តើពាក្យសំដី​ដែលនិយាយចេញ ពីបបូរមាត់របស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន និងមន្ត្រី​មួយ​ចំនួន ដែល​ជួយ​ទប់​អំណាច ឲ្យលោករហូតមកដល់សព្វថ្ងៃ មានលក្ខណៈដូចគ្នា ទៅនឹងសកម្មភាព នៅពី​ក្រោយ​ខ្នង​ដែរ​ឬទេ? គ្មាន​នរណា​បានដឹង ពីភាពខុសគ្នា​រវាងសំដី និងទង្វើរបស់បុរសខ្លាំងកម្ពុជា ច្បាស់​ជាង​អតីត​មន្ត្រី​ដ៏​ជិត​ស្និត របស់​លោក​​ខ្លួន​ឯង​នោះឡើយ។ ជននោះជានរណា? ខាងក្រោមនេះ ជាកិច្ច​សម្ភាស​ទាំង​ស្រុង​របស់អតីត​មន្ត្រី​ម្នាក់ ដែល​របប​ក្រុង​ភ្នំពេញ តាមប្រមាញ់ឲ្យខាងតែបាន បើទោះជាជននេះ​ ស្ថិត​នៅ​ទី​ណា​ក៏ដោយ​។

គ្មាននរណាភ្លេចទេ ពីការទម្លាក់តំណែងអតីតមន្ត្រី​ដ៏ជិតស្និតម្នាក់​របស់លោក ហ៊ុន សែន ចេញពីតំណែង​ស្នងការនគរបាលរាជធានីភ្នំពេញ កាលពីចុងខែកក្កដា ឆ្នាំ២០០៦ ដើម្បីឲ្យទៅអង្គុយក្នុងកៅអី ជា​រដ្ឋលេខា​នៅ​ក្រសួងមហាផ្ទៃនោះវិញ។ បន្តិចម្ដងៗ បក្ខពួករបស់​អតីតមន្ត្រី​រូបនេះ ត្រូវបានរដ្ឋាភិបាលតាមប្រមាញ់ ចាប់​ដាក់​ឃុំជាបណ្ដើរៗ រហូតលុះត្រាអតីតមន្ត្រីម្នាក់នេះខ្លួនឯង ក៏បានគេចខ្លួន ទៅជ្រកកោន​នៅក្រៅ​ប្រទេស​ដែរ។

នៅ​ទី​បំផុត អតីតមន្ត្រីម្នាក់នោះ ត្រូវបានអាជ្ញាធរស្វែងរកការនាំខ្លួន ត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ឲ្យ​ខាង​តែ​បាន ដើម្បី​ឲ្យតុលាការ​នៅរាជធានីភ្នំពេញ ធ្វើការដាក់ទោសទណ្ឌ ឲ្យជាប់ពន្ធនាគារ រហូតដល់សព្វថ្ងៃ។

តើអតីតមន្ត្រីម្នាក់នោះ ជានរណា? តើអំពើឧក្រិដ្ឋរបស់អតីតមន្ត្រីរូបនោះ មានដល់កម្រិតណា ទើបអាជ្ញាធរ​ខ្មែរ​ខិតខំតាមគ្រប់មធ្យោបាយ ដើម្បីនាំខ្លួនអតីតមន្ត្រី ឲ្យត្រឡប់មកក្នុងប្រទេសវិញ? តើអំពើឧក្រិដ្ឋនេះ មាន​កម្រិត​មិនស្មើ នឹងឃាតករដែលបានបាញ់សម្លាប់ សិល្បៈការិនី ​នាង ពិសិដ្ឋ ពិលីការ – មេដឹកនាំ​សហជីព​កម្មករ លោក ជា វិជ្ជា ឬឃាតករដែលបាន​បោកគ្រាប់បែក នៅមុខរដ្ឋសភា(ចាស់)ទេឬ ទើបជនទទួល​ខុស​ត្រូវ​​ក្នុង​ករណី​ទាំងនេះ មិនដែលត្រូវបានចាប់ មកផ្ដន្ទាទោសទាល់តែសោះ?

គេបានឆ្ងល់ទៀតថា ប្រសិនជា​អតីត​មន្ត្រី​រូប​នេះ គឺជាមេក្លោង នៅពីក្រោយឧក្រិដ្ឋកម្មនានា ក្នុងរយៈពេលដ៏យូរមកនោះ តើហេតុអ្វីត្រូវរងចាំ​រហូត​ចុង​ឆ្នាំ​២០០៦ ទើប​រដ្ឋាភិបាល​របស់លោក ហ៊ុន សែន ទើបនឹងចាត់វិធានការ យកអតីតមន្ត្រីម្នាក់នេះ និងបក្ខពួក​មក​កាត់​​ទោស ?

