ក្រុមជម្រើសជាតិរបស់ប្រទេស អេស្ប៉ាញ បានទទួលសំបុត្រ ឡើងទៅវគ្គ១/២ បន្ទាប់ពីបំបាក់ក្រុម ស្វីស ដោយគ្រាប់បាល់កាត់សេចក្ដី ៣-១ ក្នុងល្ងាចថ្ងៃសុក្រនេះ។ ជាការប្រកួតវគ្គ១/៤ (ឬហៅថាវគ្គ៨ក្រុម) នៃការដណ្ដើមពានអ៊ឺរ៉ុប ឆ្នាំ២០២០ ដែលប្រព្រឹត្តិទៅក្នុងកីឡដ្ឋាន នៃក្រុង«Saint Petersburg» ប្រទេសរ៉ុស្ស៊ី។
បើទោះជាក្រុមស្វីស ត្រូវបានអាជ្ញាកណ្ដាល បណ្ដេញកីឡាករ «Remo Freuler» ចេញនៅនាទីទី៧៧ក្ដី តែក្រុម«Nati (រហស្សនាមរបស់ក្រុមស្វីស)» នៅតែបង្ហាញភាពរឹងមាំ ស្វាហាប់ និងរក្សាលទ្ធផល ១-១ រហូតដល់ចុងបញ្ចប់ នៃការប្រកួត៩០នាទី និងការប្រកួតបន្ថែមម៉ោង ៣០នាទី។
នៅក្នុងវគ្គទាត់បាល់កាត់សេចក្ដី (ម្ខាង៥គ្រាប់) ក្រុមជម្រើសជាតិ ស្វីស ចំនួន៣នាក់ មិនបានទាត់បាល់បញ្ចូលទី របស់ក្រុម អេស្ប៉ាញ នោះទេ ខណៈកីឡាករអេស្ប៉ាញ២នាក់ ក៏បានខកខាន ក្នុងការទាត់បញ្ចូលទីក្រុមស្វីសដែរ។ លទ្ធផលនៃការទាត់បាល់កាត់សេចក្ដី ៖ អេស្ប៉ាញរកបាន៣គ្រាប់ តែក្រុមស្វីសរកបានតែ១គ្រាប់ប៉ុណ្ណោះ (គ្រាប់បាល់ទី៥មិនត្រូវបានទាត់ទេ ព្រោះគ្មានប្រយោជន៍)។
ក្រុម«La Roja» របស់ប្រទេសអេស្ប៉ាញ ដែលទទួលសំបុត្រឆ្លងវគ្គខាងលើ នឹងត្រូវរងចាំលទ្ធផល នៃការប្រកួតរវាងក្រុង ប៊ែលហ្សិក និងក្រុម អ៊ីតាលី ដែលនឹងប្រព្រឹត្តិទៅ ក្នុងពេលបន្តិចទៀត (យប់ថ្ងៃសុក្រដដែល) ដើម្បីដឹងថា ខ្លួននឹងត្រូវជួបជាមួយក្រុមណាមួយ ក្នុងវគ្គ១/២ (ឬហៅថាវគ្គ៤ក្រុមចុងក្រោយ)។ ក្រុមប៊ែលហ្សិក និងក្រុមអ៊ីតាលី ដែលសុទ្ធតែក្រុមយក្ស និងត្រូវបានអ្នកផង ជឿថាជាបេក្ខភាពដ៏មុតមាំ ក្នុងការលើកពានអ៊ឺរ៉ុបឆ្នាំនេះ៕