ដំណឹងបារាំង

អាជ្ញាធរ​បារាំង​​បង្ក្រាប​«ខ្មាន់កាំភ្លើង»​នៅ​ស្ត្រាស្បួរ៍​-ISIS ​ទទួល​ស្គាល់ភេរវកម្ម

បុរសឈ្មោះ «Cherif Chekatt» ជនសង្ស័យជា«ខ្មាន់កាំភ្លើង» ដែលបានបើកការបាញ់ប្រហារ ទៅលើហ្វូងមនុស្ស កាលពីយប់ថ្ងៃអង្គារទី១១​ ខែធ្នូ ឆ្នាំ២០១៨ ត្រូវបានកងកម្លាំងអាជ្ញាធរបាញ់សម្លាប់ ក្នុងយប់ថ្ងៃព្រហស្បត្តិម្សិលម៉ិញ នៅក្នុងសង្កាត់ «Neudorf» ស្ថិតនៅកណ្ដាលក្រុងស្ត្រាស្បួរ៍ ភាគខាងកើតប្រទេសបារាំង។

ក្នុងពេលជាមួយនោះ ទីភ្នាក់ងារឃោសនាផ្លូវការ របស់អង្គការភេរវនិយម រដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​​ហៅ EI ​​​អង់គ្លេស​​​ហៅ ISIS) បានប្រកាសទទួលស្គាល់ថា បុរសម្នាក់នេះ ជាយុទ្ធជនម្នាក់ ពីក្នុងចំណោមយុទ្ធមិត្តរបស់ផងខ្លួន។

ទីភ្នាក់ងារ «Amaq» របស់ក្រុមរដ្ឋអ៊ីស្លាម បានសរសេរឲ្យដឹងថា៖ «យុទ្ធជន (Cherif Chekatt) បានដឹកនាំកិច្ចប្រតិបត្តិមួយនេះ ដើម្បីជាការឆ្លើយតប នឹងការអំពាវនាវ [របស់ក្រុមរដ្ឋអ៊ីស្លាម] ឲ្យវាយប្រហារ ទៅលើប្រទេសមួយចំនួន  ដែលជាមុខសញ្ញាឃុបឃិតគ្នា ក្នុងសម្ព័ន្ធភាពអន្តរជាតិ ដែលធ្វើការវាយប្រហារ ទៅលើក្រុមរដ្ឋអ៊ីស្លាម ក្នុងប្រទេសស៊ីរី និងអៀរ៉ាក់»។

ក្នុងយប់ថ្ងៃព្រហស្បត្តិ៍ វេលាម៉ោងប្រមាណជា  ៩យប់ កងកម្លាំងអាជ្ញាធរ ដែលមានគ្នា៣នាក់ បានស្ទាក់សួរជនម្នាក់ ដែលត្រូវបានពលរដ្ឋរាយការណ៍ថា មានរូបរាងដូចជនសង្ស័យ។ តែក្រុមនគរបាល មិនបានសង្ស័យទៀតទេ បន្ទាប់ពីជននោះ បានតម្រង់កាំភ្លើងខ្លីរបស់ខ្លួន បាញ់សំដៅមកក្រុមខ្លួន។

ប្រភពពីនគរបាល បានរៀបរាប់ ប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង «AFP» ឲ្យដឹងថា៖ «បុរសខ្មាន់កាំភ្លើង បានបើកការបាញ់ប្រហារ ទៅលើនគរបាលមួយក្រុម ដែលមានគ្នា ៣នាក់ ដែលបង្ខំឲ្យក្រុមនគរបាលទាំងនោះ ត្រូវផ្ទុះអាវុធតបតរវិញ»។

បន្ទាប់មក កងកម្លាំងអាជ្ញាធរ ប្រមាណជាង១០រថយន្ដផ្សេងទៀត ត្រូវបានបញ្ជូនទៅដល់ទីផ្ទុះអាវុធ ជាពិសេសនៅជុំវិញផ្លូវ «Lazaret» (ក្នុងសង្កាត់ “Neudorf”)។ គេបានឮក្រុមនគរបាល សំដែងការអបអរ ដាក់គ្នាទៅវិញទៅមក បង្ហាញពីសញ្ញា នៃការធូរស្រាលក្នុងចិត្ត ដែលជនសង្ស័យ ក្នុងភេរវកម្មកាលពីយប់ថ្ងៃអង្គារ ត្រូវបានរកឃើញ និងត្រូវបានបង្ក្រាប។

