មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានថ្លែងតបពីរដ្ឋធានី ប៉ារីស ប្រទេសបារាំងថា ទង្វើរបស់លោក ហ៊ុន សែន ជុំវិញការបញ្ជូនដីកាតុលាការកម្ពុជា ទៅកាន់បណ្ដាប្រទេសអាស៊ាន ឲ្យចាប់ខ្លួនលោកនោះ ជាទង្វើរបស់មនុស្ស«ល្ងង់» ដោយហេតុថា ដីកាតុលាការកម្ពុជា គ្មានឥទ្ធិពលអ្វីលើលោកទេ ខណៈលោកកាន់លិខិតឆ្លងដែនបារាំង។
លោក សម រង្ស៊ី បានថ្លែងដូច្នេះ ដើម្បីតបទៅនឹងការលើកឡើង របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានថ្លែងនៅចំពោះនាយករដ្ឋមន្ត្រីឡាវ កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលម៉ិញថា លោក សម រង្ស៊ី ដែលប្រកាសវិលចូលកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកាខាងមុខ និងអាចតាមរយៈប្រទេសឡាវនោះ ថាជារឿងមិនអាចទៅរួច។
បុរសខ្លាំងកម្ពុជា បានថ្លែងបន្តថា៖
«ខ្ញុំក៏សូមបញ្ជាក់ជូនផងដែរថា មិនមែនគ្រាន់តែឡាវទេ ទាំងថៃ រដ្ឋាភិបាលថៃ បានទទួលរួចមកហើយ នូវសាលដីកាតុលាការ ដើម្បីចាប់ខ្លួនជនណា ដែលមានសាលដីកាតុលាការ។ យើងក៏នឹងបញ្ជូនសាលដីកាតុលាការនោះ ទៅកាន់ប្រទេសទាំងអស់ នៅក្នុងក្របខ័ណ្ឌអាស៊ាន របស់យើង។»
តបនឹងគម្រោង របស់របបក្រុងភ្នំពេញខាងលើ លោក សម រង្ស៊ី បានថ្លែងតាមរយៈកិច្ចសម្ភាសមួយ ជាមួយវិទ្យុអាស៊ីសេរីថា ដំណឹងនៃការវិលត្រឡប់របស់លោក ចូលប្រទេសកម្ពុជាវិញ បានធ្វើឲ្យលោក ហ៊ុន សែន ភ័យស្លន់ស្លោរ រហូតដើរទៅប្រាប់ប្រទេសជិតខាង ឲ្យតាមចាប់ខ្លនលោក។
មេដឹកនាំប្រឆាំងអាយុ ៧០ឆ្នាំ បានបន្តថា៖
«ប៉ុន្តែ ហ៊ុន សែន ល្ងង់ណាស់។ ខ្ញុំប្រើលិខិតឆ្លងដែនបារាំង។ ច្បាប់អន្តរជាតិ គឺ ហ៊ុន សែន អត់មានឥទ្ធិពលអីលើរូបខ្ញុំ អត់មានអីជាសមត្ថកិច្ចរបស់គាត់ ទៅឲ្យគេចាប់ខ្ញុំនៅក្រៅប្រទេស អត់បានទេ។ ពីព្រោះបើខ្ញុំប្រើប៉ាស្ព័រ (លិខិតឆ្លងដែន) ប្រទេសបារាំង មានតែសាធារណរដ្ឋបារាំងតែមួយគត់ ដែលមានសមត្ថកិច្ចមើលខុសត្រូវ ចំពោះសុវត្ថិភាពរបស់ខ្ញុំ។»
«ហើយគេយល់ច្បាស់ថា ខ្ញុំគ្មានទោសអ្វីទេ គឺ ហ៊ុន សែន ទេ ដែលប្រឌិតទោស ហើយទោសនយោបាយហ្នឹង គឺជាកិត្តិយសរបស់អ្នកដែលតស៊ូ ដើម្បីលទ្ធិប្រជាធិបតេយ្យ ការពារសិទ្ធិសេរីភាព។»
តើលោក សម រង្ស៊ី នឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញ តាមផ្លូវណា?១២ កញ្ញា ២០១៩ / 12 September 2019 តើ លោក សម រង្ស៊ី នឹង វិល ត្រឡប់ មក ប្រទេស កម្ពុជា វិញ តាម ផ្លូវ ណា ហើយ ដោយប្រើ ឯកសារអ្វី ភ្ជាប់នឹងខ្លួន? Which way Sam Rainsy will take to come back to Cambodia and what documents will he be using? "Nothing has changed in my plan to arrive in Cambodia on 9 November 2019. I have been and will be travelling with my French passport over which the Hun Sen regime has no authority whatsoever. Outside Cambodia, only the French government has authority over those travelling with a French passport. I have been recently to Japan, South Korea, Malaysia and Singapore using my French passport.
