កម្ពុជាដំណឹង

ហ៊ុន សែន ឲ្យប្រើ​«ក្រមា»​ជំនួស​​«ម៉ាស់» ដើម្បី​ការពារ​«Covid-19»

ដើម្បីការពារពលរដ្ឋកម្ពុជា ពីការឆ្លងជំងឺរលាកផ្លូវដង្ហើម ដែលបណ្ដាល មកពីមេរោគ«កូរូណា»ថ្មី ឬហៅតាមពាក្យបច្ចេកទេស «Covid-19» លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឲ្យប្រើ«ក្រមា» ជំនួសឲ្យ«ម៉ាស់» ដែលពាក់ការពារមាត់ និងច្រមុះ។

លោក ហ៊ុន សែន បានថ្លែងដូច្នេះ ក្នុងព្រឹកថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ ២០២០ នេះ នៅក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ នូវផ្លូវជាតិលេខ៥៥ តភ្ជាប់ពីផ្លូវជាតិលេខ៥ ក្នុងទីរួមខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ព្រំដែនថ្មដា ជាប់ជាមួយខេត្តត្រាត ប្រទេសថៃ និងបើកការដ្ឋាន​សាងសង់​ផ្លូវជាតិ១០ តភ្ជាប់ពីសំឡូត ទៅខេត្តកោះកុង។

បុរសខ្លាំងកម្ពុជា បានថ្លែងថា៖

«នេះ ជាប្រភេទក្រវ៉ាត់កថ្មី ជំនាន់កូរូណា […] ក្រមានេះវាស្រួល កុំពាក់អាម៉ាស់នេះ គេឲ្យពាក់តែ៣ម៉ោងទេ ត្រូវតែបោះចោលហើយ […] អញ្ចឹងយើងដាក់ក្រមា តាមខ្លួនទៅ។ មានការអី គ្រឹប! វាមិនស្រួល។»

នាយករដ្ឋមន្ត្រី ដែលកាន់អំណាច តាំងពី៣៥ឆ្នាំ បានអះអាងទៀតថា ការប្រើក្រមាជំនួស«ម៉ាស់» នឹងអនុញ្ញាតឲ្យអ្នកត្បាញក្រមា រកបានទីផ្សារ លក់ក្រមាបានកាន់តែច្រើន។

ក្រោមការសើចសប្បាយរីករាយ ពីសំណាក់ក្រុមមន្ត្រីផង លោកនាយករដ្ឋមន្ត្រី បាន ហៅក្រមា ថាជាក្រវ៉ាត់កជំនាន់ថ្មី។ លោកថា៖

«ក្រវ៉ាត់ជំនាន់ថ្មី ជំនាន់តេជោសែន សម័យគេហៅថា កើតជំងឺឆ្លង។ ទៅអញ្ចឹង តែម្ដងទៅ។ ព្រោះអានេះស្រួលណាស់ ត្រឹមតែប៉ុន្មានម៉ោង ខ្ញុំយកទៅបោក(គក់)។»

ប្រទេសកម្ពុជា បានបញ្ចេញតួលេខផ្លូវការថា មានមនុស្សពីរនាក់ បានឆ្លងជំងឺ «Covid-19»។ បន្ទាប់ពីជនជាតិចិនម្នាក់មុន បុរសទីពីរ ដែលបានឆ្លងមេរោគដ៏ប្រល័យ គឺជាជនជាតិខ្មែរ មានអាយុ៣៨ឆ្នាំ រស់នៅក្នុងក្រុងសៀមរាប។

បុរសជនជាតិខ្មែរខាងលើ ត្រូវបានរកឃើញ កាលពីម្សិលម្ងៃ (ថ្ងៃទី៧ ខែមិនា ឆ្នាំ២០២០) ថាមានផ្ទុកជំងឺខាងលើ ក្រោយមានទំនាក់ទំនង ដោយផ្ទាល់ ជាមួយជនជាតិជប៉ុនមួយរូប ដែលបានចូលមកស្នាក់នៅ ក្នុងក្រុងសៀមរាប ជាច្រើនថ្ងៃ។ ជនជប៉ុនរូបនោះ ត្រូវបានរកឃើញ បានឆ្លងជំងឺនេះ បន្ទាប់ពីបានចាកចេញ​ពីកម្ពុជា ទៅកាន់ប្រទេស​ជប៉ុនវិញ។

