កម្ពុជាដំណឹង

សម រង្ស៊ី ថា​សម្ពាធ​អន្តរជាតិ​ធ្វើឲ្យ ហ៊ុន សែន សម្រេច​ចិត្ត​​«ត្រឡប់ត្រឡិន»

សម្រាប់មេដឹកនាំប្រឆាំង បានពន្យល់ថា ការប្រកាសរបស់រដ្ឋាភិបាលក្រុងភ្នំពេញ ដែលថា កម្ពុជាមិនបានដាក់សមាជិកសភាអ៊ឺរ៉ុប ចូលក្នុងបញ្ជីខ្មៅ នៃជនហាមឃាត់ចូលទឹកដីកម្ពុជានោះ ជាការសម្រេចចិត្តបែប«ត្រឡប់ត្រឡិន» របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកំពុងរងសម្ពាធ ពីសហគមន៍អន្តរជាតិ។

ដើម្បីយល់រឿងនេះ គេត្រូវត្រឡប់ទៅអានលិខិតមួយ របស់លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស ដែលបានសរសេរ«ណែនាំ» ទៅដល់រាល់ឯកអគ្គរាជទូត និងអគ្គកុងស៊ុលរបស់កម្ពុជា ប្រចាំនៅបរទេសទាំងអស់ ឲ្យ​«បដិសេធការផ្ដល់ទិដ្ឋាការ» ទៅជនណាក៏ដោយ ដែលមានបំណងចង់គាំទ្រ និងការពារទណ្ឌិត ដែលត្រូវបានតុលាការកម្ពុជាផ្ដន្ទាទោស។

លិខិតនោះ ដែលចុះលេខ ៥៩៨៧ និងចុះហត្ថលេខា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ បានអមមកជាមួយ នូវបញ្ជីឈ្មោះ​សមាជិកសភាអ៊ឺរ៉ុប ៦នាក់ ដែលធ្លាប់អះអាង កាលពីអំឡុងខែមិថុនា ថាពួកគេនឹងធ្វើដំណើរ មកប្រទេសកម្ពុជា ស្របគ្នានឹងការធ្វើមាតុភូមិនិវត្តន៍ របស់លោក សម រង្ស៊ី និងក្រុមមេដឹកនាំផ្សេងទៀត របស់​គណបក្ស​សង្គ្រោះ​ជាតិ។

លិខិត«ណែនាំ»របស់រដ្ឋមន្ត្រីការបរទេស ធ្វើឡើងប៉ុន្មានថ្ងៃ ក្រោយការថ្លែងរបស់លោក ហ៊ុន សែន នៅចំពោះអ្នកគាំទ្រ ក្នុងក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីដើមខែកក្កដា ដែលចេញបញ្ជា កុំឲ្យផ្ដល់ទិដ្ឋាការ ដល់សមាជិកសភាអ៊ឺរ៉ុប ទាំង៦រូបនោះ។

បុរសខ្លាំងកម្ពុជា​ បានថ្លែងនៅពេលនោះថា៖

«ហើយ​ឥឡូវ​ស្អី មាន​អ្នកណា តំណាងរាស្ត្រ ៦​នាក់ អម​ដំណើរ​អាណា​ចូល​ស្រុក​… ខ្ញុំ​បញ្ជាក់​រឿង​នេះ​បន្តិច ពលរដ្ឋ​កម្ពុជា​ចង់​ទៅ​ប្រទេស ជា​សិទ្ធិ​របស់​ពលរដ្ឋ​កម្ពុជា គ្មាន​អ្នកណា​ហាមឃាត់​ទេ​។ សូម​អញ្ជើញ​ទៅ​ ពេលណា​ក៏បាន​។ ចំពោះ​ជនបរទេស ធម្មតា អ្នកឯង​ត្រូវ​សុំ​វីសា (ទិដ្ឋាការ)។ បើ​ខ្ញុំ​មិន​ឱ្យ​អ្នកឯង​ចូល​មើល​? សាកល​មើល​? ឥឡូវ​សូម​អញ្ជើញ តំណាងរាស្ត្រ​មក​ប៉ុន្មាន ជូន​ទៅ ខ្ញុំ​អត់​ធ្វើ​អី​តំណាងរាស្ត្រ តែ​សុំ​វៃ​វីសា​ឱ្យ​ហើយ ចាំ​ចូល​។ បញ្ជូន​ឈ្មោះ​មក គឺ​ស្រួល​ឱ្យ​យើង​ទេ​។ ទូត​នានា​នៅ​តាម​ប្រទេស​នានា គេ​វៃ​ឈ្មោះ​តំណាងរាស្ត្រ​នេះ នៅ​ប្រទេស​នេះ ស្រួល​ហើយ ឃើញ​ឈ្មោះ​ហ្នឹង កុំ​ឱ្យ​វី​សា»។

