ជាព្រឹត្តិការណ៍ ដែលគ្មាននរណាស្មានដល់ ! ក្រុមប៉ារីស (Paris Saint-Garmain – បារាំង) បានបណ្ដេញលោក តូម៉ាស់ ធូហែល (Thomas Tuchel) គ្រូបង្វឹកជាតិអាល្លឺម៉ង់ មួយថ្ងៃមុន​បុណ្យណូអែល ពោលគឺនៅព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៤ ខែធ្នូនេះ និងមួយថ្ងៃក្រោយជ័យជំនះ របស់ក្រុមប៉ារីស លើក្រុម ស្ត្រាស្បួរ៍ (Strasbourg – បារាំង) ដោយពិន្ទុ៤-០។

ទោះជាដំណឹងបណ្ដេញគ្រូបង្វឹកចេញ មិនទាន់ប្រកាសជាផ្លូវការ ចេញពីក្រុមប៉ារីស​នៅឡើយនោះ តែសម្រាប់​សារព័ត៌មាន​កីឡាបារាំង ឈ្មោះ «L’équipe» បានអះអាងថា លោក ធូហែល ត្រូវបានជូនដំណឹង អំពីការបណ្ដេញ​រូបលោកចេញ ក្នុងយប់ថ្ងៃពុធ ទី២៣ ចូលមក​ថ្ងៃព្រហស្បត្តិ៍ ទី២៤ ខែធ្នូ រួចជាស្រេចហើយ។

បើសិនជាលទ្ធផល ដែលក្រុមប៉ារីសទទួលបាន នៅក្នុងក្របខណ្ឌអ៊ឺរ៉ុប «Champions League» មានភាពគាប់ប្រសើរ (លេខ១ នៅក្នុងពូល H) ក្ដី តែលទ្ធផល​នៃរាល់ការប្រកួត នៅក្នុងក្របខណ្ឌ «Ligue 1» ដែលជាការប្រកួតវិលជុំ បូកពិន្ទុដណ្ដើមជើងឯក ក្នុងប្រទេសបារាំង (លេខ៣មកដល់ថ្ងៃនេះ) ទំនងជាមិនបាន​ធ្វើឲ្យមេដឹកនាំក្រុមយក្សមួយនេះ សប្បាយចិត្តទេ។

ជាពិសេស តាំងពីដើមរដូវកាល ២០២០-២០២១នេះមក ក្រុមប៉ារីស បានប្រកួតចាញ់ក្រុម៖

  • «Lens» ដែលទើបនឹងឡើង ពីក្របខណ្ឌ «Ligue 2» ដែលមានកម្រិតទាបជាង «Ligue 1»
  • «Marseilles» ដែលជាសត្រូវស្លាប់រស់ របស់ក្រុមប៉ារីស និងចុងក្រោយបំផុត ក្រុមយក្សបារាំង បានប្រកួតចាញ់ក្រុម
  • «Lyon» ដែលធ្វើឲ្យក្រុមប៉ារីស ធ្លាក់មកនៅចំណាត់ថ្នាក់ទី៣ នៃក្របខណ្ឌ «Ligue 1» នៅបំណាច់ឆ្នាំ ២០២០នេះ។

មួយថ្ងៃមុន​បុណ្យណូអែល តែ…

ស្ថានភាពរបស់គ្រូបង្វឹក «Thomas Tuchel» ទំនងជា​កាន់តែ​ផុយស្រួយ​ថែមទៀត បន្ទាប់ពីលោកបានបញ្ចេញយោបល់ រិះគន់ការផ្ទេរ​-ទិញ​កីឡាករ កាលពីអំឡុងខែតុលាកន្លងមក ដែលដឹកនាំ​ដោយនាយកបច្ចេកទេស​កីឡា​​របស់ក្រុម គឺលោក «Léonardo»។

ចុងក្រោយបំផុតនេះ គ្រូបង្វឹកជាតិអាល្លឺម៉ង ថែមបានផ្ដល់បទសម្ភាស ទៅឲ្យទូរទស្សន៍អាល្លឺម៉ង់ ឈ្មោះ «Sport1» (ចេញផ្សាយ កាលពីថ្ងៃពុធទី២៣ ខែធ្នូម្សិលម៉ិញ) ដោយលោកបានលើកឡើង នូវចំណុចមួយចំនួន ដែលទំនងជាខុស ពីគោលការណ៍កីឡា របស់ក្រុមប៉ារីស និងដែលធ្វើឲ្យ​មេដឹកនាំក្រុម មិនពេញចិត្ត។

