តើយុទ្ធសាស្ត្រ ដែលត្រូវយកមកអនុវត្តន៍ ដ៏សំខាន់ជាងគេ របស់លោក ដូណាល់ ត្រាំ (Donald Trump) បេក្ខជន​ជាប់​ឆ្នោត ជាប្រធានាធិបតីទី៤៥ នៃសហរដ្ឋអាមេរិក មានអ្វីខ្លះ? សូមស្វែងយល់ ពីនយោបាយ​ចំពោះ​មុខ របស់​បេក្ខជន មក​ពី​គណបក្សសាធារណរដ្ឋរូបនេះ ចំនួន៧ចំនុច ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ លើក​មក​ជម្រាប​ជូន ឲ្យងាយយល់​ដូចខាងក្រោម។

ពលរដ្ឋអាមេរិកាំង បានសម្រេចចិត្ត គូសវាស​អនាគតរបស់ពួកគេ ដោយបានបោះឆ្នោតជូនបេក្ខជន មកពី​គណបក្ស​សាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump) ឲ្យក្លាយជាប្រធានាធិបតីទី៤៥ នៃ​សហរដ្ឋ​អាមេរិក សម្រាប់អាណត្តិ៤ឆ្នាំទៅមុខ។

ខណៈពេលដែលអ្នកស្រី ហ៊ីឡារី គ្លីនតុន បេក្ខនារី​មកពី​គណបក្ស​ប្រជា​ធិបតេយ្យ បានជ្រើសរើសយក នយោបាយបើកចំហរ និងការផ្ដោះប្ដូរពារណិជ្ជកម្ម ដោយសេរីនោះ លោក ដូណាល់ ត្រាំ បានជ្រើសរើសយកនយោបាយ «ឯកោនិយម» និងបានប្រើយុទ្ធសាស្ត្រ ក្នុង​ការ​ឃោសនា​បោះ​ឆ្នោត បាញ់ឆ្ពោះទៅលើតែប្រធានបទ ដ៏ចម្រូងចម្រាស់ ពោរពេញដោយសង្គ្រាមប៉ាកា ដូចយ៉ាង សិទ្ធិ​នៃ​ការ​កាន់​អាវុធ​នៅអាមេរិក និងការបណ្ដេញចេញ នូវជនអន្តោប្រវេសន៍ខុសច្បាប់ ពីប្រទេសជាដើម។

ខាងក្រោមនេះ ជា«ការដ្ឋាន»នយោបាយ ទាំង៧ចំណុច របស់លោក ដូណាល់ ត្រាំ ដែលលោក​ត្រៀម​នឹង​យក​មក​អនុវត្តន៍ នៅបន្ទាប់ពីលោក ចូលកាន់​តំណែង​ពេញ​បរិបូណ៍ នៅឯសេតវិមាន ក្នុងថ្ងៃទី២០ ខែមករា​ខាង​មុខ៖

១- សេដ្ឋកិច្ច

កាត់បន្ថយពន្ធដារ ជាទូទៅ សម្រាប់ពលរដ្ឋអាមេរិក។ អត្រាខ្ពស់បំផុត នៃការយកពន្ធដារ ពីលើប្រាក់ចំណូល របស់​បណ្ដាជនអាមេរិក នឹងត្រូវកាត់បន្ថយ ពី៣៩,៦% មកត្រឹម៣៣%​។ ចំពោះសហគ្រាសឯកជនវិញ អាត្រា​យក​ពន្ធដារនេះ ក៏នឹងត្រូវកាត់បន្ថយដែរ ពី៣៥% មកត្រឹម១៥%។ បង្កើន​ប្រាក់​បៀវត្សន៍​«ទាបបំផុត» រហូត​ដល់​១០ដុល្លារ ក្នុងមួយម៉ោង សម្រាប់រដ្ឋទាំងឡាយណា ដែលទទួលយកនយោបាយនេះ របស់លោក ត្រាំ (សព្វ​ថ្ងៃ ប្រាក់បៀវត្សន៍​ទាប​បំផុត មានត្រឹមតែ ៧,២៥ដុល្លាប៉ុណ្ណោះ)។

