«បណ្ឌិត កែម ឡី និងខ្ញុំ» ជាសំណេររៀបរាប់ឡើងវិញ​សរសេរដោយលោក លឺ ឡាយស្រេង ពីការ​ជួប​ជជែក​​រវាង​លោក និងលោក កែម ឡី នៅប្រមាណជាងមួយខែ​មុនលោក កែម ឡី ត្រូវបាន​ឃាតករ​សម្លាប់។ ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ សូមចុះផ្សាយទាំងស្រុង (*) ពីសំណេររៀបរាប់នោះ ដូច​ខាង​ក្រោម។

«កែម ឡី និងខ្ញុំ»

យើងពីរនាក់បានជួបគ្នា នៅពេលដែលខ្ញុំទូរស័ព្ទទៅបណ្ឌិត នៅដើមខែ ៦ ហើយក៏បានណាត់ជួបគ្នា នៅ​ភោជនីយដ្ឋាន «Almond» ផ្លូវសុធារស (រាជធានី ភ្នំពេញ)។

បណ្ឌិត កែម ឡី បានសម្តែងនូវការគោរព​មកចំពោះខ្ញុំ ថែមទាំងបាននិយាយថា ស្គាល់ខ្ញុំតាមទូរទស្សន៍ និង​វិទ្យុ ហើយបានចាប់អារម្មណ៍ និងគោរពវីរភាពខ្ញុំ ខ្ញុំក៏សើច។ សើចហើយ ក៏តបវិញថា បណ្ឌិតដឹង​ឬទេ ថា​ហេតុអី​​​បាន​​ជា​ខ្ញុំ​ទូរស័ព្ទ​ចង់ជួបបណ្ឌិត ដែរឬទេ? ពីព្រោះខ្ញុំគោរព នូវវីរភាពរបស់បណ្ឌិត ហើយក៏ចង់ជួប​បណ្ឌិត​​ដើម្បី​​​សាសង​គ្នា ក្រែងលោខ្ញុំអាចឲ្យលោកបណ្ឌិត ជួយរក្សាទុក​នូវការពិសោធន៍ និងការចេះដឹង​របស់​ខ្ញុំ។ ខ្ញុំ​ចេះ​​តែ​​ព្រួយ​បារម្មណ៍ថា ការពិសោធន៍ចំណេះដឹងរបស់ខ្ញុំ តាំងពីអាណានិគមន៍បារាំង សង្គ្រាម​លោក​លើក​​ទី២ សង្គ្រាម​​បន្តៗ​គ្នា រហូតដល់អូរស្មាច់ ឆ្នាំ ១៩៩៧ បានសូន្យដោយគ្មានអ្នកដំណរ។

លោកបណ្ឌិត បានសូមអភ័យទោសពីខ្ញុំ ហើយថា តើខ្ញុំអាចនិទាន ខ្សែជីវិតតស៊ូរបស់ខ្ញុំ ឲ្យស្តាប់ដែរឬទេ។ ខ្ញុំ​បាន​​ប្រាប់វិញថា ត្រូវការពេលវេលាច្រើនណាស់ណា ប៉ុន្តែខ្ញុំសង្ខេបគោលៗ ឲ្យងាយយល់។

កាលពីបារាំងបានធ្វើអាណានិគមន៍លើយើង មានការប្រកាសសង្គ្រាម៣ដង។ ប្រកាសសង្គ្រាមទីមួយ គឺ​សង្គ្រាម​​លោក (លើកទី១ ឆ្នាំ១៩១៤-១៩១៨ និងលើកទី២ ១៩៣៨-១៩៤៤)។

