ដំណឹងពិភពលោក

អតីត​​ប្រធានាធិបតី​ស៊ូដង់ កំពុងត្រូវ ICC ទន្ទឹងរង់ចាំ​ឲ្យ​នាំខ្លួន

ដីកាឲ្យឃាត់ខ្លួនចំនួនពីរ ដែលចេញកាលពីឆ្នាំ២០០៩ ដោយសាលាក្ដីព្រហ្មទណ្ឌអន្តរជាតិ (ហៅកាត់ជាភាសាអង់គ្លេស «ICC» និងភាសាបារាំង «CPI») ឲ្យតាមចាប់ខ្លួនលោក «Omar el-Béchir» អតីត​​ប្រធានាធិបតី​ស៊ូដង់ កំពុងមានសុពលភាព និងស្ថិតជាធរមាននៅឡើយ។

លោក «Omar el-Béchir» រងការចោទប្រកាន់ ពីបទ«ប្រល័យពូជសាសន៍» បទ«ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ» និងបទ«ឧក្រិដ្ឋកម្មសង្គ្រាម» ដែលបានកើតឡើង​នៅតំបន់ដាហ្វួរ (Darfour) នៅក្នុងអំឡុងពេលសង្គ្រាម ប្រឆាំងនឹងការបះបោរមួយ។

នៅក្នុងពេលនេះ សាលាក្ដីព្រហ្មទណ្ឌអន្តរជាតិ កំពុងពិនិត្យមើលយ៉ាងដិតដល់ និងដោយក្ដីប្រុងប្រយ័ត្ន ចំពោះហេតុការណ៍ដែលកំពុងកើតឡើង នៅក្នុងប្រទេសស៊ូដង់ នៅបន្ទាប់ពីក្រសួងការពារជាតិ របស់ប្រទេសនេះ បានប្រកាសដកលោក «Omar el-Béchir» ចេញពីតំណែង កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលម៉ិញ។ 

ការតាមឃ្លាំមើល ពីសំណាក់ស្ថាប័នយុត្តិធម៌អន្តរជាតិមួយនេះ ដោយហេតុថា ក្នុងពេលកន្លងមក ដីកាឲ្យចាប់ខ្លួនអតីតប្រធានាធិបតីខាងលើ មិនដែលត្រូវបាននរណាម្នាក់ យកចិត្តទុកដាក់នោះទេ រាប់ទាំងបណ្ដាប្រទេសជាសមាជិក ទាំង១២៣ របស់សាលាក្ដី និងទាំងក្រុមប្រឹក្សាសន្តិសុខ របស់អង្គការសហប្រជាជាតិនោះផង។

យ៉ាងណា ក៏ហេតុការណ៍នៃការទម្លាក់លោក «Omar el-Béchir» ឲ្យចេញពីតំណែង អាចជាក្ដីសង្ឃឹមថ្មី សម្រាប់បណ្ដាជនរងគ្រោះទាំងឡាយ ក្នុងការនាំខ្លួនលោកអតីតប្រមុខរដ្ឋរូបនេះ ឲ្យឡើងមកតទល់ក្ដី ក៏ដូចជាដើម្បីជាពន្លឺនៃយុត្តិធម៌។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ ដែលចេញផ្សាយ កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលម៉ិញ ភ្លាមៗក្រោយការទម្លាក់លោក «Omar el-Béchir» ចេញពីតំណែងនោះ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (ហៅជាភាសាអង់គ្លេស «Human Rights Watch») បានទាមទារឲ្យអាជ្ញាធរស៊ូដង់ ប្រគល់លោក «Omar el-Béchir» ឲ្យទៅសាលាក្ដីអន្តរជាតិ។

អង្គការអន្តរជាតិដ៏ធំមួយនេះ បានឲ្យដឹងថា៖

«ជនរងគ្រោះទាំងឡាយ នៃឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរជាងគេ នៅតំបន់ដាហ្វួរ មិនត្រូវទន្ទឹងរង់ចាំយុត្តិធម៌ ក្នុងរយៈពេលដ៏យូរដូច្នេះទៀតឡើយ។»

