ស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា បានធ្វើសន្និសីទកាសែតមួយ កាលពីរសៀលថ្ងៃនេះ ទាត់ចោលការចោទប្រកាន់ទាំងឡាយ ដែលហាក់មានសន្ទុះ កាន់​តែ​ខ្លាំងឡើង ពីសំណាក់រដ្ឋាភិបាលកម្ពុជា ជាពិសេស ពីសំណាក់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយ​ស្ថានទូតបានពន្យល់ នូវករណី​ជាច្រើន រាប់បញ្ចូលទាំងតួនាទីអាមេរិក ក្នុងការជួយ​អភិវឌ្ឍន៍កម្ពុជា និងការចាប់ខ្លួន​លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ កាលពីសប្ដាហ៍កន្លងទៅ។

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមយកការថ្លែងដោយផ្ទាល់ របស់លោក វីល្លៀម ហេត (William A. Heidt) ឯកអគ្គរដ្ឋទូតអាមេរិក នៅក្នុងសន្នីសីទនោះ មកចុះផ្សាយ​ទាំងស្រុង ដូចខាងក្រោម។

សូមអរគុណ ដែលបានអញ្ជើញមកថ្ងៃនេះ។

ខ្ញុំសូមធ្វើ​សេចក្តី​ថ្លែងការណ៏​ខ្លីមួយ បន្ទាប់មក ខ្ញុំនឹងឆ្លើយ​សំណួរ​លោកអ្នក។

នៅថ្ងៃទី២ ខែកញ្ញា ខ្ញុំបានចាកចេញទៅសហរដ្ឋអាមេរិក ដោយមិនបានគ្រោងទុក ដោយសារហេតុផល ផ្ទាល់ខ្លួន។ ៤០នាទីបន្ទាប់ពីខ្ញុំបានចាកចេញទៅ រដ្ឋាភិបាលបាន​ចាប់ខ្លួនលោក កឹម សុខា ជាមេដឹកនាំបក្សប្រឆាំង ដោយចោទថាក្បត់ជាតិ ទាក់ទង​នឹងមតិ ដែលលោកទំនង​ជាបាននិយាយ កាលពី៤ឆ្នាំមុន។

«ស្ថានទូតអាមេរិក ៖ ការចោទប្រកាន់គ្មានមូលដ្ឋាន មិនត្រឹមត្រូវ និងខុស​ដោយចេតនា»

និយាយដោយត្រង់ទៅ ខ្ញុំគ្មានការភ្ញាក់ផ្អើលទាំងស្រុងនោះទេ នៅពេលខ្ញុំទទួលដំណឹង អកុសលនេះ។ តែខ្ញុំមានការភ្ញាក់ផ្អើល ចំពោះការចោទប្រកាន់ ទៅលើសហរដ្ឋអាមេរិក ទាក់ទងនឹងការចាប់ខ្លួនលោក កឹម សុខា ដែលគ្មានភស្តុតាងច្បាស់លាស់ ឬគួរអោយ​ទុកចិត្តបាន បន្តិចណាសោះ។

វាគឺជាការចោទប្រកាន់ មិនធម្មតា។ ការងារការទូត ជាធម្មតា ត្រូវបានធ្វើដោយ​ប្រើភាសា ដែលមានការប្រយ័ត្ន និងប្រកបដោយការគោរព គឺប្រភេទ នៃភាសាដែល​ខ្ញុំនឹងប្រើ នៅថ្ងៃនេះ។ សារដែលពិបាក ត្រូវបានបញ្ជូន ជាលក្ខណៈឯកជនសិន។ ប្រទេសជាមិត្តនឹងគ្នា តែងតែរកមើល វិធីបំបាត់ការខ្វែងគំនិតគ្នា។

តែនៅក្នុងឆ្នាំកន្លងទៅនេះ ជាច្រើនដងហើយ ដែលសហរដ្ឋអាមេរិក បានរង​ការចោទប្រកាន់ គ្មានមូលដ្ឋាន មិនត្រឹមត្រូវ និងខុសដោយចេតនា។