គ្មាននរណាម្នាក់មិនស្គាល់ និងមិនល្បី ពីជនម្នាក់នេះទេ ជាពិសេសគេបានស្គាល់ជននេះច្បាស់ កាល​ពី​អំឡុង​ពេល​ដែលជននេះ​មានអំណាច កាន់កងកម្លាំងប្រដាប់អាវុធ ពេញមួយរាជធានីភ្នំពេញ។ អតីតមន្ត្រីរូបនោះ ឈ្មោះ ហេង ពៅ ជាអតីតស្នងការរាជធានី និងជាអតីតទីប្រឹក្សាផ្ទាល់ អមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

តែផ្ទុយ​​ទៅវិញ គ្មាននរណាដឹងពីចម្លើយតបពិតប្រាកដ ទៅនឹងសំនួរទាំងប៉ុន្មានខាងលើ ក្រៅតែពីលោក ហ៊ុន សែន និងក្រុមមន្ត្រីដែលស្និត ឬ(មួយចំនួន) កាន់ក្ដាប់ផ្ទាល់ នូវសំនុំរឿងទាំងនេះឡើយ។ រឿងដែល​សំខាន់​នោះ នៅត្រង់ថា លោក ហេង ពៅ ខ្លួនលោក ក៏ធ្លាប់ស្ថិតក្នុង​ចំណោម នៃក្រុមមន្ត្រីទាំងនោះដែរ។

ហើយនៅ​ពេល​ដែល​លោក បានដឹងថា ខ្លួនលោកគឺជាទិសដៅ នៃការតាមកំចាត់របស់រដ្ឋាភិបាល របស់លោក ហ៊ុន សែន នោះ លោក ហេង ពៅ បានទម្លាយនូវសក្ខីកម្មដ៏ព្រឺព្រួច និងកម្របានជួបប្រទះ ទាក់ទងនឹងអាថ៌កំបាំង ឬ​ទង្វើ​លាក់​មុខ តាមបែប«ម៉ាហ្វីយ៉ា (Mafia) របស់​ក្រុម​អ្នកមានអំណាច» នៅកម្ពុជា។ លោក ហេង ពៅ បាន​ជ្រើសរើស​ទស្សនាវដ្ដី «L’Expesse» របស់បារាំង ដើម្បីផ្ដល់កិច្ចសម្ភាស​ផ្ដាច់មុខ​មួយ ទាក់ទងនឹងការ​ទម្លាយ​អាថ៌កំបាំង​នេះ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០០៦។

យ៉ាងណាក៏ដោយ គេចង់ឲ្យមានការបកស្រាយ ពីសំណាក់អ្នកពាក់ព័ន្ធ ជាពិសេសពីសំណាក់លោក ហ៊ុន សែន ខ្លួនលោកតែម្ដង ទៅនឹង​ការលើកឡើង របស់លោក ហេង ពៅ នៅក្នុងកិច្ចសម្ភាសផ្ដាច់មុខនេះ។ តែ​រឿងរ៉ាវ បានស្ងាត់បាត់ឈឹងតែម្ដង បន្ទាប់ពីលោក ហេង ពៅ ត្រូវបានចាប់បញ្ជូន​មកប្រទេសកម្ពុជាវិញ រហូត​ដល់​សព្វថ្ងៃ។ រីឯលោក ហុក ឡងឌី វិញ បានស្លាប់ នៅក្នុងហេតុការណ៍​ធ្លាក់ឧទ្ធម្ភាគចក្រ កាល​ពីថ្ងៃ​អាទិត្យ ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០០៨​ ដែលធ្វើឲ្យរឿងរ៉ាវទាំងឡាយ ដែលទាក់ទងនឹងលោក បានបាត់​រលត់​ទៅ និងនៅតែ​រក​ការ​បក​ស្រាយ​​មិនចេញ។

ពីរដ្ឋធានីប៉ារីស (ប្រទេសបារាំង) ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមធ្វើការប្រែសម្រួល​កិច្ចសម្ភាស​នោះ​ទាំង​ស្រុង និងក្រៅផ្លូវការ ដូចខាងក្រោម៖

តើលោកបានរត់គេចប្រទេសកម្ពុជា ដោយសារលោកបានដឹង ថាលោក​នឹងត្រូវចោទប្រកាន់ឬ?

