ដំណឹងអាស៊ី-ប៉ាស៊ីភិក

អង្គការ​«PETA»​ព្រមានពី​«Covid-19»​តាម​ផ្សារ​សត្វព្រៃ នៅ​អាស៊ាន

បើសិនជាជំងឺ «Covid-19» បានផ្ទុះចេញពីទីផ្សារមួយ ដែលលក់សាច់សត្វព្រៃ នៅ​កណ្ដាល​ក្រុង វូហាន (Wuhan) នៃប្រទេសចិននោះ ទីផ្សារសត្វព្រៃទាំងឡាយ នៅតាម​បណ្ដា​ប្រទេស នៅ​អាស៊ាន មិនត្រូវបានអាជ្ញាធរ នៅក្នុងប្រទេសទាំងនេះ ធ្វើការត្រួតពិនិត្យ​អនាម័យ ឲ្យបាន​ត្រឹមត្រូវទេ។

នេះ បើតាមការប្រកាសអាសន្ន របស់អង្គការការពារសត្វ ឈ្មោះ «People for the Ethical Treatment of Animals – PETA» ដែលបានផ្ញើរលិខិត ទៅកាន់បណ្ដា​ប្រទេស​ទាំងនោះ ដើម្បីព្រមាន​ ពីរោគរាតត្បាត ដែលអាចកើតចេញ ពីការទទួលទានសាច់សត្វ ដែលគ្មាន​អនាម័យ និងគ្មានការត្រួត​ពិនិត្យ​។

រោគរាតត្បាត ដែលអាចផ្ទុះឡើង មិនមានត្រឹមតែ​ជំងឺ​ «Covid-19» ដែលកំពុង​បង្ក​វិនាសកម្ម ទៅដល់មនុស្សជាតិ ក្នុងពេលនេះទេ តែអង្គការ «PETA» បានបញ្ជាក់ថា ជំងឺរាតត្បាត​ជាច្រើនទៀត ក៏ត្រូវបានឆ្លង ក្នុងកម្រិត៦០% ចេញពីសាច់សត្វដែរ។

ជំងឺផ្សេងទៀតទាំងនោះ មានដូចជា ជំងឺ«Ebola» – ជំងឺផ្ដាសាយបក្សី – ជំងឺផ្លូវដង្ហើម ចេញពី​មជ្ឈឹមបូព៌ា (MERS) – មេរោគ «Nipah» – ជំងឺផ្ដាសាយ ចេញពីជ្រលង «Rift» ក្នុងទ្វីបអាហ្វ្រិក – អាការៈស្ទះផ្លូវដង្ហើម «SRAS» – មេរោគ ចេញពីតំបន់ជុំវិញទន្លេ «Nil» ខាងលិច និងជំងឺឆ្លង «Zika» ជាដើម។

ប្រទេសទាំង៥ នៅ​អាស៊ាន

លិខិត ដែលអង្គការការពារសត្វខាងលើ ផ្ញើរទៅកាន់អាជ្ញាធរសុខភាព នៅក្នុងប្រទេស​ចំនួន៦ (កម្ពុជា ចិន ឥណ្ឌូនេស៊ី ហ្វីលីពីន ថៃ និងវៀតណាម) បានរៀបរាប់​ពីគ្រោះថ្នាក់ ដែលកើតចេញ ពីការលក់សត្វសត្វព្រៃ ដែលគ្មានការត្រួតពិនិត្យ និងស្នើឲ្យអាជ្ញាធរ នៅក្នុងប្រទេសទាំងនោះ បិទទីផ្សារលក់សាច់សត្វទាំងអស់ ដើម្បីបង្ការោគរាតត្បាត។

នៅអមនឹងលិខិតរបស់ខ្លួន អង្គការខាងលើ​ដែលមានទីតាំងធំ នៅក្នុងរដ្ឋ «Virginie» សហរដ្ឋអាមេរិក និងមានសាខារបស់ខ្លួន នៅជុំវិញផែនដី បានបង្ហោះនូវរូបភាព ដ៏ព្រឺព្រួច ស្ដីពីទីផ្សារលក់​សត្វរស់ ដែលកំពុងមានវត្តមាន នៅក្នុងបណ្ដាប្រទេសទាំង៦។

រូបភាពដែលទើបនឹងថតបាន ក្នុងខែមេសា ឆ្នាំ២០២០កន្លងមក បានបង្ហាញពី​ការដាក់​តាំងលក់ នៅក្នុងទីផ្សារនានា នូវសត្វចម្រុះ ទាំងរស់ទាំងស្លាប់ ដូចជាត្រី មាន់ ទា កង្កែប ឆ្កែ ប្រជៀវ ស្វា និងសត្វដទៃទៀត។

អង្គការខាងលើ បានបញ្ជាក់ថា សត្វព្រៃដ៏គ្រោះថ្នាក់ ដូចយ៉ាង សំពោច និងប្រជៀវ នឹង​បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ សម្រាប់សុខភាពអ្នកបរិភោគ តាមរយៈជំងឺ​ស្ទះផ្លូវដង្ហើម «SRAS» និងជំងឺរលាកសួត «Covid-19»។ អង្គការ «PETA» បានសរសេរថា៖