បំបាត់ចោល នូវស្ថាប័នរដ្ឋដែលគ្រប់គ្រង ពីលើធនាគារឯកជន។ លើកលែងមិនឲ្យមានពន្ធដារ ទៅលើ​ការ​ស្នង​មរតក។ បង្កើនឥទ្ធិពល និងវត្តមាន​របស់​សហរដ្ឋអាមេរិក នៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក (ហៅ​កាត់​តាម​ភាសា​អង់គ្លេស WTO តាមភាសាបារាំង OMC)។

ចរចាឡើងវិញ ពីកិច្ចព្រមព្រៀង នៃការផ្លាស់​ប្ដូរ​ពាណិជ្ជ​កម្ម ដោយសេរី ក្នុងតំបន់អាមេរិកខាងជើង។ សម្រេចឲ្យអាមេរិក ដកខ្លួនពី «ភាពជាដៃគូ នៃការ​ផ្លាស់ប្ដូរ​ពាណិជ្ជ​កម្ម​ដោយ​សេរី» សម្រាប់​តំបន់ ក្នុងមហាសាគរប៉ាស៊ីភិច។ បង្កើតច្បាប់បន្ថែមពន្ធ ទៅ​លើ​ផលិត​ផល «Made in China»។

២- ការអប់រំ និងសង្គមកិច្ច

រៀបចំឡើងវិញ ពីការខ្ចីប្រាក់ ពីសំណាក់និស្សិត ដោយបង្កើតឲ្យមាន​ ជាគម្រោងសកម្មមួយ ទៅកាន់បណ្ដា​ធនាគារ។ ប្រឆាំងការពន្លូតកូន ដោយ​ចាត់​ទុក​ថា ទារកដែលទើបនឹងញាស់ ពីមេជីវិតរបស់ម្ដាយ និងឪពុក មាន​សិទ្ធិ​«ជា​មូលដ្ឋាន» សម្រាប់ការរស់រានមានជីវិត និងមិនអាច ត្រូវ​នរណា​ម្នាក់​រារាំង​ឡើយ។ នយោបាយ​នេះ នឹង​ផ្ដល់​លទ្ធភាព​ឲ្យ​លោក ត្រាំ លប់ចោលនូវការជួយឧបត្ថម្ភ ទៅដល់ស្ថាប័នសុខភាពទាំងឡាយណា ដែល​បន្ត​​អនុវត្តន៍​​ការ​«ពន្លូត​​កូន»។

ស្ត្រីដែលត្រូវសម្រាលកូន នឹងទទួលបានសិទ្ធិឈប់សម្រាក ដោយមាន​​ប្រាក់​​បៀ​វត្សន៍ រហូត​ដល់​៦សប្ដាហ៍ (១ខែកន្លះ)។ ប្រាក់ដែល​ចំណាយ ទៅលើការថែទាំកូន នឹងត្រូវទូទាត់​ដក​ចេញ ពី​ក្នុង​​ប្រាក់​​ដែល​​ត្រូវ​បង់​ពន្ធ របស់ឱពុកម្ដាយ។

៣- អន្តោប្រវេសន៍

បណ្ដេញចេញ នូវជនអន្តោប្រវេសន៍ខុសច្បាប់ ទាំង១១លាននាក់ ពីសហរដ្ឋអាមេរិក។ បញ្ឈប់ជាស្ថាពរ នូវ​គម្រោង​ទទួលយកជនភៀសខ្លួន ពីប្រទេស​ស៊ីរី។

ប្រកាសពីមោឃភាព នៃសិទ្ធិទទួលបានសញ្ជាតិ ជាស្វ័យ​ប្រវត្តិ សម្រាប់ជនណា ដែលកើតនៅលើទឹកដីអាមេរិក។ សាងសង់ជញ្ជាំងព្រំដែន ប្រវែង​១៦០០គីឡូម៉ែត្រ ដើម្បី​ខណ្ឌ​ចែកសហរដ្ឋអាមេរិក ពីប្រទេសម៉ិចស៊ិក (ដោយឲ្យប្រទេសម៉ិចស៊ិក ជាអ្នកចេញថ្លៃសាងសង់)។ បង្កើន​ភ្នាក់ងារ​អន្តោប្រវេសន៍ ឲ្យឡើងដល់បីដង ពីលើ​ចំនួនភ្នាក់ងារ ដែលមានសព្វថ្ងៃ។ បង្កើត​ច្បាប់​សហព័ន្ធ ដើម្បីដាក់ពន្ធនាគារ សម្រាប់រយៈពេលតិចបំផុត ២ឆ្នាំ ទៅដល់​​ជន​អន្តោប្រវេសន៍​​ខុស​ច្បាប់​ណា ដែល​​ត្រូវ​បាន​បណ្ដេញ​ចេញ​ហើយ បែរជាលួចវិលត្រឡប់ ចូលមកសហរដ្ឋអាមេរិកវិញ។

