ពលរដ្ឋរស់នៅរាជធានីភ្នំពេញ ដែលរងផលបះពាល់ បានសំដែងការធុញទ្រាន់ នៅចំពោះបញ្ហាទឹកភ្លៀងជន់ទីក្រុង ដែលបានកើតឡើង សឹងជារៀងរាល់ ពេលភ្លៀងធ្លាក់ មកម្ដងៗ។ អ្នកជំនាញមួយរូប បានអះអាងឡើងថា ដើម្បីដោះស្រាយបញ្ហានេះបាន គេគម្បីធ្វើគម្រោង ប្រព័ន្ធរំដោះទឹកកខ្វក់ ដែលពិតប្រាកដ និងដែលមានទិសដៅ សម្រាប់រយៈពេលយូរ។
មិនមែនមិនធ្លាប់ឮទេ នូវការលើកឡើងដដែលៗ ដែលអះអាងថា «អ្នកថាបានតែថា អ្នកធ្វើបានដឹង» ខណៈអ្នកថា គឺពលរដ្ឋអ្នករងគ្រោះ ឬពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់… រីឯអ្នកធ្វើ ដូចជាប្រើពេលយូរពេកទេដឹង ក្នុងការ«ធ្វើ»? មានការលើកឡើងបន្តទៀតថា «ឥឡូវនេះទឹកភ្លៀងលិច មិនសូវយូរទេ តែមួយម៉ោងអីទេ ស្រកទៅវិញអស់…» ខណៈរយៈពេលមួយម៉ោងនេះ គ្រប់គ្រាន់នឹងធ្វើឲ្យយានយន្ដ គាំងលែងមានដំណើរការនៅតាមដងវិថី និងសម្ភារៈផ្ទះសម្បែង (ឬការិយាល័យ) ទទួលរងការខូចខាត។
ឬបើមិនអញ្ចឹង មានការលើកឡើងប្រៀបធៀប ទៅប្រទេសដទៃថា «មិនមែនលិចអី តែរាជធានីភ្នំពេញទេ» ហើយខ្លះទៀត បានទាំងបន្ទោស ត្រឡប់មកពលរដ្ឋមួយចំនួន ដែលចោលសម្រាម ខ្វះការពិចារណានោះជាដើម។
តែសំនួរខ្លះ ដែលមិនមានចម្លើយ ថាតើនៅពេលណា ខែណា ឆ្នាំណា ទើបគ្រោះទឹកភ្លៀងជន់ បានផុតរលត់ (ឬកាត់បន្ថយ) ពីរាជធានីភ្នំពេញ? ហើយថា តើពេលណា ទើបលេសដោះសារ ទាំងប៉ុន្មានខាងលើ បានរសាត់បាត់ទៅឆ្ងាយ ដោយជំនួសមកវិញ នូវការគិតគូរ ពីភាពសុខដុមរម្យនាពិតប្រាកដ សម្រាប់ពលរដ្ឋនោះ? មន្ត្រីជាច្រើននាក់ របស់សាលារាជធានី បានបន្តបដិសេធមិនឆ្លើយ នឹងបញ្ហាទឹកភ្លៀងលិចទេ និងមួយចំនួនទៀត នៅតែលើកឡើងដដែលៗទៀតថា គេកំពុងតែ«ធ្វើ»ហើយ។
សម្រាប់អ្នកជំនាញមួយរូប បានថ្លែងឡើងថា គេចាំបាច់ត្រូវមានគម្រោងសង់«ប្រព័ន្ធរំដោះទឹកកខ្វក់» ចេញពីក្រុងឲ្យបានច្បាស់លាស់ និងសម្រាប់រយៈពេលវែង រាប់សិបឆ្នាំទៅមុខ ជាជាងសង់ ឬជួសជុលនៅថ្ងៃនេះ សម្រាប់តែថ្ងៃស្អែក។ ស្ថាបត្យករ និងនគរោបនីយករ លោក កែវ ដាវុឌ្ឍា បានថ្លែងដូច្នេះ នៅលើបណ្ដាញសង្គម ដោយបានយកការស្រាវជ្រាវ ពីគម្រោងសាងសង់ប្រព័ន្ធលូ នៃរដ្ឋធានី ប៉ារីស មកបញ្ជាក់ផង។
