កម្ពុជាដំណឹង

«មាន​មនុស្សក្បត់​២នាក់ ពីក្នុង​ចំណោម​មន្ត្រី CNRP ១១៨នាក់»

«មានមនុស្សក្បត់ តែ ២នាក់ទេ ក្នុងចំណោមមន្ត្រីគណបក្សសង្គ្រោះជាតិ ១១៨ នាក់» នេះ ជាការអះអាង របស់លោក សម រង្ស៊ី ប្រធានស្ដីទី​គណបក្សសង្គ្រោះជាតិ កាលពីប៉ុន្មានម៉ោងមុន តាមបណ្ដាញសង្គម ដោយហៅមន្ត្រី «ក្បត់» ទាំងពីរនាក់នោះ ថាជា«មនុស្សថោកទាប ល្ងង់មើលខ្លី»។

មេដឹកនាំប្រឆាំង បានសរសេរនៅលើទំព័រហ្វេសប៊ុក របស់លោកថា៖

«លើកលែង តែមនុស្សថោកទាប ល្ងង់មើលខ្លី តែពីរនាក់ប៉ុណ្ណោះ មន្ត្រីគណបក្សសង្គ្រោះជាតិ ១១៦នាក់ លើ ១១៨នាក់ (តាមពិត មានតែ១១៧នាក់ទេ ដោយសារពីក្នុងចំណោមនោះ លោក ជាម ច័ន្ទនី បានធ្វើមរណភាព) ដែលត្រូវបានគេដកសិទ្ធិ ធ្វើនយោបាយ មិនចាញ់បោក ឬមិនលក់ខ្លួនឲ្យ ហ៊ុន សែន ទេ។»

លោក សម រង្ស៊ី បានបន្តថា៖

«មន្ត្រីគណបក្សសង្គ្រោះជាតិ ដែលនៅស្មោះត្រង់ទាំង ១១៦ នាក់នោះ យល់ច្បាស់ថា មិនដឹងជាទៅសុំសិទ្ធិ ធ្វើនយោបាយពី ហ៊ុន សែន បានប្រយោជន៍អ្វីទេ នៅពេលដែលគណបក្សសង្គ្រោះជាតិ មិនទាន់អាចដំណើរការឡើងវិញ ហើយប្រធានគណបក្ស គឺលោក កឹម សុខា មិនទាន់ទទួលបានសេរីភាព ពេញលេញ​នៅឡើយ។ មន្ត្រីទាំងអស់នោះ ក៏យល់ដែរថា បើទៅធ្វើនយោបាយ ក្នុងកាលៈទេសៈបែបនេះ គឺគ្រាន់តែទៅធ្វើនយោបាយ ដើម្បីបម្រើប្រយោជន៍លោក ហ៊ុន សែន ដោយផ្ទាល់ ឬដោយប្រយោល តែប៉ុណ្ណោះ។»

អតីតប្រធានគណបក្សសង្គ្រោះជាតិ មិនបានបញ្ជាក់ថា តើ«មនុស្សក្បត់»ទាំងពីរនាក់ ជានរណាឲ្យប្រាកដទេ។ ក្នុងពេលកន្លងមក លោកធ្លាប់ចោទលោក ម៉ៅ មុនីវណ្ណ ជាជនក្បត់គណបក្ស ដោយចេញឈ្មោះ។ ប៉ុន្តែសារព័ត៌មានក្នុងស្រុក ដែលស្និតនឹងរដ្ឋាភិបាលលោក ហ៊ុន សែន បានផ្សាយក្នុងរយៈពេល ប៉ុន្មានសប្ដាហ៍​ចុងក្រោយនេះ ថាមន្ត្រីគណបក្សប្រឆាំង យ៉ាងហោចពីរនាក់ គឺលោក គង់ គាំ ជាឪពុក និងលោក គង់ បូរ៉ា ជាកូន មានបំណងចង់ស្នើទៅលោក ហ៊ុន សែន ដើម្បីសុំសិទ្ធិ ធ្វើនយោបាយនោះឡើងវិញ។

មិនអាចទាក់ទងលោក គង់ គាំ និងលោក គង់ បូរា ក្នុងពេលភ្លាមៗ ដើម្បីសុំប្រតិកម្ម ជុំវិញការលើកឡើងខាងលើ របស់លោក សម រង្ស៊ី បានទេ។