ពេលនោះហើយ ដែលជប៉ុន​វ៉ៃ​ឥណ្ឌូចិន ១៩៤៤-១៩៤៥ ហើយបានកាន់កាប់​ស្រុក​ខ្មែរ​យ៉ាង​ខ្លី ដោយមានលោក សឺង ង៉ុកថាញ់ ធ្វើជា​នាយក​រដ្ឋមន្ត្រី (ខ្ញុំបានជួបលោកតា សឺង ង៉ុកថាញ់ ២ដង នៅភ្នំពេញកាលពីរបបលន់ណុល ១៩៧២)។ ក្រោយមក សង្គ្រាម​​លោកលើកទី២បានបញ្ចប់ ជប៉ុនបានលើកទង់សចុះចាញ់ នៅឆ្នាំ​១៩៤៥។

បន្ទាប់ពីនោះ ប្រកាសសង្គ្រាមមួយទៀត គឺសង្គ្រាមយៀកមិញ ដែលពួកនេះបានបញ្ជូនទ័ព មកស្រុកខ្មែរ​យ៉ាង​ច្រើន សម្តេចសីហនុបានរៀបចំកងជីវពុល នារីក្លាហាន ពេលនោះ ដោយបានប្រើកាំភ្លើងឈើ ទូទាំង​ប្រទេស។ ពេលនោះ ខ្ញុំមានមោទនៈណាស់ នៅអាយុ១២-១៣ឆ្នាំមានកាំភ្លើងឈើ២ ដែលខ្ញុំឲ្យពូង៉ែត នៅភូមិ​ស្វាយចា​ធ្វើ ដោយដូរនឹងថ្នាំជក់ ។ ខ្ញុំស្ពាយរាល់ព្រឹក រាល់ថ្ងៃកាំភ្លើងមូសស៊ីតង់ អំផ្ចិលប្តូរគ្នារាល់ថ្ងៃ មានពេលខ្លះត្រូវ​រំពាត់ ដោយ​សារ​ដេកអោបកាំភ្លើងឈើ។

ខែ៦ ឆ្នាំ១៩៥៣ សម្តេចឪបានប្រកាស ឲ្យពួកយួនយៀកមិញចេញ ពេល​នោះ ខ្ញុំបាន​ឈរមើល​ពួកទ័ព​យៀកមិញ​ដើរជាជួរ មកពី«បសែតកាត់ភ្លុក» ស្ពាយទាំងចានទាំងឆ្នាំង ដើរ​កាត់​ផ្សារ​ស្រង់ ។

ក្រោយពីបានឯករាជ្យ ពេលនោះមានសង្គ្រាមខ្មែរឥស្សរៈ កើតឡើងពី៣ក្រុម គឺមាន៖ ក្រុម ដាប ឈួន កាន់​ ​កំពង់ធំ សៀមរាប បាត់ដំបង់ – ក្រុម ពុត ឆាយ កាន់ខាងត្បូង ខាងកើតមានតាកែវ កណ្តាល ព្រៃវែង ស្វាយរៀង និង​ក្រុមមួយទៀត នៅកំពង់ស្ពឺ កណ្តាល តាកែវ គឺស័ក្ដិមួយ ធីង សាកវ៉ាងវង្ស ស័ក្ដិបី សៀប ។

មិនបានប៉ុន្មានឆ្នាំផង សម្តេចសីហនុ ពេលនោះមានលោកតា លន់ ណុល ជាមេទ័ព សាក់ ស៊ុតសាខន និង ថោង វ៉ាន់ហ្វាន់ម៉ឺង បានបញ្ចុះបញ្ចូលទាំង៣ក្រុមនោះ មកចុះចូលជាមួយ​រដ្ឋាភិបាល​បានសំរេច។

ពុតឆាយ បានសម្លាប់ស័ក្ដិមួយ ធីង នៅកុងស៊ីកំពង់ត្រាំ ដោយអញ្ជើញគេមកស៊ីផឹក ឆ្នាំ១៩៥៤ វេលាម៉ោង២ ដូច្នេះទ័ពលោក ធីង ត្រូវធ្លាក់មកសាកវ៉ាងវង្ស និងស័ក្ដិបី ឌាប។ ជាមួយនេះ មានទ័ពមួយក្រុមទៀត ដឹកនាំ​​ដោយ​ព្រះអង្គ​ម្ចាស់ ចន្ទរង្សី នៅម្តុំ​កំពង់ស្ពឺ ក្រោយមកក៏បានរួបរួម ជាមួយរដ្ឋាភិបាលផងដែរ។