យុទ្ធនាការវាយលុកនេះ ក៏មានអន្តរាគមន៍ដែរ ពីសំណាក់ឧទ្ធម្ភាគចក្រមួយគ្រឿង ដែលបំពាក់ដោយភ្លើងហ្វា ភ្លឺដូចថ្ងៃ បាញ់សំដៅទៅ​ទីកន្លែងលាក់ខ្លួន របស់ជនសង្ស័យ។

រដ្ឋមន្ត្រីមហាផ្ទៃបារាំង លោក គ្រីស្តូហ្វ៍ កាស្តាណេរ (Christophe Castaner) ដែលមានវត្តមាន​នៅក្រុងស្ត្រាស្បួរ៍ តាំងពីក្បាលព្រលប់ ក៏នឹងត្រូវធ្វើដំណើរ ទៅកាន់ទីនោះដែរ។

តាំងពីភេរវកម្មបាញ់ប្រហារ ទៅលើហ្វូងមនុស្ស ក្នុងយប់ថ្ងៃអង្គារនោះមក អាជ្ញាធរបានបញ្ជូនកងកម្លាំងពិសេស ប្រមាណជា៧០០នាក់ ដើម្បីតាមប្រមាញ់ជនសង្ស័យ ឈ្មោះ «Cherif Chekatt» ខាងលើនេះ។ ការចូលទៅឆែកឆេរ ត្រូវបានធ្វើ នៅក្នុងកន្លែងសង្ស័យមួយចំនួន ស្ថិតនៅភាគខាងត្បូងក្រុង ដែលជនសង្ស័យអាយុ ២៩ឆ្នាំ ធ្លាប់បានរស់នៅ រហូតធំដឹងក្ដី។

កាលពីយប់ថ្ងៃអង្គារ ជននេះបានដើរចូល ទៅក្នុងហ្វូងមនុស្ស នៃផ្សារលក់ទំនិញ ណូអែល មួយ នៅកណ្ដាលក្រុង ហើយបានបាញ់ សំដៅទៅរកមនុស្សជាច្រើននាក់។ បន្ទាប់មក ខ្មាន់កាំភ្លើង បានបាញ់តបតរ ជាមួយទាហានចល័តមួយក្រុម ដែលកំពុងកំពុងដើរល្បាត នៅក្នុងតំបន់។

បន្ទាប់ត្រូវទាហានបាញ់ឲ្យរបួស នៅដើមដៃរួច ជនសង្ស័យ​បានគេចខ្លួន តាមរយៈ​រថយន្ដ​តាក់ស៊ី​មួយគ្រឿង។ សាក្សីជាច្រើននាក់ បានអះអាង ឮសូរជននេះ ស្រែក «Allah Akbar (មានន័យថា ព្រះអាឡាហ៍ ធំធេងណាស់)»។

នៅល្ងាចថ្ងៃពុធ នគរបាលជាតិបារាំង បានបង្ហាញឈ្មោះ រូបថត និងភិនភាគជននេះ ជាផ្លូវការ ដើម្បីតាមស្វែងរក និងអំពាវនាវឲ្យពលរដ្ឋ ចូលរួមរាយការណ៍ ប្រសិនជាឃើញ​ជននេះ នៅទីណា។

ការិយាល័យអយ្សការ នៃរដ្ឋធានីប៉ារីស ឯកទេសខាងប្រឆាំងភេរវកម្ម បានប្រកាស បើកការស៊ើបអង្កេតមួយឡើង នៅក្នុងសំណុំរឿងខាងលើ ពីបទធ្វើមនុស្សឃាត ការប៉ុនប៉ងធ្វើមនុស្សឃាត់ ដែលជាប់ពាក់ព័ន្ធ​នឹងក្រុមភេរវជន។

អំពើភេរវកម្ម បង្កឡើងដោយជនសង្ស័យ បានបណ្ដាលឲ្យមនុស្ស ៣នាក់ស្លាប់ និង​១៣នាក់​រងរបួស ក្នុងនោះប្រាំនាក់ កំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរ នៅឡើយ។ នេះបើតាមការប្រកាស របស់លោករដ្ឋមន្ត្រី គ្រីស្ដូហ្វ៍ កាស្ដាណេរ។

