ដំណឹងអាស៊ី-ប៉ាស៊ីភិក

អៀរ៉ង់ថា អ្នកប្រាជ្ញរបស់ខ្លួន​ត្រូវបាន​សម្លាប់​ដោយកាំភ្លើង​«បញ្ជាពីផ្កាយរណប»

លោក «Mohsen Fakhrizadeh» អ្នកប្រាជ្ញជាតិអៀរ៉ង់ ដែលមានជំនាញ​ខាងអាវុធ​នុយក្លេអ៊ែរ ត្រូវបានសម្លាប់ដោយគ្រាប់កាំភ្លើង ដែល«បញ្ជាពីផ្កាយរណប»។ នេះ បើតាមការអះអាង​របស់រដ្ឋាភិបាលក្រុងតេអៀរ៉ង់ ក្នុងថ្ងៃអាទិត្យទី ៦ ខែធ្នូនេះ។

អ្នកប្រាជ្ញាខាងលើ បានស្លាប់កាលពីថ្ងៃទី២៧ ខែវិច្ឆិកាកន្លងមក នៅខណៈលោក​ធ្វើដំណើរ​ជាមួយភរិយា លើវិថីល្បឿនលឿនមួយខ្សែ ដែលមានការការពារយ៉ាងម៉ត់ចត់ ពីកងអង្គរក្សរបស់លោក។

របាយការណ៍ចុងក្រោយបំផុត ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានផ្លូវការ «Mehr» ឲ្យដឹងថា របស់ប្រទេសអៀរ៉ង់ បានចាត់ទុកការស្លាប់ របស់លោក «Mohsen Fakhrizadeh» ថាជាការធ្វើឃាត ហើយចោទប្រទេសអ៊ីស្ត្រាអែល និងក្រុមចាត់តាំង​នយោបាយឈ្មោះ «Moudjahidine» ថានៅពីក្រោយ​ព្រឹត្តិការណ៍នេះ។

អគ្គមេបញ្ជាការរង នៃឆ្មាំបដិវត្តន៍អៀរ៉ង់ លោក «Ali Fadavi» ត្រូវបានទីភ្នាក់ងារ​ព័ត៌មានស្រង់សំដី មកចុះផ្សាយថា កាំភ្លើងស្វ័យប្រវត្តិ«ទំនើប»មួយគ្រឿង បានតម្រង់មុខ​អ្នកប្រាជ្ញ ជំនាញខាងនុយក្លេអ៊ែរ ពីចំងាយ ហើយបានបាញ់ចេញ​គ្រាប់កាំភ្លើង ចំនួន១៣គ្រាប់ តែបាញ់ត្រូវមុខអ្នកប្រាជ្ញ តែ៤គ្រាប់ប៉ុណ្ណោះ។

លោក «Ali Fadavi» បន្តទៀតថា ផ្ទុយទៅវិញ ភរិយាលោក «Mohsen Fakhrizadeh» ដែលអង្គុយចំងាយ២៥សង់ទីម៉ែត្រ ពីរូបលោក មិនបានរងគ្រោះ នឹងការវាយប្រហារ ដោយកាំភ្លើងខាងលើទេ។

លោកមេទ័ពរងបានបន្តថា កាំភ្លើងខាងលើ «បញ្ជាពីផ្កាយរណប» តាមរយៈប្រព័ន្ធ​អ៊ិនធើណែត និងមានបំពាក់ដោយកាមេរ៉ា «Robot» ដ៏ពិសេស ដើម្បីកំណត់ពី​មុខសញ្ញា​របស់វា។ បើកាំភ្លើងដ៏ទំនើប ត្រូវបានកងកម្លាំងអៀរ៉ង់រកឃើញ នៅនឹងលើរថយន្ដ​កាត់កន្ទុយ​មួយ ដែលចតចោលនោះ តែមិនមាន​ភេរវជនណាម្នាក់ ត្រូវបានចាប់ខ្លួន ក្នុងព្រឹត្តិការណ៍នេះទេ។

ក្នុងពេលភ្លាមៗ នៅក្រោយហេតុការណ៍នោះ លោក «Amir Hatami» រដ្ឋមន្ត្រីការពារជាតិ​អៀរ៉ង់ បានអះអាងថា លោក «Mohsen Fakhrizadeh» ត្រូវបានសម្លាប់ ដោយការបំផ្ទុះ​គ្រាប់បែក និងការបាញ់ប្រហារមួយ។

តែការលើកឡើង​របស់ប្រទេសអៀរ៉ង់ ត្រូវបានប្រទេសអ៊ីស្ត្រាអែលទាត់ចោល និងចាត់ទុក​ថា ករណីខាងលើ​ជាការរៀបចំ«លេស»មួយឡើង ដើម្បីអនុញ្ញាតឲ្យអៀរ៉ង់ អាចវាយប្រហារ​ប្រឆាំងអ៊ីស្ត្រាអែល ឬប្រឆាំងទៅលើផលប្រយោជន៍អ៊ីស្ត្រាអែល នៅជុំវិញពិភពលោក៕

  • វីដេអូខាងក្រោម ត្រូវបានបង្ហោះនៅលើ «Youtube» ដើម្បីបញ្ជាក់បន្ថែម អំពីអ្វីដែលប្រទេសអៀរ៉ង់ ​លើកឡើង៖


You may also like

ដំណឹង

អ៊ីស្ត្រាអែល​ហាម​តំណាងរាស្ត្រ​អាមេរិក​២រូប​ជាន់​ទឹកដី​ខ្លួន តាម​បំណង ត្រាំ

តាម​បំណង – អាជ្ញាធរអ៊ីស្ត្រាអែលបានប្រកាស កាលពីម្សិលម៉ិញ ហាមឃាត់អ្នកតំណាងរាស្ត្រអាមេរិកាំងពីររូប មិនឲ្យជាន់ទឹកដីអ៊ីស្ត្រាអែល បន្ទាប់ពីការលើកឡើង របស់លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីអាមេរិក ...
ដំណឹង

ក្រុងព្យុយ៉ាង​បាញ់​«កាំជ្រួច​២ដើម មិនស្គាល់​អត្តសញ្ញាណ»

ប្រទេសកូរ៉េខាងជើង បានបាញ់«កាំជ្រួច​២ដើម» នៅព្រឹកថ្ងៃចន្ទនេះ ទី២ ខែមិនានេះ។ តែកាំជ្រួចទាំងពីរ មិនត្រូវបានគេស្គាល់ ថាមានប្រភេទអ្វី ឲ្យច្បាស់លាស់ទេ។ នេះ បើតាមការអះអាងរបស់កងទ័ពកូរ៉េខាងត្បូង កាលពីមុននេះបន្តិច។ ការបាញ់អាវុធធុនធ្ងន់ខាងលើ ...
របាយការណ៍

តើ បារ៉ាក់ អូបាម៉ា បាន​បន្សល់​ទុក​អ្វី​ខ្លះ?

ក្នុងរយៈពេល២អាណត្តិ = ៨ឆ្នាំ តើប្រធានាធិបតីអាមេរិកទី៤៤ ដែលផុតតំណែង លោក បារ៉ាក់ អូបាម៉ា (Barack Obama) បានបន្យល់ទុកអ្វីខ្លះ សម្រាប់សហរដ្ឋអាមេរិក និងពិភពលោក? ...

Comments are closed.

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...