វិភាគ អត្ថាធិប្បាយឯកសារលំអិត

អ្នកវិភាគនិយាយពីនយោបាយ​«ចងសម្លាប់មុខ» នៃបុរសខ្លាំងកម្ពុជា

អ្នកវិភាគនយោបាយកម្ពុជា បានសំដែងទុទ្ទិដ្ឋិនិយម ចំពោះដំណើរទស្សនកិច្ចលើកទី២ របស់គណៈប្រតិភូសហភាពអ៊ឺរ៉ុប ក្នុងសប្ដាហ៍នេះ នៅកម្ពុជា។ ពីប្រទេសហ្វាំងឡង់ លោក គីម សុខ បានពន្យល់ថា ដំណើរទស្សនកិច្ចនេះ គ្រាន់តែជាការអនុវត្ត តាមកាលវិភាគការងាររបស់សហភាពអ៊ឺរ៉ុប ខណៈលោក ហ៊ុន សែន នឹងមិនរង្គើខ្លួន ចេញពីនយោបាយ«ចងសម្លាប់មុខ» ដែលត្រូវបានបុរសខ្លាំងរូបនេះ​យកមកប្រើ ដើម្បី«បន្តអំណាច» សម្រាប់តែគ្រួសារត្រកូល ហ៊ុន និងក្រុមខ្លួននោះឡើយ។

លោក គីម សុខ បានលើកពីហេតុផលថា បើលោក ហ៊ុន សែន ងាកទៅធ្វើតាមការទាមទារ របស់សហគមន៍អន្តរជាតិនោះ វាសុទ្ធតែអាចធ្វើឲ្យក្រុមលោក ហ៊ុន សែន ជាប់ផុងក្នុង«អន្ទាក់» ដែលបង្កើតឡើងដោយខ្លួនឯង។ អន្ទាក់នោះ និយាយមកឲ្យខ្លី គឺជានយោបាយ​«ចងសម្លាប់មុខ»របស់លោក ហ៊ុន សែន ដោយ​វិធី​សម្លាប់​លទ្ធិ​ប្រជាធិបតេយ្យ​ តាមរយៈ​ការបង្ក្រាប ចាប់ចង ចោទប្រកាន់ និងការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។

ចំណងសម្លាប់មុខទាំងនោះ បានធ្វើឲ្យលោក ហ៊ុន សែន ទ័លច្រករកការស្រាយមិនចេញ។ អ្នកវិភាគ បានយកលក្ខខណ្ឌចំនួនពីរ​មកពន្យល់ ដូចការដកស្រង់ទាំងស្រុង (*) ខាងក្រោម៖

លក្ខខណ្ឌច្បាប់

«ចោទលោក កឹម សុខា ថា “ក្បត់ជាតិ” ហេតុនេះ …

១/ បើដោះលែងមេបក្សប្រឆាំង ឲ្យមានសរីភាព ដោយមិន«មានទោស» ដូចការចោទប្រកាន់នោះ មានន័យថា​ លោក កឹម សុខា មិនបានប្រព្រឹត្តបទក្បត់ជាតិ។ ដូច្នេះ​សំណាច​បទចោទប្រកាន់​ថា​ក្បត់ជាតិ​ ត្រូវ​ជះមកលើ​លោក​ ហ៊ុន សែន វិញ។ គឺ​នយោបាយ​អំណាច​អញនិយម​​របស់លោក ហ៊ុន សែន ​ក៏អស់​លក្ខណ៍ ​ស្លាប់ ​និង​ស្អុយឈ្មោះ​អសោចិ៍​។ សូម្បីតែរាស្ត្រសាមញ្ញ ក៏មើលដឹងថា ជាបទចោទ «មិនហ៊ានប្រកួតបោះឆ្នោត» ទល់នឹងគណបក្សសង្គ្រោះជាតិដែរ។

២/ បើកាត់ឲ្យលោក កឹម សុខា មានទោសតាមការចោទបំភ័ន្តវិញ តើតុលាការកម្ពុជាកូនចៅលោក ហ៊ុន សែន ហ៊ានហៅតំណាងរដ្ឋាភិបាលអាមេរិកាំង ទៅសួររកការបំភ្លឺដែរឬទេ ព្រោះក្រុមលោក ហ៊ុន សែន បានចងភ្ជាប់រឿងលោក កឹម សុខា ទៅនឹងប្រទេសអាមេរិក?

