«Champions League»៖ ក្រុមដ័រមូន (Borussia Dortmund – អាល្លឺម៉ង់) ដែលប្រកួតចាញ់ក្រុម ថូថេមហាម (Tottenham FC – អង់គ្លេស) ក្នុងការប្រកួត«ទៅ» ដោយពិន្ទុយ៉ាងធ្ងន់ ០-៣នោះ បានព្យាយាមរកពិន្ទុឲ្យបានមកវិញ ក្នុងការប្រកួត«ត្រឡប់» ក្នុងយប់ថ្ងៃអង្គារនេះ ដែលប្រព្រឹត្តិទៅក្នុងផ្ទះរបស់ខ្លួន ឯក្រុងដ័រមូន (ភាគខាងលិច)។
ក្រុមដ័រមូនចាំបាច់ត្រូវវាយសន្ធាប់ ដើម្បីរកគ្រាប់បាល់ឲ្យបានលឿនបំផុត ក្នុងន័យយកទៅទូទាត់ជាមួយគ្រាប់បាល់ ដែលខ្លួនបានប្រកួតចាញ់លើកមុន ដើម្បីសង្ឃឹមបានឆ្លងវគ្គ សម្រាប់ក្របខណ្ឌដណ្ដើមជើងឯកអ៊ឺរ៉ុប «Champions League» ឆ្នាំ២០១៨-២០១៩នេះ។
ប៉ុន្តែ ក្រុមថូថេមហាម គឺជាជញ្ជាំងភ្នំដ៏ធំមួយ ដែលទប់មិនឲ្យក្រុម ដ័រមូន ខិតទៅជិតទីរបស់ខ្លួន ដោយងាយៗឡើយ ជាពិសេសក្រុម ស្ពឺ មានកីឡាករបារាំង «Hugo Iloris» ដែលជាជើងឯកលើកពានពិភពលោក ឆ្នាំ២០១៨ថ្មីៗ នៅចាំទី ដោយកីឡាកររូបនេះ តែងបានចាប់ និងទះចេញ នូវគ្រាប់បាល់របស់ក្រុម ដ័រមូន បានជាច្រើនដង។
រហូតដល់ពាក់កណ្ដាលម៉ោងដំបូង ក្រុមទាំងពីរមានឱកាសវាយលុក ទៅវិញទៅមកប្រហាក់ប្រហែលគ្នា តែរកមិនបានសូម្បីតែមួយគ្រាប់ បើទោះជាក្រុម ដ័រមូន មានភាគរយគ្រប់គ្រងបាល់ រហូតដល់ទៅ៧១%ក៏ដោយ។
ចូលមកដល់ដើមពាក់កណ្ដាលម៉ោងទីពីរ ក្ដីសង្ឃឹមរបស់ក្រុម ដ័រមូន រលាយខ្សុលដូចអំបិលត្រូវទឹក។ ព្រោះចូលមកទាត់វិញ មិនបានប៉ុន្មានផង គឺនៅនាទីទី៤៨ ខ្សែប្រយុទ្ធអង់គ្លេស កីឡាករ «Harry Kane» រកគ្រាប់បាល់បានមួយគ្រាប់ ឲ្យក្រុមស្ពីនាំមុខ បាន ១-០។
បាល់តែមួយគ្រាប់មែន តែវាបានបន្ថែមទំងន់ ឲ្យពិន្ទុសរុបនៃការប្រកួតទាំងពីរលើក រហូតដល់ ៤-០ ដែលពិបាកឲ្យក្រុមដ័រមូន រកគ្រាប់បាល់សង ឲ្យទាន់ពេលវិញណាស់។
មានឱកាសមួយចំនួន ដែលអាចឲ្យក្រុមដ័រមូន ស្ដារមុខមាត់នៅចំពោះអ្នកគាំទ្រពណ៌«លឿង»របស់ខ្លួនដែរ តែដូចបានបញ្ជាក់មុននេះថា ក្រុមស្ពឺបានបណ្ដាក់គ្នាការពារបានយ៉ាងល្អ ដែលបង្ហាញពីភាពស័ក្ដិសមរបស់ក្រុមនេះ ក្នុងការបោះជំហានឡើងទៅវគ្គ១ភាគ៤ ដែលការប្រកួត នឹងប្រព្រឹត្តិទៅ ក្នុងខែមេសាខាងមុខ៕