ក្រុមបាល់ទាត់យក្ស រៀលម៉ាឌ្រីដ (Real Madrid) និងក្រុម ប៉ារីស (Paris Saint Germain) បានសម្រេចបញ្ឈប់«ការចរចា» ជុំវិញ​ការផ្ទេរ​កីឡាករ ល្បឿនផ្លេកបន្ទោរ គីលីយ៉ាន អឹមបាពេ (Kylian Mbappé) ក្នុងយប់ថ្ងៃចន្ទនេះ។ នេះ បើតាមការអះអាងរបស់ប្រព័ន្ធផ្សព្វផ្សាយធំៗ របស់ប្រទេសបារាំង នៅមុននេះបន្តិច។

យ៉ាងណា ប្រព័ន្ធផ្សព្វផ្សាយទាំងនោះ បានបន្ថែមថា ជំហររបស់ក្រុមបាល់ទាត់យក្សទាំងពីរ អាចនឹងផ្លាស់ប្ដូរ ក្នុងរយៈពេល២៤ម៉ោង ដែលនៅសល់ នៃរដូវកាលផ្ទេរកីឡាករឆ្នាំនេះ។

កាលពីសប្ដាហ៍មុន ក្រុម រៀលម៉ាឌ្រីដ បានដាក់កញ្ចប់ប្រាក់​នៅលើតុ ចំនួន១៦០លានអ៊ឺរ៉ូ ដើម្បីទិញកីឡាករ គីលីយ៉ាន អឹមបាពេ ពីក្រុម ប៉ារីស។ បន្ទាប់ពីទំហំប្រាក់ខាងលើ ត្រូវបានច្រានចោលភ្លាមៗ ដោយក្រុមបាល់ទាត់ នៃរដ្ឋធានីប៉ារីសរួច ក្រុម រៀលម៉ាឌ្រីដ បានស្នើតម្លៃ​ជាលើកទី២ មានចំនួន១៧០លានអ៊ឺរ៉ូ បូក១០លានអ៊ឺរ៉ូបន្ថែម ជាប្រាក់រង្វាន់នៅពេលក្រោយ។

បើតាមវិទ្យុ«RMC SPORT» ដែលអះអាងបន្ថែម​ ដោយសារព័ត៌មាន«L’Equipe» របស់ប្រទេសបារាំង បានរាយការណ៍ថា ការស្នើតម្លៃ​ជាលើកទី២ បានផុតកំណត់នៅម៉ោង១៨​ ល្ងាច​​ថ្ងៃចន្ទទី៣០ ខែសីហា ឆ្នាំ២០២១ ហើយក្រុម ប៉ារីស មិនបានឆ្លើយតបជាវិជ្ជមាន ទៅនឹងកញ្ចប់ប្រាក់ជាលើកទី២ របស់ក្រុម រៀល ឡើយ។

ប្រភពពីប្រទេសអេស្ប៉ាញ ដែលដកស្រង់សំដី ដោយប្រព័ន្ធផ្សព្វផ្សាយខាងលើ បានអះអាងថា ក្រុមអធិរាជអាវសទំនង​ជា​បានលើកឡើង​ ដោយ«ផ្ទាល់មាត់» អំពីការបន្ថែមកញ្ចប់ប្រាក់ រហូតដល់២០០លានអ៊ឺរ៉ូ និងនៅតែគ្មានចម្លើយពីក្រុមប៉ារីស។ ផ្ទុយទៅវិញ ប្រភពពីក្រុម​បាល់ទាត់ ប៉ារីស បានបដិសេធថា គ្មានទំហំទឹកប្រាក់ជាលើកទី៣ ដែលក្រុម រៀល បានស្នើមកខ្លួននោះទេ។

កំពូលខ្សែប្រយុទ្ធជាតិបារាំង អាយុ២២ឆ្នាំ នៅសល់កិច្ចសន្យាទាត់ឲ្យក្រុម ប៉ារីស ត្រឹមតែ១ឆ្នាំទៀតប៉ុណ្ណោះ (ចប់នៅខែមិថុនា ឆ្នាំ២០២២)។ ក្រោយពីចប់កិច្ចសន្យារួច កីឡាករល្បឿនផ្លេកបន្ទោរ អាចនឹងចេញពីក្រុម ប៉ារីស ហើយមានសិទ្ធិធ្វើកិច្ចសន្យាថ្មី ជាមួយក្រុមបាល់ទាត់ណា​ដែលខ្លួនចង់ទាត់ឲ្យ។

