ដំណើរដើមទង… ហ៊ុន សែន – ហ្សាល ឌឺហ្គោល
បញ្ហាមិនមែននៅត្រឹមតែប៉ុណ្ណឹងទេ តែប្រវត្តិនៃការតស៊ូ របស់លោកអតីតប្រធានាធិបតីបារាំង ហ្សាល ឌឺហ្គោល ក៏មិនដូចទៅនឹងការលើកឡើង របស់លោក ហ៊ុន សែន ដែលសង្ខេបមកយ៉ាងខ្លី ធ្វើយ៉ាងណាឲ្យដូចរឿងរ៉ាវ ដែលលោកខ្លួនឯងនិយាយនោះឡើយ។
គេអាចស្វែងរកឯកសារនៃប្រវត្តិតស៊ូ របស់លោក ហ្សាល ឌឺហ្គោល ជាភាសាអង់គ្លេស នៅទីនេះ និងភាសាបារាំង នៅទីនេះ (ឯកសារមានបកប្រែ ចេញជាច្រើនភាសា រួមទាំងភាសាវៀតណាម-ថៃ-ភូមា តែគ្មានបកប្រែជាភាសាខ្មែរទេ)។
ខាងក្រោមនេះ ជាភាពខុសគ្នាត្រួសៗ ដែលបង្ហាញថា ដំណើរចាកចេញពីបារាំង ឆ្ពោះទៅកាន់ប្រទេសអង់គ្លេស របស់លោក ហ្សាល ឌឺហ្គោល មិនដូចដំណើរភៀសខ្លួន របស់លោក ហ៊ុន សែន នោះទេ៖
– លោក ឌឺហ្គោល ជាអតីតទាហាន និងក្លាយជាមេទ័ពបារាំង នៃប្រទេសបារាំងឯករាជ្យ និងមិនមែនជាមេទ័ព នៃប្រទេសបារាំង ដែលស្ថិតក្រោយការគ្រប់គ្រង របស់ពួកណាហ្សីហ៊ីត្លែ នោះទេ។ លោក ឌឺហ្គោល ធ្លាប់ជាទាហានដែលវាយប្រយុទ្ធ ប្រឆាំងកងទ័ពអាល្លឺម៉ង់ តាំងពីសង្គ្រាមលោកលើកទីមួយ និងនៅតែ (ដឹកនាំ)ប្រយុទ្ធប្រឆាំងបន្តទៀត ក្នុងអំឡុងពេលសង្គ្រាមលោកលើកទីពីរ។
តែលោក ហ៊ុន សែន ជាអតីតមេទាហានរបស់ខ្មែរក្រហម ដែលជួយឲ្យក្រុមនេះដណ្ដើមជ័យជំនះ ឡើងកាន់កាប់អំណាច ក្នុងឆ្នាំ១៩៧៥ រហូតបណ្ដាលឲ្យប្រជាជនស្លាប់ រាប់លាននាក់។
– នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ១៩៤០ លោក ឌឺហ្គោល បានចាកចេញពីជួរយោធា តាមបញ្ជារបស់ប្រធានក្រុមប្រឹក្សាភិបាល «Paul Reynaud» (ប្រហាក់ប្រហែល នឹងប្រធានាធិបតី) ឲ្យត្រឡប់ចូលរដ្ឋធានីបារីសវិញ ដើម្បីក្លាយជារដ្ឋលេខាធិការ ទទួលបន្ទុកសង្គ្រាម និងការពារជាតិ។
ក្នុងតំណែងថ្មីនៃរដ្ឋាភិបាលបារាំង (កាលនោះជារដ្ឋាភិបាលអធិបតេយ្យ) នេះ លោក ឌឺហ្គោល មានបេសកកម្មថ្មី គឺត្រូវទាក់ទងជាមួយប្រទេសអង់គ្លេស ដើម្បីបន្តការប្រយុទ្ធ ប្រឆាំងនឹងក្រុមហ្វាស៊ីស។ លោកបានជួបជាមួយនាយករដ្ឋមន្ត្រីកាលនោះ របស់ចក្រភពអង់គ្លេស លោក «Winston Churchill» នៅថ្ងៃទី៩ មិថុនា ឆ្នាំ១៩៤០ ដើម្បីពង្រីកកម្លាំងប្រយុទ្ធ កាន់តែខ្លាំងឡើង ជាពិសេសការវាយប្រហារ តាមផ្លូវអាកាស។
លោក ឌឺហ្គោល បានចូលរួមក្នុងសន្និសីទ ក្រុង «Briare» ភាគកណ្ដាលនៃប្រទេសបារាំង ដែលមានវត្តមាន របស់លោក «Winston Churchill» នៅពេលនោះដែរ ហើយនាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះ បានព្រមព្រៀង និងបានលើកទឹកចិត្ត ឲ្យរដ្ឋាភិបាលបារាំងបន្តការតស៊ូ ប្រឆាំងកងទ័ពអាល្លឺម៉ង់។ នៅថ្ងៃទី១៦ ខែមិថុនា លោក ឌឺហ្គោល បានចេញទៅធ្វើទស្សនកិច្ចវិញុុម្ដង នៅរាជធានីឡុងដ៍ ប្រទេសអង់គ្លេស និងបានប្រកាសនៅទីនោះ ពីលទ្ធភាពនៃការបង្កើត «សម្ព័នភាព អង់គ្លេស-បារាំង»។