វាធ្វើឲ្យខ្ញុំមានអារម្មណ៍ ឈឺចាប់ណាស់។ ខ្ញុំគិតថា លោកអ្នកដឹងហើយថា ខ្ញុំមាន​ការទាក់ទងពិសេស ជាមួយប្រទេសកម្ពុជា ហើយខ្ញុំបានមកដល់​ប្រទេសកម្ពុជា កាលពី២ឆ្នាំ​មុន ដោយបានទទួលការណែនាំ ឲ្យខិតខំលើកកំពស់ ទំនាក់ទំនងរបស់​យើង។ ជាការពិត ខ្ញុំនិងបុគ្គលិករបស់ខ្ញុំ តែងតែគោរពដល់គ្រប់គ្នា ដោយចេញសេចក្តី​ថ្លែងការណ៍ ជាសាធារណៈ ក្នុងចំនួនតិចបំផុត ហើយត្រឹមត្រូវ ហើយរកមើលវិធីធ្វើ​សហប្រតិបត្តិការ និងលុបបំបាត់ ការខ្វែងគំនិតគ្នា រវាងប្រជាជនដ៏អស្ចារ្យ របស់យើង​ទាំងពីរ។

ខ្ញុំបានអញ្ជើញអ្នកសារព័ត៌មាន មកថ្ងៃនេះ ដើម្បីធ្វើការពន្យល់លើបីចំណុច។

ចំណុច​ទីមួយ គឺងាយទេ ពោលគឺថា រាល់ការចោទប្រកាន់ ដែលលោកអ្នកបានលឺ នៅក្នុងពេល​ប៉ុន្មានសប្តាហ៍ថ្មីៗនេះ ស្តីពីសហរដ្ឋអាមេរិក គឺសុទ្ធតែខុសទាំងអស់ ។ អត្ថបទនៅក្នុង​សារព័ត៌មានថ្មីៗនេះ ស្តីពីការចាប់ខ្លួនលោក កឹម សុខា ត្រូវបាន​គេ​សរសេរខុសទាំងស្រុង និងដោយចេតនា ក្នុងការហៅអ្វី ដែលសហរដ្ឋអាមេរិកកំពុងធ្វើ នៅកម្ពុជា។ វាពិតជា​ការបង្វែរ ការយកចិត្តទុកដាក់ ចេញពីបញ្ហាពិតប្រាកដមែន (Red herrings)។

ឥឡូវ ខ្ញុំសូមជំរាបលោកអ្នក នូវអ្វីដែលយើងបាន និងកំពុងធ្វើ។ ខ្ញុំមិនអាន នូវបញ្ជី​សកម្មភាពទាំងអស់នោះទេ តែការពិតគឺថា កម្មវិធីរបស់យើង មានការស៊ីចង្វាក់គ្នា គួរអោយកត់សំគាល់ តាំងពីស្ថានទូតរបស់យើង បានបើកឡើងវិញ នៅឆ្នាំ ១៩៩៤។

– យើងគឺជាអ្នកគាំទ្រដ៏ខ្លាំងមួយ ចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ច របស់ប្រទេសកម្ពុជា។ យើងបានជួយកម្ពុជា ក្នុងការបង្កើតក្របខ័ណ្ឌការងារមួយ ដែលបានទាក់ទាញ ក្រុមហ៊ុន សំលៀកបំពាក់ ល្បីៗនៅក្នុងពិភពលោក ដោយរួមទាំងក្រុមហ៊ុន របស់អាមេរិក រាប់សិប​ផងដែរ។ នៅក្នុងឆ្នាំ កន្លងទៅនេះ យើងបានបង្កើតឧស្សាហកម្មថ្មីស្រឡាងមួយ ដែលមាន​តំលៃ ១០០ លានដុល្លា ស្តីពីទំនិញសំរាប់ការធ្វើដំណើរ ដែលនៅពេលនេះ ប្រើកំលាំង​កម្មករ ចំនួនជិត ១០០ ០០០ នាក់។

– គ្រាន់តែនៅឆ្នាំនេះ យើងបានសម្ពោធកម្មវិធី កសិកម្មថ្មីមួយ ដែលគិតគូរ ចំពោះ​បញ្ហា​នៃតំលៃកសិកផលទាបខ្លាំង ដែលប៉ះពាល់ដល់កសិករកម្ពុជា។ យើងបានជួយកម្ពុជា នៅ​ក្នុង​ការដោះស្រាយបញ្ហា នៃផលិតភាពកសិកម្មទាប និងអសន្តិសុខស្បៀង អស់រយៈពេល​​ជាង ២០ ឆ្នាំមកហើយ។

