មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានសរសេរអត្ថបទមួយ ដែលមានចំណងជើង «កម្ពុជា គួរណាស់ យកគំរូតាមប្រទេសវៀតណាម ក្នុងការប្តូរមេដឹកនាំ របស់ខ្លួន»។ អត្ថបទជាភាសាអង់គ្លេស របស់លោក ត្រូវបានចុះផ្សាយ ដោយប្រព័ន្ធផ្សព្វផ្សាយមួយចំនួន នៅទ្វីបអាស៊ី។ ខាងក្រោមនេះ ជាអត្ថបទទាំងស្រុងរបស់លោក ដែលសរសេរជាខេមរភាសា។
ដោយ សម រង្ស៊ី
ដោយមិនបែងចែក ពីប្រព័ន្ធនយោបាយ ប្រទេសទាំងអស់ ក្នុងពិភពលោក ត្រូវតែរៀបចំឲ្យមានការផ្លាស់ប្តូរ មេដឹកនាំរបស់ខ្លួន ដើម្បីឲ្យមានការរីកចម្រើន ឈានទៅមុខ។ មានតែធ្វើបែបនេះទេ ទើបប្រទេសនីមួយៗ អាចទទួលបានឈាមថ្មី និងគំនិតថ្មី។
តែនៅប្រទេសកម្ពុជា លោក ហ៊ុន សែន បានក្រាញអំណាច ៣៥ឆ្នាំហើយ ដែលជាការធ្វើបាបប្រទេសកម្ពុជា យ៉ាងអាក្រក់បំផុត។ សក្ខីភាព នៃអំពើអាក្រក់នេះ គឺជីវភាពរស់នៅ យ៉ាងដុនដាប របស់ប្រជារាស្ត្រខ្មែរ។
ខ្ញុំ សម រង្ស៊ី បានធ្វើសំណើរួចមកហើយ ឲ្យអ្នកដឹកនាំនយោបាយទាំងអស់ នៅប្រទេសកម្ពុជា ចូលនិវត្តន៍ ក្នុងអាយុ ៧០ ឆ្នាំយ៉ាងយូរ។ ពេលនេះ ខ្ញុំស្នើឲ្យជនជាតិខ្មែរទាំងអស់ សិក្សាអំពីករណីរបៀបដឹកនាំ នៅប្រទេសវៀតណាម ដោយចិត្តត្រជាក់ ពីព្រោះយើង ត្រូវរស់ជាមួយប្រទេសជិតខាងទាំងអស់ ជារៀងរហូត ដោយសន្តិវិធី និងការយោគយល់គ្នា ទៅវិញទៅមក។
គ្មានប្រទេសណា ដែលរងគ្រោះដោយសង្គ្រាម ជាងប្រទេសវៀតណាមទេ តែក្នុងរយៈពេល ៤០ ឆ្នាំកន្លងមកនេះ ប្រទេសនេះ បានងើបឡើង ពីការហិនហោចដោយសង្គ្រាម ហើយសម្រេចបាន នូវការអភិវឌ្ឍន៍មួយ ដ៏អស្ចារ្យ។
មុនមានការហិនហោច ដោយសង្គ្រាម កាលពីសតវត្សរ៍មុន ប្រទេសវៀតណាម និងប្រទេសកម្ពុជា មានកម្រិតអភិវឌ្ឍទាបដូចគ្នា គឺមានភាពក្រីក្រ ប្រហាក់ប្រហែលគ្នា។ តែឥឡូវនេះ ប្រទេសយើង (កម្ពុជា) ស្ថិតនៅក្រោយ ប្រទេសវៀតណាមឆ្ងាយណាស់ បើគិតពីកម្រិតជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈ។
ទោះជាក្រោមរបបនយោបាយ បែបណាក៏ដោយ ការអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ច និងផ្នែកសង្គម វាអាស្រ័យមុនគេបង្អស់ លើគុណភាព នៃថ្នាក់ដឹកនាំប្រទេស និងការផ្លាស់ប្តូរថ្នាក់ដឹកនាំនេះ យ៉ាងទៀងទាត់ តាមការចាំបាច់។
ការក្រាញអំណាច ពីបុគ្គលម្នាក់ ឬក្រុមគ្រួសារមួយ វាធ្វើឲ្យប្រទេសហិនហោច ដូចក្នុងករណីប្រទេសកម្ពុជា និងប្រទេសកូរ៉េខាងជើង។ ប្រទេសកម្ពជាគួរណាស់ យកគំរូពីប្រទេសវៀតណាម មកពិចារណា ដែលប្រទេសនេះ គេប្តូរមេដឹកនាំរបស់គេ រៀងរាល់ ៥ឆ្នាំម្តងៗ។ គេមិនអនុញ្ញាតិ ឲ្យជនផ្តាច់ការណាម្នាក់ កាន់អំណាចមួយជីវិតទេ ហើយគេក៏មិនអនុញ្ញាត ឲ្យជនផ្តាច់ការនោះ ជ្រើសរើសកូនបង្កើតរបស់ខ្លួន ឲ្យមកជំនួសតំណែងខ្លួនដែរ។
នៅប្រទេសវៀតណាម គេមានឆន្ទៈនយោបាយ ពិតប្រាកដ ដើម្បីប្រឆាំងអំពើពុករលួយ តែនៅប្រទេសកម្ពុជាវិញ អំពើពុករលួយនេះ ក្លាយទៅជាប្រព័ន្ធគ្រប់គ្រងប្រទេស រួចទៅហើយ ក្រោមរបប ហ៊ុន សែន។ សភាពការណ៍បែបនេះ បាននាំប្រទេសយើង ឲ្យទទួលការហិនហោច ហើយនាំប្រជារាស្ត្រខ្មែរ ឲ្យស្គាល់តែភាពក្រីក្រ និងវេទនា។
