ដំណឹងពិភពលោក

រវាង ត្រាំ និង បៃដេន … នៅមាន​បេក្ខជន​ទី៣​ម្នាក់ទៀត!

មិនមែនមានតែលោក ដូណាល់ ត្រាំ (Donald Trump) មកពីគណបក្សសាធារណរដ្ឋ និងលោក ចូ បៃដេន (Joe Biden) មកពីគណបក្សប្រជាធិបតេយ្យ ប៉ុណ្ណោះទេ។ ការបោះឆ្នោត ជ្រើសតាំងប្រធានាធិបតីអាមេរិក នាចុងឆ្នាំ២០២០ខាងមុខ នឹងមានបេក្ខជនទី៣ ឬទី៤​បន្ថែមទៀត។ 

កាលពីយប់ថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២០ លោក ជូស្ទីន អាម៉ាស៍ (Justin Amash) ដែលជាតំណាងរាស្ត្រ ពីរដ្ឋមីឈីហ្គែន (Michigan) បានប្រកាសថា លោកគ្រោង​នឹង​ឈរឈ្មោះ ធ្វើជាបេក្ខជននឹងគេដែរ នៅក្នុងក្របខណ្ឌ គណបក្សសេរីនិយម (Libertarian Party)។

លោកបានជាប់ឆ្នោត ជាតំណាងរាស្ត្រ មកពីគណបក្សសាធារណរដ្ឋ។ តែលោកបាន​ចាកចេញ ពីគណបក្សនេះ នៅខែកក្កដា ឆ្នាំ២០១៩ ក្រោមហេតុផល មិនចុះសម្រុង ទាល់តែសោះ ជាមួយលោក ដូណាល់ ត្រាំ។ 

តាំងពីពេលនោះមក លោកបានក្លាយជាតំណាងរាស្ត្រ ឯករាជ្យ ដែលគ្មានគណបក្ស រហូតមកដល់ខែមេសានេះ ទើបលោកបានចូលរួម ជាមួយគណបក្សសេរីនិយម។

គួរបញ្ជាក់ដែរថា លោក ជូស្ទីន អាម៉ាស៍ ជាតំណាងរាស្ត្រ តែម្នាក់គត់ ដែលមិនមែន​មកពី​គណបក្សប្រជាធិបតេយ្យ ហើយបាន​បោះឆ្នោតយល់ស្រប ឲ្យមានការបណ្ដេញលោក ដូណាល់ ត្រាំ ចេញពីតំណែង កាលពីខែធ្នូកន្លងទៅ។ 

លោក អាម៉ាស៍ អាយុ៤០ឆ្នាំ មានកំណើត នៅក្នុងគ្រួសារ អ្នកកាន់សាសនាគ្រឹស្ទ៍ ដែលមាន​ដើមកំណើត​អារ៉ាប់។ លោកបានអះអាងថា លោកមិនចុះសម្រុង ទាំងជាមួយលោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋ និងទាំង​លោក ចូ បៃដេន មកពី​គណបក្ស​ប្រជាធិបតេយ្យ។ លោកបានថ្លែងថា៖

«នៅពេលខ្ញុំមើល បេក្ខជនទាំងពីរ ខ្ញុំគិតដូចបណ្ដាជនអាមេរិក ភាគច្រើនដែរ ថាពួកគេ​ទាំងពីរនាក់ មិនមានសមត្ថភាព ជាប្រធានាធិបតីទេ ហើយយើងទាំងអស់គ្នា ត្រូវការ​មនុស្សថ្មីមួយ ដែលឆ្លាស់គ្នា ពីពួកគេដដែលៗ។»

លោក អាម៉ាស៍ បានពន្យល់ថា៖

«វិធានការឆ្លើយតប ដែលមានតម្លៃដ៏មហាសាល របស់រដ្ឋាភិបាលសហព័ន្ធ (របស់លោក ដូណាល់ ត្រាំ) ទៅនឹងការរាតត្បាត នៃជំងឺ”Covid-19″ កាន់តែបង្ហាញច្បាស់ថែមទៀត ពីអ្វីដែលខ្ញុំអះអាងខាងលើ។ រដ្ឋាភិបាលបានចំណាយ រាប់កោដដុល្លារ ដែលមិនបាន​ជួយ​បណ្ដាជន ដែលកំពុងត្រូវការជំនួយ នោះឡើយ។»

«ផ្ទុយពីជួយបណ្ដាជន ដែលគ្នាត្រូវការនោះ មួយភាគធំនៃជំនួយ បែរជាត្រូវបញ្ជូន ទៅជួយ​មេដឹកនាំ នៃក្រុមហ៊ុនសហគ្រាសធំៗ ឬមនុស្សដែលជាប់ខ្សែស្រឡាយ នឹងមេដឹកនាំ​ទាំងនោះ ទៅវិញ។»

