កូន​ប្រុស របស់លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលគេស្គាល់ថា ជាមនុស្សជំនិតដំបូងៗគេ របស់លោក សម រង្ស៊ី នោះ បានចេញមកទម្លាយឲ្យដឹង ពីទំនាក់ទំនងដំបូងៗ របស់លោក សម រង្ស៊ី និងមនុស្សជំនិតរបស់លោក ជាច្រើននាក់ទៀត នៅក្នុងអំឡុងដើម​ទសវត្សន៍ឆ្នាំ៩០។

មានមនុស្សមិនតិចទេ ដែលចោទសួរថា តើហេតុអ្វីទើបលោក សម រង្ស៊ី ដែលមិនសូវមាននរណាស្គាល់ នៅមុនឆ្នាំ១៩៩៣ បានប្រែក្លាយ​នៅថ្ងៃនេះ មកជាអ្នកនយោបាយកម្ពុជា ដ៏មានឥទ្ធិពលម្នាក់ និងថែមទាំងជាគូបដិបក្ខ ដ៏សំខាន់ជាងគេ របស់លោក ហ៊ុន សែន ដែលជាអង្គុយ នៅក្នុងតំណែងនាយករដ្ឋមន្ត្រី តាំងពីច្រើនឆ្នាំមកនោះ?

លោក អេង រតនៈ ដែលជាកូនប្រុសរបស់អនុប្រធាន គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានត្រឡប់មកនិទានឡើងវិញ ពីហេតុការណ៍​ដំបូងៗ ដែលលោក សម រង្ស៊ី បានកសាងឫសគល់នយោបាយ និងក្រុមការងារដ៏ស្មោះស្ម័គ្ររបស់លោក នៅពេលមេដឹកនាំប្រឆាំងរូបនេះ បានចូលប្រឡូក​ក្នុងជីវិតនយោបាយ នៅក្រោយកិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស ឆ្នាំ១៩៩១។

លោក អេង រតនៈ បានលើកឡើងមកបញ្ជាក់ថា ការកសាងក្រុមការងារ និងឬសគល់នយោបាយ ឲ្យចេញជារូបរាងឡើងនោះ បានចាប់ផ្ដើម ចេញពីទស្សនវិជ្ជា«ដឹកនាំ»មួយ របស់លោក សម រង្ស៊ី ដែលមានអត្ថន័យដូច្នេះថា៖ «គិតធំ ចង់ធ្វើធំ ត្រូវផ្តើមពីការងារតូច»។ ហើយជា​ពិសេស​នោះ គឺ«សម រង្ស៊ី តែងបង្រៀនអ្នកជំនួយការរបស់គាត់ ឲ្យចេះពីការងារ រហូតដល់ពួកគេអាចធ្វើការងារ ដោយខ្លួនឯងបាន»។

កូនប្រុសរបស់លោក អេង ឆៃអ៊ាង បានសរសេរថា៖

«យឹម សុខា , អេង ឆៃអ៊ាង , យឹម សុវណ្ណ និង គួយ ប៊ុនរឿន សុទ្ធតែជាអតីតក្រុមជំនួយការ ដែលលោក សម រង្ស៊ី បង្រៀន បំពាក់បំប៉ន និងបណ្តុះបណ្តាល ដោយផ្ទាល់ដៃ។ អេង ឆៃអ៊ាង និង យឹម សុខា ជាមិត្តភក្តិនឹងគ្នា តាំងពីនៅរៀននៅស្រុកកំណើត។»

«ចប់ថ្នាក់មធ្យមសិក្សា ទាំងពីរនាក់ក៏មករៀន បន្តថ្នាក់សាកលវិទ្យាល័យ ជាមួយគ្នាបន្តទៀត នៅទីក្រុង។ តាំងពីនៅក្មេងៗ​មកម៉្លេះ យុវជនទាំងពីរនាក់នេះ ចូលចិត្តនយោបាយខ្លាំងណាស់។»។

លុះឡើងមកដល់ទីក្រុងភ្នំពេញ យុវជន អេង ឆៃអ៊ាង និង យឹម សុខា រឹតតែមានចំណូលចិត្ត ផ្នែកនយោបាយនេះ យ៉ាង«ពិសេសទៅទៀត»។ នេះបើតាមការរៀបរាប់របស់កូនប្រុសលោក អេង ឆៃអ៊ាង ដោយបានបញ្ជាក់ឲ្យដឹងថា គឺដោយសារចំណូលចិត្តនេះហើយ ដែលបណ្ដាល​គំនិត​ឲ្យអ្នកទាំងពីរ (លោក អេង ឆៃអ៊ាង និងលោក យឹម សុខា) «ដើរមើលគ្រប់គណបក្សនយោបាយ» (នៅក្នុងអឡុងពេល ពីឆ្នាំ១៩៩១ មកដល់​ឆ្នាំ១៩៩២)។