– យើងបានសំរេចភាពជឿនលឿនធំៗ នៅក្នុងការលើកកំពស់ សុខភាពសាធារណៈ នៅ​កម្ពុជា។ ដោយមានជំនួយរបស់អាមេរិក កម្ពុជាជិតក្លាយជាប្រទេសដំបូងគេ នៅលើផែនដីនេះ ដែលខិតទៅជិត ការមានអត្រាឆ្លងមេរោគអេដស៍ ក្នុងកំរិត ០%។ យើងកំពុងតែដឹកនាំការស្រាវជ្រាវ នៅក្នុងការព្យាបាលជំងឺគ្រុនចាញ់ ដែលមានភាពស៊ាំ នឹងឱសថ។

– យើងបានផ្តល់ការអប់រំ ដល់ជនជាតិកម្ពុជា ចំនួនរាប់ពាន់នាក់ តាមរយៈកម្មវិធី​ផ្លាស់ប្តូរ​​ក្នុងការ សិក្សានិងជំនួយដទៃទៀត។ យើងបានកសាងទំនាក់ទំនងជិតស្និទ្ធ រវាងប្រជាជន និងប្រជាជន ដែលបានជាប្រយោជន៍ ដល់ប្រទេសទាំងពីរ ហើយបាន​ធ្វើឲ្យមានការផ្សះផ្សាឡើងវិញ នៅកម្ពុជា។ យើងបានផ្តល់អំណាច ដល់ស្រ្តីរាប់ពាន់នាក់ ហើយបានជួយ បង្រៀនភាសាអង់គ្លេស ដល់កុមារ ដែលស្ថិតក្នុងស្ថានភាពខ្សត់ខ្សោយ។

– យើងគឺជាកំលាំងដ៏ខ្លាំង ក្នុងការធ្វើអោយមានយុត្តិធម៌។ យើងបានចាប់ខ្លួនឧក្រិដ្ឋជន ដែលជាការធ្វើឲ្យប្រទេសយើងទាំងពីរ មានសុវត្ថិភាព ហើយយើងបានប្រកៀកស្មាគ្នា ជាមួយ​រដ្ឋាភិបាល និងសង្គមស៊ីវិល ដើម្បីកាត់បន្ថយការជួញដូរមនុស្ស។

– យើងបានធ្វើការអបអរ និងអភិរក្សវប្បធម៌ខ្មែរ។ ប្រជាជនអាមេរិកបានផ្តល់ថវិកា សំរាប់​ធ្វើការអភិរក្សទ្រព្យសម្បតិ្តជាតិខ្លះ ដ៏មានតំលៃបំផុត របស់ប្រទេសកម្ពុជា ដូចជា​ប្រាសាទភ្នំបាក់ខែង និងប្រាសាទហាន់ជ័យ។

– យើងបានជួយពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ក្នុងពេលថ្មីៗនេះ មន្រ្តីរដ្ឋាភិបាល​ខ្លះ បានរិះគន់ផ្នែកនេះ នៃកម្មវិធីរបស់យើង តែយើងមានមោទនភាព ចំពោះ​ការងារ​របស់យើង ក្នុងការកែលំអអភិបាលកិច្ច និងជួយអ្នកដឹកនាំ ក្នុងការឆ្លើយ ចំពោះ​ប្រជាជន ដែលគេធ្វើជាតំណាងឲ្យ។ យើងបានជួយគណកម្មាធិការជាតិរៀបចំ​ការបោះឆ្នោត ហើយបានបង្រៀន គណបក្សនយោបាយនានា ដោយរួមទាំង​គណបក្ស​ប្រជាជនកម្ពុជាផងដែរ ស្តីពីវិធីបង្ហាញ ពីកម្មវិធីរបស់គេដល់អ្នកបោះឆ្នោត។

«ស្ថានទូតអាមេរិក ៖ ចំការមីនរបស់ចិន សូវៀត និងវៀតណាម មានគ្រោះថ្នាក់១០ដង ជាងគ្រាប់បែក​អាមេរិក»