៣/ បើកាត់ឲ្យលោក កឹម សុខា មានទោសតាមការសន្មត់ ដោយមិនខ្វល់ ពីការហៅតំណាងរដ្ឋាភិបាលអាមេរិកទៅសួរ ហើយលើកលែងទោសលោក កឹម សុខា ជាក្រោយ នោះក្រុមលោក ហ៊ុន សែន អាចកាត់ការខ្មាសអៀន ចេះតែធ្វើទៅរួចហើយ ប៉ុន្តែក្រឡាសារនេះ មិនខុសអ្វីពីលោក ហ៊ុន សែន ដើរស្រាតខោកណ្ដាលផ្សារ ដែលកូនក្មេងក៏យល់ថា គួរឲ្យខ្មាសគេដូចករណីទី១ដែរ។»

លក្ខខណ្ឌនយោបាយ

«ទាំងការកម្ចាយលោក សម រង្ស៊ី ការចាប់លោក កឹម សុខា ដាក់ឃុំ និងទាំងការរំលាយគណបក្សសង្គ្រោះជាតិ រហូតមកដល់​ការតាម​ធ្វើទុក្ខបុកម្នេញ​ លើ​មន្ត្រី​បក្ស​នេះបច្ចុប្បន្ន​ សុទ្ធតែជាវិធីសំអាតផ្លូវ ដែលលោក ហ៊ុន សែន ដឹងច្បាស់ថា ជាឧបសគ្គរាំងស្ទះ ដល់ការបន្តអំណាច សម្រាប់គ្រួសារត្រកូល ហ៊ុន និងបក្ខពួក។

ហេតុនេះ ការធ្វើតាមសហភាពអឺរ៉ុប ដោយត្រូវដោះលែងលោក កឹម សុខា ឲ្យពេញសេរីភាពឆាប់ៗនេះ នោះវាមិនខុសពីបញ្ជូលថាមពល ឲ្យគណបក្សសង្គ្រោះជាតិរស់មានរូបរាងឡើងវិញ និងកាន់តែខ្លាំងជាងមុន ត្រៀមប្រកួតប្រជែងបាន យ៉ាងពេញកម្លាំង ខណៈការបោះឆ្នោត ឃុំ/សង្កាត់ នឹងឈានមកដល់ ក្នុងរយៈពេល៣ឆ្នាំខាងមុខ។ ការសម្របសម្រួលនយោបាយ ជាដុំកំភួនណាមួយ មិនអាចទៅរួចទេ ពីព្រោះវាផ្ទុយស្រឡះ ពីផែនការសង្គ្រោះអំណាចលោក ហ៊ុន សែន ខ្លួនឯង ដែល​យកប្រទេសជាតិ ជាកម្មសិទ្ធិ និងចាប់ប្រជារាស្ត្រ ជាឧបករណ៍របស់ខ្លួន។»

លោក គីម សុខ បានមើលឃើញថា នៅមានច្រកខ្លះ ដែលអនុញ្ញាតឲ្យរបបក្រុងភ្នំពេញ ដោះលែងលោក កឹម សុខា។ ច្រកនោះ អាចជា«ការអៀនខ្មាស» របស់លោក ហ៊ុន សែន តែក៏ដោយសារលោក ហ៊ុន សែន «ស្ទង់ឃើញបានចំណេញនយោបាយធំ» តាមរយៈលក្ខខណ្ឌណាមួយ ដូចខាងក្រោម៖

ទី១ លោក កឹម សុខា ឈប់ធ្វើនយោបាយ…

ទី២ លោក កឹម សុខា និងលោក សម រង្ស៊ី បែកគ្នា…
– ទោះដោយការប្រកាសរបស់អ្នកណាម្នាក់នៃអ្នកទាំងពីរ ឬដោយការរកឃើញល្បិចបំបែក ចេញពីលោក ហ៊ុន សែន។
– ប៉ុន្តែករណីលោក សម រង្ស៊ី និងលោក កឹម សុខា ប្រកាសបែកគ្នាចេញពីមាត់មេនយោបាយទាំងពីរ ទំនងជាទាល់តែលោក ហ៊ុន សែន ដើរដេកទន្ទេញតែពាក្យ “សេះអើយដុះស្នែងមក”។

ទី៣ លោក កឹម សុខា ធ្វើនយោបាយសើៗ…
គឺសើៗ ទាំងការបញ្ចេញសារនយោបាយ និងទាំងសកម្មភាព ទោះជារឿងរួបរួមអ្នកប្រជាធិបតេយ្យ និងទោះជាការតទល់នយោបាយ នឹងលោក ហ៊ុន សែន។

