កម្ពុជាដំណឹង

សម រង្ស៊ី៖ ទណ្ឌកម្ម EU ដាក់លើ​របប​ក្រុង​ភ្នំពេញ ជា«វិធានការ​ត្រឹមត្រូវ»

ចំណាត់ការរបស់សហភាពអឺរ៉ុប ប្រឆាំងរបបដឹកនាំ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជា«វិធានការ​ត្រឹមត្រូវ និងសមស្រប ដែលអាចទទួលយកបាន»។ នេះ បើតាមការអះអាង របស់លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សប្រឆាំង នៅក្នុងលិខិតមួយ ផ្ញើរទៅកាន់សហភាពអ៊ឺរ៉ុប ដែលធ្លាក់មកដល់ដៃអ្នកសារព័ត៌មាន នៅមុននេះ។

​ក្នុងលិខិត​ជាភាសាអង់គ្លេសនោះ លោក សម រង្ស៊ី បានថ្លែងអំណរគុណ ចំពោះសហភាព​អ៊ឺរ៉ុប ក្នុងនោះមានទាំងសភាអ៊ឺរ៉ុប គណៈកម្មាធិការអ៊ឺរ៉ុប និងប្រទេសជាសមាជិកទាំងអស់ ចំពោះ«ការខិតខំប្រឹងប្រែង និងការប្តេជ្ញាជួយការពារសិទ្ធិមនុស្ស និងជួយស្តារលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា» និងអះអាងថា គណបក្សសង្គ្រោះជាតិ បើទោះជាត្រូវបានរំលាយ ដោយរបបក្រុងភ្នំពេញហើយក្ដី តែគណបក្សនេះ នៅតែ«តំណាងឲ្យឆន្ទៈប្រជារាស្ត្រខ្មែរ យ៉ាងតិចពាក់កណ្តាលនគរ»។

មេដឹកនាំប្រឆាំងបានសរសេរថា៖

«ក្នុងនាមប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ដែលគណបក្សសង្គ្រោះជាតិ​ធ្វើជាតំណាង ខ្ញុំសូមបញ្ជាក់​ទៅសហភាពអឺរ៉ុបថា ប្រតិកម្មរបស់សហភាពអឺរ៉ុប ឆ្លើយតប​ទៅនឹង​ការរំកិលទៅរក​អំណាចផ្តាច់ការ នៅប្រទេសកម្ពុជា (គឺការព្យួរកម្មវិធី​អនុគ្រោះពន្ធដារ “EBA”) គឺជា វិធានការ​ត្រឹមត្រូវ និងសមស្រប ដែលយើងអាច​ទទួលយកបាន។»

លោក សម រង្ស៊ី បានបន្តពន្យល់ និងថ្កោលទោស​លោក ហ៊ុន សែន ដែល«ចាប់ប្រជារាស្រ្តខ្មែរ ធ្វើជាចំណាប់ខ្មាំង ដើម្បីគំរាមកំហែងសហភាពអឺរ៉ុប ឲ្យធ្វើខ្វាក់ធ្វើគ ពេលឃើញការបង្ក្រាបនយោបាយ និងការរំលោភសិទ្ធិមនុស្ស នៅកម្ពុជា» និងបញ្ជាក់ទៀតថា «ប្រជារាស្ត្រខ្មែរ រងគ្រោះនិងឈឺចាប់​ ច្រើនទសវត្សរ៍មកហើយ ក្រោមរបប ហ៊ុន សែន ដែលជារបបផ្តាច់ការផង របបពុករលួយជាប្រព័ន្ធផង និងរបបបំផ្លិចបំផ្លាញជាតិផង»។

មុននឹងបញ្ចប់ គូបដិបក្ខនយោបាយ​ដ៏ស្រួចស្រាវ របស់លោក ហ៊ុន សែន បានអះអាងថា៖

«ប្រជារាស្ត្រខ្មែរ សុខចិត្តអត់ទ្រាំមួយរយៈពេលខ្លី ពីការលំបាកខ្លះ ដែលអាចបណ្តាលមកពីការព្យួរកម្មវិធីអនុគ្រោះពន្ធដារ EBA ពីព្រោះយើងជឿជាក់ថា យើងនិងកូនចៅយើង នឹងទទួលបានអនាគតដ៏ភ្លឺថ្លា ពេលណាប្រទេសកម្ពុជា បានស្គាល់នូវលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។»

«យើងក៏ជឿជាក់ដែរថា ស្រុកយើងនឹងមានអភិបាលកិច្ចល្អ ប្រសើរជាងសព្វថ្ងៃ ដែលនឹងនាំមក នូវជីវភាព​រស់នៅល្អ​ប្រសើរជាងសព្វថ្ងៃ​ឆ្ងាយណាស់ ដោយសារតែគុណ​នៃការជួយជ្រោមជ្រែង​ប្រកប​ដោយប្រសិទ្ធភាព ពីសំណាក់​សហគមន៍​ប្រទេសប្រជាធិបតេយ្យ​ក្នុងពិភពលោក ជាទូទៅ និង​ពីសហភាពអឺរ៉ុប ជាពិសេស»៕



លំអិតបន្ថែមទៀត

កម្ពុជា

CIA ទម្លាយថា CPP អាចកែរដ្ឋធម្មនុញ្ញ«បើកផ្លូវឲ្យចិន»ដាក់យោធានៅកម្ពុជា

របបដឹកនាំឯកបក្សក្រុងភ្នំពេញ អាចនឹងធ្វើវិសោធនកម្ម ទៅលើច្បាប់រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេស ដើម្បី«បើកផ្លូវឲ្យចិន ឈានទៅដាក់មូលដ្ឋាយោធា នៅលើទឹកដីកម្ពុជា»។ នេះ បើតាមការរបាយការណ៍ប្រចាំឆ្នាំមួយ របស់លោក «Daniel Ray Coats»​ ...
ដំណឹង

នាយករដ្ឋមន្ត្រី​ក្រិច​«ផុតដំណែង»​ទទួលស្គាល់​បរាជ័យ ក្នុង​ការបោះឆ្នោត

ក្រោយការចេញផ្សាយ នូវការស្ទង់លទ្ធផលដំបូង លោក «Alexis Tsipras» នាយករដ្ឋមន្ត្រី«ផុតដំណែង» របស់ប្រទេសក្រិច បានប្រកាសទទួលស្គាល់បរាជ័យ របស់គណបក្សលោក និងបានថ្លែងជូនពរអ្នកឈ្នះឆ្នោត ក្នុងការឡើងមកដឹកនាំប្រទេសក្រិច ដែលបានចេញផុត ពីវិបត្តិក្ស័យធន ...
វិភាគ អត្ថាធិប្បាយ

អ្វី​ដែល​កើត​ឡើង បន្ទាប់​ពី​ទទួល​ទាន​«បាយឆៅ»​ហើយ…

សូមជូនរឿងនិទាន អំពី​«បាយឆៅ»​របស់មហាសេដ្ឋី… ទុរ្ភិក្សជនទូទៅ មិនប្រកាន់ខ្លួនឡើយ ក្នុងការស្វែងរកទទួលទាន បើទោះជាចំណីនោះ គ្មាន​​រសជាតិ ឬផ្អូមក៏ដោយ។ ប៉ុន្តែ​ករណីរបស់គណបក្សប្រជាជនកម្ពុជា ដែលព្យាយាម​ចូល​ប្រជុំសភា បើកនិតិកាលថ្មី គ្មានការចូលរួម ពីសំណាក់​ក្រុមបេក្ខជន​តំណាងរាស្ត្រ​ជាប់ឆ្នោតថ្មី ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.