ឆ្នាំ ១៩៥៦ ទ័ព សាកវ៉ាងវង្ស ស័ក្ដិបី ឌាប និង ពុតឆាយ បានរលាយរូបរាងអស់ នៅសល់តែ ដាប ឈួន មួយ​ដែល​គាត់​ចង់ធ្វើរដ្ឋប្រហារ ដែលមានទាហានសៀម និងអាជ្ញាធរខេត្តសុរិន ជាអ្នកឧបត្ថម។ ខ្ញុំបានជួប​ចៅ​ហ្វាយ​​ខេត្ត សុរិន លោកសាណឺ ដែលមានរូបរាងដូចលោកតា សឺង ង៉ុកថាញ់ ដែលបានប្រាប់ពីប្រវត្តិ ដាប ឈួន ។

ពាក្យ ដាបដាប គឺជាភាសាថៃ​ប្រែមកថា ដោយ។ ដោយឈួន មកភ្នំដងរែកក្រោយលោកតា សឺង ង៉ុកថាញ់ – ហង់ ធុនហាក់ (ក្រោយមកជានាយករដ្ឋមន្ត្រី​របបសាធារណរដ្ឋ លន់ ណុល) គាំរ៉េត ដែល​គេ​ហៅ​ថា​ពួក​ភ្នំ​ដង​រែក ដែល​ទំនាក់ទំនង​ខ្លាំង​ផ្តល់ស្បៀង គឺលោកតា តក់ ដែលត្រូវជាឪពុកលោក តក់ថាវ ដែល​ក្រោយ​មក ជួយ​យ៉ាង​ពេញ​ទំហឹង កាលសង្គ្រាមក្រុមសីហនុនិយម​«ANS»។

រឿងរ៉ាវបន្ទាប់មក គឺ​សង្គ្រាម​ លន់ណុល ឆ្នាំ​១៩៧០-​​១៩៧៥ សង្គ្រាម លន់ណុល-ខ្មែរក្រហម គាំទ្រដោយសម្តេច សីហនុ។

រដ្ឋប្រហារឆ្នាំ១៩៧០…

បណ្ឌិត កែម ឡី សួរខ្ញុំថា ចុះកាលពីលោកតា លន់ ណុល ធ្វើរដ្ឋប្រហារ តើអាចនិទានឲ្យខ្ញុំយល់ផង តើការ​ពិត​វា​យ៉ាង​ណា?

ការពិតនោះ គឺមានទំនាស់រវាងខ្សែស៊ីសុវត្តិ និងនរោត្តម នៅចុងខែកុម្ភៈ​ឬដើមមិនា ខ្ញុំមិនចាំ។ សម្តេចសីហនុ បានយាងទៅធ្វើទស្សនកិច្ច នៅប្រទេសបារាំង ពេលនោះទ្រង់ស៊ីសុវត្តិ សិរីមតៈ ធ្វើជានាយករដ្ឋមន្ត្រី «Acting Chief of State»។ នៅដើមខែមិនា មានយន្តហោះ២គ្រឿង ដឹកថ្នាំពេទ្យពី​ប្រទេសប៉ូឡូញ ទិស​ដៅ​មក​ចែក​ឲ្យពួកវៀតកុង ខេត្តស្វាយរៀង និងកំពង់ចាម ដែលជាទីជំរកពេទ្យរបស់ពួកគេ។

ទ្រង់សិរីមតៈ បាន​ឃាត់​ឃាំង​យន្ដហោះនោះទុក ព្រោះគ្មានក្រដាសស្នាមត្រឹមត្រូវ និងមិនចង់ឲ្យប្រទេសកម្ពុជា ផ្តល់​អ្វីៗ​ដល់​ពួក​វៀតកុង ហើយ​​ក៏ឲ្យយន្តហោះ២គ្រឿង ហោះទៅវិញទទេ។