ប្រវត្តិសាស្រ្ត បានដើរតួនាទីមួយចំណែក នៅក្នុងការចោទប្រកាន់ជាច្រើន ក្នុងចំណោម​ការចោទថ្មីៗ ទាំងនេះ ហើយយើងសូមទទួលស្គាល់កេរ្តិ៍ដំណែល របស់យើង នៅក្នុងសង្គ្រាម​វៀតណាម។ តែយើងមានការប្តេជ្ញាចិត្ត នៅក្នុងការដោះស្រាយបញ្ហា នៃកេរ្តិ៍ដំណែលនេះ។ តើលោកអ្នកដឹងទេថា យើងបានផ្តល់ប្រាក់ចំនួន ជាង ១៦០ លានដុល្លា សំរាប់ការងារ​លុបបំបាត់ យុទ្ធភណ្ឌមិនទាន់ផ្ទុះ? ពាក់កណ្តាលនៃប្រាក់នេះ ត្រូវបានប្រើ សំរាប់លុប​បំបាត់​យុទ្ធភណ្ឌ ដែលទំលាក់ដោយយន្តហោះអាមេរិក នៅភាគខាងកើត​នៃប្រទេស​កម្ពុជា។ តែប្រាក់ចំនួន ពាក់កណ្តាលទៀត ត្រូវបានប្រើសំរាប់ដោះមីន របស់ចិន សូវៀត និងវៀតណាម នៅភាគខាងលិច ប្រទេស នៅតាមចំការមីន ដែលមានគ្រោះថ្នាក់ ១០ ដងលើសគ្រាប់ដែលទំលាក់ ដោយអាមេរិក។

ក្នុងពេល ២ សប្តាហ៍ខាងមុខនេះ យើងនឹងរៀបរាប់រឿងពិត ស្តីពីសកម្មភាពរបស់យើង ហើយពន្យល់ ថាហេតុអ្វីក៏វាល្អ សំរាប់ប្រទេសយើងទាំងពីរ។ សូមតាមដានទំព័រហ្វេសបុក​របស់យើង និងសូមជួយផ្តល់មតិ។

ចំណុចទី ២ របស់ខ្ញុំ ក៏មានលក្ខណៈសាមញ្ញ ដូចគ្នានេះដែរ។ ច្រើនដូចការនិយាយស្តី ពីប្រទេស​អាមេរិកនៅពេលនេះដែរ គឺថាព្រឹត្តិការណ៍នៅក្នុងខែកន្លងទៅនេះមិនប៉ះពាល់ ទៅលើសហរដ្ឋអាមេរិកទេ តែវាប៉ះពាល់ ទៅលើប្រទេសកម្ពុជាទៅវិញទេ។ មួយជំហានម្តងៗ ព្រឹត្តិការណ៍ទាំងនេះ កំពុងតែធ្វើអោយប្រទេសកម្ពុជា ឯកោពីសហគមន៍អន្តរជាតិ ក្នុងពេល​ដែលកម្ពុជា ត្រូវការជំនួយគាំទ្រអន្តរជាតិ ដើម្បីលើកកំពស់សេដ្ឋកិច្ចរបស់ ខ្លួនអោយ​ឡើងមួយកំរិតទៀត ហើយប្រកួតប្រជែងជាមួយប្រទេសជិតខាង នៅក្នុងសមាគ​មអាស៊ាន។

«ពួកគាត់កំពុងតែពិចារណា ប្តូរការងារល្អៗរបស់គាត់ ទៅឥណ្ឌូនេស៊ី បង់ក្លាដេស ឬវៀតណាមវិញ»

សំដីប្រឆាំងអាមេរិក បានធ្វើឲ្យជនជាតិអាមេរិក និងអ្នកទេសចរណ៍លោកខាងលិច​ជាច្រើន មានអារម្មណ៍លែងកក់ក្តៅជាងមុន ពេលធ្វើដំណើរមកកម្ពុជា នាពេល​បច្ចុប្បន្ន។ ឆ្នាំនេះ អ្នកទេសចរទាំងនោះ អាចទៅចាយលុយ នៅហាឡុងបេយ៍ ឬនៅ​ភូកេត ជាជាងនៅអង្គរវត្ត។