គណបក្សសេរីនិយម បង្កើតឡើងនៅឆ្នាំ ១៩៧០។ គណបក្សនេះប្រឆាំង សឹងតែទាំងស្រុង នូវនយោបាយអន្តរាគមន៍ តាមរយៈការចំណាយរបស់រដ្ឋ រាប់តាំងពីពន្ធដារ រហូតដល់​ការចំណាយ នៅក្នុងវិស័យយោធា។ គណបក្សនេះ ក៏ប្រឆាំងផងដែរ នូវការដាក់​ទណ្ឌកម្ម​ទាំងឡាយ ទៅលើឧក្រិដ្ឋកម្ម ដែលមិនបង្កឲ្យមានជនរងគ្រោះ ដល់ជីវិត ដូចយ៉ាង​ពេស្យាកម្ម និងការជួញដូរ​​គ្រឿងញៀន ជាដើម។

ប៉ុន្តែគណបក្សមួយនេះ មិនដែលទទួលបានផ្លែផ្កាខ្លាំង នៅក្នុងឆាក​នយោបាយ​អាមេរិក​ឡើយ។ តាំងពីគណបក្ស ត្រូវបានបង្កើតមក មានបេក្ខជនប្រធានាធិបតី តែម្នាក់គត់ គឺលោក «Gary Johnson» ដែលទទួលបាន សម្លេងគាំទ្រ រហូតដល់ ៣,៣% ក្នុង​ការបោះឆ្នោត​​ប្រធានាធិបតី ឆ្នាំ២០១៦ (ជ័យជំនះ បានទៅលោក ដូណាល់ ត្រាំ)។

យ៉ាងណា ក៏បេក្ខភាពរបស់លោក ជូស្ទីន អាម៉ាស៍ អាចរកសម្លេងគាំទ្រ បានច្រើនគួរសម ក្នុងនោះមួយភាគ ជាម្ចាស់ឆ្នោត នៃគណបក្សសាធារណរដ្ឋ ដែលប្រឆាំងលោក ដូណាល់ ត្រាំ និងមួយភាគទៀត ជាម្ចាស់ឆ្នោតនិយមកណ្ដាល តែផ្អៀងទៅស្ដាំ ដែលមិនចូលចិត្ត​លោក ចូ បៃដេន។

អ្នកឃ្លាំមើល​នយោបាយអាមេរិក រំពឹងថា នៅក្នុងស្ថានភាព សព្វថ្ងៃ នៃការរាតត្បាតជំងឺ ដ៏ចង្រៃ បេក្ខភាពរបស់លោក ជូស្ទីន អាម៉ាស៍ អាចមានទម្ងន់ ប្រកបដោយសក្ដានុពល ទៅលើលទ្ធផល នៃការបោះឆ្នោត ដ៏សំខាន់មួយនេះ ដែលគេមិនអាចទាយទុក មុនបាន៕

WE’RE READY.For something new. For a government that secures our rights. For equality before the law. For an end to…

Gepostet von Amash for America am Mittwoch, 29. April 2020


លំអិតបន្ថែមទៀត

កំសាន្ដ

គូរ​ទង់ជាតិ​អាមេរិក… ដោយប្រើ​សុដន់​ជំនួស​ឲ្យជក់ !

ធ្វើដូចម្ដេច ដើម្បីអាចគូរទង់ជាតិសហរដ្ឋអាមេរិក ដែលមានរាងជាបេះដូង… ដោយប្រើ​សុដន់​ជំនួស​ឲ្យជក់ ? អ្នកស្រី «Eves Adames» (ឈ្មោះក្នុងសិល្បៈ) ដែលជាម្ចាស់គម្រោង «Skinpressions» បានប្រើប្រាស់ដងខ្លួនរបស់អ្នកស្រី ជាពិសេសសុដន់ដ៏ទ្រលុកទ្រលន់ ...
ដំណឹង

ជំនិត ត្រាំ និងជានាយក​ខុទ្ទកាល័យ​សេតវិមាន ធ្វើតេស្ដិ៍វិជ្ជមាន​«Covid-19»

លោក «Mark Meadows» ដែលជា​មនុស្ស​«ជំនិត» របស់លោក ដូណាល់ ត្រាំ (Donald Trump) និងជានាយកខុទ្ទកាល័យ នៅសេតវិមាន បានធ្វើតេស្ដិ៍ ចេញលទ្ធផល ...
ដំណឹង

កាម៉ាឡា ហារី អនុប្រធានាធិបតី​ស្ត្រីដំបូងគេ ដែលមិនមែនជា​«ស្ត្រីចុងក្រោយ»

អ្នកស្រី កាម៉ាឡា ហារី (Kamala Harris) នឹងក្លាយជា«អនុប្រធានាធិបតី​ស្ត្រីដំបូងគេ» នៃសហរដ្ឋ​អាមេរិក បន្ទាប់ពីលទ្ធផលស្ទាបស្ទង់ ធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយធំៗ បានផ្ដល់​ជ័យជំនះ ឲ្យបេក្ខជន​មកពី​គណបក្ស​ប្រជាធិបតេយ្យ លោក ចូ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.