អត្ថបទខាងក្រោមនេះ មានចំណងជើង «អំពីទោសៈ» ត្រូវបានផ្ញើរមកទស្សនាវដ្ដី ដោយស្មេរដាក់ឈ្មោះ «ចៅចិត្រ»។ ដោយចាត់ទុកថា វាជាការសិក្សាស្រាវជ្រាវមួយ ក្នុងក្របខណ្ឌសេរីភាពនៃការបញ្ចេញមតិ ទស្សនាវដ្ដីសូមយកអត្ថបទនេះ មកចុះផ្សាយទាំងស្រុង (*) ដូចតទៅ។
នៅក្នុងព្រះពុទ្ធសាសនា ព្រះលោកសម្តែងថា លោភៈ ទោសៈ និង មោហៈ គឺជាធម៌បី ដែលនាំទៅរកក្តីវិនាសអន្តរាយ។ ថ្ងៃនេះ សូមលើក«អំពីទោសៈ» មកសង្ខេបខ្លី ដើម្បីងាយស្រួលយល់ដឹង និងសង្កេតដោយខ្លួនយើងរាល់គ្នា។
រាល់ចិត្តដែលកើតទោសៈ មានសភាពលក្ខណៈដូចតទៅនេះ៖
១) ចិត្តដែលក្រេវក្រោធ៖ ខឹងខ្លាំងឥតឧបមា ខឹងញ័រមាត់ញរ័ដៃញ័រជើង បណ្តាលឲ្យកើតជាហឹង្សា កើតជាអំពើវាយទាត់ធាក់ បាញ់សម្លាប់ ជាដើម។
២) ចិត្តដែលមានគំនុំ៖ ក៏បណ្តាលមកពីខឹង តែមិនបញ្ចេញបានភ្លាមៗ ទុកក្នុងចិត្តរង់ចាំឳកាស នឹងអាលបញ្ចេញជាសកម្មភាពណាមួយ ជាការសងសឹក។ គំនុំនេះ ដុតឆេះក្នុងចិត្តជាប្រចាំ ដូចជាភ្លើងមួយដុំ ដែលនៅឆាបឆេះ មិនរលត់ដូច្នេះដែរ ហើយភ្លើងគំនុំនេះវាធ្វើឲ្យអន្តរាយដល់ខ្លួនឯង និងអ្នកដ៏ទៃអាស្រ័យតាមកម្ម។
៣) ចិត្តដែលរមិលគុណ៖ នេះចង់សំដៅ លើចិត្តដែលមិននឹកនា ដល់គុណស្រ័យ ដែលអ្នកដ៏ទៃបានធ្វើ មកលើខ្លួនកន្លងមក និងមួយវិញទៀត គឺចិត្តដែលធ្វើអំពើល្អ ជាគុណដល់គេហើយ រំពឹងរំពៃនឹកដល់ថា ថ្ងៃណាមួយឲ្យគេតបស្នងសងគុណ មកខ្លួនឯងវិញ។ រួចបើកាលណាអ្នកដ៏ទៃមិនតបគុណមកវិញទេ ក៏កើតជាសេចក្តីខឹងក្រោធ ទោមនស្សនៅក្នុងចិត្ត ខ្លាំងតិចទៅតាមនោះដែរ។
៤) ចិត្តច្រណែននិន្ទា៖ ចិត្តដែលកាលណាឃើញអ្នកដ៏ទៃបានថ្កើនថ្កាន បានរីកលូតលាស់ជាងខ្លួន ស្អាតជាងខ្លួន បានសុខសានត្តជាងខ្លួន បានចម្រើនមានបាន នូវទ្រព្យសម្បត្តិនានាឬជាកិត្តិយស បុណ្យសក្តិជាដើម បណ្តាលអោយចិត្តឯងឯណេះកើតក្តីច្រណែន ខឹងខ្លួនឯង អាក់អន់ស្រពន់ចិត្ត តូចចិត្តនឹងវាសនាខ្លួន។
៥) ចិត្តដែលតាំងខ្លួនឯងជាធំ ឬជាសំខាន់៖ នេះជាចិត្តដែលយល់ថាខ្លួននេះពូកែស្មើរអ្នកប្រាជ្ញ ខ្លួននេះមានសារសំខាន់ ចំពោះអ្នកដ៏ទៃ តែដល់ទៅមិនបានឃើញអ្នកផ្សេង គេទុកខ្លួនជាសំខាន់ឬលើកជាធំ ក៏កើតទៅជាចិត្តខឹងក្រោធ អាក់អន់ស្រពន់ចិត្តនឹងមនុស្សដ៏ទៃ។