នាពេលបច្ចុប្បន្ន ក្រុមហ៊ុនអាមេរិក និងលោកខាងលិច ក៏មានអារម្មណ៍លែងកក់ក្តៅ ជាងមុនផងដែរ ហើយក្រុមហ៊ុនកាន់តែតិចថែមទៀត នឹងមក​វិនិយោគ​នៅកម្ពុជា។ លោកអ្នកប្រហែលជាបានឃើញសេចក្តីថ្លែង របស់ក្រុមប្រឹក្សាធុរកិច្ច អាមេរិក អាស៊ាន​ទាក់ទងនឹងរឿងនេះហើយ។

អ្នកធ្វើការបរិច្ចាកមនុស្សធម៌អាមេរិក ដែលជាក្រុមធំជាងគេ និងមានទ្រព្យច្រើន​ជាងគេ នៅក្នុង ពិភពលោក ក៏លែងមានអារម្មណ៍គិតថា ខ្លួនគេត្រូវបានទទួល​ស្វាគមន៍​ដែរ។ ខ្ញុំប៉ាន់ប្រមាណថា អង្គការ សប្បុរសធម៌អាមេរិក បានសាងសង់សាលាជាង ១.០០០ នៅកម្ពុជា។ វាជាចំនួនដ៏ច្រើនមែនទេ? ខ្ញុំបាន ឮពីអង្គការសប្បុរសធម៌ធំៗខ្លះថា ការធ្វើ​ប្រតិបត្តិការនៅកម្ពុជា កាន់តែប្រឈម នឹងហានិភ័យខ្លាំងហើយ ពួកគាត់កំពុងតែ​ពិចារណា ប្តូរការងារល្អៗរបស់គាត់ ទៅឥណ្ឌូនេស៊ី បង់ក្លាដេស ឬវៀតណាមវិញ។

ប៉ុន្តែផលប៉ះពាក់ធ្ងន់ធ្ងរបំផុត ធ្លាក់មកលើកិត្តិយសរបស់កម្ពុជា ក្នុងនាមជាប្រទេស​ប្រជាធិបតេយ្យ​ក្មេងខ្ចី។ កាលពីបីខែកន្លងទៅ កម្ពុជាបានរៀបចំការបោះឆ្នោត​ដែលមាន​ភាពសេរី និងយុត្តិធម៌បំផុតរបស់ខ្លួន តាំងតែ ពីឆ្នាំ១៩៩៣មក។ ជាភាព​ត្រឹមត្រូវ ប្រជាជនកម្ពុជាមានមោទនភាព ចំពោះរឿងនេះ ហើយជាភាពត្រឹមត្រូវ ដែល​សហរដ្ឋអាមេរិក បានអបអរសាទររដ្ឋាភិបាល និងប្រជាជនកម្ពុជាចំពោះរឿងនេះ។

បីខែបានកន្លងផុត យ៉ាងឆាប់រហ័សមកដល់ពេលនេះ។ ជាការពិត ប្រសិនបើ​ការបោះឆ្នោត​ជាតិកម្ពុជា ប្រព្រឹត្តទៅនៅថ្ងៃនេះ គ្មានអ្នកសង្កេតការណ៍អន្តរជាតិ គួរឲ្យ​ជឿជាក់ណាមួយ ចាត់ទុកថាការបោះឆ្នោតនេះ មានភាពសេរី និងយុត្តិធម៌ ឆ្លុះបញ្ចាំង​អំពី​ឆន្ទៈ របស់ប្រជាជនកម្ពុជាឡើយ។

ខ្ញុំសង្ឃឹមថា គ្រប់គ្នានឹងគិតអំពីចំនុចនេះ ដោយប្រុងប្រយ័ត្ន។ ប្រទេសប្រជាធិបតេយ្យ​មានលក្ខណៈពិសេស។ ក្នុងប្រទេសប្រជាធិបតេយ្យ ប្រជាជនធម្មតាមានតួនាទី​ពិត​ប្រាកដ នៅក្នុងប្រទេសរបស់គាត់ ហើយទំនាក់ទំនងរបស់រដ្ឋាភិបាល និងប្រជាជន មានភាពរឹតតែស៊ីជម្រៅ។ ប្រទេសដទៃមើលមកអ្នក ក្នុងន័យផ្សេង ផងដែរ ដូចជាមាន​ការគោរព និងយល់កាន់តែច្រើន។ វាជាអ្វីដែលសម នឹងតម្លៃនៃការតស៊ូ។