៤- សន្តិសុខ និងការប្រឆាំងភេរវនិយម

ដាក់ឲ្យមាន នូវប្រតិបត្តិការយោធា ដើម្បីរិបអូសអណ្ដូងប្រេង ពីអង្គការភេរវនិយម «រដ្ឋអ៊ីស្លាម» (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​​ហៅ EI ពាក្យ​​កាត់​​​អង់គ្លេស​​​ហៅ ISIS) នៅស៊ីរី និង​នៅ​អ៊ៀរ៉ាក់។ បង្កើត​ឡើង​វិញ នូវ​ការ​គម្រាម និងឥទ្ធិពល នៃមហាអំណាចនុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិក។ សហការ​​​ឲ្យ​បាន​ស្អិត​រមួត ជា​មួយ​ប្រទេស​រ៉ុស្ស៊ី។ តម្លើងថវិការជាតិ ទៅលើវិស័យ«ការពារជាតិ» ឲ្យបាន​ច្រើន​បំផុត។ ពង្រឹក​​ការ​ឆែកឆេរ ជា​លក្ខណៈ​ប្រព័ន្ធ នៅលើជន ឬស្ថាប័នទាំងឡាយណា ដែលរងការសង្ស័យ។

៥- ការកាន់អាវុធ

បង្កើតឲ្យមានលិខិតអនុញ្ញាត ចេញដោយរដ្ឋាភិបាលសហព័ន្ធ សម្រាប់ឲ្យពលរដ្ឋអាមេរិកាំងគ្រប់រូប មាន​សិទ្ធិ​កាន់​អាវុធ។ នយោបាយនេះ របស់លោក ត្រាំ ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំងក្លា ពីសំណាក់សមាគម «NRA» ដែល​ជា​សមាគម​ដ៏មានឥទ្ធិពល ដើម្បីចលនា​ឲ្យមានការ​កាន់អាវុធ​ជាតិផ្ទុះ នៅ​សហរដ្ឋ​អាមេរិក។

៦- បរិស្ថាន

ចោទជាសំនួរឡើងវិញ ពីការសម្រេចចិត្ត​របស់សហរដ្ឋអាមេរិក ក្នុងសន្ធិសញ្ញាក្រុងប៉ារីស ស្ដីពីសីតុណ្ហភាព។ ដាក់​បញ្ចប់ នូវប្រាក់ឧបត្ថម្ភធន់របស់រដ្ឋ សម្រាប់​កម្មវិធីទាំងឡាយ ដែលបង្កើតឡើង ដើម្បីប្រយុទ្ធប្រឆាំង នឹង​ការ​ឡើង​កម្ដៅ​អាកាសធាតុ។ បង្កើតឡើងវិញ នូវការចម្រាញ់យក«ធ្យូងថ្ម» និង​អភិវឌ្ឍន៍​គម្រោង​ខួង​ថ្ម ដើម្បី​ស្វែង​រក​ឧស្ម័ន​ក្រោមដី។

៧- សុខភាព

ប្រកាសលប់ចោល គម្រោងថែរក្សាសុខភាព សម្រាប់ពលរដ្ឋអាមេរិកគ្រប់រូប «Obamacare» របស់​ប្រធានាធិបតី​ផុត​តំណែង លោក បារ៉ាក់ អូបាម៉ា (Barak Obama)។ ជំរុញឲ្យមានការនាំចូល នូវថ្នាំ​សង្កូវ​ទាំង​ឡាយ ដែល​មាន​វេជ្ជបញ្ជា និងដែលមានតម្លៃថោក៕