– ខ្ញុំបានចេញពីកម្ពុជា ដោយស្របច្បាប់ នៅថ្ងៃទី២៣ ខែកក្កដា កន្លងទៅ ដោយមានការអនុញ្ញាតត្រឹមត្រូវ ពី​ក្រសួងមហាផ្ទៃ ដើម្បីឲ្យខ្ញុំអាច​មកធ្វើការ ព្យាបាលជើងពិការរបស់ខ្ញុំ។

ប្រាំថ្ងៃក្រោយមក មិត្តភ័ក្រ​បាន​ទូរស័ព្ទ​ពី​កម្ពុជា ប្រាប់ឲ្យខ្ញុំកុំវិលត្រឡប់ចូលស្រុកវិញ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ហុក ឡងឌី (Editor’s Note៖ លោក ហុក ឡងឌី ជាអតីត​អគ្គស្នងការនគរបាលជាតិ) បានសង្ស័យថា ខ្ញុំមានទំនាក់ទំនង​​ជាមួយ​គណបក្ស​ប្រឆាំង ហើយពួកគេ (មិត្ត​ភ័ក្រ​លោក ហេង ពៅ) បានរំពឹងទុក​ពីការកំចាត់ខ្ញុំចោល។ រដ្ឋាភិបាល​បាន​ប្រឌិត​នូវសំនុំរឿងក្ដីមួយ សម្រាប់​ចោទ​ប្រកាន់​ប្រឆាំងរូបខ្ញុំ និងត្រូវបានយកមកប្រើប្រាស់ ម្ដងហើយ​ម្ដង​ទៀត ក្នុង​ការ​ទម្លាក់កំហុស​ទៅលើ​​ក្រុម​ប្រឆាំង។

ក្នុងពេលនេះ ក្រុមគ្រួសាររបស់ខ្ញុំ ត្រូវបានបង្ខាំងទុកយ៉ាងសំងាត់ ឲ្យ​នៅ​តែ​ក្នុង​ផ្ទះ។ គេបាន​ហាម​ឃាត់ ក្រុមគ្រួសារខ្ញុំមិនឲ្យចេញក្រៅ បើសូម្បីតែចេញទៅទិញម្ហូបអាហារ។ នាយក​រដ្ឋមន្ត្រី ចង់ចាប់ខ្ញុំ​ដោយ​ផ្ទាល់​ដៃ ដោយសារខ្ញុំបានដឹងរឿងច្រើនណាស់ ពីឧក្រិដ្ឋកម្ម និងអំពើពុករលួយ របស់​របបដឹកនាំរបស់លោក។ បើខ្ញុំត្រូវបានឃាត់ខ្លួន និងបញ្ជូនត្រឡប់ទៅកម្ពុជាវិញ ខ្ញុំគិតថា ជីវិតខ្ញុំ​នឹង​ត្រូវ​ចប់​ហើយ។ នៅពេលដែល​សុវត្ថិភាព​របស់ខ្ញុំ ត្រូវបានធានានោះ ខ្ញុំត្រៀមខ្លួនជាស្រេច ក្នុងការ​បំភ្លឺ​សហគមន៍​អន្តរជាតិ ពីទង្វើរបស់អ្នក​កាន់​អំណាច នៅកម្ពុជា។

ការលើកឡើងរបស់លោក មានន័យយ៉ាងដូចម្ដេច?

– នៅក្នុងឆ្នាំ១៩៩៥ លោក ហ៊ុន សែន ចង់ដាក់បញ្ចប់ នូវបាតុកម្មតាមបែប​ប្រជាធិបតេយ្យ​ទាំងឡាយ។ ដើម្បី​សម្រេចបំណងនេះ លោកបានរៀបចំការប្រជុំមួយ នៅក្នុងលំនៅដ្ឋានរបស់លោក នាទួលក្រសាំង (Editor’s Note៖ ខាងត្បូងក្រុងតាខ្មៅ ខេត្តកណ្ដាល) ជាមួយនឹងវត្តមាន របស់លោក ហុក ឡងឌី ដែលបានហៅខ្ញុំ​ឲ្យ​ចូលរួមប្រជុំដែរ។

ខ្ញុំដឹងថានរណាខ្លះ​បានចូលរួមប្រជុំ ហើយខ្ញុំមានភស្ដុតាង​ពីអ្វីដែលខ្ញុំនិយាយ។ បន្ទាប់មក មានគ្រាប់បែកជាច្រើនគ្រាប់ ត្រូវបានបោះឲ្យផ្ទុះ ប្រឆាំងគណបក្សលោក សឺន សាន (Editor’s Note៖ គណបក្ស​​ប្រជាធិបតេយ្យ​ព្រះពុទ្ធសាសនា)។ ខ្ញុំបានដឹង​និងអាចនិយាយថា គ្រាប់បែកទាំងនេះមកពីណា ហើយ​នរណា​ជា​អ្នកបោះ៖ នោះគឺជាកងកម្លាំង ដែលស្ថិតក្រោមបង្គាប់របស់លោក ម៉ក់ ជីតូ ដែលសព្វថ្ងៃ​ជា​នាយ​​នគរបាល​ប្រឆាំងភេរវកម្ម (Editor’s Note៖ នៅឆ្នាំ២០១៦នេះ ជាអគ្គស្នងការរងនគរបាលជាតិ) នៅ​ក្រសួង​​មហាផ្ទៃ។