ក្រុមគ្រួសាររបស់ជនសង្ស័យ ចំនួន៥នាក់ ត្រូវបានអាជ្ញាធរចាប់យកទៅឃុំ ជាបណ្ដោះអាសន្ន ក្នុងនោះមានឪពុកម្ដាយ បងប្អូនប្រុសពីរនាក់ (ចាប់ខ្លួនឃុំ នៅថ្ងៃពុធ) និងបុរសមា្នក់ផ្សេង ដែលជាសមាជិក ក្នុងគ្រួសារដែរ (ចាប់ខ្លួនឃុំ នៅថ្ងៃព្រហស្បត្តិ៍)។ ប្រភពផ្សេងទៀត បានឲ្យដឹងថា បងប្អូនប្រុសរបស់ជនសង្ស័យម្នាក់ទៀត ត្រូវបានចាប់ខ្លួនដូចគ្នា នៅក្នុងប្រទេសអាហ្សេរី។

គួរបញ្ជាក់ដែរថា នៅព្រឹកថ្ងៃអង្គារ ពោលគឺប៉ុន្មានម៉ោង មុនហេតុការណ៍ភេរវកម្ម បុរសខ្មាន់កាំភ្លើង ត្រូវបាននគរបាល ចូលទៅរកចាប់ខ្លួន ក្នុងសំនុំរឿងប្លន់ប្រដាប់អាវុធមួយ  ដែលកើតឡើងក្នុងរដូវក្ដៅកន្លងមក។ តែជននេះ បានគេចខ្លួនរួច មុននឹងត្រឡប់មកវិញ នៅយប់ថ្ងៃដដែល ហើយបើកការបាញ់ប្រហារ ទៅលើហ្វូងមនុស្ស៕



You may also like

របាយការណ៍

ពេល​«សមាជិក​ព្រឹទ្ធសភា​បារាំង​ម្នាក់»​ដើរជួប​មន្ត្រីខ្មែរ ក្នុងដំណើរឯកជន…

បើមើលមួយភ្លែត គេច្បាស់ជាហើបខ្លួន ចេញពីកៅអី! សមាជិក​ព្រឹទ្ធសភា​បារាំង​ម្នាក់ បាន​ដើរជួប​​​ជាមួយ​មន្ត្រីរដ្ឋាភិបាលកម្ពុជា​ច្រើននាក់ ដូចជាអ្នកស្រី ម៉ែន សំអន – លោក ហ៊ុន ម៉ាណែត និង​ព្រះសង្ឃ ...
បណ្ដាជនជាច្រើនសិបនាក់ បានចូលរួមគោរព និងឧទ្ទិសដល់វិញ្ញាណក្ខន្ធសាសាស្ត្រាចារ្យ ដែលត្រូវបានភេរវជន«កាត់ក» ក្នុងក្រុង«Conflans-Sainte-Honorine» ស្ថិតក្នុងតំបន់ជាយក្រុង ភាគពាយ័ព្យ​នៃរដ្ឋធានីប៉ារីស។។ (រូបថតលើ Twitter)
ដំណឹង

បារាំង៖ «កាត់ក»​គ្រូបង្រៀនម្នាក់ បន្ទាប់ពី​បង្ហាញរូបត្លុក​«មហាមេដ»

គ្រូបង្រៀន«ភូមិសាស្ត្រ-ប្រវត្តិវិជ្ជា»ម្នាក់ ត្រូវបានសម្លាប់ ដោយ«កាត់ក» កាលពីថ្ងៃសុក្រ បន្ទាប់ពីបាន​បង្ហាញ​រូបត្លុក «មហាមេដ (Mahomet – ព្យាការីសាសនាអ៊ីស្លាម)» ទៅដល់​កូនសិស្ស ក្នុងថ្នាក់របស់ខ្លួន កាលពីជាង១០ថ្ងៃមុន។ ហេតុការណ៍បានកើតឡើង ...
ដំណឹង

ទិដ្ឋភាពកាំជ្រួចជ្វាលា អបអរឆ្នាំថ្មី ឆ្នាំ២០១៩ នៅរដ្ឋធានីប៉ារីស

បន្ទាប់ពីច្រើនសប្ដាហ៍ នៃរលកបាតុកម្ម របស់បណ្ដាជនអាវកាក់លឿង រដ្ឋធានីប៉ារីស នៅតែប្រារព្ធធ្វើជាធម្មតា នូវកម្មវិធីរបស់ខ្លួន ដើម្បីទទួលអំណរឆ្នាំថ្មី ឆ្នាំ២០១៩ ដូចដែលបាន​ព្រៀងទុក។ បណ្ដាជនប្រមាណជាង ២៥០ ០០០នាក់ ទាំងបារាំង ...

Comments are closed.

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...