វិភាគ អត្ថាធិប្បាយឯកសារលំអិត

ពលរដ្ឋបញ្ចេញមតិ ចាំបាច់​ត្រូវ​លាបពណ៌​បន្ថែម?

តែងមានពាក្យនិយាយតៗ គ្នាថា បើសិនជាពលរដ្ឋនិយាយអ្វី ប៉ះពាល់ដល់ភាពអវិជ្ជមាននៅក្នុងសង្គម ម្ចាស់សំដីច្បាស់ជាត្រូវគេចាត់ទុកថា ជាក្រុមបក្សប្រឆាំង។ តែពាក្យនិយាយតៗគ្នាខាងលើ អាចនឹងក្លាយជា «សុភាសិតសង្គម» ដ៏មានប្រសិទ្ធិភាព ដោយហេតុថា រាល់ពាក្យសំដីរបស់ពលរដ្ឋ ចេះតែត្រូវ​ក្រុមអ្នកនយោបាយ យកទៅលាបពណ៌ ផាត់ប្រេងម្សៅបន្ថែម ដែលចង់មិនចង់ បានទាញពលរដ្ឋរូបនោះ ឲ្យធ្លាក់ចូលទៅក្នុងនិន្នាការ របស់ក្រុមខ្លួន។

ដូចក្នុងពេលថ្មីៗនេះ ការថ្លែងតាមវីដេអូខ្លីមួយ ពីសំណាក់តារាកំប្លែងល្បី អ្នកស្រី ស្រេង សុកាន់ដា ហៅខ្ញុង ដែលនិយាយអំពី តម្លៃឡើងថ្លៃ នៃចំណីអាហារ និងសណ្ឋាគារ នៅក្រុងព្រះសីហនុ និងបញ្ហាជនជាតិចិន ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីមហាជនទូទៅ។ ក្រៅពីការគាំទ្រ តារាកំប្លែងល្បី​ក៏ទទួលបានមកវិញដែរ នូវការថែមប្រេងលាបម្សៅ និងប្រតិកម្ម ពីក្រុមអ្នកមាននិន្នាការនយោបាយ ទាំងស្រប និងប្រឆាំង។

បើនិយាយពីសិទ្ធិ នៃការនិយាយស្ដី ប្រទេសកម្ពុជាមិនសូវជាមានឈ្មោះ ល្អប្រសើរប៉ុន្មានទេ។ ហើយវាក៏ជារឿងដ៏កម្រដែរ ដែលសិល្បករកម្ពុជាបច្ចុប្បន្ន ហ៊ាននិយាយចំៗ រិះគន់ពីចំណុចអវិជ្ជមាន នៅក្នុងសង្គម កុំថាឡើយលើកឡើង ពីបញ្ហាជនជាតិចិន ដែលកំពុងរស់នៅក្រុងព្រះសីហនុ។ ដូច្នេះ ការបញ្ចេញមតិម្ដងៗ របស់ពលរដ្ឋ ពិតជាមានតម្លៃណាស់ ហើយក៏ទទួលបាន ការពេញចិត្តពេញថ្លើម ពីបណ្ដាជនទូទៅដែរ… រហូតលុះត្រាមកដល់ពេលមួយ ដែល​មតិយោបល់​នោះ ត្រូវបានគេបន្ថែមល្បោយ ដាក់ម្ទេស និង​អំបិល…

ករណីរបស់អ្នកនាង ខ្ញុង ខាងលើ ជាឧទាហរណ៍ស្រាប់។ វីដេអូរបស់អ្នកនាងបង្ហោះចេញ មិនបានប៉ុន្មាននាទីផងទេ តែត្រូវបានគណនីផ្សេងទៀត នៅលើបណ្ដាញសង្គម ដកស្រង់យកទៅបង្ហោះបន្តព្រោងព្រាត ជាពិសេសគឺគណនីរបស់អ្នកនយោបាយ ឬអ្នកមាននិន្នការនយោបាយតែម្ដង។