Posted by Sam Rainsy on Thursday, September 12, 2019
លោក ព្រហ្ម គិត អ្នកឃ្លាំមើលបញ្ហាកម្ពុជា និងជាអតីតអ្នកច្បាប់មួយរូប ដែលរស់នៅចូលនិវត្តន៍ក្នុងប្រទេសបារាំង បានលើកឡើងថា បើរដ្ឋបាលលោក ហ៊ុន សែន បញ្ជូនដីកាតុលាការកម្ពុជា ទៅកាន់បណ្ដាប្រទេសនៅអាស៊ាន អាចគ្រាន់ជាការជូនដំណឹង ឬខ្លាំងបំផុត ត្រឹមជាការដាក់សម្ពាធលើប្រទេសទាំងនោះ ដើម្បីកុំឲ្យលោក សម រង្ស៊ី អាចធ្វើដំណើរឆ្លងកាត់បាន។
លោកបន្តថា ដីកាតុលាការកម្ពុជា គ្មានអំណាចនៅក្រៅប្រទេសទេ វៀលែងតែនីតិវិធី ធ្វើបត្យាប័នរវាងប្រទេស នីងប្រទេសប៉ុណ្ណោះ។ នៅអាស៊ាន គ្មានស្ថាប័នយុត្តិធម៌អាស៊ាន ដើម្បីអនុវត្តន៍ដីកា នៃប្រព័ន្ធយុត្តិធម៌របស់ប្រទេសជាសមាជិក ដូចនៅសហភាពអ៊ឺរ៉ុបទេ។
អ្នកឃ្លាំមើលវ័យចំណាស់ថ្លែងថា៖
«ផ្ទុយទៅវិញ ដូចខ្ញុំធ្លាប់និយាយ ពីមុនខ្លះៗហើយថា ប្រទេសអាស៊ានទាំងនោះ នឹងត្រូវធ្វើជម្រើស រវាងការគាំទ្រដីកាតុលាកា នៃរបបលោក ហ៊ុន សែន ដែលរងការរិះគន់ថា ពុករលួយនិងជាតួល្ខោន របស់អ្នកកាន់អំណាច ទល់និងការប្រឈមជាមួយប្រទេសបារាំង ដែលជាមហាអំណាចមួយ ក្នុងពិភពលោក ព្រោះលោក សម រង្ស៊ី គាត់កាន់លិខិតឆ្លងដែនបារាំង។»
កាលពីពេលថ្មីៗនេះ លោក សម រង្ស៊ី បានធ្វើដំណើរយ៉ាងសេរី ទៅកាន់ប្រទេសចំនួន ៣ នៅក្នុងអាស៊ាន ដោយគ្មានការបារម្ភអ្វីឡើយ។ ប្រទេសទាំងបីនោះ គឺប្រទេសឥណ្ឌូណេស៊ី ប្រទេសម៉ាឡេស៊ី និងប្រទេសសិង្ហបុរី។
លោក ព្រហ្ម គិត បានបញ្ជាក់ទៀតថា៖
«លិខិតឆ្លងដែនបារាំង ដែលលោក សម រង្ស៊ី ប្រើ គឺជាលេសដ៏សំខាន់ ដែលប្រទេសទាំងនោះ យកមកប្រើ ដើម្បីមិនប៉ះពាល់លោក សម រង្ស៊ី សូម្បីមួយសសៃសក់៕»