នៅថ្ងៃទី១៧ ខែមិថុនា លោក ឌឺហ្គោល បានត្រឡប់ចូលទឹកដីបារាំងវិញ។ លោកបានទទួលដំណឹងថា លោកប្រធានក្រុមប្រឹក្សាភិបាល «Paul Reynaud» បានលាលែងពីតំណែង និងត្រូវបានជំនួសដោយលោក «Philippe Pétain» ដែលស្នើសុំឲ្យមានកិច្ចព្រមព្រៀងឈប់បាញ់ និងយោគយល់មួយ (L’Armistice) រវាងប្រទេសបារាំង និងប្រទេសអាល្លឺម៉ង់។
ពាក្យ«យោគយល់»នេះ មានលក្ខណៈឲ្យល្អមើលពីខាងក្រៅ តែបើនិយាយឲ្យពិត វាជាកិច្ចព្រមព្រៀង ដាក់ប្រទេសបារាំង ឲ្យស្ថិតនៅក្រោមរដ្ឋាភិបាលណាហ្សី របស់ប្រទេសអាល្លឺម៉ង់។
គឺនៅថ្ងៃដដែលនោះហើយ ដែលលោក ឌឺហ្គោល បានចាកចេញពីប្រទេសបារាំង ឆ្ពោះទៅកាន់រាជធានី ឡុងដ៍ តាមយន្ដហោះមួយ អមដំណើរដោយលោក «Edward Spears» ឧត្ដមសេនីយយោធាមួយរូប របស់ចក្រភពអង់គ្លេស។ ក្នុងដំណើរនោះ លោក ឌឺហ្គោល មានប្រាក់ ១០០ ០០០ហ្វ្រង់ នៅជាប់ខ្លួន ដើម្បីបន្តការប្រយុទ្ធ។
ត្រង់ចំណុចទាំងនេះ មិនមែនលោក ឌឺហ្គោល ទៅសុំពឹងអង់គ្លេស ឲ្យមកជួយបារាំងទេ តែជាបុព្វហេតុរួម របស់ប្រទេសទាំងពីរ មុននឹងសង្គ្រាមលោកលើកទីពីរ បានរាលដាលឲ្យអាមេរិកលូកដៃចូល នៅពេលក្រោយមក។ ដូច្នេះ មិនមានអ្វី ដូចការលើកឡើងខ្លីៗ របស់លោក ហ៊ុន សែន នោះឡើយ។
– នៅថ្ងៃទី១៨ ខែមិថុនា លោក ហ្សាល ឌឺហ្គោល បានប្រកាសតាមវិទ្យុ «BBC» ពីរាជធានី ឡុងដ៍ ស្ដីការបន្តប្រយុទ្ធ នៃប្រទេសបារាំងឯករាជ្យ ប្រឆាំងកងទ័ពហ្វាស៊ីស។ នៅក្នុងសេចក្ដីប្រកាសជាប្រវត្តិសាស្ត្រនោះ លោកបានអំពាវនាវ ទៅកាន់ប្រជាជនបារាំង ជាពិសេសកងទ័ពបារាំង ឲ្យងើបឡើងតស៊ូ ទាំងនៅក្នុងប្រទេសអង់គ្លេស ទាំងនៅក្នុងប្រទេសបារាំង។
ប្រជាជនបារាំង បានស្ដាប់ និងស្គាល់ពីសេចក្ដីអំពាវនាវនោះ ដូចបាតដៃ និងបានហៅលោក ឌឺហ្គោល តាំងពីពេលនោះមក ថាជា«បីតាចលនាតស៊ូ»។ គួរឲ្យស្ដាយ ដែលការប្រកាសតាមវិទ្យុ ជាលើកដំបូងនេះ មិនត្រូវបានថតទុកទេ ផ្ទុយពីការប្រកាសជាថ្មីទៀត នៅថ្ងៃទី២២ ខែមិថុនា ដែលសម្លេងលោក ត្រូវបានថត និងរក្សាទុករហូតដល់សព្វថ្ងៃ។
ដូច្នេះ ប្រទេសបារាំង និងប្រជាជនបារាំង បានស្គាល់លោក ឌឺហ្គោល ជាមុន និងយ៉ាងច្បាស់រួចហើយ មិនដូចលោក ហ៊ុន សែន ដែលទើបនឹងបង្ហាញខ្លួន នៅពេលមានរដ្ឋាភិបាល នៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ក្រោយថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ដែលគេស្គាល់ថា ជារដ្ឋាភិបាល លើកបន្តុបឡើងដោយក្រុងហាណូយនោះឡើយ។
– ប្រវត្តិបន្តរបស់លោក ឌឺហ្គោល ក្នុងអំឡុងពេលសង្គ្រាម និងពេលក្រោយសង្គ្រាម ក៏កាន់តែមានភាពខុសស្រឡះ ពីលោក ហ៊ុន សែន ដែរ។ តែការរៀបរាប់ ទាក់ទងនឹងប្រវត្តិរបស់លោក ឌឺហ្គោល នឹងត្រូវជម្រាបជូនជាបន្ទាប់ទៀត នៅក្នុងអត្ថបទលើកក្រោយ៕