៦) ចិត្តកំណាញ់៖ ចិត្តបែបនេះ ហេតុម្តេចក៏ចេញជាទោសៈបាន? ចិត្តបែបនេះ គឺចិត្តដែលមិនបរិច្ចាគ ចិត្តដែលមិនចង់ឲ្យមនុស្សដ៏ទៃស្មើរ ដូចជាមានទ្រព្យស្មើរ ឬមានចំណេះស្មើរ ដល់តែមនុស្សដ៏ទៃគេមានទ្រព្យស្មើរ ឬចំណេះវិជ្ជាស្មើរ ក៏តាំងកើតចិត្តនេះមក គឺចិត្តប្រកបដោយទោសៈ នេះឯង។
អស់លោកអ្នកអានជាទីគោរព រាល់ដែលលើកមកសង្ខេបដ៏ខ្លីបំផុតខាងលើនេះ គឺសម្រង់ចេញ អំពីធម៌របស់ព្រះសម្មាសម្ពុទ្ធបរមគ្រូ ដែលយើងគួរដឹងលឺ នឹងប្រើសតិរបស់យើងស្ទង់ចិត្តខ្លួនឯង ខណៈណាដែលវាកើតមកតាមដំណើរ យើងត្រូវរិះរកវិធីរំងាប់ រំលត់ចិត្តទោសៈបែបខាងដើមនេះ អោយវាឆាប់រលត់ទៅវិញ ក្នុងបំណងឲ្យចិត្តយើងប្រកបដោយសេចក្តីសុខ។
ទង្វើដែលកើតពីចិត្តដែលមានទោសៈ វាអាចបណ្តាលឲ្យមាន នូវវិបាកមិនល្អផ្សេងៗ ដែលមិនមែនជាប្រយោជន៍។ នរជនដែលប្រកបដោយចិត្តអទោសៈ រមែងរស់នៅដោយស្រាលជាង និងសុខជាងនរជន ដែលសម្បូរណ៍ដោយចិត្តទោសៈ។ ដែលនេះនិយាយមកនេះ ទុកជាតំណក់ទឹកសាប ដ៏តូចមួយដំណក់ ដែលស្រក់ទៅក្នុងមហាសមុទ្រដ៏សែនធំធេងតែប៉ុណ្ណោះ ហើយដោយបំនងល្អ និងបរិសុទ្ធបំផុត អំពីខ្ញុំបាទ ចៅចិត្រ៕
——
ចៅចិត្រ
——
(*) កំណត់សម្គាល់ របស់ការិយាល័យនិពន្ធ៖ ទស្សនាវដ្ដីបានធ្វើការកែសម្រួល នូវឃ្លាឃ្លោងមួយចំនួន និងកំហុសអក្ខរាវិរុទ្ធខ្លះៗ ប៉ុន្តែអត្ថន័យដើមរបស់អត្ថបទ និងអ្វីដែលស្មេរចង់អះអាង មិនត្រូវបានផ្លាស់ប្ដូរទេ។
ឆ្លៀតក្នុងឱកាសនេះ ទស្សនាវដ្ដីសូមធ្វើការលើកទឹកចិត្ត ដល់មិត្តអ្នកអានទាំងអស់ ដែលមានបំណងចង់ផ្ញើរជាអត្ថបទស្រាវជ្រាវ ប្រលោមលោក ល្បែងកំសាន្ដ ល្បងប្រាជ្ញា ឬមតិយោបល់ទាក់ទងនឹងអ្វីក៏ដោយ ដែលបម្រើដល់ប្រយោជន៍សង្គម ឬប្រយោជន៍សហគមន៍ មកទស្សនាវដ្ដី។ សូមសរសេរអត្ថបទ ឬឯកសារទាំងនោះ ដោយប្រើពុម្ពអក្សរខ្មែរយូនីកូដ (Khmer Unicode) ដាក់លើ Microsoft Word file ហើយផ្ញើរមកទស្សនាវដ្ដីតាមរយៈ ខ្សែភ្ជាប់នេះ (ចុចពីលើ) ឬតាមមែល [email protected]។
ការិយាល័យនិពន្ធរបស់ទស្សនាវដ្ដី នឹងទទួលអត្ថបទ ឬឯកសារទាំងនោះ ដោយក្ដីសោមនស្សរីករាយ និងធ្វើការពិនិត្យចុះផ្សាយជាបន្តបន្ទាប់ ជាពិសេសទស្សនាវដ្ដី នឹងគោរពក្ដីប្រាថ្នារបស់ប្រិយមិត្ត ដែលមិនចង់បញ្ចេញឈ្មោះ៕