របាយការណ៍ឯកសារលំអិត

អាថ៌កំបាំង​ដ៏​អស្ចារ្យ​មួយ នៅ​ពី​ក្រោយ​ការ​រក​ឃើញ​នាវា​ «ទីតានិច»

តាមការពិត លោក «Robert Ballard» សាគរវិទូ ដែលបានរកឃើញ គំនរបាក់បែកក្រោមសមុទ្រ នៃនាវា ទីតានិច (Tatanic) ក្នុងឆ្នាំ១៩៨៥ ជាភ្នាក់ងារសម្ងាត់មួយរូប ដែលបានបំពេញបេសកកម្ម ឲ្យកងទ័ពជើងទឹកអាមេរិក។

ក្នុងបរិបទនៃសង្គ្រាមត្រជាក់ ដ៏សន្ធោសន្ធៅ ការរកឃើញ​តួនាវាទេសចរណ៍​ដ៏ល្បី ដែលបានលិចចូល ក្នុងមហាសាគរ កាលពីយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ១៩១២ គឺជាផ្នែកមួយ នៃបេសកកម្មរុករកដ៏សំខាន់ ដើម្បីអនុញ្ញាតឲ្យកងទ័ពអាមេរិក អាចរកឃើញនាវាមុជទឹក ចំនួនពីរគ្រឿងផ្សេងទៀត ដែលបានបាត់ខ្លួន ក្នុងទសវត្សន៍ឆ្នាំ៦០។

ក្នុងនាមលោកជាអ្នកជំនាញ ខាងមហាសាគរ លោក «Robert Ballard» តែងសុបិន្តថា ថ្ងៃណាមួយលោក នឹងបានរកឃើញតួនាវា ទីតានិច មកវិញ។ ហើយ ដើម្បីសម្រេចក្ដីស្រមៃនេះ ទើបនៅក្នុងឆ្នាំ១៩៨២ លោកបានសង់កូននាវាមុជទឹក បញ្ជាពីចំងាយមួយ។ ប៉ុន្តែ លោកមិនមានថវិការគ្រប់គ្រាន់ ដើម្បីបញ្ចប់គម្រោងនេះទេ។


គំនូររបស់លោក «Willy Stöwer» ដែលបង្ហាញពីពេលនាវា ទីតានិច លិចចូលក្រោមមហាសមុទ្រ។ (រូបថត Wiki)

ដោយហេតុនេះ លោកក៏បានបង្ហាញគម្រោងនេះ ទៅកាន់បញ្ជាការដ្ឋានកងទ័ពជើងទឹកអាមេរិក ដែលកាលនោះមានលោក «Ronald Thunman» ជាមេបញ្ជាការ។ បន្ទាប់ពីស្ដាប់ការបង្ហាញគម្រោង ដោយជំនក់ចិត្តនោះរួច លោក «Ronald Thunman» បានសម្រេចផ្គត់ផ្គង់ថវិការ សម្រាប់ការរុករកនាវា ទីតានិច។

ប៉ុន្តែត្រូវមានលក្ខខណ្ឌមួយ គឺលោក «Robert Ballard» ត្រូវប្រើប្រាស់ឱកាសនេះ ដើម្បីរកតួនាវាមុជទឹក នុយក្លេអ៊ែរ ចំនួនពីរគ្រឿង របស់កងទ័ពអាមេរិក ដែលបានបាត់ខ្លួន ក្នុងមហាសមុទ្រអាត្លង់ទិក នាទសវត្សន៍ឆ្នាំ ៦០។

បេសកកម្ម «TOP SECRET»

ក្នុងរយៈកាលនោះ សង្គ្រាមត្រជាក់មានលក្ខណៈ ស្រួចស្រាវជាទីបំផុត រវាងសហរដ្ឋ​អាមេរិក ដែលតំណាង​ឲ្យប្លុក​លោកសេរី និងសហភាពសូវៀត ដែលតំណាងឲ្យ ប្លុកកុម្មុយនីស្ដិ៍។ កងទ័ពអាមេរិក មិនចង់ឲ្យសហភាពសូវៀត ដឹងសូម្បីបន្តិចឡើយថា ខ្លួនកំពុងតាមស្វែងរកនាវាមុជទឹក ដែលបាត់ខ្លួនទាំងនោះ។

