កម្ពុជាដំណឹង

អ្នកជំនាញ អ.ស.ប ថា​រដ្ឋាភិបាលកម្ពុជា​​បិទ​សំឡេង​ដៃគូ​ប្រជែង​នយោបាយ

ក្រុម«អ្នកជំនាញ» ផ្នែកសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ( អ.ស.ប ) បានសម្តែងកង្វល់របស់ផងខ្លួន ចំពោះនិន្នាការកើនឡើង នៃការគាបសង្កត់ដោយរដ្ឋាភិបាលកម្ពុជា ​ទៅលើ​មតិយោបល់ផ្ទុយពីខ្លួន ដែលហាក់ដូចជាមានបំណងបំភិតបំភ័យ ឬបំបិទសំឡេងអ្នកប្រឆាំង ផ្នែកនយោបាយ។

នេះ បើតាមសេចក្ដីថ្លែងរបស់ក្រុមអ្នកជំនាញទាំងនេះ ពីទីស្នាក់ការអង្គការសហប្រជាជាតិ (អ.ស.ប) ស្ថិតក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទើបនឹងទទួលបាន។

សេចក្ដីថ្លែងការណ៍ បានអះអាងថា សមាជិកអតីតគណៈបក្សសង្គ្រោះជាតិ (CNRP) ជាង ១៤០ រូប ត្រូវបានអាជ្ញាធរចោទសួរ កោះហៅ ឬឃុំខ្លួន ពាក់ព័ន្ធនឹងការចូលរួមក្នុងការប្រមូលផ្តុំ និងការអត្ថាធិប្បាយ គាំទ្រអតីតមេដឹកនាំទាំងពីររូបគឺ លោក កឹម សុខា និង លោក សម រង្ស៊ី នៃគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការរំលាយហើយនោះ។ បុគ្គលមួយចំនួនខាងលើនោះ បានបង្ហោះវីដេអូអំពីការប្រមូលផ្តុំ និងសេចក្តីថ្លែងការណ៍គាំទ្រ លោក កឹម សុខា និងលោក សម រង្ស៊ី តាមហ្វេសប៊ុក។

ក្រុមអ្នកជំនាញបានលើកឡើងថា៖

«យើងមានកង្វល់ អំពីការប្រើច្បាប់ព្រហ្មទណ្ឌ ដើម្បីដាក់គោលដៅទៅលើ ការនិយាយស្តីដោយសេរី ទាំងតាមអូហ្វឡាញ ទាំងតាមអនឡាញ (…) មនុស្សគ្រប់រូបមានសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ។ សិទ្ធិនេះ គឺជាមូលដ្ឋានគ្រឹះ សម្រាប់សង្គម​​មួយបែបប្រជាធិបតេយ្យ និងយុត្តិធម៌។ ការរឹតត្បិត លើសេរីភាពក្នុងការបញ្ចេញមតិ ត្រូវតែមានដែនកំណត់ និងត្រូវបានកំណត់ន័យឲ្យបានច្បាស់លាស់ ហើយសេចក្តីថ្លែងការណ៍ គាំទ្រដល់អ្នកដឹកនាំនយោបាយ មិនស្ថិតក្នុងដែនកំណត់ ដែលអនុញ្ញាតនោះឡើយ។»

ក្រុមអ្នកជំនាញបន្តថា ការរឹតត្បិតណាមួយ លើសេរីភាពបញ្ចេញមតិ ឬសេរីភាព ក្នុងការជួបប្រជុំ ត្រូវតែបានកំណត់តាមនិយមន័យចង្អៀត ហើយត្រូវតែផ្អែកលើអ្វី ដែលមានចែងក្នុងច្បាប់ ដែលចាំបាច់ដើម្បីគាំទ្រ ដល់ហេតុផលស្របច្បាប់ ដូចជា ការការពារសណ្តាប់ធ្នាប់សាធារណៈ ឬសន្តិសុខជាតិ ហើយការរឹតត្បិតទាំងនោះ ត្រូវតែមានសមាមាត្រ ដើម្បីឆ្លើយតបទៅនឹងគោលបំណង ដែលប្រាថ្នាចង់បាន។

សេចក្ដីថ្លែងការណ៍ បានសរសេរថា ការចោទប្រកាន់ពី «បទញុះញង់ ឲ្យប្រព្រឹត្តបទល្មើស» ដែលអាជ្ញាធរបានចោទប្រកាន់ជាសាធារណៈ លើបុគ្គលមួយចំនួន មិនមែនជាការរឹតត្បិតសមស្រប ទៅលើការសម្តែងមតិគាំទ្រ ដល់ឥស្សរជននយោបាយឡើយ។

ក្រុមអ្នកជំនាញក៏បានសម្តែងកង្វល់ផងដែរថា ដីកាដែលកោះបុគ្គលជាច្រើនខាងលើ ទំនងជាផ្ទុយនឹងគោលការណ៍ ស្តីពីសិទ្ធិទទួលបានដំណើរការត្រឹមត្រូវ និងការជំនុំជម្រះ ប្រកបដោយយុត្តិធម៌ ជាពិសេសគោលការណ៍សិទ្ធិស្មើគ្នា និងសិទ្ធិមានពេលវេលា និងមធ្យោបាយគ្រប់គ្រាន់សម្រាប់ការរៀបចំការពារខ្លួនរបស់គេ រាប់ទាំង សិទ្ធិទទួលបានព័ត៌មានសមស្របផងដែរ។