ហាណូយ បានទូរស័ព្ទទៅបារីស ទៅសម្តេចសីហនុ តវ៉ានិងសម្តែង នូវភាពមិនសប្បាយចិត្ត ដោយទ្រង់​សិរីមតៈ កាក់ទុកថ្នាំពេទ្យទាំងនោះ រឿងនេះធ្វើឲ្យសម្តេចសីហនុខ្ញាល់យ៉ាងខ្លាំង ហើយបានប្រកាសថា ពួក​លន់ណុល​ចង់ក្បត់ បើត្រលប់មកវិញកាត់ក្បាលបីនាក់ សិរីមតៈ លន់ណុល និងអិនតាំ ត្រូវដាច់ក្បាល​ព្រោះ​ក្បត់។

ទ្រង់សិរីមតៈខ្ញាល់ អិនតាំភ័យ តាលន់ណុលស្លោភ្នែក បានរត់ទៅគាល់ ព្រះមហាក្សត្រី កុសមៈ ដែល​ព្រះអង្គ​ជា​អ្នក​បន្តរាជ្យ ពីព្រះអង្គ សុរាម្រិត ដែលជាបិតារបស់សម្តេចឪ។

ខ្ញុំមិនដឹងថា ព្រះអង្គកុសមៈធ្វើអន្តរគមន៍​យ៉ាង​ណា​មិនច្បាស់ ដែលស្ថានការណ៍តឹងឡើងៗ ធ្វើឲ្យតាលន់ណុល សិរីមតៈ សំរេចចិត្តបញ្ជូន​គណប្រតិភូ នៅ​ថ្ងៃ​ទី​៥-៦​ដោយ​មានទ្រង់កន្តុល ដែលជានាយករដ្ឋមន្ត្រី​ជាមួយលោកតា ញ៉ែម សម្បូរ ជារដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ដែល​មាន​លោក សេង ប៉ុនជូ ជា SP ទៅជាមួយ តែបេសកកម្មនោះបរាជ័យ​ដោយសម្តេច​ឪ​មិន​ឲ្យ​ជួប។

អញ្ចឹងហើយ ពួកគេ​​​ក៏បង្ខំចិត្ត ធ្វើរដ្ឋប្រហារទម្លាក់ សីហនុ ដែលមានលោកអិនតាំកោះប្រជុំសភា ទម្លាក់​សម្តេច​​សីហនុ​ទៅ នៅ​​វេលា​ម៉ោង​​១០ព្រឹក។

ពេលនោះ មានភាពច្របូកច្របល់ គេនាំគ្នាមកអបអរសាទរ ពីគ្រប់ខេត្តមកភ្នំពេញ ទាស់ត្រង់ខាងកំពង់ចាម ស្មានថាមកទទួលសម្តេច សីហនុ នៅគល់ស្ពានជ្រោយចង្វារ ក៏មានការប្រទូសស្ររាយគ្នាបន្តិចដែរ។

ចំណែកសម្តេច សីហនុ បានបន្តដំណើរទៅប្រទេស រ៉ូស្សី។ តាមដឹងអាជ្ញាធររ៉ូស្សី​បានថ្វាយយោបល់ ឲ្យ​ត្រលប់​មកស្រុកខ្មែរវិញមក (មុនប្រកាសទម្លាក់) កុំឲ្យទៅស្រុកចិន។ លោកមិនស្តាប់ ក៏បន្តទៅស្រុកចិន។

គ្រា​នោះ ផាន់វ៉ាន់ដុង ដែលជានាយករដ្ឋមន្ត្រីវៀតណាម បានទៅគាល់លោកនៅស្រុកចិន ហើយបានទូលថា សូម​ព្រះអង្គកុំព្រួយព្រះទ័យ ទ័ពខ្ញុំនឹងវ៉ៃពួកលន់ណុលឲ្យខ្ទេច ក្នុងរយៈពេលខ្លី និងយាងព្រះអង្គចូលកម្ពុជាវិញ។ បន្ទាប់​មក​សម្តេច​សីហនុ បានប្រកាសឲ្យខ្មែរចូលព្រៃ «Marqui» ដើម្បីប្រយុទ្ធនឹងរបបលន់ណុល។

