កម្ពុជាដំណឹង

ការសម្រេច​របស់ EU ក្នុង​ការយកពន្ធ​អង្ករខ្មែរ ជា«អាវុធ​​ធ្វើ​ឃាត»​ពលរដ្ឋ

ការសម្រេច​លប់ចោល ការអនុគ្រោះពន្ធ លើផលិតផលអង្ករកម្ពុជា មាន«​ឥទ្ធិពល​គ្រប់គ្រាន់» សម្រាប់​ដកហូត​ចំណូល ​របស់​ប្រជាកសិករ​ក្រីក្រ​កម្ពុជា និង​ជា​«អាវុធ​​ធ្វើ​ឃាត»​​ពួកគាត់ និង​ក្រុមគ្រួសារ ដែល​កំពុង​ជាប់បំណុល ជាមួយនឹង​ស្ថាប័ន​ឥណទាន ដែល​បាន​ផ្តល់​ប្រាក់​កម្ចី​ ដល់​ពួកគាត់។​

នេះ ជាការអះអាងឡើង របស់ក្រសួងពាណិជ្ជកម្មកម្ពុជា នៅមួយថ្ងៃក្រោយការប្រកាស របស់គណៈកម្មការ នៃសហភាពអ៊ឺរ៉ុប ដែលអះអាង​កាលពីថ្ងៃពុធថា នឹងយកពន្ធឡើងវិញ ចាប់ពីថ្ងៃសុក្រ ទី១៨ ខែមករា ឆ្នាំ២០១៩នេះតទៅ ទៅលើអង្ករកម្ពុជា ដែលនាំចូលក្នុងទីផ្សារសហភាពអ៊ឺរ៉ុប។

ការចាត់ទុកសេចក្ដីសម្រេច របស់សហភាពអ៊ឺរ៉ុប ថាជា«អាវុធ​​ធ្វើ​ឃាត»ពលរដ្ឋ មានលក្ខណៈ ផ្ទុយគ្នាទាំងស្រុង នឹងការប្រកាស របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលតែងថ្លែងពន្យុះ ឲ្យសហភាពអ៊ឺរ៉ុប ឬសហរដ្ឋអាមេរិក យកពន្ធ ឬដាក់ទណ្ឌកម្ម លើផលិតផលកម្ពុជា។

សេចក្ដីថ្លែងការណ៍ របស់ក្រសួងពាណិជ្ជកម្មកម្ពុជា ដែលចេញផ្សាយ នៅល្ងាចថ្ងៃព្រហស្បត្តិ បានសំដែងការសោកស្ដាយ ចំពោះការសម្រេចខាងលើ ហើយ​ថា ខ្លួន​កំពុង​ពិនិត្យ​ផ្ទៀងផ្ទាត់​ សេចក្តីសម្រេច​នោះ ដោយ​ផ្អែក​លើ​ទិដ្ឋភាព​ច្បាប់ និង​វិធាន​ពាណិជ្ជកម្ម​អន្តរជាតិ។

ការពិនិត្យផ្ទៀងផ្ទាត់នោះ នឹងអនុញ្ញាតឲ្យក្រសួង អាច​បន្ត​ធ្វើ​ការតវ៉ា​ ចំពោះការយកពពន្ធឡើងវិញនោះ ដែល«​ប្រជាជន​កម្ពុជា​យល់ថា ជា​សេចក្តីសម្រេច ​ដែល​គ្មាន​សុក្រឹតភាព និង​សច្ចភាព​សង្គម និង​សេដ្ឋកិច្ច»។​

នៅក្នុងបទបញ្ជាឲ្យអនុវត្តមួយ របស់គណៈកម្មការ នៃសហភាពអ៊ឺរ៉ុប ចុះហត្ថលេខាដោយប្រធានគណៈកម្មាការ លោក «Jean-Claude JUNCKER» នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ បានសម្រេចនៅចុងបញ្ចប់ មានបីមាត្រា ថាត្រូវយកពន្ធឡើងវិញ ចាប់ពីថ្ងៃសុក្រ ទី១៨ ខែមករា ឆ្នាំ២០១៩ ចំពោះអង្ករនាំចូល ពីប្រទេសកម្ពុជា និងភូមា។