«ដីកាដែលបានកោះ អតីតសមាជិកជាច្រើនរូប របស់គណបក្សសង្គ្រោះជាតិ បានយោងទៅលើការចោទប្រកាន់ ពីការរំលោភលើសាលដីកា របស់តុលាការកំពូល ស្តីពីការរំលាយគណបក្សសង្គ្រោះជាតិ ចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ មក ដោយមិនបានបញ្ជាក់ច្បាស់ ពីលក្ខណៈនៃការរំលោភបំពាន ដែលបានចោទនោះទេ។»

«មេធាវីការពារក្តីមិនត្រូវបានអនុញ្ញាត ឲ្យធ្វើការថតចម្លងឯកសារណាមួយ នៅក្នុងសំណុំរឿង ដើម្បីរៀបចំការពារ ឲ្យបានគ្រប់គ្រាន់ទាន់ពេលវេលា នោះឡើយ។»

អ្នកជំនាញ អ.ស.ប ថា«កម្ពុជាជារដ្ឋឯកបក្ស»

សេចក្ដីថ្លែងការណ៍បានសរសេរបញ្ជាក់ ច្បាស់ៗថា «នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តុលាការកំពូល បានរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងដ៏ធំមួយ និងជាគណបក្សប្រឆាំងតែមួយគត់ ដែលមានអសនៈនៅក្នុងរដ្ឋសភា ដែលធ្វើឲ្យកម្ពុជា ក្លាយជារដ្ឋឯកបក្ស ក្រោមការគ្រប់គ្រង របស់គណបក្សប្រជាជនកម្ពុជា (CPP) ពិតឥតប្រកែកបាន។»

ក្រុមអ្នកជំនាញទាំងនោះ បានថ្លែងនៅទីបញ្ចប់ថា៖

«យើងសូមអំពាវនាវ ដល់រដ្ឋាភិបាល ឲ្យស្តារនិន្នាការធ្លាក់ចុះបច្ចុប្បន្ន ក្នុងការទទួលបានសិទ្ធិនយោបាយ និងសេរីភាពជាមូលដ្ឋាន (…) ដល់ពេលដែលរដ្ឋាភិបាលដឹកនាំ ឲ្យផ្លាស់ប្តូរវប្បធម៌នយោបាយ ទៅជាកិច្ចសន្ទនាមួយ ដែលផ្តោតទៅលើបញ្ហា ជាជាងផ្តោតលើបុគ្គល ដែលវាជាវិធីមួយ ឈានទៅមុខ និងបង្កើតមូលដ្ឋានរឹងមាំ សម្រាប់សន្តិភាពយូរអង្វែង ការអភិវឌ្ឍន៍កបដោយចីរភាព និងការទទួលបានសិទ្ធិមនុស្ស ទាំងអស់៕»

(English below) – UN EXPERTS CONCERNED AT GOVERNMENT MOVES TO SILENCE POLITICAL OPPONENTS លោក ដាវីដ កាយ៉េ អ្នករាយការណ៍ពិសេស ស្តីពីការលើកស្ទួយ និងការពារសិទ្ធិសេរីភាព នៃគំនិត និងការបញ្ចេញមតិ និងខ្ញុំ មានកង្វល់ អំពីនិន្នាការកើនឡើង នៃការគាបសង្កត់ដោយរដ្ឋាភិបាលកម្ពុជា…

Posted by Special Rapporteur Cambodia on Wednesday, June 19, 2019


លំអិតបន្ថែមទៀត

កម្ពុជា

សម រង្ស៊ី ប្រកាស​មិនធ្វើ​នាយករដ្ឋមន្ត្រី និង​ទុក​តំណែង​ឲ្យ​«ជនជំនាន់ក្រោយ»

«ខ្ញុំត្រៀមខ្លួនប្រកាស អត់កាន់តំណែងអីទាំងអស់ ក្នុងការដឹកនាំប្រទេស» នេះ ជាការថ្លែងឡើងរបស់មេដឹកនាំប្រឆាំង លោក សម រង្ស៊ី ដែលបញ្ជាក់ពីជំហររបស់លោក ក្នុងការទុកឱកាស ឲ្យ«ជនជំនាន់ក្រោយ»បន្តធ្វើកិច្ចការបម្រើប្រទេសជាតិ ជាជាងការក្រាញអំណាច រហូតដល់«ចាស់រញីរញ័រ» ...
កម្ពុជា

អ៊ូ វីរៈ៖ ព្រឹទ្ធសមាជិក​ប្រចាំរដ្ឋ មិនមែន​ជា​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ទេ

អ្នកវិភាគបញ្ហានយោបាយ និងសង្គម លោក អ៊ូ វីរៈ បានថ្លែងអះអាងថា ព្រឹទ្ធសមាជិក​ប្រចាំរដ្ឋ នៅសហរដ្ឋអាមេរិក មិនមែនជាសមាជិកព្រឹទ្ធសភា នៃសហរដ្ឋអាមេរិកនោះទេ។ ការលើកឡើងរបស់អ្នកវិភាគ ធ្វើឡើងបន្ទាប់ពីប្រព័ន្ធបំពងសម្លេង របស់របបក្រុងភ្នំពេញ ...
របាយការណ៍

មេទ័ព​កំពូល វង្ស ពិសេន ជា​នរណា?

លោក វង្ស ពិសេន បានក្លាយជាអគ្គមេបញ្ជការ នៃកងយោធពលខេមរភូមិន្ទ ឬហៅឲ្យខ្លី «មេទ័ព​កំពូល» តាមរយៈព្រះរាជក្រឹត្យតែងតាំង របស់ព្រះមហាក្សត្រកម្ពុជា កាលពីម្សិលម៉ិញ តាមការទូលស្នើសុំ របស់លោក ហ៊ុន ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.