គណបក្សកុម្មុយនីស្តវៀតណាម កំពុងរៀបចំសមាជជាតិ លើកទី១៣ របស់ខ្លួន ដែលនឹងធ្វើឡើងក្នុងខែមករា ឆ្នាំ ២០២១។ ថ្នាក់ដឹកនាំបច្ចុប្បន្ន នឹងត្រូវផ្លាស់ប្តូរមួយចំនួនធំ ដោយសារដល់អាយុ ដែលត្រូវចូលនិវត្តន៍។
ក្នុងនោះ មានប្រធាន និងអគ្គលេខាធិការបក្ស, នាយករដ្ឋមន្ត្រី, ប្រធានរដ្ឋសភា, រដ្ឋមន្ត្រីក្រសួងការពារជាតិ, រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, រដ្ឋមន្ត្រីក្រសួងការបរទេស និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ដែលអ្នកទាំងអស់នោះ ឈានដល់អាយុ ៦៥ ឆ្នាំ ដែលជាអាយុត្រូវចូលនិវត្តន៍ តាមច្បាប់កំណត់។
ក្នុងការិយាល័យនយោបាយ ដែលជាស្ថាប័នខ្ពស់បំផុត ក្នុងប្រទេស ដែលកាន់លទ្ធិកុម្មុយនីស្ត សមាជិកទាំងអស់ ត្រូវមានអាយុក្រោម ៦៥ឆ្នាំ ពេលសមាជចាប់ផ្តើម។ ក្នុងគណៈកម្មាធិការកណ្តាលវិញ សមាជិកទាំងអស់ ដែលឈរឈ្មោះ ចង់បន្តអាណត្តិ ត្រូវមានអាយុតិចជាង ៦០ឆ្នាំ ដើម្បីស្ថិតនៅក្រោម ៦៥ឆ្នាំ ពេលចប់អាណត្តិទី២ ក្នុងរយៈពេល ៥ឆ្នាំ ដែលជាអាណត្តិចុងក្រោយ។
អ្នកដែលជាប់ឆ្នោតលើកដំបូង ក្នុងគណៈកម្មាធិការកណ្តាល ត្រូវមានអាយុក្រោម ៥៥ឆ្នាំ ដើម្បីជៀសវាង មិនឲ្យលើស ៦៥ឆ្នាំទេ បើសាម៉ីខ្លួនអាចកាន់តំណែងបាន ២អាណត្តិ (៥ឆ្នាំ ២ដង)។
គំរូ ក្នុងការប្តូរមេដឹកនាំ …
បើពួកគាត់នៅប្រទេសវៀតណាម មនុស្សដែលមានអំណាចធំជាងគេ នៅប្រទេសកម្ពុជាសព្វថ្ងៃ ត្រូវបានចូលនិវត្តន៍ តាំងពីយូរយារមកហើយ។ នាយករដ្ឋមន្ត្រី ហ៊ុន សែន សព្វថ្ងៃអាយុ៦៨ឆ្នាំ ហើយលោក ហេង សំរិន ប្រធានរដ្ឋសភា អាយុគាត់៨៦ឆ្នាំហើយ។ ចំពោះលោក សាយ ឈុំ ជាប្រធានព្រឹទ្ធសភា អាយុ៧៥ឆ្នាំហើយ។ ឯលោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អាយុ៦៩ឆ្នាំហើយ។
ទាំងលោក ហ៊ុន សែន (ប្រធាន) លោក ហេង សំរិន (ប្រធានកិត្តិយស) លោក សាយ ឈុំ (អនុប្រធាន) និងលោក ស ខេង (អនុប្រធាន) គឺជាថ្នាក់ដឹកនាំកំពូលផងដែរ នៃគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ដោយកាន់កៅអី ១០០ភាគរយក្នុងរដ្ឋសភា។
មនុស្សទាំង ៤នាក់ខាងលើនេះ គឺមានអំណាចខ្លាំង ជាងគេបង្អស់ នៅប្រទេសកម្ពុជា។ បើធ្វើតាមសំណើរ ដ៏សមហេតុសមផល របស់ខ្ញុំ ដែលចង់ឃើញ មេដឹកនាំនយោបាយទាំងអស់ ចូលនិវត្តន៍ ក្នុងអាយុ ៧០ឆ្នាំយ៉ាងយូរ ឥស្សរជនទាំង ៤ នាក់នេះ នឹងត្រូវចូលនិវត្តន៍ទាំងអស់ ក្នុងរយៈពេលតែ ២ឆ្នាំទៀតយ៉ាងយូរ។
ប្រទេសទាំងអស់ ក្នុងតំបន់អាស៊ីភាគអាគ្នេយ៍ ត្រូវតែចេះរៀនសូត្រ ពីគ្នាទៅវិញទៅមក។ បើធ្វើតាមគំរូប្រទេសវៀតណាម, ប្រទេសកម្ពុជា នឹងទម្លាយឧបសគ្គមួយ យ៉ាងធំ ដែលបានរារាំង មិនឲ្យអ្នកមានសមត្ថភាព ហើយក្មេងជាងមេដឹកនាំសព្វថ្ងៃ អាចឡើងមកដឹកនាំប្រទេសម្តង ដែលជាការបើកផ្លូវឲ្យយុវជនជំនាន់ក្រោយ មានឱកាស ទទួលបានបទពិសោធន៍ និងបញ្ចេញស្នាដៃរបស់ខ្លួន ក្នុងការដឹកនាំប្រទេស ដើម្បីជម្រុញឲ្យមានការផ្លាស់ប្តូរជាវិជ្ជមាន៕