លោកថា លូទឹកនៃរដ្ឋធានី ប៉ារីស មានគម្រោងជារូបរាង ចាប់ពីឆ្នាំ ១៨៥០ បន្ទាប់ពីលោក «Georges Eugène Haussmann» បានឡើងធ្វើជា ស្នងការក្រុង (សម័យនោះ មានឋានៈជាអភិបាលរដ្ឋធានី) ហើយជាគម្រោង ដែលសម្រាប់អនុវត្ត នៅក្នុងរយៈពេល ២០០ឆ្នាំទៅមុខ។
អ្នកជំនាញបានសរសេរថា៖
«បំពង់លូទឹកនៅទីនោះ មានទំហំអង្កត់ផ្ចិត ប៉ុនអង្កត់ផ្ចិតផ្ទះល្វែង និងកន្លែងខ្លះធំជាងនេះ ពីរទៅបីដង។ មកដល់ថ្ងៃនេះ ប្រព័ន្ធលូទឹក នៃរដ្ឋធានីប៉ារីស មានប្រវែងបណ្ដោយសរុប មិនតិចជាង ២៥០០គីឡូម៉ែត្រ។ រីឯការរំដោះទឹកចុងក្រោយវិញ ស្ថិតនៅឆ្ងាយ រាប់គីឡូម៉ែត្រ ក្រៅរដ្ឋធានីប៉ារីស និងក្រៅជាយក្រុង។»។
ស្ថាបត្យកររូបនេះ បានថ្លែងដោយផ្ទាល់មាត់ ប្រាប់ទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ នៅមុននេះបន្ថែមថា៖
«ដំណោះស្រាយ ចំពោះការរំដោះទឹកកខ្វក់នេះ ជាបញ្ហាសំខាន់បំផុត ព្រោះវាប៉ះពាល់ ទៅនឹងសុខភាពសង្គម រួមនឹងសេដ្ឋកិច្ចពលរដ្ឋផងដែរ។ ហើយបើគេអភិវឌ្ឍន៍ ឃើញមានការសង់អាគារខ្ពស់ៗ តែគេបែរជាមិនខ្វល់ នឹងបញ្ហាទឹកកខ្វក់ ដូច្នេះវាមិនខុសអី ទៅនឹងស្ត្រីរូបល្អមួយរូប ដែលប្រឡាក់លាមក នៅខាងក្រោយនោះឡើយ។»។
លោកថា ដំណោះស្រាយដែលអាចធ្វើទៅបាន គឺត្រូវពឹងផ្អែកលើឆន្ទះ និងសមត្ថភាពរបស់អ្នកដឹកនាំ ហើយត្រូវចែកគ្នាឲ្យដាច់ រវាងអ្នកបច្ចេកទេស និងអ្នកនយោបាយ។ លោកបានបន្ថែមថា៖
«អ្នកបច្ចេកទេស ឬបណ្ឌិតជំនាញទាំងអស់ហ្នឹង ត្រូវធ្វើតាមតួនាទី និងមិនត្រូវយកតួនាទី ទៅលាយឡំនយោបាយនោះឡើយ។ ហើយអ្នកនយោបាយ ក៏មិនត្រូវប្រើប្រាស់អ្នកបច្ចេកទេស ដើម្បីបម្រើតាមមហិច្ឆតា របស់ខ្លួនដែរ។»។
ធ្វើដូចម្ដេច ដើម្បីដោះស្រាយបញ្ហាទឹកភ្លៀងជន់នេះបាន?
