ដំណឹងពិភពលោក

មហាសេដ្ឋី​អាមេរិក «Jeffrey Epstein» បាន​សម្លាប់​ខ្លួន​ក្នុង​ពន្ធនាគារ

មហាសេដ្ឋី​អាមេរិក លោក «Jeffrey Epstein» ត្រូវបានប្រទះឃើញស្លាប់ ដោយព្យួរករ នៅក្នុងពន្ធនាគារ ក្នុងព្រឹកថ្ងៃសៅរ៍នេះ។ បើតាមសារព័ត៌មានអាមេរិក បានរាយការណ៍​ថា មរណភាពនេះ ជាការសម្លាប់ខ្លួន មុននឹងត្រូវអះអាងបន្ថែម ដោយមន្ត្រីអាជ្ញាធរ កាលពីមុននេះបន្តិច។

កាលពីខែកក្កដាកន្លងទៅ លោក «Jeffrey Epstein» អាយុ៦៦ឆ្នាំ ត្រូវបានតុលាការចោទប្រកាន់ ពីបទធ្វើពេស្យាកម្ម ទៅលើអនីតិជនច្រើនសិបនាក់ ដែលបានកើតឡើង រវាងពីឆ្នាំ២០០២ មកទល់នឹងឆ្នាំ២០០៥។

បើតាមការចោទប្រកាន់នោះ បានលើកឡើងថា លោក «Jeffrey Epstein» ទំនងជាបាននាំក្មេងស្ត្រីជំទង់ ប្រមាណជាង៤០នាក់ (ក្នុងនោះមានមួយចំនួន អាយុទើបតែ​១៤ឆ្នាំ) ចូលមកក្នុងលំនៅដ្ឋានរបស់លោក ជាច្រើនកន្លែង ដើម្បីការរួមភេទ ជាថ្នូរនឹងប្រាក់សុទ្ធ រាប់រយដុល្លារ។

លំនៅដ្ឋានទាំងនោះ មាននៅក្នុងសង្កាត់ «Manhattan» នៃក្រុងញូយក – ក្នុងក្រុង «Palm Beac» នៃរដ្ឋផ្លរីដា និងនៅលើកោះមួយ នៃប្រជុំកោះ ការ៉ាអ៊ីប។

មហាសេដ្ឋី​អាមេរិក ត្រូវបានបដិសេធនៅក្រៅឃុំ

កាលពីថ្ងៃសុក្រ សារព័ត៌មាន «Miami Herald» បានទម្លាយរឿងអាស្រូវថ្មីៗ បន្ថែមទៀតថា បុរសមហាសេដ្ឋីរូបនេះ ទំនងជាទទួលបានប្រយោជន៍ ក្នុងការលាក់កំបាំងសំណុំរឿង ដោយសារមានការដាក់សម្ពាធ អំពីមជ្ឈដ្ឋាននយោបាយ។

សារព័ត៌មានបានបង្ហើប ជាឧទាហរណ៍ឡើងថា ពីក្នុងចំណោមជនសង្ស័យ ដែលធ្លាប់មានទំនាក់ទំនងផ្លូវភេទ ជាមួយក្មេងស្ត្រីជំទង់ៗរងគ្រោះខាងលើ ក៏មានលោក «George Mitchell» សមាជិកព្រឹទ្ធសភាដ៏មានឥទ្ធិពល មកពីគណបក្សប្រជាធិបតេយ្យម្នាក់ដែរ។

លោក «Jeffrey Epstein» ដែលធ្លាប់ជាមនុស្សជំនិតម្នាក់ របស់លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីអាមេរិកសព្វថ្ងៃ ត្រូវបានឃុំខ្លួន​ជាបណ្ដោះអាសន្ន ក្នុងមណ្ឌលកែប្រែ នៃក្រុងញូយក (Metropolitan Correctional Center)។

សារព័ត៌មាន «New York Times» បានឲ្យដឹងថា បុរសមហាសេដ្ឋីធ្លាប់ព្យាយាម ធ្វើអត្តឃាតម្ដងហើយ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ។ ឆ្មាំពន្ធនាគារបានរកឃើញលោកមានរបួស នៅក្នុងពន្ធនាគារ និងដឹងខ្លួននៅឡើយ។

សារព័ត៌មានបន្តថា ទោះជាមានហេតុការណ៍នេះក្ដី តែលោក «Jeffrey Epstein» ទំនងជាមិនត្រូវបានឃ្លាំមើលបន្ថែម ផ្នែកសុវត្ថភាព ក្នុងពន្ធនាគារនោះទេ។

កាលពីប៉ុន្មានថ្ងៃមុន ចៅក្រមមួយរូប នៃតុលាការក្រុង «Manhattan» បានបដិសេធមិនឲ្យបុរសអ្នកមានប្រាក់រូបនេះ បាននៅក្រៅឃុំ ដោយមានការបង់ប្រាក់នោះឡើយ។ ការបដិសេធនោះ ត្រូវបានចៅក្រមពន្យល់ថា លោក «Jeffrey Epstein» អាចមានឱកាសគេចខ្លួន ពីសហរដ្ឋអាមេរិក ជាមួយនឹងធន់ធាន និងមធ្យោបាយដ៏សម្បើមរបស់ខ្លួន៕



លំអិតបន្ថែមទៀត

ដំណឹង

ចេញវីសេតវិមាន ត្រាំ ត្រឡប់​ទៅរស់នៅ​ក្នុងភូមិគ្រឹះ «Mar-a-Lago»

គឺនៅក្នុងភូមិគ្រឹះដ៏ស្កឹមស្កៃ «Mar-a-Lago» ដែលស្ថិតនៅឆ្នេរខាងកើត ឈ្មោះ«Palm Beach» នៃរដ្ឋផ្លរីដា ដែលលោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិតីទី៤៥ នៃសហរដ្ឋអាមេរិក ...
ដំណឹង

ចូ បៃដិន ថ្លែងសារដំបូង៖ «ពលរដ្ឋ​បានបញ្ចេញ​សម្លេង​របស់ពួកគេ»

«ពលរដ្ឋ​បានបញ្ចេញ​សម្លេង​របស់ពួកគេ និងបានផ្ដល់ឲ្យយើង នូវជ័យជំនះ» នេះ ជាការថ្លែងរបស់លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីជាប់ឆ្នោត នៃសហរដ្ឋ​អាមេរិក ដែលជាសារដំបូង ថ្លែងទៅកាន់​អ្នកគាំទ្រ ...
កម្រមាន

ចាប់ខ្លួន​គិលានុបដ្ឋាក​ម្នាក់ ព្រោះ​ទារករបស់អ្នកជំងឺ​មាន «DNA ដូច»

ក្នុងរដ្ឋអារីហ្សូណា (Arizona) ភាគខាងលិចសហរដ្ឋអាមេរិក គិលានុបដ្ឋាកមួយរូប ត្រូវបានអាជ្ញាធរចាប់ខ្លួន បន្ទាប់ពីបានសង្ស័យ​បុរសថែទាំអ្នកជំងឺរូបនេះ ថាបានចាប់រំលោភស្ត្រីអ្នកជំងឺម្នាក់ ដែលសន្លប់ស្ដូកស្ដឹងមិនដឹងស្មារតី តាំងពីច្រើនជាង១០ឆ្នាំមកហើយ ខណៈទារកដែលកើតមក ត្រូវបានរកឃើញថាមាន «DNA ដូច»ជនសង្ស័យ។ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.