នៅខែមីនា ឆ្នាំ១៩៩៧ គម្រោងរបៀបដដែលនេះ ត្រូវបានប្រើជាថ្មីទៀត ប្រឆាំង​នឹង​ក្រុម​បាតុករ​ស្និត​​នឹង​​លោក សម រង្ស៊ី ដែលជាមេដឹកនាំ​ប្រឆាំង នៅខាងមុខរដ្ឋសភា (ចាស់)។ ខ្ញុំបានមកដល់​ទីនោះ នៅ​​ប៉ុន្មាន​​នាទី​​មុន​គ្រាប់បែកផ្ទុះបន្តិច ហើយខ្ញុំបានឃើញ ជនសង្ស័យបួននាក់ បានរត់តម្រង់គេហដ្ឋាន របស់​នាយក​រដ្ឋមន្ត្រី (Editor’s Note៖ នៅវិមានឯករាជ្យ)។



លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន នឹង​បង្ហាញខ្លួន ជា​សាធារណៈ​ឡើងវិញ នៅថ្ងៃស្អែក

បន្ទាប់ពីអវត្តមាន មិនឃើញលោក បង្ហាញខ្លួនជាសាធារណៈ អស់រយៈពេល​ជាច្រើន​សប្ដាហ៍ លោក ហ៊ុន សែន នឹង​បង្ហាញខ្លួន នៅចំពោះអ្នកផងឡើងវិញ នៅថ្ងៃចន្ទ ទី១ ខែមិថុនាស្អែក។ ប្រព័ន្ធឃោសនារបស់ក្រុងភ្នំពេញ ...
កម្ពុជា

ហ៊ុន សែន បើកផ្លូវឲ្យ លឺ ឡាយស្រេង វិលចូលកម្ពុជាវិញ

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានប្រកាសនៅព្រឹកនេះ បើកផ្លូវឲ្យលោក លឺ ឡាយស្រេង ដែលបាននិរទេសខ្លួន ចេញទៅក្រៅប្រទេស អាចវិលត្រឡប់ចូលប្រទេសវិញ ដោយបញ្ជាទៅតុលាការ កុំឲ្យចោទប្រកាន់ ...
កម្ពុជា

អតីតអភិបាលរងខេត្តព្រះសីហនុទាំងពីរ នឹងរងចំណាត់ការពី ACU

បន្ទាប់ពីត្រូវបានបណ្ដេញចេញពីតំណែង អតីតអភិបាលរងខេត្តព្រះសីហនុទាំងពីររូប នឹងរងចំណាត់ការ ពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) រួមនឹងក្រសួងមហាផ្ទៃថែមទៀត។ នេះ បើតាមការបញ្ជាក់របស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន នៅលើបណ្ដាញសង្គម បន្ថែមពីលើអនុក្រឹត្យនៃការដកតំណែងអភិបាលរងទាំងពីរ។ ...

យល់ស៊ីជម្រៅផ្នែក កិច្ចសម្ភាស

កិច្ចសម្ភាស

ស្វែងយល់​ពីសាលក្រម​នៃតុលាការបារាំង ករណី ហ៊ុន សែន-សម រង្ស៊ី

កិច្ចសម្ភាស

HRW ៖ ការ​បោះឆ្នោតនេះ​ជា​«ឧបាយកល​ដ៏​កខ្វក់​ប្រឆាំង​ប្រជាជន​កម្ពុជា»

អង្គការឃ្លាំមើលសិទ្ធិមនុស្ស ហៅជាភាសា​អង់គ្លេស «Human Rights Watch – HRW» តាមរយៈលោក ប្រ៊ុយណូ ស្តាចណូ (Bruno Stagno) នាយកប្រតិបត្តិទទួលបន្ទុក​ ...
កិច្ចសម្ភាស

សម្ភាស​ជនរង​គ្រោះ​ក្នុង​ថ្ងៃ​៣០​មិនា​១៩៩៧៖ ការឈឺចាប់ និង​យុត្តិធម៌

បើទោះបីជាព្រឹត្តិការណ៍គប់គ្រាប់បែក កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ នៅមុខអតីត មន្ទីររដ្ឋសភា បានកន្លង​អស់​១៧ឆ្នាំហើយ ក៏មែនពិត តែ«ការឈឺចាប់ ការស្វែងរកយុត្តិធម៌ និងការបន្សល់ នូវស្នាមរបួស» នៅតែជាការចងចាំ ...

Comments are closed.