You may also like

កំសាន្ដ

ស្ត្រីម្នាក់​«ស្រាត» នៅខាងមុខ​រនាំង​នគរបាល ក្នុងក្រុង​ព័រឡេន (អាមេរិក)

នៅខណៈវិបត្តិកំពុងបន្តផ្ទុះ នៅតាមក្រុងធំៗ នៃសហរដ្ឋអាមេរិក ស្ត្រីម្នាក់បានចូលរួម​ការតវ៉ា ជាមួយនឹងបណ្ដាបាតុករដែរ ដោយបង្ហាញ​ការជំទាស់របស់ខ្លួន តាមរបៀបដ៏​ពិសេស​មួយ គឺ«ស្រាត» នៅខាងមុខ​រនាំង​នគរបាល ក្នុងក្រុងព័រឡេន (Portland) ភាគខាងលិចសហរដ្ឋអាមេរិក។ ហេតុការណ៍បានកើតឡើង ...
កំសាន្ដ

«រវាង​ឋាន​នរក និង​ឋាន​សួគ៌» សំណើច​ខ្លី

«រវាង​ឋាន​នរក និង​ឋាន​សួគ៌» ក្លើបីនាក់ មកពីបីសាសន៍ អាមេរិកាំង ចិន និងខ្មែរ បានស្លាប់ទៅហើយ តែបានទៅជួបគ្នា នៅក្នុងឋាននរក។ នៅ​ចំពោះ​ស្ដេចយមបាល អ្នកទាំងបីបានធ្វើការតវ៉ា ថាពួកគេមិនដែលធ្វើអំពើអាក្រក់ ...
កម្ពុជា

Covid-19៖ កម្ពុជាថា មន្ត្រីទូត​អាមេរិក​ម្នាក់ទៀត បានឆ្លងជំងឺ

មន្ត្រីទូត​អាមេរិក​ម្នាក់ទៀត ត្រូវបាន​អាជ្ញាធរ​សុខាភិបាល​កម្ពុជា អះអាងថា បានឆ្លង​ជំងឺ «Covid-19» និង​កំពុង​ដាក់ឲ្យ​ព្យាបាល នៅក្នុងបន្ទប់​ដោយឡែកមួយ នៃស្ថានទូត​អាមេរិក ប្រចាំក្នុងរាជធានីភ្នំពេញ។ ករណី​មន្ត្រីការទូត​​នេះ បានបន្ថែម​ពី​លើករណី នៃ​មន្ត្រី​ការទូត​អាមេរិកពីរនាក់មុន ដែលត្រូវបានរកឃើញថា ...

Comments are closed.

របាយការណ៍

ម៉ារីលីន ម៉ុនរ៉ូ ៖ មរណភាព​ដែលពោរពេញ​ដោយអាថ៌កំបាំង

របាយការណ៍

ពេលដែលទូរទស្សន៍​របស់កូនស្រី​នាយករដ្ឋមន្ត្រី ផ្សាយតួលេខខុស …

ដំរីជើងបួន… សម្រាប់ទូរទស្សន៍បាយ័ន្ដ «BTV» របស់អ្នកស្រី ហ៊ុន ម៉ាណា កូនស្រីនាយករដ្ឋមន្ត្រី ដែលបាន​«ផ្សាយតួលេខខុស» ជុំវិញការឆ្លងរាតត្បាត នៃជំងឺកូវីដ-១៩ (Covid-19) នៅក្នុងជួរកងទ័ព ដែលជាការស្រង់​សំដី​លោក ...
របាយការណ៍

នេត សាវឿន និង​គ្រួសារ​«ទិញ​ផ្ទះ​នៅក្រៅ​ប្រទេស ថ្លៃជាង​១៥លាន​ដុល្លារ»

លោកនាយឧត្ដមសេនីយ នេត សាវឿន និងគ្រួសារ ដែលជាសាច់ឈាម ជិតដិតនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានស្រាវជ្រាវ​រកឃើញថា បានដើរ«ទិញ​ផ្ទះ​នៅក្រៅ​ប្រទេស ដោយប្រើទឹកប្រាក់ ប្រមាណជាង ១៥លានដុល្លារ​អាមេរិក»។ ...