កម្ពុជាដំណឹង

សម រង្ស៊ី៖ មូលហេតុ២​ដែល ហ៊ុន សែន ដាក់​កម្ពុជា​ជា«អាណានិគម​របស់​ចិន»

មេដឹកនាំប្រឆាំងនៅកម្ពុជា លោក សម រង្ស៊ី បានលើកពីមូលហេតុចំនួនពីរ ដើម្បីអ្វីមួយ ដែលលោកអះអាងថា បាននាំឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់កម្ពុជា ឲ្យក្លាយជា«អាណានិគម​របស់​ចិន»។

ការអះអាងរបស់ប្រធានស្ដីទីគណបក្សប្រឆាំង ធ្វើឡើងនៅលើបណ្ដាញសង្គម កាលពីមុននេះ បន្ទាប់ពីការចេញផ្សាយ របស់សារព័ត៌មានដ៏ល្បីរបស់អាមេរិក ជុំវិញ​«កិច្ចព្រមព្រៀងសម្ងាត់»​មួយ រវាងក្រុងភ្នំពេញ និងក្រុងប៉េកាំង ក្នុងការអនុញ្ញាតឲ្យចិន ប្រើមូលដ្ឋានយោធាជើងទឹកកម្ពុជា នៅខេត្តព្រះសីហនុ ក្នុងរយៈពេល៣០ឆ្នាំ។

ប៉ុន្តែការចេញផ្សាយនោះ ត្រូវបានលោកនាយករដ្ឋមន្ត្រីខ្លួនឯង ចេញមុខបដិសេធ ដោយហៅព័ត៌មាននោះ ថាជាការប្រឌិតដ៏អាក្រក់បំផុត ប្រឆាំងកម្ពុជា។

សម្រាប់លោក សម រង្ស៊ី បានលើកឡើងផ្ទុយទៅវិញថា តាមពិតទៅ លោក ហ៊ុន សែន កំពុង«សប្បាយចិត្ត» ក្នុងការដាក់កម្ពុជា ឲ្យក្លាយជា«អាណានិគម​របស់​ចិន»។ លោកចោទសួរថា «ហេតុអ្វី?» មុននឹងឆ្លើយដោយខ្លួនលោក នូវមូលហេតុចំនួនពីរ ដូចការដកស្រង់ទាំងស្រុង ខាងក្រោមនេះ៖

«១- ហ៊ុន សែន ខ្ចីលុយពីចិនច្រើនពេក (រាប់ពាន់លានដុល្លារ) យកមកប្រព្រឹត្តអំពើពុករលួយ ហើយគាត់គ្មានអ្វី សងទៅចិនវិញ ក្រៅពីប្រគល់ទឹកដីកម្ពុជា ឲ្យទៅម្ចាស់បំណុល។»

«២- ហ៊ុន សែន ដឹងខ្លួនថា ប្រជារាស្ត្រខ្មែរ មានទាំងកងកម្លាំងប្រដាប់អាវុធផងដែរ ត្រៀមងើបឈរ ប្រឆាំងរបបផ្តាច់ការសព្វថ្ងៃ ហើយ ហ៊ុន សែន ត្រូវការឲ្យមានវត្តមានកម្លាំងចិនកាន់តែច្រើន ដើម្បីការពារអំណាចគាត់ ដោយត្រៀមបង្ក្រាបកម្លាំងខ្មែរស្នេហាជាតិ ដែលទាមទារលទ្ធិប្រជាធិបតេយ្យ សេរីភាព និងយុត្តិធម៌ ដោយផ្តួលរំលំរបប ហ៊ុន សែន សព្វថ្ងៃ។»

