បន្ទាប់ពីបណ្ដាញទូរទស្សន៍ «Al Jazeera» នៅថ្ងៃនេះគឺបណ្ដាញវិទ្យុ និងទូរទស្សន៍ «ABC» របស់ប្រទេស​អូស្ត្រាលី​តែម្ដង ដែលបានតាមស្រាវជ្រាវ រកឃើញពីទ្រព្យសម្បត្តិ ត្រកូល ហ៊ុន នៅក្នុងប្រទេសអូស្ត្រាលី ដែលមានតម្លៃរាប់លានដុល្លារ។ ការគាស់បង្ហាញ ដែលធ្វើឲ្យសំនួរជាច្រើនបានផ្ទុះឡើង ជុំវិញប្រភពចំណូល នៃទ្រព្យសម្បត្តិទាំងនោះ ខណៈសមាជិកខ្លះនៃត្រកូល ហ៊ុន មានប្រាក់បៀវត្សន៍ប្រចាំខែ មិនដល់១០០០​ដុល្លារផងទេ។

លោក ឌី វិជ្ជា ស្វាមីអ្នកស្រី ហ៊ុន ម៉ាណា និងលោក ហ៊ុន តូ សាច់ឈាមជិតដិតបំផុត នៃ​បុរសខ្លាំងកម្ពុជា មានទ្រព្យសម្បត្តិច្រើនលានដុល្លារ នៅក្នុងប្រទេសអូស្ត្រាលី ហើយបើ​គ្រាន់​តែគណនា សម្រាប់ឆ្នាំ២០១៨នេះ ទ្រព្យសម្បត្តិត្រួសៗរបស់ពួកគេ មានយ៉ាងតិច ក៏១០លានដុល្លារដែរ។ នេះ បើតាមរបាយការណ៍ដ៏វែងអន្លាយមួយ របស់បណ្ដាញវិទ្យុ និង​ទូរទស្សន៍​«ABC»​របស់កោះអូស្ត្រាលី ដែលបានចេញផ្សាយជាសាធារណៈ កាលពីម្សិលម៉ិញ។

«ABC» បានអះអាងថា បានប្រើប្រាស់បញ្ជី នៃអចលនទ្រព្យ និងសហគ្រាសឯកជន ក៏ដូចជាឯកសារស្រាវជ្រាវមួយទៀត ដែលទទួលបានពីប្រទេសកម្ពុជា ដើម្បីរកឃើញពីទំហំ ដ៏មហាសាលនៃទ្រព្យសម្បត្តិ របស់ពួកគេទាំងនោះ ដែលភាគច្រើនបាន និងកំពុងរស់នៅ ក្នុងតំបន់ជាយក្រុងដ៏ប្រណិតៗ នៃក្រុងមែលប៊ន (ភាគខាងត្បូងអូស្ត្រាលី)។

អគ្គ​ស្នងការ​រង​នគរបាល​​​​​​​​​​​​​ជាតិ លោក ឌី វិជ្ជា ដែលជាកូនប្រសារ របស់លោក ហ៊ុន សែន និងជាកូនប្រុស របស់អតីត​អគ្គស្នងការ​នគរបាល​ជាតិ​ លោក ហុក ឡងឌី ត្រូវបាន​សារព័ត៌មាន អះអាងថា ​មាន​គេហដ្ឋានដ៏ធំមួយ (មាន៧បន្ទប់) ដែលមាន​តម្លៃ ប្រមាណ​ជា ១.៥ លាន​ដុល្លារ នៅក្នុងក្រុង «Point Cook» ចម្ងាយ​២៥គីឡូម៉ែត្រ ខាងលិចក្រុង មែលប៊ន។ ​

កាលពីខែឧសភា ក្រុមហ៊ុនរបស់​លោក ឌី វិជ្ជា បាន​លក់​ឃ្លាំង​មួយ​ មានតម្លៃ​ជាង ៥,០៨ លាន​ដុល្លារ នៅក្នុងសង្កាត់កិច្ចការជំនួញ ដ៏ល្បីមួយ ឈ្មោះ «Dandenong South»។

ប្រព័ន្ធផ្សព្វផ្សាយ​បាន​រក​ឃើញ​ថា ក្មួយ​ប្រុសលោក ហ៊ុន សែន គឺ​លោក ហ៊ុន តូ បានទិញ​ផ្ទះ ក្នុង​តម្លៃ​ប្រមាណជា ១,៣​លាន​ដុល្លារ នៅ​អូស្ត្រាលី​ដែរ ខណៈប្រពន្ធ​របស់​លោក ហ៊ុន តូ មានអចលនទ្រព្យ​មួយ​កន្លែង​ទៀត​ ដែលមានតម្លៃ​ជាង ៦​សែន​ដុល្លារ។

ក្រោយមក អចលនទ្រព្យនោះ ត្រូវបានផ្ទេរ​កម្មសិទ្ធិ ទៅឲ្យ​បងប្អូន​បង្កើត​របស់លោក ហ៊ុន តូ ជាអ្នក​គ្រប់គ្រង​វិញ។

» លោក ហ៊ុន តូ អង្គុយពីលើកេសស្រា (រូបថតលើហ្វេសប៊ុក)៖

នេះជាការគាស់កកាយថ្មីទៀត ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយបរទេស ទៅលើទ្រព្យសម្បត្តិ​រាប់លានដុល្លារ នៃក្រុមសាច់ឈាម​ជិតដិត​របស់លោក ហ៊ុន សែន នៅត្រឹមតែក្នុង​រយៈពេល​បីខែចុងក្រោយ។