ដូចយ៉ាងគណនី របស់លោក សោភ័ណ្ឌ ឡារី (Sophorn Lary) អតីតតារាសំដែង ដែលសព្វថ្ងៃជាមនុស្សស្និត នឹងលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានបង្ហោះវីដេអូ របស់តារាកំប្លែង ដោយដាក់ភ្ជាប់ ជាមួយនឹងរូបថត ដែលនាងពាក់អាវគណបក្សប្រជាជន និងពាក្យពេជន៍វាយប្រហារ ទៅគណបក្សកាន់អំណាចថា៖‍

«វាល្មមដល់ពេលវេលាហើយ ដែលអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ភ្ញាក់ខ្លួននិយាយការពិត ឈប់និយាយការពារ ពីការអភិវឌ្ឍន៍ក្លែងក្លាយ របស់របបលោក ហ៊ុន សែន។ ថ្មីៗនេះ អ្នកនាង ខ្ញុង ជាតារាកំប្លែង និងជាសកម្មជនគាំទ្រគណបក្សប្រជាជនកម្ពុជា បានឃើញផ្ទាល់ ពីការលុកលុយអណាធិបតេយ្យរបស់ជនជាតិចិន នឹងសេវាកម្មឡើងថ្លៃនៅលើទឹកដីក្រុងព្រះសីហនុ ក្រោមការដឹកនាំដ៏ឆ្លាតវៃ នៃជនផ្តាច់ការបច្ចុប្បន្ន។ ខ្ញុំ សង្ឃឹមថា បងប្អូនពលរដ្ឋខ្មែរ យុវជន អ្នកសិល្បករសិល្បការិនីដ៏ទៃទៀត ប្រាកដជាភ្ញាក់ខ្លួនដូចតារារូបនេះដែរ។ ប្រទេសជាតិបាត់បង់ ឬរលាយ ក៏មានការរួមចំណែកពីពលរដ្ឋខ្លះ ដែលងប់ងុលនឹងរបបផ្តាច់ការ បច្ចុប្បន្ននេះដែរ។»។

ជាការពិតណាស់ថា ការលើកឡើងរបស់អ្នកស្រី ស្រេង សុកាន់ដា ជាការបង្ហាញ​ពីបទពិសោធន៍មួយ ដែលអ្នកស្រីបានឆ្លងកាត់ ឬអាចនិយាយថា ជាភាពស្មោះត្រង់មួយ របស់អ្នកស្រី ក្នុងនាមជាពលរដ្ឋម្នាក់ ដែលរស់នៅក្នុងសង្គម «មើលឃើញយ៉ាងម៉េច-ថាអញ្ចឹង»។ តែពាក្យសម្តីរបស់អ្នកស្រី ទំនងជាមិនមានចេតនា វាយប្រហារទៅលើរដ្ឋាភិបាល ឬគណបក្សណាមួយឡើយ បើទោះជាគេមើលឃើញថា ការប្រែប្រួលនៅក្រុងព្រះសីហនុ គឺជាការទទួលខុសត្រូវ របស់រដ្ឋាភិបាលលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាសព្វថ្ងៃនេះក្ដី។

ហើយគោលការណ៍ «ពលរដ្ឋនិយម» បែបនេះ ក៏មានពលរដ្ឋជាច្រើន កំពុងទន្ទឹងចង់បាន អំពីមន្ត្រីរដ្ឋាភិបាល អ្នកនយោបាយ ឬអំពីអ្នកគាំទ្រនយោបាយ​ទាំងនោះដែរ។ ជាឧទាហរណ៍ ពលរដ្ឋម្នាក់ បានចូលទៅឆ្លើយតប នឹងការលើកឡើង របស់លោក សោភ័ណ្ឌ ឡាវី ខាងលើថា៖