របបលន់ណុល បានដេញជនជាតិយួន​​ចេញពីប្រទេសកម្ពុជា យ៉ាងអាក្រក់មើលបំផុត។ រឿងអាក្រក់ទាំងនោះ គឺបានឲ្យសម្លាប់យួន នៅម្តុំផ្សារគគី​បណ្តែតទឹក ធ្វើឲ្យមតិអន្តរជាតិថ្កោលទោសជាខ្លាំង។

ក្នុងរបបនោះ យន្តហោះ​ចម្បាំង USA បានទម្លាក់គ្រាប់បែក​ពាសពេញស្រុកខ្មែរ​ជួយរបបលន់ណុល។ ក្រោយ​មក​លោក​ប្រធានាធិបតី និច សុន (របស់អាមេរិក) បានប្រកាសដកទ័ពចេញ​ពីប្រទេសយួន ធ្វើឲ្យពួកយៀកកុង​មាន​ទឹក​ចិត្ត​ខ្លាំងក្លា ក្រោយមក​ក៏បានវ៉ៃធាវគី (ទាហានយួនសេរី ឬយួនខាងត្បូង) បរាជ័យទៅ។

នៅស្រុកខ្មែរថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៧៥ អាមេរិកកាំងបានបញ្ជូនឧទ្ធម្ភាគចក្រ​«អេឡេកូ»​២១គ្រឿង មក​យក​ពួក​ស្ថានទូត​ចុះចតពាសពេញនៅ «Building»។ កាលនោះ ខ្ញុំបានដឹងមុនថា នៅថ្ងៃ១០ នឹងមាន«អេឡេកូ USA»​នឹង​មករំដោះពួកគេ។ ខ្ញុំបានទៅជួបពួកឧត្តមសេនីយ សាក់ ស៊ុតសាខន ដែលពេលនោះ​ជា​មេ​បញ្ជាការ​ទ័ព ដោយខ្ញុំយល់ថា បើមានការឡោមព័ទ្ធ ពួក USA នឹងបញ្ជូនទ័ព​ឲ្យមករំដោះពួកគេ។

ការនៅ​«ថូប»​​​មិន​បាន​សម្រេច ពួក USA បានរំដោះពួកគេ ដែលពេលនោះលោក ហ្គា​ន់​ធឺ ឌី​ន (Gunther Dean) ជា​អគ្គរដ្ឋទូត ពេល​ឡើង​អេឡេកូ លោកទូតនោះកាន់ទង់ជាតិ USA ផង។

ពេលនោះ ខ្ញុំជាអ្នកតំណាងរាស្ត្រ ខ្ញុំក៏បានប្រាប់ពួកអ្នកតំណាងរាស្ត្រថា ឆាប់ៗនេះស្រុកខ្មែរនឹងធ្លាក់ហើយ។ រហូតដល់ថ្ងៃទី១៧ ខែមេសា ក៏បរាជ័យ ខ្មែរក្រហមបានចូលភ្នំពេញ ដេញអ្នកក្រុងចេញពីផ្ទះ។ ថ្ងៃបន្ទាប់ ពួកវា​បាន​ដេញ​ចេញ​ពីក្រុង ដោយកុហកថាខ្លាចពួក USA មកទម្លាក់គ្រាប់បែក។

ដោយយល់ច្បាស់ថា ស្រុកយើង​នឹង​ធ្លាក់​នោះ នៅថ្ងៃ១៦ មេសា ខ្ញុំក៏បាននាំបងប្អូនចំនួន៤២នាក់ ជិះ​យន្តហោះ​ខ្មែរ​អាកាស​ (មក)​​កំពង់សោម។ ព្រឹកថ្ងៃ១៧មេសា ខ្ញុំទៅមូលដ្ឋានទ័ពជើងទឹករាម លុះរសៀលម៉ោង៣ វិទ្យុ​ជាតិ​ដែល​ប្រកាស​ដោយ​ខ្មែរក្រហម បានឲ្យដឹងថា ពួកគេបានកាន់កាប់ភ្នំពេញហើយ។