ប៉ុន្តែលោក សម រង្ស៊ី បានអះអាងថា ក្រៅពី«មនុស្សក្បត់»ទាំងពីរនោះ មន្ត្រីគណបក្សប្រឆាំង ទាំង១១៦រូបផ្សេងទៀត នឹងទទួលសិទ្ធិធ្វើនយោបាយវិញ ដោយស្វ័យប្រវត្តិ និងដោយថ្លៃថ្នូ ក្រោមហេតុផលថា លោក ហ៊ុន សែន មិនអាចទ្រាំនឹងសម្ពាធ ពីសហភាពអ៊ឺរ៉ុបបានឡើយ។

មេដឹកនាំប្រឆាំង ដ៏យូរលង់ របស់ប្រទេសកម្ពុជា បានពន្យល់ថា៖

«យើងទាំងអស់គ្នាត្រូវដឹងថា ហ៊ុន សែន មិនអាចទ្រាំនឹងសម្ពាធ ពីសហភាពអឺរ៉ុបបានទេ ដែលនឹងដាក់ទណ្ឌកម្មពាណិជ្ជកម្ម ធ្វើឲ្យសេដ្ឋកិច្ចប្រទេសកម្ពុជា ជួបប្រទះវិបត្តិដ៏ធ្ងន់ធ្ងរ បើ ហ៊ុន សែន មិនធ្វើតាមការទាមទារ របស់សហភាពអឺរ៉ុបនេះទេ។ ការទាមទារចម្បងរបស់សហភាពអឺរ៉ុប គឺត្រូវតែដោះលែងលោក កឹម សុខា ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ និងត្រូវតែបើកផ្លូវ ឲ្យគណបក្សសង្គ្រោះជាតិ ដំណើរការឡើងវិញ។»

«ពេលនោះ មន្ត្រីគណបក្សសង្គ្រោះជាតិ ទាំង ១១៨ នាក់ នឹងទទួលបានសិទ្ធិ ធ្វើនយោបាយឡើងវិញ ជាស្វ័យប្រវត្តិ និងដោយថ្លៃថ្នូរថែមទៀត ហើយសកម្មជនគណបក្សសង្គ្រោះជាតិ ដែលបានជាប់ឆ្នោត ជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខេត្ត និងក្រុមប្រឹក្សារាជធានី សរុបមានជាង ៥៦០០ នាក់ ក៏នឹងទទួលបានតំណែងរបស់ខ្លួនវិញ ជាស្វ័យប្រវត្តិ ក្រោយពីគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ។»៕



លំអិតបន្ថែមទៀត

កម្ពុជា

អ៊ូ វីរៈ៖ ព្រឹទ្ធសមាជិក​ប្រចាំរដ្ឋ មិនមែន​ជា​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ទេ

អ្នកវិភាគបញ្ហានយោបាយ និងសង្គម លោក អ៊ូ វីរៈ បានថ្លែងអះអាងថា ព្រឹទ្ធសមាជិក​ប្រចាំរដ្ឋ នៅសហរដ្ឋអាមេរិក មិនមែនជាសមាជិកព្រឹទ្ធសភា នៃសហរដ្ឋអាមេរិកនោះទេ។ ការលើកឡើងរបស់អ្នកវិភាគ ធ្វើឡើងបន្ទាប់ពីប្រព័ន្ធបំពងសម្លេង របស់របបក្រុងភ្នំពេញ ...
កម្ពុជា

ហ៊ុន សែន តម្រូវឲ្យ​ចៅប្រុស​ទាំងអស់ ត្រូវចេះ​លេង​កីឡា​៣ប្រភេទ

កើតមកជាចៅប្រុស របស់នាយករដ្ឋមន្ត្រីកម្ពុជា ត្រូវចេះ​លេង​កីឡា​៣ប្រភេទ ! នេះ បើតាមការបង្ហោះសារ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅលើបណ្ដាញសង្គម កាលពីមុននេះបន្តិច។ អមនឹងរូបថតជាច្រើន ដែលបង្ហាញ ...
កម្ពុជា

អតីតអភិបាលរងខេត្តព្រះសីហនុទាំងពីរ នឹងរងចំណាត់ការពី ACU

បន្ទាប់ពីត្រូវបានបណ្ដេញចេញពីតំណែង អតីតអភិបាលរងខេត្តព្រះសីហនុទាំងពីររូប នឹងរងចំណាត់ការ ពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) រួមនឹងក្រសួងមហាផ្ទៃថែមទៀត។ នេះ បើតាមការបញ្ជាក់របស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន នៅលើបណ្ដាញសង្គម បន្ថែមពីលើអនុក្រឹត្យនៃការដកតំណែងអភិបាលរងទាំងពីរ។ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.