ការកំណត់ឲ្យអង្ករទាំងនោះ ត្រូវបង់ពន្ធអាករឡើងវិញ ត្រូវធ្វើក្នុងកម្រិត ១៧៥អ៊ឺរ៉ូ ក្នុង១តោន សម្រាប់ឆ្នាំដំបូង – ១៥០អ៊ឺរ៉ូ ក្នុង១តោន សម្រាប់ឆ្នាំបន្ទាប់ និង១២៥អ៊ឺរ៉ុប ចាប់ពីឆ្នាំទី៣។

បទបញ្ជានោះ បានបញ្ជាក់ថា ចំពោះផលិតផលអង្ករ ដែលនៅវេលានេះ កំពុងដឹកមកកាន់សហភាពអ៊ឺរ៉ុប តែមកដល់ក្រោយ ថ្ងៃសុក្រ ទី១៨ ខែមករា ឆ្នាំ២០១៩ នឹងមិនត្រូវរាប់ចូល ក្នុងការកំណត់ខាងលើទេ។

យ៉ាងណា ក្រសួង​ពាណិជ្ជកម្ម​កម្ពុ​ជា ​បានបន្តអះអាងថា នឹង​ចូលរួម​ជាមួយ​ប្រជាជន​កម្ពុជា ​ប្រមាណ​១៦​លាន​នាក់ ដើម្បីអំពាវនាវ​ ឱ្យ​គណៈកម្មការ​អឺរ៉ុប ពិនិត្យ​ឡើងវិញ ​នូវ​ការសម្រេច​របស់​ខ្លួន ដោយ​ផ្អែក​លើ​វិធាន​ពាណិជ្ជកម្ម​អន្តរជាតិ និង​ចំណង​​កិច្ចសហប្រតិបត្តិការ​ល្អ​ ជា​ប្រពៃណី រវាង​កម្ពុជា និង​សហភាព​អឺរ៉ុប៕



លំអិតបន្ថែមទៀត

កម្ពុជា

COvid-19៖ ហ៊ុន សែន បញ្ជាឲ្យបិទការធ្វើដំណើរ​ឆ្លង​ ខេត្ត-​ក្រុង-​រាជធានី

នៅមិនដល់ប៉ុន្មានម៉ោងទៀតទេ ការដំណើរឆ្លង ខេត្ត-​ក្រុង-​រាជធានី នឹងត្រូវផ្អាក រហូតដល់យប់​ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ខាងមុខ។ នេះ បើតាមបញ្ជា«បន្ទាន់»មួយ របស់លោក ហ៊ុន សែន ...
កម្ពុជា

ឧបការី​រង​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក មក​កម្ពុជាស្នើ​ឲ្យដោះលែង កឹម សុខា

ក្នុងការបំពេញទស្សនកិច្ច នៅកម្ពុជា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃ១៦ ខែមករា ឆ្នាំ២០១៩ ឧបការី​រង​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ទទួលបន្ទុក​តំបន់​អាស៊ី​ខាងត្បូង និង​អាស៊ីអាគ្នេយ៍ លោក «Joseph H. Felter» ...
កម្ពុជា

ព្រឹទ្ធសមាជិក​បារាំង៖ ហ៊ុន សែន ជា​អ្នកបំផ្លាញ EBA ខណៈ EU មិនដកថយ

លោក អង់ឌ្រេ ហ្គាតូឡាំង (André Gattolin) សមាជិកព្រឹទ្ធសភា​​មកពី​គណបក្ស​​កាន់អំណាច របស់ប្រទេសបារាំង បានថ្លែងខ្លាំងៗ​ទម្លាក់​ការទទួល​ខុសត្រូវ នៃការបាត់បង់ ប្រព័ន្ធ​​អនុគ្រោះ​ពន្ធ «EBA» ទៅលើការដឹកនាំ របស់លោកនាយករដ្ឋមន្ត្រី ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.