«សុំមួយទៅលោក សោភ័ណ្ឌ ឡារី… សុំលោកកុំយកបរិបទនយោបាយ មកលាបគាត់អី វាកាន់តែធ្វើឲ្យគាត់មានសម្ពាធ កាន់តែធ្ងន់ធ្ងរទៅៗ… គាត់សុំត្រឹមតែនិយាយត្រង់ៗ រឿងតំម្លៃផ្ទះនៅកំពង់សោមទេ សូមលោកកុំឆក់ឱកាស កេងចំនេញតាមរយៈរូបភាព​ប៉ុន្មាន​សន្លឹក​របស់លោក​ខាងលើ ដាក់បង្ហាញជាចំហអី។ លោកខ្លួនឯង ក៏ដឹងហើយ ស្ថានភាពស្រុកខ្មែរវាយ៉ាងម៉េច បើប៉ះពាល់ដល់បក្សកាន់អំណាចនោះ។ រូបភាពនោះ វានឹងឃើញ ទៅដល់ភ្នែកអ្នកដឹកនាំបច្ចុប្បន្ន ហើយពួកគេនឹងមានអារម្មណ៍យ៉ាងម៉េច។ចំពោះអ្នកនាងខ្ញុង គាត់ជាប្រជាជនធម្មតា មិនមានសមត្ថភាពអី ការពារខ្លួនទេ។ សូមកុំពង្រីករឿងឲ្យធំ (…) លោកធ្វើនេះ មិនបានស្រលាញ់ខ្មែរ ពិតប្រាកដទេ ឲ្យតែអញជោគជ័យ អាណាងាប់ ក៏មិនគិតដែរ។»។

នៅពេលនិយាយដល់ «ស្ថានភាពស្រុកខ្មែរ» គេក៏តែងឮ ពីការលើកឡើងជារឿយៗដែរ ទាក់ទងនឹង «ខ្នងបង្អែក» ឬ «ឲ្យគ្នាឯងស៊ី» ឬពាក្យថា «អ្នកមានជម្រើសពីរ៖ ស្រប ឬប្រឆាំងនឹងអញ»។ ដូចពលរដ្ឋម្នាក់ទៀត បានអះអាងឡើងថា៖

«វាមិនចម្លែកទេ ដែលតារាភាគច្រើន ចូលបក្សប្រជាជន ឬបង្អួតខ្លួនថា ជាមនុស្សបក្សប្រជាជន ទោះបីមិនមែនចូល ដោយចិត្តក៏ដោយ… ហេតុអ្វី? ព្រោះបើហ៊ាននិយាយអ្វី ពីការពិតក្នុងសង្គម នឹងត្រូវបានគេចាត់ចូល ក្នុងក្រុមគាំទ្របក្សប្រឆាំង… ហេតុអ្វី? ព្រោះត្រូវបានគេកេងចំណេញ ផ្នែកនយោបាយ ដោយយកការរិះគន់របស់គាត់ ទៅវាយប្រហារ ឬឆ្លុះបញ្ចាំង ទៅបក្សកាន់អំណាច។»។

ដូច្នេះ ការលាបពណ៌ ទៅលើការបញ្ចេញមតិ របស់ពលរដ្ឋ អាចនឹងផ្ដល់ផលអវិជ្ជមាន សម្រាប់សង្គមទៅវិញ។ វាអាចជារនាំង នៃសិទ្ធិនិយាយស្ដី ដោយហេតុថា នៅមុនពេលពលរដ្ឋ ចង់បញ្ចេញមតិអំពីបញ្ហាសង្គម ត្រូវតែមានគំនិតមួយ ចេញមកឃាត់ខ្លួនឯងថា មតិយោបល់អញ នឹងត្រូវគេយកទៅលាបពណ៌បន្ថែម ឬយ៉ាងណា។

ឬបើមិនអញ្ចឹង ពលរដ្ឋទាំងអស់គ្នា រាប់ទាំងសិល្បករផង គួរត្រូវបានលើកទឹកចិត្ត ឲ្យបញ្ចេញមតិ ឬលើកឡើងពីចំណុចអវិជ្ជមាន ​នៅក្នុងសង្គម ក្នុងនាមជាពលរដ្ឋ ដែលរស់នៅមានសិទ្ធិសេរីភាព ធានាដោយរដ្ឋធម្មនុញ្ញ ដោយមិនចាំបាច់ត្រូវបានគេលាបពណ៌ ផាត់ប្រេងម្សៅបន្ថែមនោះឡើយ៕



