កម្ពុជាដំណឹង

ក្រុង​ភ្នំពេញ​ព្រមាន​ចាត់វិធានការ​ប្រឆាំង​ការផ្សាយព័ត៌មាន​ថា អ៊ឺរ៉ុប​«ទុកច្រក»​

ការប្រើពាក្យ ដូចជា «EU ទុកច្រក ឱ្យរដ្ឋាភិបាលកម្ពុជា» ឬពាក្យដទៃទៀត ដែលរបបក្រុងភ្នំពេញវាយតម្លៃថា «មិនត្រឹមត្រូវ» អាចនឹងរងវិធានការ «ដោយម៉ឺងម៉ាត់ និងគ្រប់រូបភាព» ពីរបបដឹកនាំឯកបក្សមួយនេះ។ នេះ បើតាមសេចក្ដីថ្លែងការណ៍ របស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ដែលចេញផ្សាយ នៅល្ងាចថ្ងៃព្រហស្បត្តិ៍ម្សិលម៉ិញ។

សេចក្ដីថ្លែងការណ៍ ដែលមានសរសេរ ជាបីភាសា (ខេមរភាសា អង់គ្លេស និងចិន) បានពន្យល់ថា វិធានការ​«ដោយម៉ឺងម៉ាត់ និងគ្រប់រូបភាព»នោះ គឺដើម្បីថែរក្សា «សតិអារម្មណ៍​​សាធារណៈ ឱ្យស្ថិតនៅក្នុងស្ថិរភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ»។

លោក ផៃ ស៊ីផាន បានទម្លាក់ការទទួលខុសត្រូវ ទៅលើ «អ្នកឆ្លងឆ្លើយព័ត៌មានមួយចំនួន ក៏ដូចជាអ្នក ធ្វើបទអត្ថាធិប្បាយ» ដែលប្រើប្រាស់ «ពាក្យមិនពិត» និងបង្កើតនូវ «ទស្សនៈ​អវិជ្ជមាន មិនឆ្លើយតប នឹងគោលការណ៍ជាក់ស្ដែង (…) ធ្វើឲ្យមតិ​សាធារណជន មានការភាន់ច្រឡំ និងបង្កើតនូវឥរិយាបថ មិនអាច​ទទួលយកបាន» ទាក់ទង​នឹងប្រព័ន្ធ​អនុគ្រោះពន្ធ «EBA» ដែលសហភាពអ៊ឺរ៉ុប បានបើកនីតិវិធីដកចេញ ពីប្រទេស​កម្ពុជា កាលពីខែតុលា ឆ្នាំ២០១៨។

សម្រាប់រដ្ឋាភិបាលកម្ពុជា អ្នកឆ្លងឆ្លើយព័ត៌មាន និងអ្នកធ្វើបទអត្ថាធិប្បាយទាំងនោះ កំពុងបំផុសបំផុល នូវ«ព័ត៌មានក្លែងក្លាយ (Fake News)» ដែលថា «អឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ អ្វីៗទាំងអស់លើកលែងតែអាវុធ (EBA) ពីកម្ពុជា ​ខណៈដែលការពិត រឿង EBA នេះ ភាគីទាំងពីរ នៅមានពេលវេលា ជជែកគ្នានៅឡើយ»។

អ្នកនាំពាក្យរបបក្រុងភ្នំពេញ បានបន្តទៀតថា៖

«រាជរដ្ឋាភិបាល មិនយល់ស្របជាដាច់ខាត ក្នុងកិច្ចប្រើពាក្យ «EU ទុកច្រក ឱ្យរាជរដ្ឋាភិបាលកម្ពុជា» ឬពាក្យដទៃទៀតជាដើម ដែលជាពាក្យមិនសមស្រប ទៅនឹងចរិត ការងារ របស់រាជរដ្ឋាភិបាល ដែលជាដៃគូអភិវឌ្ឍពិតប្រាកដ ជាមួយ EU នោះឡើយ នៅក្នុងកិច្ចលើកស្ទួយ ជីវិភាពពលរដ្ឋកម្ពុជា តាមរយៈកម្មវិធីនេះ។ ពាក្យទាំងនោះ គឺស្ថិតនៅក្នុងបំណងញុះញង់ ឬប្រឆាំងនឹងភាពជាដៃគូ រវាងកម្ពុជា និងសហភាពអឺរ៉ុប។»

តាមរយៈសេចក្ដីថ្លែងការណ៍នោះ រដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់ «រាល់បណ្តាលអង្គភាព ឬបុគ្គលពាក់ព័ន្ធ» ឲ្យ «រក្សាភាពថ្លៃថ្នូរ និងក្រមសីលធម៌ ប្រកបដោយវិជ្ជាជីវៈខ្ពស់» និងកុំបង្ក «ការភាន់ច្រឡំ ជាយថាហេតុណាមួយ ដែលកើតចេញ ពីការបង្កើតព័ត៌មានញុះញង់ ឬក្លែងក្លាយ (Fake News)» នោះ៕

«រាជរដ្ឋាភិបាលនឹងចាត់វិធានការ ដោយម៉ឺងម៉ាត់ និងគ្រប់រូបភាព ក្នុងកិច្ចថែរក្សាសតិអារម្មណ៍សាធារណៈ ឱ្យស្ថិតនៅក្នុងស្ថិរភាព និងកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ ប្រឆាំងនឹងព័ត៌មានមិនពិត (Fake News)»។



លំអិតបន្ថែមទៀត

កម្ពុជា

សម រង្ស៊ី ពន្យល់​ពី​«ការ​បោកបញ្ឆោត»​របស់ ហ៊ុន សែន

ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានចេញលិខិតអំពាវនាវមួយ ទៅកាន់ថ្នាក់ដឹកនាំ សកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិទាំងអស់ ត្រូវ «រក្សាជំហរឲ្យរឹងមាំ កុំចាញ់ការសម្លុត និងការបោកបញ្ឆោត» ពីលោក ...
ដំណឹង

ប្រធានសភា​អ៊ឺរ៉ុប​ថ្មី ជា​អ្នកសារព័ត៌មាន​និយមឆ្វេង របស់​ប្រទេស​អ៊ីតាលី

លោក ដាវីដ សាសូលី (David Sassoli) អ្នកនយោបាយនិយមឆ្វេង របស់​ប្រទេស​អ៊ីតាលី បានឈ្នះឆ្នោតជ្រើសតាំង ក្នុងតំណែងជាប្រធានសភាអ៊ឺរ៉ុប ដោយសម្លេង៣៤៥ ទល់នឹង៦៦៧ នៅក្នុងការបោះឆ្នោតជុំទីពីរ ថ្ងៃទី៣ ...
កម្ពុជា

សម រង្ស៊ី៖ ទណ្ឌកម្ម EU ដាក់លើ​របប​ក្រុង​ភ្នំពេញ ជា«វិធានការ​ត្រឹមត្រូវ»

ចំណាត់ការរបស់សហភាពអឺរ៉ុប ប្រឆាំងរបបដឹកនាំ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជា«វិធានការ​ត្រឹមត្រូវ និងសមស្រប ដែលអាចទទួលយកបាន»។ នេះ បើតាមការអះអាង របស់លោក សម រង្ស៊ី ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.