«ស្ថានទូតអាមេរិក ៖ ដោះលែងលោក កឹម សុខា ជាបន្ទាន់»

ហើយចំនុចចុងក្រោយរបស់ខ្ញុំគឺ៖ ទោះបីជាមានព្រឹត្តិការណ៍ទាំងអស់ កើតឡើងកាលពី​ខែមុន​ក្តី ខ្ញុំគិត ថា នៅតែមានពេល ដើម្បីសង្រ្គោះការបោះឆ្នោតឆ្នាំ២០១៨ របស់​កម្ពុជាបាន បន្តការអភិវឌ្ឍប្រជាធិបតេយ្យ របស់កម្ពុជា និងស្តារទំនាក់ទំនងទ្វេភាគី របស់យើង។ ប៉ុន្តែវាទាមទារ ឲ្យមានសកម្មភាពម៉ឺងម៉ាត់ ជាបន្ទាន់។

យើងសូមចូលរួម ជាមួយសហភាពអឺរ៉ុប ក្នុងការទាមទារ ឲ្យដោះលែងលោក កឹម សុខា ជាបន្ទាន់។ ដំណើរការធម្មតា របស់ទីផ្សារសារព័ត៌មានកម្ពុជា ក៏គួរទទួលបាន​ការស្តារ​ឡើងវិញផងដែរ។ ការដាក់សម្ពាធ លើសង្គមស៊ីវិល គួរត្រូវបានបញ្ឈប់។ ហើយប្រហែល​ជាសំខាន់​ជាងនេះ ទៅទៀតនោះ រដ្ឋាភិបាល, បក្សប្រឆាំង, និងសង្គមស៊ីវិល គួរតែ​ចាប់ផ្តើម​កិច្ចសន្ទនា អំពីអនាគតប្រជាធិបតេយ្យ របស់កម្ពុជា ក្នុងបរិយាកាស​បើកចំហរ គោរព និងគ្មានសម្ពាធ។

ខ្ញុំសូមបញ្ចប់ ដោយការកត់សំគាល់ផ្ទាល់ខ្លួនថា ចាប់តាំងពីយើង មកដល់ប្រទេសកម្ពុជា កាលពី២ឆ្នាំមុន ភរិយាខ្ញុំ កូនប្រុសខ្ញុំ និងរូបខ្ញុំផ្ទាល់ មានកិត្តិយសដែលទទួលបាន​ការស្វាគមន៍ យ៉ាងកក់ក្តៅ ពីប្រជាជនកម្ពុជា រៀងរាល់ថ្ងៃ ជាពិសេសកាលពីខែមុន។ ហើយខ្ញុំក៏មានមោទនភាព ចំពោះការខិតខំ និងការប្តេជ្ញាចិត្តរបស់ បុគ្គលិកអាមេរិក និងខ្មែររបស់ ស្ថានទូតអាមេរិក ព្រមទាំងសហគមន៍អាមេរិក ជាទូទៅផងដែរ។

ជាការពិត អាមេរិកមិនមែនជាប្រទេស ស្មុគ្រស្មាញ ពិបាកធ្វើការជាមួយនោះទេ។ សូម​ធ្វើមកលើយើង ដោយយុត្តិធម៌ និយាយជាមួយយើង ដោយស្មោះត្រង់ ធ្វើសហប្រតិបត្តិការ​ជាមួយគ្នា តាមដែលអាចធ្វើបាន ប្រើប្រាស់អំណាចទីផ្សាររបស់យើង ដើម្បីជាប្រយោជន៍​របស់អ្នក ស្វាគមន៍កម្មវិធីជំនួយ និងក្រុមហ៊ុនរបស់យើង។