ពេលនោះ ខ្ញុំបានពិភាក្សាជាមួយលោកសក្តិ៥ សោម គ្រឹស្នា ហៅបូ ដែលត្រូវជាបងប្អូន ឲ្យនៅទប់ទល់​២-៣ថ្ងៃ​សិន ព្រោះមូលដ្ឋានទ័ពរាម មិនងាយវ៉ៃចូល បានដោយងាយទេ។ លុះម៉ោង៥ល្ងាច ពួកគេនាំគ្នាបញ្ចូនឥវ៉ាន់ ឡើង​​កាប៉ាល់​ហើយ​មេទ័ព​លោក សារ៉ាន់ឌី បានលួចចេញអូប័រទៅបាត់មុន។ រីឯខ្ញុំនៅជាមួយលោក គ្រឹស្នា រហូត​ម៉ោង​​៥ភ្លឺ ទើប​ចេញ​​ដំណើរ​​​ទៅ​កោះរ៉ុង។

នៅកោះរ៉ុង នាវាចំបាំងទាំងអស់​បានប្រមូលគ្នានៅទីនោះ។ ខ្ញុំបានណែនាំ​គេ​ថា គ្នាគេ​មាន​ច្រើន​ណាស់ មិន​ងាយ​​ធ្វើការសម្រេចចិត្តទេ យកល្អត្រូវបែងចែក ជា៣ក្រុមគឺ ទី១គឺអ្នកដែល​ចង់វិល​ទៅ​រាម​វិញ ទី២គឺអ្នកចង់​ចេញ​​ទៅ​ក្រៅ និងក្រុមទី៣ គឺអ្នកស្ទាក់ស្ទើរ​ត្រូវនៅលើកោះ។ ពួកគេក៏ធ្វើតាម ហើយ​ចំពោះ​អ្នក ដែល​មាន​បំណង​​ចេញ​ទៅ​ក្រៅ មានកប៉ាល់ ខ្ញុំបានណែនាំលោកសក្តិ៥ សោម គ្រឹស្នា ធ្វើដំណើរទៅ​កោះ​ហម ព្រោះ​នៅ​ទី​នោះ ជា​មូលដ្ឋាន​សឹក​របស់ USA។ គេថាខ្លាចក្រែងប្រេងមិនគ្រប់ ក៏ឲ្យពួកគេសន្តោងកប៉ាល់​ដើម្បី​សំចៃ​ប្រេង ហើយ​​ប្រាប់​ពួកគេ ឲ្យ​ប្រើ​កញ្ចក់​បញ្ជាំង​ទៅលើ ជាសញ្ញា«SOS» មានន័យថា SOS អាច​មើល​ឃើញ។

ខ្ញុំបានបែកពីពួកគេ ដោយជិះអូប័រមកស្រុកត្រាត់ លន់ណុល។ នោះគ្រាន់តែបញ្ជាក់ ពីរឿងរបប លន់ណុល។

ចម្បាំង ១៩៧៩ -១៩៩២

ក្រោយពេលខ្មែរក្រហមបែក ឆ្នាំ១៩៧៩មក ពួកទ័ពយួនបានមកឈ្លានពានស្រុកខ្មែរ ក្នុងលេសមកជួយ​រំដោះ​ដោយទ័ព ហ៊ុន សែន។ តាមពិត រឿងចម្បាំងនៅស្រុកខ្មែរ តាំងពីណាពីណីមក គឺជាយុទ្ធសាស្ត្រ របស់បក្ស​កុម្មុយនីស យួន។ កាលពីខ្មែរក្រហម ពូកវៀកកុងពេញស្រុកខ្មែរ បើគ្មានពួកវៀកកុងមកជួយ ទ័ពសម្តេច​សីហនុ មិន​អាច​យកជ័យជំនះលើ លន់ណុល ឡើយ។

