លោក ថិក គ្រូស (Ted Cruz) សមាជិកព្រឹទ្ធសភាដ៏មានឥទ្ធិពល របស់សហរដ្ឋអាមេរិក បានព្រមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា លោកនឹងបន្ថែមល្បឿន ដើម្បីជំរុញឲ្យតំណាងរាស្រ្តអាមេរិកាំងទាំងអស់ ធ្វើការអនុម័តសេចក្តីព្រាងច្បាប់ថ្មី ស្តីពីពាណិជ្ជកម្មកម្ពុជា ឬហៅជាភាសាអង់គ្លេសថា «The Cambodia Trade Act 2019»។
កាលពីថ្ងៃច័ន្ទ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងជាសាធារណៈ ដោយមិនចេញឈ្មោះ នៅក្នុងពិធីចែកសញ្ញាប័ត្រមួយ កណ្ដាលរាជធានីភ្នំពេញថា លោកនឹងមិនដោះលែងលោកកឹម សុខា នោះទេ ព្រោះលោក កឹម សុខា ជាអ្នកព្រមានសមាជិកបក្សប្រឆាំង កុំឲ្យសុំសិទ្ធិធ្វើនយោបាយឡើងវិញ។
បន្ទាប់មក លោក ហ៊ុន សែន បានបន្ថែមថា លោកទុកឲ្យតុលាការ ជាអ្នកសម្រេច។
ភ្លាមៗ ក្រោយការលើកឡើង របស់បុរសខ្លាំងកម្ពុជា លោក ថិក គ្រូស សមាជិកព្រឹទ្ធសភាអាមេរិក (ជាការកត់សម្គាល់ លោក ថិក គ្រូស មិនមែនជាព្រឹទ្ធសមាជិក ប្រចាំរដ្ឋមួយទេ) បានប្រតិកម្មតបលោក ហ៊ុន សែន តាមរយៈបណ្តាញសង្គមទ្វីសធើរថា៖
«មិនអាចទទួលយកបានទេ។ ជាការឆ្លើយតប នឹងនយោបាយវាយបង្ក្រាប របស់លោក ហ៊ុន សែន ខ្ញុំសូមជំរុញ [សារជាថ្មី] ទៅកាន់សមាជិកសភាអាមេរិកទាំងអស់ ឲ្យបន្ថែមល្បឿនខ្លាំងឡើង ដើម្បីពិនិត្យទៅលើសេចក្ដីព្រាងច្បាប់ថ្មី ដែលខ្ញុំធ្វើជាមួយលោក គ្រឹស ខន (Chris Coons – សមាជិកព្រឹទ្ធសភាមួយរូបទៀត) ដើម្បីពិនិត្យសើរើឡើងវិញ ចំពោះប្រព័ន្ធអនុគ្រោះពន្ធ ផ្ដល់ជូនដោយសហរដ្ឋអាមេរិក។»
ច្បាប់ថ្មីមួយ ហៅថា «ច្បាប់ពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០១៩ (The Cambodia Trade Act 2019)» ត្រូវបានសមាជិកព្រឹទ្ធសភាអាមេរិកទាំងពីររូប ដាក់ស្នើឡើង កាលពីថ្ងៃពុធទី៩ ខែមករា ឆ្នាំ២០១៩ ដើម្បីតម្រូវឱ្យរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ធ្វើការពិនិត្យមើលឡើងវិញ ពីឋានៈអនុគ្រោះពន្ធទូទៅ ហៅកាត់តាមភាសាអង់គ្លេស «GSP» ដែលសហរដ្ឋអាមេរិក បានផ្តល់ឱ្យកម្ពុជា។
លោក «Ted Cruz» បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ផ្សាយនៅលើគេហទំព័រផ្លូវការ របស់លោកថា៖
