កម្ពុជាដំណឹង

អ្នកនាំពាក្យ CPP ថា «សម រង្ស៊ី និង​កឹម សុខា ជា​មនុស្ស​ពីរ​ផ្សេង​គ្នា»

ពាក្យហ៊ោរកញ្ជៀវ ដែលមានសេចក្ដីថា «សម រង្ស៊ី – កឹម សុខា ជាមនុស្សតែមួយ» នោះ នឹងជួយលោក សម រង្ស៊ី មិនបានទេ! នេះ បើតាម លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងយោងមូលហេតុថា ព្រោះលោក សម រង្ស៊ី មិនមែនជាសមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ទៀតទេ ហើយក៏មិននៅក្នុង កញ្ចប់មន្ត្រីគណបក្ស ទាំង១១៨នាក់ ដែលត្រូវបានហាមឃាត់ ធ្វើសកម្មភាពនយោបាយនោះដែរ។

នៅលើប្រព័ន្ធ តេឡេក្រាម នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨នេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានសរសេរថា៖ «ទោះបីទណ្ឌិត សម រង្ស៊ី នៅតែចង់ផ្សារភ្ជាប់ខ្លួនជាមួយ កឹម សុខា តាមពាក្យស្លោកថា សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយ យ៉ាងណាក្តី ក៏មិនអាចជួយបានដែរ ពីព្រោះជាមនុស្សពីរនាក់ ដាច់ដោយឡែកពីគ្នា»។

កាលពីថ្ងៃចន្ទ ទី៣ ខែធ្នូ ឆ្នាំ២០១៨  ក្រសួងការបរទេសកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍មួយ ហុចដៃសម្រួលទៅដល់មន្ត្រីគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូល ព្យួរសិទ្ធិធ្វើនយោបាយ ក៏ដូចជាទៅដល់ ប្រព័ន្ធផ្សព្វផ្សាយ អង្គការសង្គមស៊ីវិល និងសហជីពមួយចំនួន អាចធ្វើសកម្មភាពនយោបាយ ឬសកម្មភាព​ក្នុង​ស្ថាប័ន​ខ្លួន​ធម្មតា​ឡើងវិញ។

ក្នុងថ្ងៃដដែលនោះ រដ្ឋសភាឯកបក្សកម្ពុជា ក៏បានចេញសេចក្ដីប្រកាសព័ត៌មានមួយដែរ លើកឡើងពីគម្រោង ធ្វើ​វិសោធនកម្មជាថ្មីទៀត ទៅលើច្បាប់ស្ដីពីគណបក្សនយោបាយ ដើម្បីអ្វីមួយ ដែលស្ថាប័នជាតិមួយនេះ អះអាងថា ជាការបើកលទ្ធភាព ឲ្យមន្ត្រីបក្សប្រឆាំងទាំង១១៨នាក់ អាចវិលទៅធ្វើនយោបាយវិញបាន។ មន្ត្រីទាំងនោះ ត្រូវបានតុលាការកំពូលកម្ពុជា ចេញសាលក្រម ហាមឃាត់ធ្វើនយោបាយ ក្នុងរយៈពេល៥ឆ្នាំ ស្របគ្នានឹងសាលក្រមរំលាយគណបក្សសង្គ្រោះជាតិ ដែលធ្វើឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

លោក សុខ ឥសាន បានពន្យល់ទៀតថា លោក សម រង្ស៊ី ត្រូវនៅឯកោ ព្រោះក្នុងសេចក្តីថ្លែងការណ៍ របស់រដ្ឋាភិបាលកម្ពុជាខាងលើនេះ មិនមានជាប់ពាក់ព័ន្ធ នឹងឈ្មោះលោក សម រង្ស៊ី ទេ។ លោកថា៖ «ហេតុនេះ ទណ្ឌិត សម រង្ស៊ី គឺជាមនុស្សនៅក្រៅសង្វៀន នៃដំណោះស្រាយនយោបាយ តាមស្មារតីនៃសេចក្តីថ្លែងការណ៍ របស់រាជរដ្ឋាភិបាលកម្ពុជា។ ដូច្នេះ ទណ្ឌិត សម រង្ស៊ី គឺជាមនុស្សឯកោ។»។