ម្លោះហើយ ការប្រើប្រាស់ «រូបភាព» នៃ «ការរុករកនាវា ទីតានិច» គឺជាភាពចាំបាច់ណាស់ សម្រាប់បេសកកម្មរុករក នាវាទាំងពីរទៀត ដែលត្រូវបានចាត់ទុកថា មានភាពសម្ងាត់បំផុត ឬហៅតាមភាសាអង់គ្លេស «Top Secret»។

លោក «Robert Ballard» បានសម្រេចបេសកកម្មទីមួយ ដោយរកឃើញនាវាមុជទឹក នុយក្លេអ៊ែរ ដំបូងគេ ឈ្មោះ «USS Thresher» ដែលបានបាត់ខ្លួន នៅក្បែរឆ្នេរសមុទ្រ​ក្រុង «Boston (ភាគខាងកើតអាមេរិក)» ក្នុងឆ្នាំ១៩៦៣ ជាមួយនឹងទាហាន ១២៩នាក់។

បន្ទាប់មកទៀត លោក «Robert Ballard» បានរកឃើញនាវាមុជទឹកមួយទៀត ឈ្មោះ «USS Scorpion» ដែលបានបាត់ខ្លួន ក្នុងឆ្នាំ១៩៦៨ ជាមួយនឹងទាហាន ៩៩នាក់ ក្រោយពីបានពន្លិចខ្លួន ជាលើកចុងក្រោយ នៅក្បែរឆ្នេរសមុទ្រនៃប្រទេស ព័រទុយហ្គាល់ (ទ្វីបអ៊ឺរ៉ុបខាងលិច)។

បេសកកម្មដ៏សំខាន់​ចំនួនពីរ បានសម្រេច ជាស្ថាពរហើយ។ អញ្ចឹង សាគរវិទូ លោក «Robert Ballard» ដែលក្លាយជាភ្នាក់ងារសម្ងាត់ របស់កងទ័ពអាមេរិក នៅមានពេលតែ១២ថ្ងៃប៉ុណ្ណោះ ដើម្បីអនុញ្ញាតឲ្យលោក អាចរកឃើញតួនាវា ទីតានិច។ ការរុករកបន្តធ្វើ រហូតលុះត្រា ៨ថ្ងៃ ក្រោយមក… ទើបក្ដីសុបិន្តរបស់លោក បានលេចចេញជារូបរាង។

លោកបានថ្លែងឡើងថា៖

«នៅពេលសិក្សា ពីផែនទីនាវាចរណ៍ របស់នាវា “USS Scorpion” ខ្ញុំបានយល់ដឹងបន្ថែម ពីអ្វីដែលអាចជួយខ្ញុំ ដើម្បីស្វែងរកនាវា ទីតានិច។ នោះ គឺត្រូវស្វែងរកការបើកផ្លូវ តាមរយៈការរកឃើញ បំណែកទាំងឡាយ របស់នាវា។»។

«រកឃើញ ទីតានិច ស្មើនឹងគារវកិច្ច»

តែផ្ទុយទៅវិញ នៅពេលបានរកឃើញតួនាវា ទីតានិក បរិយាកាស​ក្នុង​ក្រុមការងារ​របស់លោក បានផ្លាស់ប្ដូរ។ លោកថា៖

«យើងបានដឹង ថាយើងកំពុងលោតរាំសប្បាយ នៅលើផ្នូរសពនរណាម្នាក់ ហើយយើងមានការរំខានចិត្តណាស់ (…) រំពេចនោះ យើងទាំងអស់គ្នា បានប្រែក្លាយ ជាស្ងប់ស្ងៀម មិនមាត់មិនក សម្ដែងការគោរព ហើយយើងបានសន្យាថា នឹងមិនយកអ្វីទាំងអស់ ចេញពីនាវា និងបន្តការរុករក ក្នុងនាវា ដោយគារវកិច្ចដ៏ខ្ពង់ខ្ពស់»។

រូបថតប្រៀបធៀប ទំហំនាវា ទីតានិច (រូបខៀវ) ជាមួយមនុស្ស រថយន្ដ យន្ដហោះ និងនាវា «Queen Mary 2»។ (រូបភាព Wiki)