ផ្ទុយទៅវិញ លោក កេត សោផាន់ អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា បានអះអាងតាមសារព័ត៌មានក្នុងស្រុកថា ដំណឹងនៃការដាក់សមាជិកសភាអ៊ឺរ៉ុប ទាំង៦នាក់ ចូលក្នុងបញ្ជីខ្មៅនោះ ជា​ព័ត៌មាន «​ក្លែងក្លាយ​»​ទៅវិញ​។ មន្ត្រីអ្នកនាំពាក្យរូបនេះ បានអះអាង​ថា ក្រសួងការបរទេស​ ពុំ​បាន​ចេញ​បញ្ជា ​ឱ្យ​ស្ថានទូត​របស់​ខ្លួន ​នៅក្រៅប្រទេស បដិសេធ​ការផ្ដល់​ទិដ្ឋាការ​ ដល់​សមាជិកសភា​អឺរ៉ុប ​ទាំង​នោះ​ទេ។

សម្រាប់លោក សម រង្ស៊ី ការអះអាងជាថ្មីនេះ ជាភាសា«ត្រឡប់ត្រឡិន» របស់លោក ហ៊ុន សែន ដែលមេដឹកនាំប្រឆាំង ចាត់ទុកថា បានធ្វើឡើង​ព្រោះរងសម្ពាធ កាន់តែខ្លាំង ពីសំណាក់​សហគមន៍អន្តរជាតិ។ ប្រធានស្ដីទីគណបក្សប្រឆាំង បានពន្យល់​នៅលើ​ទំព័រហ្វេសប៊ុក​របស់លោកថា៖

«បន្ទាប់ពីហាមឃាត់ តំណាងរាស្ត្រអឺរ៉ុប ៦រូប មិនឲ្យអមដំណើរលោក សម រង្ស៊ី ពេលលោកវិលត្រឡប់ មកកម្ពុជាវិញ ឥឡូវលោក ហ៊ុន សែន ថយក្រោយវិញ ដោយប្រកាសថា ការហាមឃាត់របស់គាត់ គឺជាព័ត៌មានមិនពិត។ ភាសាត្រឡប់ត្រឡិនបែបនេះ របស់លោក ហ៊ុន សែន សឲ្យឃើញថា គាត់កំពុងតែទទួលសម្ពាធអន្តរជាតិ កាន់តែខ្លាំងឡើង ហើយក៏ជាជោគជ័យមួយដ៏ធំធេង សម្រាប់អ្នកប្រជាធិបតេយ្យ ទូទាំងពិភពលោក។»

អង្គការសេរីនិយមអន្តរជាតិ (Liberal International) ដែលមានសមាជិក ជាគណបក្សនយោបាយ ចំនួន១០៦គណបក្ស នៅលើពិភពលោក បានចេញសេចក្ដីថ្លែងការណ៍ ហៅការបង្កើតបញ្ជីខ្មៅ របស់រដ្ឋាភិបាលក្រុងភ្នំពេញ ថាជា«ភស្ដុតាងកាន់តែច្បាស់» អំពីការដើរថយក្រោយ នៃលទ្ធិប្រជាធិបតេយ្យពហុបក្ស និងអំពី​ការរំលោភសិទ្ធិមនុស្ស នៅកម្ពុជា៕



លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន ធ្វើពិធីទទួល«វ៉ាក់សាំងចិន»​ថ្ងៃ៧កុម្ភៈ រួចចាក់​នៅ​ថ្ងៃ១០កុម្ភៈ

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានឲ្យដឹងថា «វ៉ាក់សាំងចិន»ដើម្បីបង្ការជំងឺកូវីដ-១៩ (Covid-19) ដែលជាជំនួយរបស់ប្រទេសចិន នឹងបញ្ជូនមកដល់កម្ពុជា នៅថ្ងៃទី០៧ ខែកុម្ភៈខាងមុខ។ នេះបើតាមសារជាសម្លេងមួយ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ...
ដំណឹង

បារាំង-អាល្លឺម៉ង់ រួមគ្នា​ប្រាប់​មហាអំណាច​ចិន ឲ្យ​គោរព​គុណតម្លៃ EU

មហាយក្សពីររបស់សហភាពអ៊ឺរ៉ុប បារាំង-អាល្លឺម៉ង់ បានរំលឹកប្រទេសចិន អំពីគុណតម្លៃរបស់សហភាពអ៊ឺរ៉ុប (EU) ដើម្បីអាចឲ្យចំណងទាក់ទង ផ្នែកពាណិជ្ជកម្ម មានភាពកាន់តែប្រសើរឡើង។ នៅក្នុងដំណើរទស្សនកិច្ច នៅប្រទេសបារាំង លោក ស៊ី ជិនពីង ...
កម្ពុជា

ហ៊ុន សែន៖ «កម្ពុជា​ត្រូវតែមាន​សន្តិភាព​ជានិច្ច​»

នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងឡើងវិញថា ប្រទេស​«កម្ពុជា​ត្រូវតែមាន​សន្តិភាព​ជានិច្ច​» ហើយលោកបានអំពាវនាវ ឲ្យរួមគ្នាថែរក្សា​ការពារ​សន្តិភាពនេះ ឲ្យខាងតែបាន និងបញ្ចៀសប្រទេស កុំឲ្យវិលធ្លាក់ទៅក្នុងភ្នក់សង្គ្រាមជាថ្មី។ ជាមួយនឹងរូបថតច្រើនសន្លឹក ក្នុងនោះមួយសន្លឹក បង្ហាញពីភាពបាក់បែក នៃអគារ​ធនាគារ​ជាតិ កណ្ដាលរាជធានីភ្នំពេញ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.