ពីរដ្ឋធានីប៉ារីស (បារាំង) មេដឹកនាំប្រឆាំងរបស់ប្រទេសកម្ពុជា លោក សម រង្ស៊ី បានប្រកាសជំហរ«ប្ដេជ្ញាមិនចុះញ៉ម» របស់លោក និងរបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ហើយបានអំពាវនាវ ទៅកាន់ពលរដ្ឋខ្មែរទាំងអស់ ឲ្យបន្តសកម្មភាព ដើម្បីប្រឆាំងជនផ្ដាច់ការ។
ថ្លែងក្នុងវីដេអូមួយ ដែលលោកធ្វើឡើង ក្នុងថ្ងៃអាទិត្យទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីរំឭកខួប៣ឆ្នាំ នៃការរំលាយគណបក្សសង្គ្រោះជាតិ ដោយតុលាការរបបក្រុងភ្នំពេញ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ប្រធានស្ដីទីគណបក្សប្រឆាំង បានថ្លែងឡើងថា៖
«ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែលមានរូបខ្ញុំ សម រង្ស៊ី ជាប្រធានស្ដីទី យើងប្ដេជ្ញាដាច់ខាត មិនចុះញ៉មទេ។ គណៈកម្មាធិការអចិន្ត្រៃយ៍ភាគច្រើនលើសលប់ គឺនៅតែស្មោះត្រង់ដដែល ដោយសារតែយើងមានសេរីភាព អាចបញ្ចេញមតិបាន នៅក្រៅប្រទេស។»
លោកបន្តថា៖
«យើងបន្តសកម្មភាពរបស់យើង លើកទឹកចិត្តប្រជារាស្ត្រខ្មែរ នៅក្នុងប្រទេស ឲ្យផុសផុលឡើង កុំចុះញ៉មឲ្យសោះ កុំចុះចាញ់ពួកជនផ្ដាច់ការឲ្យសោះ ត្រូវតែបន្តសកម្មភាពរបស់យើង ដើម្បីទាមទារសេរីភាព យុត្តិធម៌ និងលទ្ធិប្រជាធិបតេយ្យ ឲ្យទាល់តែបាន។»
ក្នុងវីដេអូ ដែលមានរយៈពេល ជាង១១នាទី លោក សម រង្ស៊ី បានគូសបញ្ជាក់ថា វិបត្តិនយោបាយ ដែលបន្តអូសបន្លាយ នៅក្នុងសង្គម និងប្រទេសកម្ពុជា រហូតមកដល់សព្វថ្ងៃ គឺបណ្ដាមកពី «លេស» របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការចោទលោក កឹម សុខា និងសហរដ្ឋអាមេរិក ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ ឲ្យខាងតែបាន។
លោក សម រង្ស៊ី បាននិយាយក្នុងនាមពលរដ្ឋម្ចាស់ឆ្នោត ចំនួនកន្លះនគរ ដែលបានបោះឆ្នោត ឲ្យគណបក្សប្រឆាំង យ៉ាងដូច្នេះថា៖
«ទង្វើរបស់លោក ហ៊ុន សែន នេះ គឺជាការប្លនអំណាច ពីប្រជារាស្ត្រខ្មែរ និងប្លន់តំណែងពីគណបក្សសង្គ្រោះជាតិ តំណែងដែលប្រជារាស្ត្រ បានបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ។»
«ដូច្នេះ របបលោក ហ៊ុន សែន សព្វថ្ងៃ ជារបបខុសច្បាប់ ដែលបានប្លន់អំណាច ពីប្រជារាស្ត្រ ហើយដែលប្រជារាស្ត្រខ្មែរ មិនអាចទទួលយកបានទេ។ សហគមន៍អន្តរជាតិ ភាគច្រើនលើសលប់ ក៏មិនអាចទទួលបានដែរ។ ដោយសារតែគេមិនអាចទទួលយកបាននេះ ទើបគេដាក់ទណ្ឌកម្ម លើរបបលោក ហ៊ុន សែន។»
សម រង្ស៊ី និងមេដឹកនាំគណបក្សប្រឆាំង «ប្ដេជ្ញាមិនចុះញ៉ម»
មេដឹកនាំប្រឆាំង វ័យ៦៩ឆ្នាំ បានទាមទារ ឲ្យមានវិធានការជាក់ស្ដែង ដើម្បីបើកផ្លូវ ដើម្បីឲ្យគណបក្សសង្គ្រោះជាតិ បើកដំណើរការឡើងវិញ និងទាមទារឲ្យតំណាងគណបក្សរបស់លោក ដែលជាប់ឆ្នោត ក្នុងការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០១៧ ទទួលបានតំណែង ជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ជាមេឃុំ និងចៅសង្កាត់របស់ពួកគេ ដូចមុនខែវិច្ឆិកា ឆ្នាំ២០១៧។
លោកបន្តសង្កត់ធ្ងន់ថា៖
«យើងទាមទារឲ្យសងជំងឺចិត្ត ចំពោះការប្លន់តំណែង ពីសមាជិកគណបក្សសង្គ្រោះជាតិនេះ។ យើងទាមទារ ឲ្យមានការបើកប្រាក់ខែ ជូនសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលត្រូវបានគេប្លន់តំណែង ៣ឆ្នាំហើយ មកទល់នឹងថ្ងៃនេះ។»
សម្រាប់មេដឹកនាំប្រឆាំងរូបនេះ ដំណោះស្រាយនៅក្នុងវិបត្តិនយោបាយសព្វថ្ងៃ គឺត្រូវទម្លាក់ចោល ការចោទប្រកាន់ ដែលមិនសមហេតុសមផល ទៅលើប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ព្រោះលោក ហ៊ុន សែន បានប្រើការចោទនោះ ជា«លេស» ដើម្បីរំលាយគណបក្សប្រឆាំង។
ហើយភាពចាំបាច់ ដែលតុលាការរបបក្រុងភ្នំពេញ ត្រូវទម្លាក់ចោលការចោទប្រកាន់នោះ ត្រូវបានលោក សម រង្ស៊ី ពន្យល់ថា៖
«ពីព្រោះលោក កឹម សុខា ជាអ្នកប្រជាធិបតេយ្យ ជាមនុស្សអហិង្សា ដែលប្រើតែវិធីអហិង្សា ដើម្បីសម្រេចគោលដៅរបស់លោក និងរបស់គណបក្សសង្គ្រោះជាតិ។ ដំណោះស្រាយដែលប្រជារាស្ត្រខ្មែរ និងសហគមន៍អន្តរជាតិទាមទារ គឺទម្លាក់ចោលការចោទប្រកាន់ មកលើលោក កឹម សុខា នេះ។ លោក ហ៊ុន សែន មិនអាចយកលេស ពីជំងឺកូវីដ-១៩ ដើម្បីពន្យាពេលការកាត់ទោស លោក កឹម សុខា ទេ។»
«ក្រោយពីទម្លាក់ចោល ការចោទប្រកាន់ លើលោក កឹម សុខា និងសហរដ្ឋអាមេរិក របប ហ៊ុន សែន ត្រូវតែបើកផ្លូវ ឲ្យគណបក្សសង្គ្រោះជាតិ មានដំណើរការឡើងវិញ ពីព្រោះលោក ហ៊ុន សែន គាត់យកលេស ពីការចោទប្រកាន់ (…) ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ៕»