«សហរដ្ឋអាមេរិក បានវិនិយោគ លើអនាគតនយោបាយ នៃប្រទេសកម្ពុជា ដោយបង្កើតពាណិជ្ជកម្ម គួរឱ្យទុកចិត្តបាន ដូចដែលបានកំណត់ នៅក្នុងប្រព័ន្ធអនុគ្រោះពន្ធទូទៅហៅថា “GSP”។ ផ្ទុយទៅវិញ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានកេងប្រវ័ញ្ចពីប្រព័ន្ធអនុគ្រោះពន្ធនេះ ដែលផ្តល់ឱ្យ ដោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។»
«លោក ហ៊ុន សែន មិនគោរពតាមនិយាមសិទ្ធិការងារ មើលស្រាលដល់សុច្ចរិតភាព នៃការបោះឆ្នោតនៅកម្ពុជា ហើយបានលំអៀងនិន្នាការ ទៅរកប្រទេសចិន។»
យ៉ាងណា លោក ហ៊ុន សែន បានបន្តថ្លែងនៅក្នុងសុន្ទរកថា ជាសាធារណៈរបស់លោក ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ ថាលោក និងរដ្ឋាភិបាលលោក មិនខ្ចីខ្វល់ចំពោះបរទេសណា ដែលចង់ ឬមិនចង់កាត់ប្រព័ន្ធអនុគ្រោះពន្ធនេះ ពីរបបដឹកនាំរបស់លោកទេ។
មេដឹកនាំកម្ពុជារូបនេះ បានបញ្ជាក់ថា កម្ពុជាក្រោមការដឹកនាំរបស់លោក ធ្លាប់បានរស់ និងធ្លាប់បានឆ្លងកាត់ហើយ សម័យកាលនៃការដាក់ទណ្ឌកម្ម ទាំងផ្នែកនយោបាយ និងផ្នែកសេដ្ឋកិច្ច (រវាងពីឆ្នាំ១៩៧៩ មកដល់ឆ្នាំ១៩៩១) ដូច្នេះកម្ពុជានឹងបន្តរស់បានទៀត ចាប់ពីពេលនេះ បើទោះជាគ្មានប្រព័ន្ធអនុគ្រោះពន្ធ ពីក្រុមប្រទេសម្ចាស់ទីផ្សារធំៗ នោះក៏ដោយ។
កម្មវិធីអនុគ្រោះពន្ធ «GPS» របស់សហរដ្ឋអាមេរិក បានផ្តល់ឲ្យកម្ពុជា នៅឆ្នាំ១៩៩៧ ដើម្បីជួយផ្ដល់សន្ទុះ ដល់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដោយអនុញ្ញាតឲ្យប្រទេសនេះ ដឹកផលិតផលវាយណភ័ណ្ឌរបស់ខ្លួន ទៅកាន់ទីផ្សារអាមេរិក ដោយមិនចាំបាច់បង់ពន្ធ នៅក្នុងកម្រិតទឹកប្រាក់ រាប់រយលានដុល្លារ។
សហរដ្ឋអាមេរិក ជាទីផ្សារទីពីរបន្ទាប់ពីសហភាពអ៊ឺរ៉ុប ដែលអនុញ្ញតឲ្យកម្ពុជាចំណេញប្រាក់ ក្នុងការនាំផលិតផលចេញ ទៅលក់នៅទីនោះ រាប់ពានលានដុល្លារ ក្នុងមួយឆ្នាំៗ។ នៅចំពោះព្រឹត្តិការណ៍នយោបាយកម្ពុជាចុងក្រោយ សហភាពអ៊ឺរ៉ុបបានសម្រេចរួចហើយ ដាក់ប្រទេសកម្ពុជា នៅក្នុងនីតិវិធីពិនិត្យមើល ដើម្បីអាចដកប្រព័ន្ធអនុគ្រោះពន្ធរបស់ខ្លួន ហៅថា «EBA» ចេញពីប្រទេសនេះ នៅក្នុងឆ្នាំខាងមុខ៕