ក្រោយឆ្នាំ ១៩៧៩ ពួកខ្មែរក្រហម បានទម្លាក់ខ្លួន​មក​ដល់​​សំឡូត ដែនដីខាងលិច និងម៉ាឡៃ ព្រះវិហារ បន្ទាប់មកមានខ្មែររំដោះ​ជាច្រើនក្រុម បានបង្កើតឡើង តែ​ពេល​នោះ​ក្រុមលោកតា ស៊ឺនសាន សាក់ស៊ុតសាខន ក៏បានប្រមូលក្រុមតូចៗទាំងនោះទៅ។

នៅឆ្នាំ១៩៧៨ សម្តេចសីហនុ បានទៅអង្គការសហប្រជាជាតិ។ ពេលនោះ ខ្ញុំនិងទ្រង់សិរីរ័ត្ន ជាអ្នកជួយ​លោក។ នៅខែ១២ ឆ្នាំ១៩៧៨ ខ្ញុំបានពិភាក្សាជាមួយទ្រង់ ឲ្យទ្រង់យាងវិល មករំដោះទឹកដីខ្មែរវិញ។ នៅខែ​មិនា ឆ្នាំ១៩៨១ ក៏បានបង្កើត ហ៊្វុនស៊ិនប៉ិច (Funcinpec) នៅឥណ្ឌូនេស៊ី។

ខ្ញុំរស់នៅសហរដ្ឋអាមេរិក មានការឈឺឆ្អាលពីរឿងស្រុកខ្មែរណាស់។ កាលពីសម័យខ្មែរក្រហម ខ្ញុំបានមកដល់​«Long beach» ថ្ងៃទី៥ ខែឧសភា ឆ្នាំ១៩៧៥។ នៅ USA ខ្ញុំប្រាប់គេថា ខ្មែរក្រហមដេញខ្មែរចេញពីផ្ទះ ហើយ​កាប់​​សម្លាប់​ខ្មែរ​អស់​រាប់​សែននាក់ ពេលនោះគ្មាននរណាម្នាក់​ជឿខ្ញុំឡើយ លុះដល់មានបងប្អូន​ខ្លួន​មក​ដល់ USA ដែល​​ឃើញ​​មាន​ក្បាលនិងជង្គង់ប៉ុនគ្នា ហើយពួកគេនិយាយពីសោកនាដកម្មនោះ ទើប​គេ​ជឿ​ខ្ញុំ។ នៅ USA ឆ្នាំ​១៩៧៦ ខ្ញុំ​រួម​ជា​មួយ​ខ្មែរ​នៅ USA ដឹកនាំគ្នាធ្វើបាតុកម្ម​ប្រឆាំងអំពើយង់ឃ្នង ដែល​ធ្វើ​ឡើង​ដោយ​​ពួក​ខ្មែរ​​ក្រហម៕

————-

(*) ទស្សនាវដ្ដីបានធ្វើការកែសម្រួល នូវឃ្លាឃ្លោងមួយចំនួន និងកំហុសអក្ខរាវិរុទ្ធខ្លះៗ ប៉ុន្តែអត្ថន័យដើម​របស់​អត្ថបទ និងអ្វីដែលស្មេរចង់អះអាង មិនត្រូវបានផ្លាស់ប្ដូរទេ។ សំណេរខាងលើនេះ បានបញ្ចប់នៅត្រឹម ដូច​ដែល​លោកអ្នកបានអាន ដែលទំនងជាលោក លឺ ឡាយស្រេង នៅមិនទាន់មានឱកាស ដើម្បីសរសេរបន្ត ឬ​ការ​ជួប​ជា​មួយ​លោក កែម ឡី បានបញ្ចប់នៅត្រឹមហ្នឹង៕