អ្នកវិភាគបានសន្និដ្ឋានថា៖ 

«ដំណើរទស្សនកិច្ច របស់គណៈប្រតិភូសហភាពអឺរ៉ុប ពុំមានជម្រើសអ្វី ក្រៅតែពីបន្តអនុវត្ត តាមកាលវិភាគការងាររបស់ខ្លួន គឺមិនប្រែប្រួលទាំងគម្រោង និងស្មារតីជំហរបន្តសង្កត់របបលោក ហ៊ុន សែន។ ស្ថានភាពនយោបាយកម្ពុជា ក៏នៅតែបន្តគាំង៕»

លោក គីម សុខ, អ្នកវិភាគនយោបាយ

(*) ឃ្លាខ្លះ ត្រូវបានសម្រួលឲ្យស្រួលស្ដាប់ តែនៅរក្សាអត្ថន័យដើមដដែល។



លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន លេងបាន​តែកីឡា​កូន​គោល ខណៈ សម រង្ស៊ី លេងកីឡាជាច្រើន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា លោកមកដល់វ័យនេះ លេងកីឡាបានតែកីឡាវាយកូនគោលមួយប៉ុណ្ណោះ បើទោះជាលោកចូលចិត្តកីឡាទាំងអស់យ៉ាងណាក៏ដោយ។ កាលពីប៉ុន្មានថ្ងៃមុន លោក សម រង្ស៊ី ដែលមានអាយុច្រើនជាងលោក ហ៊ុន ...
កម្ពុជា

ទំព័រ​ហ្វេសប៊ុក ហ៊ុន សែន ប្រាប់​អ្នកប្រើប្រាស់​ឲ្យ​«មាន​ការទទួល​ខុសត្រូវ»

អ្នក«ប្រើប្រាស់បណ្ដាញសង្គម»ទាំងឡាយ ត្រូវ«មាន​ការទទួល​ខុសត្រូវ» និង«ប្រុងប្រយ័ត្នខ្ពស់» ជាពិសេសត្រូវកត់សម្គាល់ ពីគណនេយ្យ និងទំព័រ (Profile/Page) ពិត របស់លោក ហ៊ុន សែន ដែលមានតែមួយគត់។ ខាងលើនេះ ...
កម្ពុជា

អង្គការ​​​អន្តរជាតិ ៣៣ ធ្វើ​លិខិត​ទៅ​ប្រទេស​១៣ ដើម្បី​ឲ្យកម្ពុជា​​ស្រប​តាម EU

អង្គការអន្តរជាតិ និងសមាគមតំណាងអ្នកបញ្ជាទិញ ចំនួន៣៣ នៅជុំវិញពិភពលោក បានធ្វើលិខិតចំហររួមមួយ នៅថ្ងៃអង្គារនេះ ទៅកាន់រដ្ឋាភិបាល នៃបណ្តាប្រទេស​ធំៗ​ចំនួន​១៣ ដើម្បីស្នើឲ្យពួកគេ ជំរុញទៅរដ្ឋាភិបាលកម្ពុជា ឲ្យសម្របតាមលក្ខខណ្ឌ​របស់​សហភាពអឺរ៉ុប (EU) ក្នុងជំហានទៅរក្សាប្រព័ន្ធអនុគ្រោះពន្ធ ...

យល់ស៊ីជម្រៅផ្នែក វិភាគ អត្ថាធិប្បាយ

វិភាគ អត្ថាធិប្បាយ

រដ្ឋប្រហារយោធា​នៅភូមា៖ តើហេតុការណ៍​អ្វីខ្លះ បានកើតឡើង?

វិភាគ អត្ថាធិប្បាយ

អ្នកវិភាគថា ឲ្យព្រះរាជាដាក់រាជ្យ ដូចជួយ ហ៊ុន សែន ឲ្យឡើង​ធ្វើស្ដេច

អ្នកដែលផ្ដល់យោបល់ ឲ្យព្រះមហាក្សត្រលាលែង ពីរាជបល្ល័ង្ក តើអ្នកមានបំណង«ជួយលោក ហ៊ុន សែន ឲ្យឡើង​ធ្វើស្ដេច»ឬ ? នេះ ជាការចោទសួរឡើង របស់លោក គីម សុខ ...
វិភាគ អត្ថាធិប្បាយ

នរណាអេះ ហ្សង់ កាស្តិក នាយករដ្ឋមន្ត្រី​ថ្មី នៃ​ប្រទេស​បារាំង?

គណៈរដ្ឋមន្ត្រីបារាំង បានស្គាល់​ការរើរុះ​ដ៏ធំ ជាលើកទីមួយ នៅក្នុងអាណត្តិប្រធានាធិបតី លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron)។ នាយករដ្ឋមន្ត្រី​ថ្មី គឺលោក ហ្សង់ កាស្តិក ...

Comments are closed.