លោក អេង រតនៈ បានបន្តថា៖

«ពួកគេចូលស្តាប់អង្គមិទ្ទិញ (ដែល)គណបក្សនយោបាយប្រជុំម្តងមួយៗ។ គណបក្សប្រជាជនកម្ពុជា ពួកគេស្គាល់ច្បាស់ជាងគេ ព្រោះជា​គណបក្ស​ដឹកនាំប្រទេស។ ពួកគេក៏បានចូលទៅស្តាប់មិទ្ទិញ គណបក្សប្រជាធិបតេយ្យ​សេរីនិយម​ព្រះពុទ្ធសាសនា របស់សម្តេច សឺន សាន តែពួកគេមិនសូវនិយមឡើយ។»។

ប៉ុន្តែរលកចលនានយោបាយថ្មីមួយ បានដុះពន្លកឡើង នៅពេលមានមិទ្ទិញយុវជនដ៏ធំមួយ របស់គណបក្សហ្វ៊ុនស៊ីនប៉ិច ក្នុងឆ្នាំ១៩៩១ ដែលលោក យឹម សុខា និង អេង ឆៃអ៊ាង បានទៅចូលរួម។ កូនប្រុសអនុប្រធានគណបក្សសង្គ្រោះជាតិ បានសរសេរថា៖

«(គឺ)អង្គមិទ្ទិញយុវជននោះហើយ ដែលយុវជនទាំងពីរ ជួបលោក សម រង្ស៊ី ដំបូង។ តែពួកគេមិនសូវជាស្គាល់ និងចាប់អារម្មណ៍លោក សម រង្ស៊ី (ប៉ុន្មាន)ឡើយ។ ពេលនោះ កិច្ចប្រជុំមិទ្ទិញសម្រេចជ្រើសរើសថ្នាក់ដឹកនាំយុវជន។ មតិមួយលើកឡើងថា បោះឆ្នោតដើម្បីរើស។ មតិនេះគាំទ្រ​ដោយ សម រង្ស៊ី ចំណែក អេង ឆៃអ៊ាង និង យឹម សុខា ក៏បានគាំទ្រមតិនេះដែរ។»

«ប៉ុន្តែមតិមួយទៀតលើកឡើងថា ថ្នាក់ដឹកនាំយុវជន គួរត្រូវបានតែងតាំង។ មតិនេះគាំទ្រដោយថ្នាក់ដឹកនាំជាន់ខ្ពស់ ហ៊្វុនស៊ិនប៉ិច ម្នាក់ទៀត។ ជិតបញ្ចប់កិច្ចប្រជុំ មតិដែលលើកឡើងថា ថ្នាក់ដឹកនាំយុវជនគួរត្រូវបានតែងតាំង ក៏ត្រូវបានសម្រេចយក។ កិច្ចប្រជុំ ក៏(បាន)បញ្ចប់។»។

កូន​ប្រុស របស់លោក អេង ឆៃអ៊ាង បានបន្តសរសេរបានសរសេរបន្ត អំពីទំនាក់ទំនងរវាងឪពុកខ្លួន និងលោក សម រង្ស៊ី ថា៖

«ទាល់តែលើកទីពីរ នៅពេលដែល សម រង្ស៊ី ហៅយុវជនទាំងនោះ មកជួបសាជាថ្មី ទើប អេង ឆៃអ៊ាង និង យឹម សុខា ចាប់ផ្តើមស្គាល់ សម រង្ស៊ី កាន់តែច្បាស់។ សម រង្ស៊ី បានរៀបចំក្រុមយុវជនមួយ សម្រាប់ជួយការងាររបស់គាត់។»

«ពេលនោះហើយ ដែល យឹម សុខា និង អេង ឆៃអ៊ាង ចាប់ផ្តើមដើរធ្វើការជាមួយ សម រង្ស៊ី។ អេង ឆៃអ៊ាង និង យឹម សុខា បានចុះជួយ​ការងារ​ឃោសនារបស់ សម រង្ស៊ី (នៅ)មុន​និង​(ក្នុង)​កំឡុង​ពេល​​ឃោសនាបោះឆ្នោត។ សម រង្ស៊ី បានក្លាយជាតំណាងរាស្ត្រមណ្ឌលសៀមរាប និងត្រូវបាន​តែងតាំង​ជារដ្ឋមន្រ្តីហិរញ្ញវត្ថុ បន្ទាប់ពី​ការបោះឆ្នោត​ឆ្នាំ១៩៩៣។»។

