បុរសវ័យ៦០ឆ្នាំ ដែលត្រូវបានសង្ស័យ ក្នុងសំនុំរឿងឃាតកម្មលើកញ្ញា សូភី ឡេថាន់ (Sophie Le Tan) បានសារភាព​នៅទីបំផុត ក្នុងថ្ងៃអង្គារទី១៩ ខែមករានេះ។ នេះ បើតាមស្ថាប័នអយ្យការបារាំង ប្រចាំក្រុងស្ត្រាស្បួរ៍ (Strasbourg) ដែលត្រូវបានស្រង់សំដី ដោយសារព័ត៌មាន​ក្នុងប្រទេសបារាំង

ជនសង្ស័យ ដែលគេស្គាល់ឈ្មោះ «Jean-Marc Reiser» បានសារភាព​នៅទីបំផុត ថាខ្លួនពិតជាបានសម្លាប់យុវតី សូភី ឡេថាន់ នៅពេលដែលនាង​ចូលទៅមើលផ្ទះ ដែលជននេះបានផ្សាយដំណឹងដាក់ជួល កាលពីអំឡុងខែកញ្ញា​ ឆ្នាំ២០១៨។ ប្រភពពី​ស្ថាប័នអយ្យការ​ ត្រូវបានសារព័ត៌មានស្រង់សំដី មកផ្សាយថា៖

«នៅក្នុងការសាកសួរ ដែលធ្វើឡើង​ នៅពីមុខចៅក្រមស៊ើបអង្កេត ជនសង្ស័យដែលមានឈ្មោះ “Jean-Marc Reiser” បានទទួលស្គាល់​​​ការជាប់ពាក់ព័ន្ធ​របស់ខ្លួន នៅក្នុងមរណភាពរបស់ សូភី ឡេថាន់។»

មុនមកដល់ថ្ងៃនេះ បុរស«Jean-Marc Reiser» បានបដិសេធយ៉ាងដាច់អហង្ការ ពីការជាប់ទាក់ទងក្នុងឃាតកម្ម។ ប្រភពស្និតនឹងសំនុំរឿង បានស្រង់សំដីជនសង្ស័យ មកអះអាងថា ដំបូងឡើយ ជននេះមិនមានបំណងសម្លាប់ជនរងគ្រោះទេ តែបានសម្លាប់ជនរងគ្រោះ នៅបន្ទាប់ពីការឈ្លោះប្រកែកមួយ បានកើតឡើង។ ជនសង្ស័យត្រូវបានស្រង់សំដី មកបញ្ជាក់ថា៖

«ខ្ញុំមិនចង់សម្លាប់នាងទេ តែខ្ញុំបានសម្លាប់រួចហើយ។»

ជនសង្ស័យបានបន្តទទួលស្គាល់ទៀតថា ខ្លួនពិតជាបានកាប់សពជនងរងគ្រោះ ជាកំណាត់ៗ មុននឹងយកកំណាត់សាកសព ទៅលាក់នៅក្នុងព្រៃ។

សំនុំរឿងដ៏កក្រើក បានផ្ទុះឡើង​នៅក្បែរក្រុងស្ត្រាស្បួរ៍ (ភាគខាងកើតបារាំង) តាំងពីខែកញ្ញា ឆ្នាំ២០១៨ បន្ទាប់ពី​ក្រុមគ្រួសារ​របស់នាង សូភី ឡេថាន់ ដែលមានដើមកំណើតវៀតណាម បានប្ដឹងអាជ្ញាធរ ពីការបាត់ខ្លួនយ៉ាងអាថ៌កំបាំង របស់នាង សូភី ឡេថាន់។