គូបដិបក្ខនយោបាយ របស់លោក ហ៊ុន សែន បានបន្តធ្វើសេចក្ដីសន្និដ្ឋានថា បុរសខ្លាំងកម្ពុជា បាន«ជ្រុលក្បាលក្រពើទៅហើយ» និង«មិនអាចដកខ្លួន ចេញពីកណ្តាប់ដៃចិនបានទេ» ហើយចិន «ក៏ជ្រុលក្បាលក្រពើ» ដូចគ្នាដែរ។ លោក សម រង្ស៊ី បន្តថា ចិននឹងមិនព្រមដកខ្លួន ចេញពីកម្ពុជាបានទេ ដរាបណាលោក ហ៊ុន សែន នៅតែកាន់អំណាច។

មេដឹកនាំប្រឆាំង បានសរសេរថា៖

«អ្វីដែលចិនចង់បានជាងគេ ពីកម្ពុជា គឺមូលដ្ឋានយោធា (សម្រាប់កងទ័ពជើងទឹក និងជើងអាកាសរបស់ចិន) នៅខេត្តព្រះសីហនុ និងខេត្តកោះកុង ដើម្បីគំរាមកំហែង ឬឈ្លានពានប្រទេសជិតខាង តទៅទៀត។»

«ដើម្បីឲ្យចិន ដកមូលដ្ឋានយោធារបស់ខ្លួន ចេញពីប្រទេសកម្ពុជា ឬក៏បញ្ឈប់ការសាងសង់មូលដ្ឋានទាំងនោះ ហើយដើម្បីឲ្យកម្ពុជា ប្រកាន់ខ្ជាប់ នូវអព្យាក្រិតភាពរបស់ខ្លួន តាមកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ឆ្នាំ ១៩៩១ ប្រជារាស្ត្រខ្មែរនិងសហគមន៍អន្តរជាតិ ត្រូវតែដក ហ៊ុន សែន ចេញពីតំណែង ជាបន្ទាន់៕»



លំអិតបន្ថែមទៀត

កម្ពុជា

នៅពេល សួន សេរីរដ្ឋា និយាយពី​«ឆ្កែពីរក្បាល»ដណ្ដើមឆ្អឹងគ្នា…

លោក សួន សេរីរដ្ឋា ដែលគេស្គាល់ថា ជាអ្នកនយោបាយសំដីថ្លោស បានលើកឡើង​នៅ​ថ្ងៃ​នេះ អំពី«ឆ្កែពីរក្បាល» ដែលត្រូវបានគេដាក់ ឲ្យ«ស៊ីបាយក្នុងចានតែមួយ» ឬគេបោះ​ឆ្អឹង​ឲ្យមួយដុំ។ បើទោះជាលោក សេរីរដ្ឋា មិននិយាយឲ្យចំឈ្មោះ ...
ដំណឹង

Covid-19៖ វ៉ាក់សាំង​«Sinopharm»​ទទួលភ្លើងខៀវ​បន្ទាន់ពី«WHO»

វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (Covid-19) ​របស់ប្រទេសចិនកុម្មុយនីស ដែលមានឈ្មោះ «Sinopharm» ទទួលបាន​ការទទួលស្គាល់ ពីអង្គការសុខភាពពិភពលោក «WHO /OMS» ហើយ។ នេះ បើតាមការប្រកាស​របស់អគ្គនាយក របស់អង្គការ​ពិភពលោក​មួយនេះ ...
កម្ពុជា

ផែង វណ្ណៈ ត្រូវ​ឃុំខ្លួន​នៅ​​គុក​ព្រៃស តែ​ពីរថ្ងៃ​បន្ទាប់​ពីត្រូវ ហ៊ុន សែន ប្ដឹង​

រងបណ្ដឹងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រឹមតែរយៈពេល២ថ្ងៃប៉ុណ្ណោះ ភាគីចុងចោទ លោក ផែង វណ្ណៈ បានស្គាល់រសជាតិពន្ធនាគារ រួចជាស្រេចហើយ។ មន្ត្រីយោធាស័ក្ដិ៤កន្លះ និងជាម្ចាស់គណនី-ទំព័រហ្វេសប៊ុកដ៏ល្បីឈ្មោះ ត្រូវបានចៅក្រមស៊ើបសួរ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.