នៅលើបណ្ដាញសង្គម លោក កែវ ដាវុឌ្ឍា បានសរសេរផ្ដល់ជាគំនិតមួយចំនួន សម្រាប់ពិចារណា និងដើម្បីបង្កាទឹកភ្លៀងជន់ ជាពិសេសដើម្បីសាងសង់លូរំដោះទឹក ឲ្យបានត្រឹមត្រូវ ដែលទស្សនាវដ្ដី សូមដកស្រង់មកជម្រាបជូន ដូចខាងក្រោម៖
– ត្រូវមើលពីចំនួនប្រជាជន ដែលអាចបង្កឥទ្ធិពល សម្រាប់ការប្រើប្រាស់ទឹក។
ជាឧទាហរណ៍ កាលពី១០ឆ្នាំមុន ចំនួនប្រជាជនមាន ១លាននាក់ ពេលនេះ ឡើង២លាននាក់ អញ្ចឹងតើ២០ឆ្នាំ ៥០ឆ្នាំ ទៅមុខទៀត ចំនួនប្រជាជនកើនប៉ុន្មាន ហើយការប្រើប្រាស់ទឹកមានប៉ុន្មាន… បូកសរុប ជាមួយនឹងកំពស់ទឹកភ្លៀង ដែលស្រោចស្រពខ្លាំងបំផុត មានប៉ុន្មាន។ គម្រោងសង់លូ ចាំបាច់ត្រូវអនុលោម តាមបរិមាណទឹកទាំងនេះ ជាជាងសាងសង់លូទឹក តាមសម្មាអាជីវោ ខូចត្រង់នេះ ទៅធ្វើខាងនោះ ឬធ្វើមួយថ្ងៃ ដើម្បីថ្ងៃស្អែកនោះ។
– ត្រូវគិត ពីការរំដោះទឹកចុងក្រោយ និងការរំដោះទឹក ជាបណ្ដោះអាសន្ន។
ការរំដោះទឹកចុងក្រោយ អាចជាការបង្ហូចូលស្ទឹង ឬទន្លេ ដែលត្រូវទទួលទឹកលូ ពីក្នុងក្រុង បន្ទាប់ពីទឹកលូនោះ មានការច្រោះរួចរាល់ ឲ្យក្លាយជាទឹកស្អាត (បង្កាផ្នែកបរិស្ថាន)។ រីឯអាងរំដោះទឹកបណ្ដោះអាសន្ន ចាំបាច់ត្រូវមាន នៅក្នុងក្រុង ជាពិសេស នៅក្នុងតំបន់ ដែលឧស្សាហ៍រងគ្រោះបំផុត។ គេមិនអាចលប់ចោល នូវអាងរំដោះទឹក ជាបណ្ដោះអាសន្នទាំងនោះ ក្រោមហេតុផលអភិវឌ្ឍន៍ ហើយបែរជាទុកឲ្យក្រុងលិចលង់ ព្រោះទឹកភ្លៀងនោះទេ។ បើលប់អាងមួយចេញ គម្បីត្រូវបង្កើតអាងមួយទៀត នៅក្បែរនោះ។ ការអភិវឌ្ឍដែលមិនអើពើ ពីប្រព័ន្ធបង្ហូទឹកកខ្វក់ ជាការអភិវឌ្ឍបែប«ល្ងីល្ងើ»។
– ប្រព័ន្ធលូ ដើម្បីទទួលទឹកភ្លៀង ត្រូវមានប្រព័ន្ធច្រោះសម្រាម យ៉ាងហោច ក៏ពីរដំណាក់កាលដែរ និងច្រើនដំណាក់កាល នៅតាមបំពង់លូ ដើម្បីបង្កាការហូរសម្រាមធំៗ ចូលទៅក្នុងលូ បង្កការស្ទះនៅក្នុងបំពង់លូ។ នៅពេលភ្លៀង រដ្ឋគម្បីត្រូវចល័តមន្ត្រី ឲ្យដើរពិនិត្យមើលប្រព័ន្ធលូទាំងនោះ និងកាយយកសម្រាមចេញ (មិនមែនចល័ត ដើម្បីថតរូប យកមកផ្សាយម្ដងម្កាលទេ)។ មន្ត្រីទាំងនោះ ក៏គួរមានតួនាទី ធ្វើការពិន័យ ទៅលើពលរដ្ឋណា ដែលឆ្លៀតឱកាស យកសម្រាមចោលជាសាធារណៈ នៅពេលភ្លៀងដែរ។
– បង្កើតតំបន់បៃតង់ នៅក្នុងក្រុងឲ្យបានច្រើន។ តំបន់បៃតងនោះ គឺជាឧទ្យានធំៗ មានស្មៅ មានដើមឈើ ដែលត្រូវបង្កើតឡើង នៅគ្រប់សង្កាត់ (ជាជាងប្រមូលយកដី ដែលទំនេរ ទៅលក់ ដើម្បីសង់អាគារ)។ ដើមឈើធំៗ ឬយ៉ាងហោចណាស់ វាលស្មៅ អាចជួយទប់ និងស្រូបទឹកភ្លៀង កុំឲ្យហូរលឿនជ្រុល ចាក់ចូលទៅថ្នល់ ឬទៅកាន់តំបន់ផ្ទះពលរដ្ឋ៕