ក្តីសង្ឃឹមរបស់ខ្ញុំគឺថា រដ្ឋាភិបាលកម្ពុជានឹងបង្ហាញដល់យើងនូវសុឆន្ទៈ ដែលយើងបាន​បង្ហាញដល់គេ ដើម្បីបន្តឡើងវិញ នូវភាពជាដៃគូដ៏ពិសេស និងខ្លាំងក្លាដែលយើង​មាន​រហូត មកដល់កាលពីមួយឆ្នាំមុននេះ៕



You may also like

កម្ពុជា

សម រង្ស៊ី ព្រមាន​ពី​អស្ថិរភាព បើ ហ៊ុន សែន បាញ់​សម្លាប់​រង្គាល​នៅ​ព្រំដែន

មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានបញ្ចេញប្រតិកម្មនៅថ្ងៃនេះ ចំពោះការគម្រាមប្រើកាំភ្លើងយន្ដ ចេញពីលេណដ្ឋាន បាញ់រូបលោក ប្រសិនជាលោកវិលចូលប្រទេសវិញ តាមព្រំដែនគោក។ ប្រធានស្ដីទីគណបក្សប្រឆាំង បានហៅចំណាត់ការរបស់លោក ហ៊ុន ...
កម្ពុជា

អាឡិចថា សោកនាដកម្ម​នឹង​បន្តមាន ព្រោះ​ឫសគល់​«បញ្ហា» គឺ ហ៊ុន សែន

តើការប្ដូរអភិបាលចាស់ ដាក់អភិបាលថ្មី នឹងអាចដោះស្រាយ«បញ្ហា» នៅខេត្តព្រះសីហនុ ដ៏សន្ធឹកសន្ធាប់នោះ បានឬទេ? សម្រាប់ស្ថាបនិកអង្គការមាតាធម្មជាតិ បានពន្យល់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អាចផ្លាស់ប្ដរមនុស្ស តាមចិត្តរបស់លោកចង់ ...
វិភាគ អត្ថាធិប្បាយ

អ្នកវិភាគ៖ «ជំនួប»ធ្វើឲ្យ ហ៊ុន សែន ​ចំណេញ តែ កឹម សុខា គិត​ជ្រៅ

ទិដ្ឋភាព«ជំនួប»ផ្ទាល់មុខ រវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមេដឹកនាំ គណបក្ស​ប្រឆាំង លោក កឹម សុខា ក្នុងពិធីបុណ្យសព ម្ដាយក្មេកលោក ហ៊ុន សែន ...

Comments are closed.

ទស្សនៈប្រិយមិត្ត

លិខិតប្រិយមិត្ត៖ តើចិនអាចធ្វើដំណើរ ទៅដល់ណា?

ទស្សនៈប្រិយមិត្ត

លិខិតប្រិយមិត្ត៖ មូលហេតុ៥ ដែល​«អាមេរិកនិង​កម្ពុជា»​ត្រូវតែជិតស្និតគ្នា

គេតែងដឹង និងយល់ស្របជាទូទៅស្រាប់ហើយថា ទំនាក់ទំនងការទូតរវាង«អាមេរិកនិង​កម្ពុជា» ជាទំនាក់ទំនង​ដែល​រដាក់រដុប ជូរចត់ច្រើន​ជាងផ្អែមល្ហែម ក្នុងរយៈពេល៧០ឆ្នាំកន្លងមកនេះ។ យ៉ាងនេះក៏ដោយ គូភាគីរដ្ឋទាំងទ្វេរ នៅតែ​ប្រឹងប្រែង ធ្វើការ​កែលម្អរ ធ្វើអោយប្រសើរឡើង តាំងពីសម័យកាលសង្គ្រាមត្រជាក់ រហូតមកដល់សម័យកាល​សាកល​ភាវូបនីយកម្ម​បច្ចុប្បន្ន។ ...
ទស្សនៈប្រិយមិត្ត

លិខិតប្រិយមិត្ត៖ ការគោរពបូជា​នូវទិស​ទាំង៦ តាមបែប​ព្រះពុទ្ធសាសនា

បុរសស្រ្តីទាំងឡាយ អ្នកប្រាថ្នាចង់បាន នូវសិរីសួស្តី ក្នុងការរស់នៅ គួរគប្បីប្រតិបត្តិបូជា នូវទិសទាំង៦ តាមបែប​ព្រះពុទ្ធសាសនា ៖ កើត ត្បូង លិច ជើង លើ ...