លោក សម រង្ស៊ី បន្តបញ្ជាក់ជាថ្មី ជុំវិញសំណេររបស់លោក កាលពីចុងសប្តាហ៍មុន ហៅព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី ថាជា«ស្ដេចទីងមោង» ដែលលោកថា តែងធ្វើតាមបញ្ជារបស់នាយករដ្ឋមន្ត្រីចាស់វស្សានៅកម្ពុជា។ ជំហររបស់លោក សម រង្ស៊ី ធ្វើឡើងដើម្បីប្រតិកម្ម ទៅនឹង«អធិបញ្ជា»របស់លោក កើត រិទ្ធ រដ្ឋមន្ត្រីយុត្តិធម៌ ដែលបញ្ជាទៅព្រះរាជអាជ្ញា ឲ្យចាត់វិធានការ ប្ដឹងមេដឹកនាំប្រឆាំងឡើងទៅតុលាការ។

លិខិតរបស់លោក កើត រិទ្ធ ដែលអ្នកសារព័ត៌មានទទួលបាន ក្នុងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ បានស្រង់សំណេរ របស់លោក សម រង្ស៊ី ដែលបង្ហោះលើបណ្ដាញសង្គម និយាយលើកឡើងនៅពេលនោះ សង្កត់ធ្ងន់អំពីការរៃអង្គាសថវិការ ដើម្បីទិញថ្នាំវ៉ាក់សាំង បង្ការជំងឺ​កូវីដ-១៩ (Covid-19) ដោយហៅសំណេរនោះ ថាជាការប្រមាថ«ធ្ងន់ធ្ងរ» ចំពោះអង្គព្រះមហាក្សត្រ។

លោក សម រង្ស៊ី បានសរសេរថា៖

«ឥឡូវនេះ ហ៊ុន សែន ស្ងាត់ជ្រាប ក្នុងរឿងនេះ (រឿងរៃអង្គាសលុយ ពីប្រជាពលរដ្ឋ ដើម្បីទិញវ៉ាក់សាំង ចាក់បង្ការជំងឺកូវីដ-១៩) ហើយគាត់ត្រៀមសងលុយសប្បុរសជន ដែលចាញ់បោកគាត់ មានទាំងស្តេចទីងមោងផងដែរ។»

សម្រាប់លោករដ្ឋមន្ត្រី កើត រិទ្ធ បានចាត់ទុក ការហៅព្រះមហាក្សត្រដូច្នេះ គឺជាការរំលោភបំពាន លើរដ្ឋធម្មនុញ្ញកម្ពុជា និងត្រូវបាន​កំណត់ ជាបទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងផ្តន្ទាទោស តាមបញ្ញត្តិនៃមាត្រា៤៣៧ស្ទួន នៃក្រមព្រហ្មទណ្ឌ។

តែចំពោះលោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានពន្យល់ ក្នុងយប់ថ្ងៃទី២៥ ខែធ្នូដដែល អំពីសំណេររបស់លោក ដោយលោកបានបែងចែក ជា៣វគ្គ រវាងឃ្លា​«ឥឡូវនេះ ហ៊ុន សែន ស្ងាត់ជ្រាបក្នុងរឿងនេះ» ឃ្លា​«គាត់ (ហ៊ុន សែន) ត្រៀមសងលុយសប្បុរសជន ដែលចាញ់បោកគាត់» និងឃ្លា​«(អ្នកចាញ់បោក ហ៊ុន សែន) មានទាំងស្តេចទីងមោង​ផងដែរ»។

មេដឹកនាំប្រឆាំង ដែលកំពុងរស់នៅនិរទេសខ្លួន នៅក្នុងប្រទេសបារាំង បានសរសេរថា៖

«ហ៊ុន សែន អត់ហ៊ាននិយាយស្តីអ្វីទៀតទេ ពីព្រោះក្រោយពីការពន្យល់របស់ខ្ញុំ គាត់ទើបតែយល់ថា គាត់មិនអាចទិញវ៉ាក់សាំង ដូចទិញនំអាកោរឡើយ។ ប្រទេសជិតខាង (…) ដែលគេមានអ្នកដឹកនាំជាអ្នកចេះដឹង មិនអវិជ្ជា និងល្ងង់ខ្លៅដូច ហ៊ុន សែន គេកុម្ម៉ង់វ៉ាក់សាំងបានខ្លះហើយ ប្រកបដោយជោគជ័យ ដោយគ្រាន់តែប្រើថវិការបស់រដ្ឋ ហើយមិនចាំបាច់រៃអង្គាសលុយ ពីប្រជាពលរដ្ឋរបស់គេឡើយ។»

«ក្រោយពីខ្ញុំបានវែកមុខ ហ៊ុន សែន ជាជនខិលខូច ដែលដើរបោកបញ្ឆោតគេឯង ក្នុងការរៃអង្គាសលុយពីប្រជាពលរដ្ឋ ដើម្បីទិញវ៉ាក់សាំងនោះ គាត់ត្រូវតែបង្ខំចិត្តសងលុយសប្បុរសជនវិញ ដែលចាញ់បោកគាត់ ពីព្រោះគាត់មិនអាចនៅបោកគេ យូរជាងនេះបានទេ។»

មេដឹកនាំប្រឆាំង បានបន្តរៀបរាប់ថា ការហៅព្រះរាជាកម្ពុជា ថាជា«ស្ដេចទីងមោង» គឺជាសិទ្ធិសំដែងមតិរបស់លោក។ លោក សម រង្ស៊ី ថា៖