លំអិតបន្ថែមទៀត

ដំណឹង

អតីតប្រធានាធិបតីបារាំង ទទួលមរណភាព​ដោយសារ​«Covid-19»

លោក វ៉ាឡេរី ជីស្កាដេស្ដាំង (Valéry Giscard d’Estaing) អតីតប្រធានាធិបតីបារាំង រវាងពី​ឆ្នាំ១៩៧៤ មកទល់នឹងឆ្នាំ១៩៨១ បានទទួលមរណភាព ក្នុងជន្មាយុ៩៤ឆ្នាំ កាលពី​យប់​ថ្ងៃពុធទី២ ខែធ្នូ ...
ខ្មែរនៅបរទេស

អ្នកនិពន្ធ​ម្នាក់​ផ្ញើ​លិខិត​អរគុណនាយករដ្ឋមន្ត្រី​សិង្ហបូរី ដែលរំឭក«រឿងពិត»

អ្នកនិពន្ធ និងជាអ្នកស្រាវជ្រាវខ្មែរមួយរូប រស់នៅក្នុងប្រទេសបារាំង លោក សាគូ សាមុត បានផ្ញើរលិខិតមួយ ទៅនាយករដ្ឋមន្ត្រីសិង្ហបូរី លោក លី សៀនឡុង (Lee Hsien ...
កម្ពុជា

ហ៊ុន សែន៖ «ឪស្ដេច ម៉ែស្ដេច ក៏ខ្ញុំដាក់ដែរ»

នៅក្នុងការលូកដៃ ចូលទៅកកូរកកាយ ស្ថាប័នទូរទស្សន៍ឯកជនមួយ ដើម្បីគម្រាមអគ្គនាយកនៃស្ថាប័ននោះ ឲ្យចាកចេញពីតំណែង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រើពាក្យខ្លាំងៗ ថា បើទោះជាជននោះ ជា«ឪស្ដេច ម៉ែស្ដេច» ...

យល់ស៊ីជម្រៅផ្នែក ទស្សនៈប្រិយមិត្ត

ទស្សនៈប្រិយមិត្ត

លិខិតប្រិយមិត្ត៖ តើចិនអាចធ្វើដំណើរ ទៅដល់ណា?

ទស្សនៈប្រិយមិត្ត

លិខិតប្រិយមិត្ត៖ មូលហេតុ៥ ដែល​«អាមេរិកនិង​កម្ពុជា»​ត្រូវតែជិតស្និតគ្នា

គេតែងដឹង និងយល់ស្របជាទូទៅស្រាប់ហើយថា ទំនាក់ទំនងការទូតរវាង«អាមេរិកនិង​កម្ពុជា» ជាទំនាក់ទំនង​ដែល​រដាក់រដុប ជូរចត់ច្រើន​ជាងផ្អែមល្ហែម ក្នុងរយៈពេល៧០ឆ្នាំកន្លងមកនេះ។ យ៉ាងនេះក៏ដោយ គូភាគីរដ្ឋទាំងទ្វេរ នៅតែ​ប្រឹងប្រែង ធ្វើការ​កែលម្អរ ធ្វើអោយប្រសើរឡើង តាំងពីសម័យកាលសង្គ្រាមត្រជាក់ រហូតមកដល់សម័យកាល​សាកល​ភាវូបនីយកម្ម​បច្ចុប្បន្ន។ ...
ទស្សនៈប្រិយមិត្ត

លិខិតប្រិយមិត្ត៖ ការគោរពបូជា​នូវទិស​ទាំង៦ តាមបែប​ព្រះពុទ្ធសាសនា

បុរសស្រ្តីទាំងឡាយ អ្នកប្រាថ្នាចង់បាន នូវសិរីសួស្តី ក្នុងការរស់នៅ គួរគប្បីប្រតិបត្តិបូជា នូវទិសទាំង៦ តាមបែប​ព្រះពុទ្ធសាសនា ៖ កើត ត្បូង លិច ជើង លើ ...

Comments are closed.