ការថ្លែងរបស់អ្នកនាំពាក្យ ធ្វើឡើងនៅក្នុងបរិបទ នៃការខ្វែងគំនិតគ្នា​យ៉ាងខ្លាំងក្លា រវាងក្រុម សម រង្ស៊ី និយម និងក្រុម កឹម សុខា និយម ដែលបានផ្ទុះ កាន់តែធំឡើង បន្ទាប់ពីលោក សម រង្ស៊ី ត្រូវបានសន្និសីទក្រុងអាត្លង់តា (អាមេរិក) ជ្រើសតាំងឲ្យក្លាយជា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ សម្រាប់រយៈពេលដែលលោក កឹម សុខា ស្ថិតក្រោមការឃុំឃាំង ក្នុងគេហដ្ឋានរបស់លោក ឯរាជធានីភ្នំពេញ។

យ៉ាងណា លោក សម រង្ស៊ី បានអះអាង កាលពីប៉ុន្មានថ្ងៃមុន ចាត់ទុកសេចក្ដីថ្លែងការណ៍ របស់រដ្ឋាភិបាលកម្ពុជានោះ ថាគ្រាន់តែជាល្បិចមួយ របស់លោក ហ៊ុន សែន ដើម្បីបំបែកបំបាក់គណបក្សសង្គ្រោះជាតិ និងបំបែកបំបាក់រូបលោក ចេញពីលោក កឹម សុខា ប៉ុណ្ណោះ។

លោក សម រង្ស៊ី បានបញ្ជាក់សារជាថ្មីថា លោក ឬគណបក្សសង្គ្រោះជាតិ នឹងមិនចរចាជាមួយលោក ហ៊ុន សែន ជុំវិញបញ្ហានេះទេ តែមេដឹកនាំប្រឆាំងកម្ពុជារូបនេះ អះអាងថា ទុកឲ្យលោក ហ៊ុន សែន ទៅជជែកចរចា ជាមួយសហគមន៍អន្តរជាតិ ដោយខ្លួនលោកទៅ។ អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ បានបញ្ជាក់​ថា លោក ហ៊ុន សែន ត្រូវតែធ្វើតាមការទាមទារ របស់សហគមន៍អន្តរជាតិ ឲ្យស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ ដើម្បីជាថ្នូរ នឹងលប់ចោលវិញ នូវទណ្ឌកម្មផ្នែកសេដ្ឋកិច្ច៕



លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន មានជំងឺ​«គ្រេចស្មា»​ត្រូវទៅ​ព្យាបាល​នៅ​សិង្ហបូរី ក្នុង​សប្ដាហ៍ក្រោយ

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានបង្ហើបឲ្យដឹងថា លោកមានជំងឺ«គ្រេចស្មា»ខាងស្ដាំ ហើយគ្រូពេទ្យតម្រូវឲ្យលោក ត្រូវទៅពិនិត្យនិងព្យាបាល នៅសប្ដាហ៍ក្រោយ ក្នុងប្រទេសសិង្ហបូរី។ អវត្តមានរបស់លោក មានន័យស្មើនឹងការលប់ចោលទាំងអស់ នូវជំនួបទាំងឡាយ ...
កម្ពុជា

ហ៊ុន សែន ថា«វណ្ណៈកណ្ដាល»​កើនឡើង តាមរយៈ​ផ្ទះស្បូវ​ថ្លៃជាង​ផ្ទះក្បឿង

នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាង របស់កម្ពុជា បានអះអាងថា ក្រោមការដឹកនាំរបស់លោក រហូតមកដល់ថ្ងៃនេះ «វណ្ណៈកណ្ដាល»នៃអ្នកមានទ្រព្យធន នៅក្នុងប្រទេស បានកើនឡើងយ៉ាងច្រើន។ មិនមានអំណះអំណាង ជាតួលេខ ឬរបាយការណ៍ណាមួយជាក់លាក់ ដើម្បីជួយបញ្ជាក់ នូវការលើកឡើង ...
កម្ពុជា

ហ៊ុន សែន ឲ្យប្រើ​«ក្រមា»​ជំនួស​​«ម៉ាស់» ដើម្បី​ការពារ​«Covid-19»

ដើម្បីការពារពលរដ្ឋកម្ពុជា ពីការឆ្លងជំងឺរលាកផ្លូវដង្ហើម ដែលបណ្ដាល មកពីមេរោគ«កូរូណា»ថ្មី ឬហៅតាមពាក្យបច្ចេកទេស «Covid-19» លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឲ្យប្រើ«ក្រមា» ជំនួសឲ្យ«ម៉ាស់» ដែលពាក់ការពារមាត់ និងច្រមុះ។ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.