ពិតហើយថា ភាពប្រទាំងប្រទើសផ្នែកការទូត ដែលទាមទារឲ្យឃាត់ខ្លួនប្រមុខរដ្ឋនៅក្នុងតំណែង យកទៅកាត់ទោស មិនមែនជាបច្ចុប្បន្នភាព នៅពេលនេះទេ។ ប៉ុន្តែគេត្រូវដឹងដែរថា ការទម្លាក់លោក «Omar el-Béchir» ចេញពីតំណែង កាលពីម្សិលម៉ិញ អាចត្រូវបានធ្វើឡើង គ្រាន់តែជា«ទម្រង់ខាងក្រៅ» ដើម្បីបំពេញចិត្តពលរដ្ឋ ដែលងើបឡើងតវ៉ាប៉ុណ្ណោះ។

អំណាចរដ្ឋនៃប្រទេសស៊ូដង់ នៅតែស្ថិតក្នុងដៃ នៃបណ្ដាមនុស្ស ដែលធ្លាប់ស្និតនឹងលោក​អតីតប្រធានាធិបតីនៅឡើយ។ ឬនិយាយម្យ៉ាងទៀត មានតែលោក «Omar el-Béchir» តែម្នាក់គត់ ដែលអស់តំណែង ខណៈរបបដឹកនាំប្រទេស នៅតែដដែលដូចមុន និងមិនមានអ្វីផ្លាស់ប្ដូរទេ។

ដូច្នេះ សម្រាប់ក្រុមអ្នកឃ្លាំមើល ព្រឹត្តិការណ៍នៅស៊ូដង់ បានឲ្យរំពឹងថា ដំណើរឆ្ពោះទៅរកការនាំខ្លួន លោក«អតីត​​ប្រធានាធិបតី​ស៊ូដង់» ឲ្យទៅតទល់ នៅក្នុងសាលាក្ដីព្រហ្មទណ្ឌអន្តរជាតិ អាចជាបញ្ហាស្មុគ្រស្មាញនៅឡើយ។

សាលាក្ដីអន្តរជាតិបានរកឃើញថា លោក «Omar el-Béchir» បានបង្កើតឲ្យមាន នូវ​«ឧក្រិដ្ឋកម្ម»ជាច្រើន នៅក្នុងអំឡុងពេលសង្គ្រាម នៅតំបន់ដាហ្វួរ កាលពីឆ្នាំ២០០៦។ ការស៊ើបអង្កេតរបស់សាលាក្ដី បានភ្ជាប់ការទទួលខុសត្រូវ នៅពេលនោះ ទៅមេដឹកនាំស៊ូដង់ចំនួន៤នាក់ទៀត ដែលសុទ្ធសឹងជាមន្ត្រីគ្រាក់ៗ និងនៅមានអំណាចពេញដៃ៕



លំអិតបន្ថែមទៀត

កម្ពុជា

ការពង្រត់ វ៉ាន់ឆាឡឺម៖ កម្ពុជាគួរ​បញ្ចប់​​​ការធ្វើ​មិនដឹងឮ​«ដ៏គួរឲ្យ​អស់សំណើច»

ជាថ្មីម្ដងទៀត អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ (Human Rights Watch)​ បានស្នើឲ្យអាជ្ញាធរ​កម្ពុជា គួរ​បញ្ចប់​ការធ្វើ​មិនដឹងឮ «ដ៏គួរឲ្យ​អស់សំណើច» ចំពោះករណីលោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ (Wanchalearm Satsaksit) ...
កម្ពុជា

ប្រតិកម្មចម្រុះ ឲ្យ​​ស៊ើប​អង្កេត​ការផ្ទុះ​អាវុធ​ប្រឆាំង​ពលរដ្ឋ​នៅ​ក្រចេះ

នៅចំពោះភាពចម្រូងចម្រាស នៃតុល្យភាពចំនួនជនរងគ្រោះ នៅក្នុងហេតុការណ៍ផ្ទុះអាវុធ ក្នុងឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ កាលពីថ្ងៃព្រហស្បត្តិ៍ ទី៨ ខែមីនានេះ ប្រតិកម្មចម្រុះ បានធ្លាក់ចុះមកជាបន្តបន្ទាប់ ទាមទារឲ្យបើកការស៊ើបអង្កេត ដោយឯករាជ្យមួយ ...
កម្ពុជា

ក្រុងភ្នំពេញបញ្ចេញកំហឹងដាក់ ប្រ៊េដ អាដាម ដើម្បីការពារ សៅ សុខា

រដ្ឋាភិបាលក្រុងភ្នំពេញ បានបញ្ចេញប្រតិកម្មខ្លាំងៗ នៅរសៀលថ្ងៃសុក្រនេះ តបទៅលោក ប្រ៊េដ អាដាម (Brad Adams) នាយកប្រតិបត្តិប្រចាំតំបន់អាស៊ី របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.