យ៉ាងណា សារព័ត៌មានកីឡា​បានរាយការណ៍បន្ថែមថា គម្រោងបណ្ដេញលោក តូម៉ាស់ ធូហែល ត្រូវបានត្រៀមទុក តាំងពីច្រើនថ្ងៃ (ឬច្រើនសប្ដាហ៍) មុនមកម្លេះ។ តែក្រុមប៉ារីស ចង់រង់ចាំរហូតដល់​វិស្សមកាលចុងឆ្នាំ ទើបប្រកាសដំណឹងនេះ ចេញជាសាធារណៈ។

សារព័ត៌មានខ្លះ អះអាងទៀតថា ការបណ្ដេញគ្រូបង្វឹករូបនេះ ដោយហេតុមកពីលោក បានបាត់បង់ឥទ្ធិពល ទៅលើកីឡាករ ដែលសុទ្ធសឹង ជាកំពូលកីឡាករល្បីៗ កម្រិតពិភពលោក ដូចយ៉ាងកីឡាករ ណីម៉ា (Neymar Jr) និងអឹមបាពេ (Kylian Mbappé) ជាដើម៕



លំអិតបន្ថែមទៀត

កីឡា និងបច្ចេកវិទ្យា

[ដំណឹងផ្លូវការ] អ៊ឹមបាពេ បន្ត​កិច្ចសន្យា​៣ឆ្នាំ ជាមួយក្រុម ប៉ារីស

ខ្សែប្រយុទ្ធល្បឿនផ្លេកបន្ទោរជាតិ​បារាំង កីឡាករ គីលីយ៉ាន អ៊ឹមបាពេ (Kylian Mbappé) បានសម្រេចនៅទីបំផុត បន្ត​កិច្ចសន្យា​៣ឆ្នាំ ជាមួយក្រុម ប៉ារីស – ស៊ាំងហ្សែរម៉ាំង (Paris ...
កីឡា និងបច្ចេកវិទ្យា

អតីតគ្រូបង្វឹក​«Tuchel»​ចាកចេញ ជាមួយ​នឹងប្រាក់​​ពី៦​ទៅ៨លានអ៊ឺរ៉ូ

បើប្រព័ន្ធផ្សព្វផ្សាយ បានអះអាង​ពីការបណ្ដេញគ្រូបង្វឹកចេញ តាំងពីសប្ដាហ៍កន្លងទៅនោះ ក្រុមប៉ារីស (Paris Saint-Garmain – បារាំង) ទើបនឹងប្រកាសជាផ្លូវការ អំពីការចាកចេញនេះ នៅថ្ងៃអង្គារទី២៩ ខែធ្នូ ឆ្នាំ២០២០នេះប៉ុណ្ណោះ។ ...
កីឡា និងបច្ចេកវិទ្យា

លីយ៉ូនែល ម៉េស៊ី នឹងត្រៀម«ប្រកួតជាលើកដំបូង» ទល់នឹងក្រុម រ៉ាំម

កំពូលខ្សែប្រយុទ្ធជាតិអាហ្សង់ទីន កីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel Messi) ពិតជាមានវត្តមានជាមួយក្រុម ប៉ារីស (Paris Saint Germain) និងបានធ្វើដំណើរមកដល់ក្រុង រ៉ាំម ...

យល់ស៊ីជម្រៅផ្នែក កីឡា និងបច្ចេកវិទ្យា

កីឡា និងបច្ចេកវិទ្យា

អឹមបាពេ ប្រកាសជាផ្លូវការ ចាកចេញពីក្រុម ប៉ារីស

កីឡា និងបច្ចេកវិទ្យា

ថើបមាត់ ៖ ក្រុមកីឡាការិនី​ផ្អាកលេង​​បើប្រធានសហព័ន្ធ​មិនលាឈប់

រឿងអាស្រូវកើតចេញពី «ការចាប់ឱប-ថើបមាត់» របស់លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ កំពុងបន្តភាគទៅមុខ ដោយសារមេដឹកនាំរូបនេះ បដិសេធមិនលាឈប់ពីតំណែងរបស់ខ្លួន។ នោះគឺដល់វេនក្រុមកីឡាការិនី របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ដែលបានប្រកាសផ្អាកលេង ឲ្យក្រុមជម្រើសជាតិ ...
កីឡា និងបច្ចេកវិទ្យា

FIFA ប្រកាសបើក​«នីតិវិធីវិន័យ»​ប្រឆាំងប្រធានសហព័ន្ធ​អេស្ប៉ាញ

សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានប្រកាសបើក«នីតិវិធីវិន័យ»​ទៅលើលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ជុំវិញការចាប់ឱប-ថើបមាត់​កីឡាការិនី Jennifer Hermoso ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ផ្នែកស្ត្រី បន្ទាប់ពីក្រុមកីឡាការិនីទាំងនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស ...

Comments are closed.