«ខ្ញុំមានសិទ្ធិសម្តែងមតិរបស់ខ្ញុំ ដែលយល់ឃើញថា ព្រះមហាក្សត្រសព្វថ្ងៃ ជាស្តេចទីងមោង ពីព្រោះលោកធ្វើអ្វីៗ តាមតែបញ្ជា ហ៊ុន សែន ទាំងអស់។ ទីងមោង គឺជារូបសិប្បនិមិត្តគ្មានវិញ្ញាណ ដូចអាយ៉ងអញ្ចឹងដែរ ដែលមានអ្នកទាញខ្សែពីក្រោយ។»

ការហៅព្រះមហាក្សត្រ ដោយពាក្យធ្ងន់ៗ មិនមែនទើបត្រូវបានលោក សម រង្ស៊ី ធ្វើឡើងជាលើកទីមួយទេ។ ជាញឹកញាប់ណាស់ លោក រង្ស៊ី បានហៅព្រះអង្គ ថាជា«ចំណាប់ខ្មាំង» «ស្ដេចអាយ៉ង» ឬជា«ស្ដេចទន់ជ្រាយ» ដែល«ឥតប្រយោជន៍»ជាដើម។

លោក សម រង្ស៊ី បានសរសេរបន្តទៀតថា៖

«ព្រះមហាក្សត្រសព្វថ្ងៃ សំងំយកសុខសម្រាប់តែព្រះអង្គឯង ហើយលោកគង់ក្នុងព្រះបរមរាជវាំង ដូចសត្វសេកក្នុងទ្រុងមាស ដែល ហ៊ុន សែន យកថវិកាជាតិទៅចិញ្ចឹម តែគ្មានបានប្រយោជន៍អ្វីសោះឡើយ សម្រាប់ប្រជារាស្ត្រខ្មែរ។ ហ៊ុន សែន យកព្រះមហាក្សត្រ ដើម្បីធ្វើជាខែល សម្រាប់ការពាររបបក្បត់ជាតិសព្វថ្ងៃ ហើយដើម្បីផ្តល់ភាពស្របច្បាប់ឲ្យរបបនេះ ដែលប្រជារាស្ត្រខ្មែរ ដែលស្រលាញ់ជាតិ ស្រលាញ់សេរីភាព និងស្រលាញ់យុត្តិធម៌ ស្អប់ខ្ពើមជាទីបំផុត។»

កាលខែឧសភា ឆ្នាំ២០១៩ តុលាការរបបក្រុងភ្នំពេញ បានផ្ដន្ទាទោសលោក សម រង្ស៊ី មួយករណីហើយ ជុំវិញការសរសេរពីព្រះមហាក្សត្រ ដែលធ្វើឡើងក្នុងអំឡុងខែកក្កដា ឆ្នាំ២០១៨។ ពេលនោះ លោក សម រង្ស៊ី បានហៅលិខិតព្រះមហាក្សត្រ ដែលអំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោត គឺជាលិខិត«ក្លែងក្លាយ» ឬត្រូវធ្វើឡើង«ក្រោមការគំរាមកំហែង»៕



លំអិតបន្ថែមទៀត

កម្ពុជា

កម្ពុជាប្រកាស​«ករណីស្លាប់​ដំបូង»​បន្ទាប់ពី ហ៊ុន សែន ឲ្យត្រៀម​«ប៉ាឆា»

ប្រទេសកម្ពុជាបានប្រកាសឲ្យដឹង ពីមរណភាព​របស់អ្នកជំងឺកូវីដ-១៩ម្នាក់ ដែលបានសម្រាក​ព្យាបាល នៅមន្ទីរពេទ្យ​រុស្ស៉ី (ភ្នំពេញ) និងដែលជា«ករណីស្លាប់​ដំបូង» រាប់ចាប់ពីពេលកម្ពុជា រកឃើញករណីឆ្លង​ទីមួយ ក្នុងខែមករា​ឆ្នាំ២០២០​នោះមក។ នេះ បើតាម​សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ដែលចេញផ្សាយ​នៅព្រឹកថ្ងៃ​ព្រហស្បត្តិ៍ ...
កម្ពុជា

ព្រឹត្តិការណ៍២០កុម្ភៈ៖ ករណីឆ្លង​ក្នុងសហគមន៍ កើនដល់​១០៣នាក់

មកដល់ម៉ោងនេះ ករណីឆ្លង​ក្នុងសហគមន៍ នៃអ្នកជំងឺកូវីដ-១៩ (Covid-19) ត្រូវបានរកឃើញ កើនឡើង​ដល់​ចំនួន​សរុប ១០៣នាក់។ ខាងក្រោមនេះ ជាតួលេខត្រួសៗ បង្ហាញពីការរកឃើញប្រចាំថ្ងៃ នៃករណីឆ្លងក្នុងសហគមន៍ រាប់ចាប់ពី​ថ្ងៃទី២០ ខែកុម្ភៈមក៖ ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

កម្ពុជា ជាប់ឈ្មោះ​​ក្នុងបញ្ជី​​នៃក្រុមប្រទេស​«វាយបង្ក្រាប​សិទ្ធិពលរដ្ឋ»

ប្រទេសកម្ពុជា​ទើបត្រូវបានចាត់ចូល ក្នុងបញ្ជីនៃក្រុមប្រទេស«វាយបង្ក្រាប​សិទ្ធិពលរដ្ឋ» របស់អង្គការ«សម្ព័ន្ធភាពពិភពលោក នៃបណ្ដាអង្គការសង្គមស៊ីវិល និងសកម្មជន» ហៅកាត់ថា«CIVICUS» ដែលមានសមាជិកប្រមាណជាង ៩០០០អង្គការសង្គមស៊ីវិល មកពី១៧៥ប្រទេស នៅជុំវិញផែនដី។ ការចុះបញ្ជីនេះ បានធ្វើឡើងបន្ទាប់ពីការសម្រេចថ្មីបំផុត របស់រដ្ឋាភិបាលលោក ...

Comments are closed.