នៅចំពោះការកើនឡើង នៃតួលេខអ្នកឆ្លងជំងឺ ពលរដ្ឋខ្មែរច្រើនឡើងៗ បានចាប់ផ្ដើមពាក់​«ម៉ាស» តាម​បែបវេជ្ជសាស្ត្រ ដោយពួកគេបារម្ភ ចំពោះការឆ្លងមេរោគ ជាយថាហេតុណាមួយ។

យ៉ាងណា លោក ហ៊ុន សែន មិនបានបញ្ជាក់បន្ថែមទេថា តើក្រុមគ្រូពេទ្យ នៅប្រទេសកម្ពុជា ដែលជាពលរដ្ឋដែរនោះ ចាំបាច់ត្រូវប្ដូរ មកពាក់«ក្រមា» ជំនួសឲ្យ«ម៉ាស»និងសម្លៀកបំពាក់ការពារ បែបវេជ្ជសាស្ត្រនោះឡើយ៕



លំអិតបន្ថែមទៀត

កម្ពុជា

EU ឲ្យ​ក្រុងភ្នំពេញ​ចាត់​«វិធានការ​បន្ទាន់»​លើ​គ្រប់កង្វល់​ដើម្បី​រក្សាទុក EBA

បន្ទាប់ពីដំណើរទស្សនកិច្ចលើកទី១ របស់គណៈប្រតិភូខ្លួន ដើម្បីជជែកជាមួយរបបដឹកនាំក្រុងភ្នំពេញ ក្នុងសប្ដាហ៍កន្លងមកនេះ សហភាពអ៊ឺរ៉ុប (EU) បានសំដែងក្ដីសង្ឃឹមរបស់ខ្លួន ចង់ឃើញរបបលោក ហ៊ុន សែន ដោះស្រាយបញ្ហាជាកង្វល់ទាំងឡាយ និងចាត់«វិធានការ​បន្ទាន់» ដើម្បីអាចរក្សាទុក​នូវប្រព័ន្ធអនុគ្រោះពន្ធ ...
កម្ពុជា

ហេតុអ្វី​ឧកញ៉ា​«ទាំង៤នាក់» ត្រូវ​បាន​ស្នើ​ដាក់​ចូល​បញ្ជី​ខ្មៅ?

ឧកញ៉ាមហាសេដ្ឋី​ខ្មែរ«ទាំង៤នាក់» ដែលក្នុងនោះ មាន​៣នាក់​ជា​សមាជិក​ព្រឹទ្ធសភា របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ត្រូវបានអង្គការ​ឃ្លាំមើល​ពិភពលោក «Global Witness» ស្នើសុំទៅសហរដ្ឋអាមេរិក ដើម្បីដាក់បញ្ចូលពួកគេ ទៅក្នុង​បញ្ជីខ្មៅ នៃបញ្ជីជនដែលត្រូវរងទណ្ឌកម្ម។ ខាងក្រោមនេះ ជាការពន្យល់ជាវីដេអូ ...
កម្ពុជា

ផែង វណ្ណៈ នឹង​ត្រូវ​ដោះលែង នៅថ្ងៃ​ស្អែក បន្ទាប់ពី​សរសេរ​លិខិត​«សុំទោស»

មន្ត្រីយោធាពាក់ស័ក្ដិ៤កន្លះ លោក ផែង វណ្ណ ដែលគេស្គាល់ថា ជាអ្នកប្រើប្រាស់បណ្ដាញសង្គមដ៏ល្បី នឹងត្រូវដោះលែង ឲ្យមានសេរីភាព នៅថ្ងៃអង្គារថ្ងៃទី១៨ ខែមិថុនាស្អែក បន្ទាប់ពីតុលាការរាជធានី បានសម្រេចក្នុងព្រឹកថ្ងៃចន្ទទី១៧ ខែមិថុនានេះ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.