នៅមុនការបាត់ខ្លួន និស្សិតស្រីវ័យ២០ឆ្នាំរូបនេះ បានឆ្លើយតបនឹងការផ្សាយដំណឹងជួលផ្ទះ របស់ជនសង្ស័យ ដែលដាក់ផ្ទះជួល ក្នុងក្រុង «Schiltigheim» (ជាយក្រុង​ខាងកើតក្រុងស្ត្រាស្បួរ) មុននឹងធ្វើដំណើរទៅមើលផ្ទះជួលនោះ តាមការណាត់មួយ ជាមួយជនសង្ស័យ។

បុរស «Jean-Marc Reiser» ត្រូវបានអាជ្ញាធរឃាត់ខ្លួន នៅប៉ុន្មានថ្ងៃក្រោយមក ដោយសារជនសង្ស័យវ័យ៦០ឆ្នាំ (អាយុ៥៨ឆ្នាំ នៅពេលកើតហេតុ) រូបនេះ បានជួបនាង សូភី ឡេថាន់ ក្រោយគេបំផុត និងបានក្លាយជាជនសង្ស័យ តែម្នាក់គត់។ ក្នុងពេលកន្លងមក លោក «Jean-Marc Reiser» ធ្លាប់ត្រូវបានផ្ដន្ទាទោសរួចហើយ ពីបទបង្ខាំងខ្លួន និងបទរំលោភ។

តែទោះជាជនសង្ស័យបានប្រកែក យ៉ាងណាក្ដី ក៏ក្រុមអ្នកស៊ើបអង្កេត បានរកឃើញស្លាកស្នាមឈាម របស់ជនរងគ្រោះ នៅជាប់ជញ្ជាំងផ្ទះ និងនៅជាប់ដៃរណា របស់ជនសង្ស័យ។

រហូតដល់ជាង១ឆ្នាំក្រោយមក (ខែតុលា ឆ្នាំ២០១៩) ទើបអាជ្ញាធរបានប្រទះរកឃើញ គ្រោងឆ្អឹងមិនគ្រប់សេរីរាង្គ របស់យុវតីរងគ្រោះ នៅក្នុងព្រៃមួយ នៃក្រុង «Rosheim» ដែលមានចំងាយច្រើនគីឡូម៉ែត្រ (ភាគនារតី) ពីក្រុងស្ត្រាស្បួរ៍។ ទីនោះ ត្រូវបានគេស្គាល់ថា ជាកន្លែងដែលបុរស«Jean-Marc Reiser»ឧស្សាហ៍ធ្លាប់ទៅ។

ចម្លើយសារភាពរបស់ជនសង្ស័យ បានអនុញ្ញាតឲ្យអាជ្ញាធរ អាចបើកឡើងវិញ នូវសំនុំរឿងចាស់មួយ ដែលបានកើតឡើង តាំងពី៣០​ឆ្នាំ​មុន។ សំនុំរឿងនោះ ត្រូវបានបិទ​ក្នុងឆ្នាំ២០០១ បន្ទាប់ពីរកភស្ដុតាងមិនឃើញ ទាក់ទងនឹងការបាត់ខ្លួន ដ៏អាថ៌កំបាំង របស់ស្ត្រីអ្នកលក់ដូរ​ម្នាក់ ឈ្មោះ «Françoise Hohmann»។ របាយការណ៍អង្កេត បានឲ្យដឹងថា នៅមុនការបាត់ខ្លួន ក្នុងឆ្នាំ១៩៨៧ ស្ត្រីរងគ្រោះដែលពេលនោះ មានអាយុ២៣ឆ្នាំ ​បានជួប​អតិថិជន​ចុងក្រោយរបស់នាង ដែលគ្មាននរណាផ្សេង​ពីជនសង្ស័យឈ្មោះ «Jean-Marc Reiser» ខាងលើនេះឡើយ៕



លំអិតបន្ថែមទៀត

ដំណឹង

ដាណឺម៉ាក៖ ផ្ទុះអាវុធ​ក្នុងផ្សារទំនើប​កណ្ដាលរាជធានី – ស្លាប់​«៣នាក់»