You may also like

កម្ពុជា

ហ៊ុន សែន ចំអក​ឲ្យ សម រង្ស៊ី ថា​«វា​ក្មេង​ពេក ខ្ចី​ពេក»

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានថ្លែងសារនយោបាយខ្លីមួយ ចំអកឲ្យអ្នកនយោបាយប្រឆាំងណាមួយនោះ ដែលលោកមិនបញ្ចេញឈ្មោះ ដោយចាត់ទុកថា អ្នកនយោបាយរូបនោះ នៅ«ក្មេងពេក ខ្ចីពេក»។ អ្នកនយោបាយ ដែលបុរសខ្លាំងកម្ពុជា ...
កម្ពុជា

សភា​នឹង​ប្រជុំ​អនុម័ត​កំណែ​ច្បាប់​ថ្មី ស្ដីពី​គណបក្ស​នយោបាយ នៅ​ថ្ងៃទី១៣ ខែ​ធ្នូ​ខាង​មុខ

រដ្ឋសភាឯកបក្ស របស់ប្រទេសកម្ពុជា នឹងបើកសម័យប្រជុំពេញអង្គរបស់ខ្លួន នៅថ្ងៃព្រហស្បត្តិ៍ទី១៣ ខែធ្នូ ឆ្នាំ២០១៨នេះ ដើម្បីពិភាក្សា និងអនុម័ត លើសេចក្ដីស្នើវិសោធនកម្មច្បាប់ ស្ដីពីគណបក្សនយោបាយ នៅត្រង់មាត្រា៤៥ថ្មី និងសេចក្ដីព្រាងច្បាប់មួយទៀត ស្ដីពីបរធនបាលកិច្ច។ ...
និមិត្តសញ្ញារបស់ស្ថានទូតអាមេរិក និងលោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិ។ (រូបថតកាត់ត)
កម្ពុជា

កម្ពុជាថា អាមេរិក​«គឃ្លើន»​ដែល​បរិហារ​ជាថ្មី ការបោះឆ្នោត​ឆ្នាំ​២០១៨

គឃ្លើន – របបក្រុងភ្នំពេញ បានប្រតិកម្ម​ខ្លាំងៗ តបការលើកឡើង របស់ស្ថានទូតសហរដ្ឋ​អាមេរិក ដែលបង្ហោះសារ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន រំលឹកឡើងវិញ ហៅការបោះឆ្នោតសកល ខែកក្កដា ឆ្នាំ២០១៨ ថា«មានកំហុសឆ្គងយ៉ាងខ្លាំង» ...

Comments are closed.

វិភាគ អត្ថាធិប្បាយ

រដ្ឋប្រហារយោធា​នៅភូមា៖ តើហេតុការណ៍​អ្វីខ្លះ បានកើតឡើង?

វិភាគ អត្ថាធិប្បាយ

អ្នកវិភាគថា ឲ្យព្រះរាជាដាក់រាជ្យ ដូចជួយ ហ៊ុន សែន ឲ្យឡើង​ធ្វើស្ដេច

អ្នកដែលផ្ដល់យោបល់ ឲ្យព្រះមហាក្សត្រលាលែង ពីរាជបល្ល័ង្ក តើអ្នកមានបំណង«ជួយលោក ហ៊ុន សែន ឲ្យឡើង​ធ្វើស្ដេច»ឬ ? នេះ ជាការចោទសួរឡើង របស់លោក គីម សុខ ...
វិភាគ អត្ថាធិប្បាយ

នរណាអេះ ហ្សង់ កាស្តិក នាយករដ្ឋមន្ត្រី​ថ្មី នៃ​ប្រទេស​បារាំង?

គណៈរដ្ឋមន្ត្រីបារាំង បានស្គាល់​ការរើរុះ​ដ៏ធំ ជាលើកទីមួយ នៅក្នុងអាណត្តិប្រធានាធិបតី លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron)។ នាយករដ្ឋមន្ត្រី​ថ្មី គឺលោក ហ្សង់ កាស្តិក ...