នាវាទីតានិក បានលិចចូល ទៅខាងក្រោម​មហាសមុទ្រ អាត្លង់ទិក ខាងជើង បន្ទាប់ពីបានបើក ទៅបុកភ្នំទឹកកក (ដុះលយចេញពីក្នុងទឹក) ក្នុងយប់ថ្ងៃទី១៤ ចូលមកថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩១២។ ក្នុងហេតុការណ៍ដ៏រន្ធត់ ប្រចាំសតវត្សន៍មួយនេះ មនុស្សចំនួន ១៥០០នាក់ បានបាត់បង់ជីវិត ពីក្នុងចំណោមអ្នកដំណើរ និងបុគ្គលិកបម្រើការ​សរុប ប្រមាណជា ២២០០នាក់៕



You may also like

ដំណឹង

ត្រាំ ព្រមានថា «ការគម្រាម»​របស់​​អៀរ៉ង នឹង​ត្រឡប់​មករក​អៀរ៉ង់​ខ្លួនឯង​វិញ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានបញ្ចេញសារព្រមានប្រទេសអៀរ៉ង់ថា «ការគម្រាម»ទាំងឡាយ ដែលប្រទេសនេះកំពុងធ្វើ នឹងវិលត្រឡប់ មករកប្រទេសអៀរ៉ង់ខ្លួនឯងវិញ យ៉ាងអាណោចអាធ័ម មិនដែលធ្លាប់មាន ...
ដំណឹង

ត្រាំ៖ «បើ​អៀរ៉ង់​ចង់ធ្វើ​សង្គ្រាម នោះ​អៀរ៉ង់​នឹង​ត្រូវចប់ ជាស្ថាពរ»

នៅមុននេះបន្តិច ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានគម្រាមកម្ទេចប្រទេសអៀរ៉ង់ ឲ្យចប់«ជាស្ថាពរ» ប្រសិនបើប្រទេសនេះ បើកការវាយប្រហារ ប្រឆាំងនឹងប្រយោជន៍អាមេរិកាំង ដែលលោកប្រធានាធិបតីចាត់ទុកថា ...
ដំណឹង

ប្រធានសភា​ចង់បាន​ការធានាថា ត្រាំ នឹងមិនអាចប្រើ​«កូដនុយក្លេអ៊ែរ»

ប្រធានរដ្ឋសភានៃសហរដ្ឋអាមរិក អ្នកស្រី ណេនស៊ី ផេឡូស៊ី (Nancy Pelosi) បានប្រកាសនៅថ្ងៃសុក្រនេះ ថាអ្នកស្រីបានជួបជជែក ជាមួយ​មេបញ្ជាការ​កងទ័ពអាមេរិក ដើម្បីចង់បានការធានាថា ប្រធានាធិបតី«ដែលមានសតិ​មិននឹងនរ» ដូចលោក ដូណាល់ ...

Comments are closed.

របាយការណ៍

ម៉ារីលីន ម៉ុនរ៉ូ ៖ មរណភាព​ដែលពោរពេញ​ដោយអាថ៌កំបាំង

របាយការណ៍

ពេលដែលទូរទស្សន៍​របស់កូនស្រី​នាយករដ្ឋមន្ត្រី ផ្សាយតួលេខខុស …

ដំរីជើងបួន… សម្រាប់ទូរទស្សន៍បាយ័ន្ដ «BTV» របស់អ្នកស្រី ហ៊ុន ម៉ាណា កូនស្រីនាយករដ្ឋមន្ត្រី ដែលបាន​«ផ្សាយតួលេខខុស» ជុំវិញការឆ្លងរាតត្បាត នៃជំងឺកូវីដ-១៩ (Covid-19) នៅក្នុងជួរកងទ័ព ដែលជាការស្រង់​សំដី​លោក ...
របាយការណ៍

នេត សាវឿន និង​គ្រួសារ​«ទិញ​ផ្ទះ​នៅក្រៅ​ប្រទេស ថ្លៃជាង​១៥លាន​ដុល្លារ»

លោកនាយឧត្ដមសេនីយ នេត សាវឿន និងគ្រួសារ ដែលជាសាច់ឈាម ជិតដិតនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានស្រាវជ្រាវ​រកឃើញថា បានដើរ«ទិញ​ផ្ទះ​នៅក្រៅ​ប្រទេស ដោយប្រើទឹកប្រាក់ ប្រមាណជាង ១៥លានដុល្លារ​អាមេរិក»។ ...