«សម រង្ស៊ី ប្រាប់ អេង ឆៃអ៊ាង និង យឹម សុខា ថារូបគាត់ត្រូវការជំនួយការមួយចំនួនទៀត។ គាត់ចង់ឲ្យទាំងពីរនាក់ ជួយរកឲ្យគាត់បន្ថែម។ យឹម សុខា រកបានបងប្រុសគាត់ (ឈ្មោះ) យឹម សុវណ្ណ ដែលបញ្ចប់ការសិក្សា​ថ្នាក់ហិរញ្ញវត្ថុស្រាប់។ ចំណែក អេង ឆៃអ៊ាង រកបានប្អូនថ្លៃរបស់គាត់ (ឈ្មោះ) គួយ ប៊ុនរឿន ដែលធ្លាប់មានបទពិសោធធ្វើការ ខាងគណនេយ្យនៅសាលាខេត្ត។»

«ទាំងបួននាក់ត្រូវបាន សម រង្ស៊ី តែងតាំង​ជាជំនួយការ។ អេង ឆៃអ៊ាង ត្រូវបាន សម រង្ស៊ី ឲ្យធ្វើជាលេខាផ្ទាល់។ យឹម សុខា ជាជំនួយការ​ផ្នែករដ្ឋបាល។ យឹម សុវណ្ណ ជាជំនួយការហិរញ្ញវត្ថុ និង គួយ ប៊ុនរឿន ជាជំនួយការគណនេយ្យ។»

លោក អេង រតនៈ បានអះអាងថា៖

«សម រង្ស៊ី បានបណ្តុះបណ្តាល​យុវជនទាំងបួនរូបនេះ ឲ្យយល់ពីការងារដែលពួកគេត្រូវធ្វើ។ សម រង្ស៊ី បង្រៀនពួកគេឲ្យចេះគណនាសេដ្ឋកិច្ច សន្ទស្សន៍ និងការព្យាករណ៍របស់វា។ សម រង្ស៊ី បានដាក់ការងារឲ្យពួកគេធ្វើមិនទុកពេលទំនេរ។ ពួកគេមានពេលទំនេរ វៀរលែង​តែ សម រង្ស៊ី ជាប់បេសកកម្ម​ទៅក្រៅប្រទេស។ ចំណេះ និងជំនាញ​ដែលពួកគេទាំងបួនមាន គឺជាស្នាដៃមរតកបង្រៀនរបស់ សម រង្ស៊ី៕»



You may also like

កម្ពុជា

សម រង្ស៊ី បន្ត​ទម្លាយ​ដំណឹង​ថា ហ៊ុន សែន ត្រៀមសម្លាប់ ហ៊ីង ប៊ុនហៀង

មេដឹកនាំប្រឆាំង បានបង្ហោះសារ ទាក់ទងនឹងផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា ជាបន្តទៀត។ ហើយលើកនេះ លោក សម រង្ស៊ី បានងាកមកឲ្យដំណឹង ទាក់ទងនឹងលោក ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង ...
កម្ពុជា

កឹម សុខា បដិសេធ​ការយកឈ្មោះ និង​រូបភាពលោក ទៅប្រើខុសឆន្ទៈ

ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានបដិសេធការយកឈ្មោះ និងរូបភាពលោក យកទៅប្រើដោយ«បុគ្គល ក្រុម គណបក្ស ឬ ចលនានយោបាយខ្លះ» ដែលលោកហៅថា ជាការភ្ជាប់ពាក់ព័ន្ធ«នឹងសកម្មភាព ...
ទំនៀមទំលាប់

សុខ ទូច សរសេរពាក្យ​«អាម៉េរិក»​ត្រូវតាម​វចនានុក្រម

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច ដែលពីមុនមក ទទួលភាពល្បីល្បាញ នៅលើ​បណ្ដាញសង្គមថា សរសេរអក្សរមួយឃ្លា មានកំហុសអក្ខរាវិរុទ្ធ យ៉ាងហោចពីរពាក្យនោះ បានសរសេរ​នៅពេលនេះ នូវពាក្យដ៏ប្លែកមួយ គឺពាក្យ ...

Comments are closed.

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...