មនុស្ស«៣នាក់»បានស្លាប់ និងច្រើននាក់ផ្សេងទៀត បានរងរបួស នៅក្នុងការផ្ទុះអាវុធមួយ ដែលបានកើតឡើង វេលាក្បាលព្រលប់ថ្ងៃអាទិត្យ ក្នុងផ្សារទំនើបមួយកន្លែង នៃរាជធានី កូប៉ិនហាក (Copenhague) ប្រទេសដាណឺម៉ាក។ នេះបើតាមការអះអាង របស់នគរបាលដាណឺម៉ាក ...
ដំណឹង

ម៉ាក្រុង តែងតាំង អេលីហ្សាប៊ែត ប៊ន (ទំនោរឆ្វេងនិយម) ជានាយករដ្ឋមន្ត្រី

អ្នកស្រី អេលីហ្សាប៊ែត ប៊ន (Élisabeth Borne) បច្ចុប្បន្នជារដ្ឋមន្ត្រីការងារ ត្រូវបានលោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) តែងតាំងជា​នាយករដ្ឋមន្ត្រីថ្មី ដើម្បីដឹកនាំរដ្ឋាភិបាលបារាំង ...
ដំណឹង

Covid-19៖ ប្រធានាធិបតី​បារាំង ប្រកាសបើកប្រទេស​ឡើងវិញ មុន​គម្រោង

ប្រធានាធិបតី​បារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បាន​ប្រកាស​តាមកញ្ចក់ទូរទស្សន៍ ក្នុងយប់ថ្ងៃអាទិត្យនេះ ធ្វើការ​បើកប្រទេសឡើងវិញ ចាប់ពីថ្ងៃចន្ទ​ស្អែកតទៅ ដោយអះអាងពីជ័យជំនះ​បឋម លើជំងឺរាតត្បាត «Covid-19»។ ...

យល់ស៊ីជម្រៅផ្នែក កម្រមាន

កម្រមាន

អ៊ីតាលី៖ ជីករូងដី​គ្រោងចូលលួច​ធនាគារ ស្រាប់តែ… ដីធ្លាក់សង្កត់

កម្រមាន

ប៉ាគីស្ដង់៖ បាញ់«៥គ្រាប់»​សម្លាប់កូនខ្លួន​ទើបកើត ព្រោះមិនមែនប្រុស

បុរសជាឪពុកមួយរូប ត្រូវបានចាប់ខ្លួន ក្នុងថ្ងៃព្រហស្បត្តិ៍នេះ បន្ទាប់ពីបានសម្លាប់ទារិការបស់ខ្លួន ដែលទើបនឹងចាប់កំណើត ដោយគ្រាប់កាំភ្លើង«៥គ្រាប់»។ បើតាមអាជ្ញាធរ បានអះអាងថា បុរសរូបនោះចង់បានកូនប្រុស និងមានការខកចិត្តជាខ្លាំង បន្ទាប់ពីកូនខ្លួនដែលកើតមក ជាទារិកា។ ហេតុការណ៍កើតឡើង ...
កម្រមាន

បារាំង៖ ជាប់គុក៨ឆ្នាំ ពីបទរំលោភ​ស្ត្រីពេស្យា​ប្ដូរភេទ​ម្នាក់

កាលពីថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែមីនា ឆ្នាំ២០២១នេះ បុរសម្នាក់ត្រូវបានតុលាការ នៅរដ្ឋធានីប៉ារីស (បារាំង) ផ្ដន្ទាទោស​ឲ្យជាប់​ពន្ធនាគារ៨ឆ្នាំ ពីបទរំលោភ​ស្ត្រីពេស្យា​ប្ដូរភេទ​ម្នាក់ ដោយការគម្រាមប្រើកាំបិត នៅក្នុង​ពេល​កើតហេតុ។ ហេតុការណ៍ចាប់រំលោភ​បានកើតឡើង តាំងពីខែវិច្ឆិកា ...

Comments are closed.