កាលពីដើមខែកក្កដា បណ្ដាញទូរទស្សន៍ «Al Jazeera» បាន​អង្កេតរកឃើញ ការបង្វិល​និងការផ្ទេរប្រាក់ ដ៏គួរឲ្យសង្ស័យ ក្នុងកម្រិតរាប់​សិបលាន​ដុល្លារ​ផ្សេងទៀត ដែលទំនងជាជាប់ទាក់ទង នឹងលោក គង់ វិបុល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារកម្ពុជា។

ប៉ុន្តែតបនឹងការអង្កេត របស់ស្ថានីយ៍ទូរទស្សន៍នោះ លោក គង់ វិបុល បានបដិសេធថា ជាការរកឃើញមិនត្រឹមត្រូវ និងបានភ្ជាប់រឿងរ៉ាវផ្ទាល់ខ្លួនទាំងនេះ ទៅនឹងការប៉ុនប៉ង​បង្ខូច​ឈ្មោះរដ្ឋាភិបាលកម្ពុជា។

យ៉ាងណា លោក គង់ វិបុល នៅតែត្រូវបានបណ្ដាញវិទ្យុ និងទូរទស្សន៍ «ABC» អង្កេត​ជាថ្មី​ទៀត ដោយរកឃើញថា ​ទីប្រឹក្សាផ្ទាល់របស់​លោក ហ៊ុន សែន រូបនេះ មាន​ភាគហ៊ុនក្នុង​ដី​មួយ​កន្លែង ដែលត្រូវបានទិញ ​កាលពី​ខែ​មីនា ឆ្នាំ​២០០៧ ក្នុង​ទឹកប្រាក់ប្រមាណជា ២១,៤ លាន​ដុល្លារ។

«ABC» នៅបន្តរក​ឃើញទៀត​ថា លោក គង់ វិបុល មានអចលនទ្រព្យ​ជាច្រើន​កន្លែង​ទៀត ​នៅលើកោះ​អូស្ត្រាលី រួម​ទាំងគេហដ្ឋានដ៏ស្កឹមស្កៃរបស់លោក ដែលមាន​តម្លៃ ៦​សែន​ដុល្លារ នោះ​ផង។

» លោក គង់ វិបុល និងអ្នកស្រី ហ៊ុន ម៉ាណា (រូបថតលើហ្វេសប៊ុក)៖

ការទម្លាយចេញ​របស់​ប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលី ដែលបានពន្យល់ ពីលទ្ធភាពជាប់សង្ស័យ ទៅនឹងវិធីសាស្ត្រលាងលុយកខ្វក់ ពីប្រទេស​កម្ពុជា​ខាងលើ ត្រូវបានមន្ត្រីអ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រីកម្ពុជា លោក ផៃ ស៊ីផាន ច្រានចោល និងបញ្ជាក់ជំហរ មិនខ្វាយខ្វល់​អ្វីឡើយ ដោយហេតុថា នេះគ្រាន់តែជាការចុះផ្សាយ របស់សារព័ត៌មានប៉ុណ្ណោះ។

លោក ស៊ីផាន មានប្រសាសន៍ថា បើទោះជាមន្ត្រីរដ្ឋាភិបាលកម្ពុជា មានប្រាក់បៀវត្សរ៍​តិច​ក៏ដោយ តែពួកគេនៅតែអាចមានប្រាក់ និងទ្រព្យសម្បត្តិ រហូតដល់រាប់លានដុល្លារបាន ដោយសារមន្ត្រីទាំងនោះ រកស៊ីទិញលក់ដីធ្លី៕



លំអិតបន្ថែមទៀត

វិភាគ អត្ថាធិប្បាយ

អ្នកវិភាគ៖ ក្នុង​សោកនាដកម្ម​នៅខេត្ត​ព្រះសីហនុ ប្រើ«អភិក្រមទី៥»​មិនបានទេ

អភិក្រមទី៥ ពីក្នុងចំណោមអភិក្រមទាំង៥ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាអភិក្រមសម្រាប់ការអនុវត្ត «ដោយអន្លើៗ» និង«ដោយដុំៗ» ហើយមិនអាចយកទៅអនុវត្ត ក្នុងសោកនាដកម្ម នៃគ្រោះរលំអគារចិន កាលពីចុងសប្ដាហ៍មុន នៅខេត្តព្រះសីហនុបានទេ។ ...
វិភាគ អត្ថាធិប្បាយ

អ្នកវិភាគថាព្រះរាជាសព្វថ្ងៃ មិនខុសពីព្រះចៅអធិរាជជប៉ុន មុនឆ្នាំ១៨៦៨

«សព្វថ្ងៃនេះ ព្រះមហាក្សត្រខ្មែរ ដូចជាមិនខុសពីព្រះចៅអធិរាជជប៉ុន មុនឆ្នាំ១៨៦៨ ប៉ុន្មានទេ» នេះ ជាការអះអាងឡើង របស់លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយ និងសង្គម ដោយពន្យល់ថា ...
កម្ពុជា

កម្ពុជា​​នឹងនាំ​អង្ករ​ស ចេញទៅ​បរទេស​វិញ ចាប់ពីថ្ងៃ​២០ឧសភា

ប្រទេសកម្ពុជា បានសម្រេចបើកការនាំអង្ករស ចេញទៅ​បរទេស​វិញ ចាប់ពីថ្ងៃទី២០ ខែឧសភា ខាងមុខតទៅ។ នេះ បើតាមលិខិតមួយ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃពុធ ទី១៣ ខែឧសភា។ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.