«គ្មានការភ្ញាក់ផ្អើលទេថា ទីផ្សារសាច់សត្វចម្រុះទាំងនោះ នឹងក្លាយជាមជ្ឈមណ្ឌល​កណ្ដាល នៃរោគរាតត្បាត ក្នុងពេលខាងមុខ។»

មិនអាចទាក់ទង អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា ដើម្បីសុំចម្លើយ ឬប្រតិកម្ម តបនឹងលិខិត របស់អង្គការខាងលើបានទេ ក្នុងចុងសប្ដាហ៍នេះ ដោយទូរស័ព្ទហៅចូល តែគ្មានការទទួល។

ក្រៅពីលិខិតខាងលើ និងការផ្សព្វផ្សាយរូបភាព ដ៏ព្រឺព្រួច នៅតាមបណ្ដាញ អ៊ិនធើណែត អង្គការការពារសត្វ «PETA» នៅបានធ្វើញត្តិ ឡើងទៅអង្គការសុខភាពពិភពលោក «WHO / OMS» ថែមទៀត។

ញត្តិនោះ ដែលទទួលបានការចុះហត្ថលេខា ជាច្រើន​សែន​នាក់ (ជាង២០០ ០០០នាក់ នៅ​ពេល​ទស្សនាវដ្ដី ចូលទៅពិគ្រោះ) បានទាមទារ ​ឲ្យ​អង្គការ​ជំនាញ របស់អង្គការ​សហប្រជាជាតិ​មួយនេះ ចេញមុខធ្វើប្រតិកម្ម ទៅកាន់​បណ្ដា​ប្រទេសខាងលើ ឲ្យបិទ​ទីផ្សារ​លក់សាច់សត្វ នៅក្នុងទឹកដីរបស់ផងខ្លួន។

កាលពីដើមខែមេសា ប្រទេសចិនកុម្មុយនីស្ដិ៍ ដែលជាមជ្ឈមណ្ឌលដំបូង នៃការផ្ទុះមេរោគ «Covid-19» បានចាត់វិធានការ ចំពោះរាល់ទីផ្សារទាំងឡាយ ដែលលក់សាច់សត្វ និង​បាន​ធ្វើការ​​ហាមប្រាម​ពលរដ្ឋខ្លួន មិនឲ្យបន្ត​បរិភោគសាច់សត្វព្រៃ។ វិធានការនេះ ឆ្លុះ​បញ្ចាំង​ឲ្យឃើញថា រដ្ឋាភិបាលក្រុងប៉េកាំង បានយល់ដឹង ពីគ្រោះថ្នាក់ នៃការបរិភោគ​សាច់សត្វ ដ៏ចម្លែកៗមួយចំនួន ដែលបានបណ្ដាលឲ្យមេរោគ «Covid-19» រស់ឡើង ហើយពង្រីក​​ការរាតត្បាត នៅពាសពេញពិភពលោក៕



លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន បង្ហោះរូបភាព​«មានសុខភាពល្អ» តែរាង​ឡើងគីឡូ​ជាងមុន

នៅលើបណ្ដាញសង្គម លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ដល់ដំណឹងរបស់លោក តាមរយៈរូបថតច្រើនសន្លឹក ដោយអមមកជាមួយ នូវសារខ្លីប៉ុន្មានម៉ាត់ ដើម្បីបញ្ជាក់ថា លោក«មានសុខភាពល្អ» ក្នុងរលកទី៣ នៃការរាតត្បាត​ជំងឺកូវីដ-១៩ (Covid-19) ...
កំសាន្ដ

«គីង្គក់ និងភ្នំភ្លើង» កម្សាន្ដខ្លីៗ

ពេលឮសូរតោខ្លាដំរី រត់ផ្អើលជាន់ជើងគ្នា ព្រោះការផ្ទុះភ្នំភ្លើង សត្វ«គីង្គក់»លក់ថ្នាំស្រែង វាស្រែកពីក្នុងពាងមកថា៖ ពួកអាតោខ្លាដំរី សុទ្ធតែភ្លើ មិនចេះគ្រប់គ្រងគ្រោះផ្ទុះភ្នំភ្លើង គប្បីអាភ្លើទាំងនោះ មករៀនសូត្រពីអញ ដូចជារូបអញ​នៅក្នុងពាងដូច្នេះ។ នៅពេលពាងទប់នឹងកម្ដៅភ្នំភ្លើងលែងបាន ក៏ផ្ទុះបែក ...
កម្ពុជា

Covid-19៖ ហ៊ុន សែន ចាត់តាំង​ឲ្យ​សមាជិកបក្ស​«CPP»​ចុះចែក​អំណោយ

នាយករដ្ឋមន្ត្រីដ៏ចាស់វស្សា និងជាប្រធានគណបក្សកាន់អំណាច នៅកម្ពុជា លោក ហ៊ុន សែន បានចាត់តាំងមន្ត្រី និងសមាជិកគណបក្ស «CPP» របស់លោក ឲ្យចុះចែកអំណោយ ទៅដល់ប្រជាពលរដ្ឋក្រីក្រ នៅទូទាំងប្រទេស។ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.