កម្ពុជាដំណឹង

ស៊ុយអែត ​​ឈប់​​ផ្ដល់​ជំនួយ​ដល់​ក្រុង​ភ្នំពេញ ព្រោះ​រឹតត្បិត​លំហ​ប្រជាធិបតេយ្យ

រដ្ឋាភិបាល​ ស៊ុយអែត បានប្រកាសសម្រេច​ជា​ផ្លូវ​ការ ឈប់ផ្តល់​ជំនួយ​អភិវឌ្ឍន៍ ​ដល់​រដ្ឋាភិបាល​កម្ពុជា ដោយបង្វិលជំនួយទាំងនោះ សម្រាប់ការ​លើក​កម្ពស់ ​វិស័យ​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​វិញ។ នេះ បើតាមសេចក្ដីថ្លែងការណ៍ របស់ស្ថានទូតស៊ុយអែត ដែលចេញផ្សាយ ក្នុងថ្ងៃទី១២ ខែមិថុនានេះ។

សេចក្ដីថ្លែងការណ៍ បានលើកឡើង​ពី​ហេតុផល ​ដែល​នាំ​ឱ្យ​ប្រទេសស៊ុយអែត ​សម្រេច​កាត់​ផ្តាច់​ជំនួយ មកឲ្យរដ្ឋាភិបាលកម្ពុជា ​ថាមកពីលំហ​ប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស រួម​ទាំង​សេរីភាព ​នៃ​ការ​បញ្ចេញមតិ និង​លទ្ធភាព​សម្រាប់​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ប្រតិបត្តិ​ដោយ​សេរី កំពុងតែ​ទទួលរង ​នូវ​ការ​រឹតត្បិត​ខ្លាំង​ នៅ​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ ចុង​ក្រោយនេះ​។

លោក ភីធឺរ អេរីកសុន (Peter Eriksson) រដ្ឋមន្ត្រី​ស៊ុយអែត​ទទួលបន្ទុក​កិច្ច​សហប្រតិបត្តិការ​ អភិវឌ្ឍន៍​អន្តរជាតិ​ ត្រូវបានស្រង់សំដី មកចុះផ្សាយ​ក្នុង​សេចក្ដី​ថ្លែងការណ៍ខាងលើថា លំហ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា រង​ការ​រឹតត្បិត​​ខ្លាំងក្លា ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ ដែល​​ធ្វើ​ឱ្យ​ស៊ុយអែត ​ពិបាក​ក្នុង​ការ​បន្ត​កិច្ច​សហប្រតិបត្តិការ ​ឱ្យ​បាន​ទូលំ​ទ​លាយ និង​ជិតដិត  ជាមួយ​រដ្ឋាភិបាល​កម្ពុជា។

ដូច្នេះហើយ​ រដ្ឋាភិបាល​ស៊ុយអែតអះអាងថា ជា​ការ​ចាំបាច់​ណាស់ ក្នុង​ការ​ផ្ដោត​លើ​កិច្ច​សហប្រតិបត្តិការ​ ដើម្បី​បង្កើត​ឱ្យ​បាន ជា​លក្ខខណ្ឌ​ខុសប្លែក​ពីមុន ក្នុងការ​ចូលរួម​​ចំណែក ឱ្យ​មានការ​អភិវឌ្ឍន៍ ​ផ្នែក​ប្រជាធិបតេយ្យ​ បាន​ប្រសើរ​ជាង​មុន ​នៅ​កម្ពុជា។

លោករដ្ឋមន្ត្រី ភីធឺរ អេរីកសុន បន្តឲ្យដឹងទៀតថា ប្រទេស​ស៊ុយអែត នឹង​នៅតែ​បន្ត​គាំទ្រ​សង្គម​ស៊ីវិល អ្នកការពារ សិទ្ធិមនុស្ស និង​អ្នកតស៊ូ​មតិ​ឱ្យ​មាន​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ការ​បញ្ឈប់​ការ​ផ្ដល់​ជំនួយ​អភិវឌ្ឍន៍​ទ្វេភាគី ​ដល់របបក្រុងភ្នំពេញ នឹងត្រូវធ្វើ​ជា​ដំណាក់ៗ  ហើយនឹងចប់សព្វគ្រប់ ក្នុងរយៈពេលយ៉ាងយូរ​បំផុត ​ត្រឹម​ថ្ងៃ​ទី១ ខែ​កក្កដា ឆ្នាំក្រោយ។

The Swedish government has decided to focus the development cooperation with Cambodia on human rights, democracy and the…