ប៉ុន្តែ​ដូចបានបញ្ជាក់ជូន​ខាងលើរួច រដូវកាលផ្ទេរកីឡាករនៅបន្តបើកទ្វារ ចំនួន២៤ម៉ោងទៀត ហើយអ្វីៗអាចផ្លាស់ប្ដូរបានយ៉ាងឆាប់រហ័ស ពីពេលនេះ ទៅដល់ម៉ោង២៣និង៥៩នាទី យប់ថ្ងៃអង្គារទី៣១ ខែសីហា​ ឆ្នាំ២០២១។ យើងរង់ចាំមើល ថាតើកីឡាករ គីលីយ៉ាន អឹមបាពេ នឹងបន្តនៅជាមួយក្រុម ប៉ារីស ឬចេញទៅនៅជាមួយក្រុម រៀល ម្ដងវិញ៕



លំអិតបន្ថែមទៀត

កីឡា និងបច្ចេកវិទ្យា

Champions League៖ ប៉ារីស កំពុង​ឈានទៅ​សម្រេចសុបិន្ត​ខ្លួន

៥០ឆ្នាំក្រោយមក (រាប់ពីពេលក្រុមចាប់កំណើត ក្នុងឆ្នាំ១៩៧០) ក្រុម ប៉ារីស (Paris Saint-Germain – បារាំង) កំពុង​ឈានទៅ​សម្រេចសុបិន្ត​ខ្លួន ដោយបានឡើង​ដល់​វគ្គផ្ដាច់ព្រ័ត្រ នៃក្របខណ្ឌ «Champions ...
កីឡា និងបច្ចេកវិទ្យា

ម៉ូរីស៊ីយ៉ូ ប៉ូឆិនទីណូ នឹងក្លាយជាគ្រូបង្វឹក​របស់​ក្រុមប៉ារីស បន្ទាប់ពី ធូហែល

លោក ម៉ូរីស៊ីយ៉ូ ប៉ូឆិនទីណូ (Mauricio Pochettino) អតីតគ្រូបង្វឹករបស់ក្រុម ថូទេនហាម (Tottenham – អង់គ្លេស) នឹងក្លាយជា​គ្រូបង្វឹក​របស់ក្រុម ប៉ារីស (Paris ...
កីឡា និងបច្ចេកវិទ្យា

លូកា ម៉ូឌ្រិក ឈ្នះ​ជា​ម្ចាស់​«បាល់មាស»​ឆ្នាំ២០១៨

ខ្សែបម្រើប្រកបដោយទេពកោសល្យ របស់ក្រុមរៀលម៉ាឌ្រីត (Real Madrid) និងក្រុមជម្រើសជាតិ នៃប្រទេសក្រូអាស៊ី កីឡាករ លូកា ម៉ូឌ្រិក (Luka Modric) បានបន្តតំណែង ពីកំពូលខ្សែប្រយុទ្ធ ...

យល់ស៊ីជម្រៅផ្នែក កីឡា និងបច្ចេកវិទ្យា

កីឡា និងបច្ចេកវិទ្យា

អឹមបាពេ ប្រកាសជាផ្លូវការ ចាកចេញពីក្រុម ប៉ារីស

កីឡា និងបច្ចេកវិទ្យា

ថើបមាត់ ៖ ក្រុមកីឡាការិនី​ផ្អាកលេង​​បើប្រធានសហព័ន្ធ​មិនលាឈប់

រឿងអាស្រូវកើតចេញពី «ការចាប់ឱប-ថើបមាត់» របស់លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ កំពុងបន្តភាគទៅមុខ ដោយសារមេដឹកនាំរូបនេះ បដិសេធមិនលាឈប់ពីតំណែងរបស់ខ្លួន។ នោះគឺដល់វេនក្រុមកីឡាការិនី របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ដែលបានប្រកាសផ្អាកលេង ឲ្យក្រុមជម្រើសជាតិ ...
កីឡា និងបច្ចេកវិទ្យា

FIFA ប្រកាសបើក​«នីតិវិធីវិន័យ»​ប្រឆាំងប្រធានសហព័ន្ធ​អេស្ប៉ាញ

សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានប្រកាសបើក«នីតិវិធីវិន័យ»​ទៅលើលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ជុំវិញការចាប់ឱប-ថើបមាត់​កីឡាការិនី Jennifer Hermoso ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ផ្នែកស្ត្រី បន្ទាប់ពីក្រុមកីឡាការិនីទាំងនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស ...

Comments are closed.