ចូលស្ថានទូត បើសិនជាបារាំងបដិសេធ ការបញ្ជូនខ្លួនមេដឹកនាំរបបសាធារណរដ្ឋខ្មែរ មកឲ្យពួកខ្លួន៕



លំអិតបន្ថែមទៀត

ដំណឹង

«ឥស្សរជន»​ក្នុង​ពិភពលោក ងាយ​រងគ្រោះ​នឹងជំងឺ«Covid-19»

មិនថានៅទីនេះ ឬនៅទីដទៃណាឡើយ ក្រុម«ឥស្សរជន»​សំខាន់ៗ នៅលើពិភពលោក ក្នុងនោះមានមេដឹកនាំ និងតំណាងរាស្ត្រជាច្រើននាក់ ត្រូវបានរកឃើញថា មានឆ្លងជំងឺរលាកផ្លូវដង្ហើមថ្មី បណ្ដាលពីមេរោគ «កូរូណា» ឬ «Covid-19»។ មូលហេតុធំជាងគេ ...
ដំណឹង

បារាំង​ប្រតិកម្ម​តប ដូណាល់ ត្រាំ ជុំវិញ​«បាតុកម្ម​អាវកាក់​លឿង»

មួយថ្ងៃ ក្រោយការលើកឡើង របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) អំពីបាតុកម្មរបស់បណ្ដាជនបារាំង ពាក់អាវកាក់ពណ៌លឿង លោក ហ្សង់-អ៊ីវ ឡឺឌ្រីយ៉ង់ ...
គំនូរ ចម្លាក់

រកឃើញ​«ម្ឈូសបុរាណ​ធ្វើពី​សំណ» នៅក្រោមព្រះវិហារ​«Notre-Dame»

«ម្ឈូសបុរាណ​ធ្វើពី​សំណ»មួយ ដែលមានវ័យចំណាស់ ទំនងតាំងពីសតវត្សទី១៤ ត្រូវបានកាយរកឃើញ នៅក្រោមព្រះវិហារ«Notre-Dame» នៃរដ្ឋធានីប៉ារីស ប្រទេសបារាំង។ នៅក្នុងរណ្ដៅកំណាយ នៅកណ្ដាលព្រះវិហារ ក្រុមអ្នកបុរាណវិទូនៅបាន​រកឃើញ​វត្ថុបុរាណ ជាច្រើនផ្សេងទៀត ដែលមានទម្រង់ជាសំណល់សាកសព តែអ្វីដែលគួរឲ្យកត់សម្គាល់ជាងគេ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.