Gepostet von Embassy of Sweden in Phnom Penh am Donnerstag, 11. Juni 2020

ប្រតិកម្មក្នុងពេលភ្លាមៗ នៅក្រោយការផ្សាយសេចក្ដីថ្លែងការណ៍ខាងលើ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានហៅជំហរថ្មី របស់រដ្ឋាភិបាលស៊ុយអែត ថាជា«Confrontational Approach (យន្តការប្រឈមមុខដាក់គ្នា)» និងជាយុទ្ធសាស្ត្រមិនត្រឹមត្រូវ។

លោក ម៉ាលីន បានលើកឡើងដូច្នេះ នៅលើបណ្ដាញសង្គម តែបានលុបប្រតិកម្មនេះចេញវិញ នៅប៉ុន្មាននាទីក្រោយមក។ តែការលើកឡើង របស់មន្ត្រីអ្នកនាំពាក្យ ដែលអ្នកសារព័ត៌មាន ចាប់ថតទាន់ បានអះអាងទៀតថា រដ្ឋាភិបាលស៊ុយអែត នឹងទទួលបរាជ័យ ជុំវិញការប្តូរយុទ្ធសាស្រ្ត ឈប់ជួយរដ្ឋាភិបាលកម្ពុជាខាងលើ។

កាល​ពី​ឆ្នាំ​២០១៩ ជំនួយ​អភិវឌ្ឍន៍​របស់ប្រទេសស៊ុយអែត ក្រោម​រូបភាព​ ជា​ជំនួយ​ឥតសំណង ផ្អែក​តាម​យុទ្ធសាស្ត្រ កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ទ្វេភាគី មានកម្រិតជា​ទឹកប្រាក់ ប្រមាណ​ជិត ២៤​លាន​ដុល្លារ​។ ប្រទេសអ៊ឺរ៉ុបមួយនេះ បាន​ផ្តល់​ជំនួយ​ដល់​កម្ពុជា តាំងពី​ឆ្នាំ​១៩៧៩​មក ក្រោម​រូបភាព ​ជា​ជំនួយ​មនុស្សធម៌​។

បើរាប់ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៨ ប្រទេសស៊ុយអែត ក៏​បាន​ផ្តល់​ជំនួយ​ឥតសំណង ក្នុង​ទឹកប្រាក់​ប្រមាណ ១២៥​លាន​ដុល្លារ​អាមេរិក ដល់​រដ្ឋាភិបាល​កម្ពុជា ដោយ​បាន​​ផ្តោត​លើ​វិស័យ​អភិបាលកិច្ច យេនឌ័រ សិទ្ធិមនុស្ស អប់រំ ការងារ និង​វិស័យ​បរិស្ថាន៕



You may also like

កម្ពុជា

អាមេរិក​នៅពីក្រោយ កឹម សុខា? ជិន ម៉ាលីន ថ្លែងផ្ទុយពី ផៃ ស៊ីផាន

នៅចំពោះការថ្លែង របស់ឯកអគ្គរដ្ឋទូតអាមេរិក ទាក់ទងនឹងករណីប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានចេញមុខមកអះអាងថា រដ្ឋាភិបាលលោក ហ៊ុន ...
ដំណឹង

ហ្វាំងឡង់ ប្រកាសចូលអង្គការ«NATO»​ដោយ​«មិនបង្អង់ពេល»

នេះ ជាផលវិបាកមួយទៀត ដែលទំនងជារដ្ឋាភិបាលរ៉ុស្ស៊ី របស់លោក វ្លាឌីមៀរ ពូទីន (Vladimir Poutine) មិនបានគិតដល់ នៅមុនសម្រេចលើកទ័ព វាយឈ្លានពានចូលក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ។ ...
រូបសញ្ញារបស់ក្រុមហ៊ុន «Huawei» នៃប្រទេសចិន នៅចំពោះបច្ចេកវិទ្យាថ្មី «» សម្រាប់ប្រព័ន្ធទូរស័ព្ទដៃ។ (រូបថតផ្តិតពីអេក្រង់)
កីឡា និងបច្ចេកវិទ្យា

5G៖ ស៊ុយអែតសម្រេច​ហាមឃាត់​ក្រុមហ៊ុន«Huawei»និង«ZTE»

ក្រោមវិធានការការពារសន្តិសុខជាតិ ប្រទេសស៊ុយអែត បានសម្រេចធ្វើការហាមឃាត់ នូវរាល់សម្ភារៈបរិក្ខា របស់ក្រុមហ៊ុនចិនចំនួនពីរ គឺក្រុមហ៊ុន «Huawei»​និង«ZTE» សម្រាប់បំពាក់​លើបច្ចេកវិទ្យាថ្មី «5G» នៃសេវាកម្មទូរស័ព្ទដៃ។ នេះ បើតាមការប្រកាស របស់អាជ្ញាធរជាតិ ...

Comments are closed.

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...