ក្នុងប្រទេសបារាំង លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានបើកសមាគមថ្មីមួយ ហៅថា​«សមាគម​ការពារសិទ្ធិ និងសេរីភាព នៃអតីត​អ្នកជំងឺ​កូវីដ-១៩ (Association de Défense des Droits et Libertés des Anciens Malades de la Covid-19)»។

សមាគមខាងលើនេះ ត្រូវបានស្នងការដ្ឋាននគរបាល នៃរដ្ឋធានីប៉ារីស ប្រកាសទទួលស្គាល់ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ តាមរយៈលិខិតផ្លូវការមួយ ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានចូលទៅពិគ្រោះ។

នៅលើគេហទំព័ររបស់សមាគម គេឃើញលោក សម រង្ស៊ី សរសេរបង្ហោះសារខ្លីៗ និងអត្ថបទវែង-លំអិតជាច្រើន ស្ដីពីស្ថានភាពរបស់អ្នកជំងឺកូវីដ-១៩ ដែលទទួលបានការជាសះស្បើយឡើងវិញ ហើយដែលលោកអះអាងថា ជាអ្នកជំងឺដែលមានអង្គការពារ (ឬភាពស៊ាំ) ទល់នឹងជំងឺរាតត្បាតខាងលើ និងមិនអាចក្លាយខ្លួន ទៅជាភ្នាក់ងារចម្លងជំងឺនេះ ទៅកាន់អ្នកដទៃទៀតឡើយ។

បុព្វហេតុរបស់សមាគម ត្រូវបានសរសេរឡើង​ចំនួន៣បន្ទាត់ ដែលយើងអាចសង្ខេបខ្លឹមសារ មកថា សមាគម​​«ទាមទារ​ឱ្យមាន​ការទទួលស្គាល់ ពីភាពស៊ាំដ៏ជាក់លាក់ និងស្នើឱ្យមានឡើងវិញជាធម្មតា នូវសិទ្ធិនិងសេរីភាព» នៃអតីត​អ្នកជំងឺ​កូវីដ-១៩ ដែលបានជាសះស្បើយទាំងនោះ។

លោក សម រង្ស៊ី ខ្លួនលោក ក៏ធ្លាប់បានចូលទៅការពារ និងតាមដានសវនាការ របស់ក្រុមប្រឹក្សារដ្ឋបារាំង (Conseil d’Etat *) កាលពីព្រឹក​ថ្ងៃទី៤ ខែឧសភានេះដែរ។ សវនាការនោះ បើកធ្វើឡើងតាមការស្នើសុំ របស់សមាគមខាងលើ ដើម្បី​បញ្ជាក់​ថា អ្នកដែលបានឈឺ​ជំងឺកូវីដ-១៩ ហើយបានជាសះស្បើយ​ដោយមានភាពស៊ាំ នឹងមិនអាចនាំ​ជំងឺ​កូវីដ-១៩ នេះ ឲ្យឆ្លង​ដល់អ្នកដទៃទេ។

ក្នុងពេលកន្លងមក លោក សម រង្ស៊ី បានបង្កើត និងដឹកនាំចលនា ឬសមាគមជាច្រើន នៅក្រៅប្រទេស។ បន្ទាប់ពី​បាន​និរទេសខ្លួន ដើម្បីគេចចេញពីការចាប់ចង ពីសំណាក់ប្រព័ន្ធតុលាការនៅកម្ពុជា មេដឹកនាំប្រឆាំងរូបនេះ បានបង្កើត​សមាគម​ថ្មីមួយ មានឈ្មោះថា «សមាគមដើម្បី​លើក​តម្កើង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា»។

ក្រោយការរំលាយគណបក្សសង្គ្រោះជាតិ ដោយរបបក្រុងភ្នំពេញ នៅចុងឆ្នាំ២០១៧ លោកក៏បានបង្កើតចលនា​មួយទៀត ឈ្មោះ«ចលនាសង្គ្រោះជាតិ» ដែលត្រូវបានលោកអះអាងថា ដើម្បីសង្គ្រោះគណបក្សប្រឆាំងមួយនេះ ឲ្យមានដំណើរការ​ឡើងវិញ នៅក្នុងប្រទេសកម្ពុជា៕

——

(*) Conseil d’Etat : ក្រុមប្រឹក្សាររដ្ឋបារាំង មានតួនាទីមួយ ពីចំណោមតួនាទីជាច្រើន នោះគឺជាតុលាការរដ្ឋបាលថ្នាក់កំពូល នៅក្នុងប្រទេសបារាំង។



លំអិតបន្ថែមទៀត

កម្ពុជា

សម រង្ស៊ី ថា​«ការញាំញី»​ពីសំណាក់​ក្រុងភ្នំពេញ ជា​កិត្តិយស​សម្រាប់​លោក

មេដឹកនាំប្រឆាំង បានឆ្លើយតបទៅនឹងសេចក្ដីប្រកាស តាមចាប់ខ្លួនរូបលោក ពីសំណាក់អាជ្ញាធររបបក្រុងភ្នំពេញ ដោយចាត់ទុកទង្វើនោះ ថាជា«ការញាំញី» ដែលផ្ដល់ជា«កិត្តិយស»សម្រាប់លោកទៅវិញទេ។ កាលពីចុងសប្ដាហ៍មុន ​អគ្គស្នងការ​នគរបាល​ជាតិ​កម្ពុជា បាន​ចេញសេចក្ដីប្រកាសមួយ ថាខ្លួននឹងប្រើគ្រប់មធ្យោបាយ ដើម្បី​តាម​ចាប់ខ្លួន​លោក សម រង្ស៊ី ...
កម្ពុជា

CNRP អ៊ឺរ៉ុប ធ្វើបាតុកម្មព្រឹកនេះឲ្យបារាំង​បន្ថែមទណ្ឌកម្ម​លើរបប ហ៊ុន សែន

ដូចបានគ្រោងទុក ពលរដ្ឋខ្មែរ​ឬពលរដ្ឋមានដើមកំណើតខ្មែរ ច្រើនរយនាក់  ដែលជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ក្នុងទ្វីបអ៊ឺរ៉ុប ( CNRP អ៊ឺរ៉ុប ) នឹងធ្វើបាតុកម្មក្នុងថ្ងៃសុក្រនេះ នៅខាងមុខក្រសួងការបរទេសបារាំង ដើម្បីទាមទារឲ្យរដ្ឋាភិបាលបារាំងចាត់វិធានការ ឲ្យបានខ្លាំងបន្ថែមទៀត ...
កម្ពុជា

សម រង្ស៊ី អួតអាង​ថា បាន​«ប្រៀនប្រដៅ ហ៊ុន សែន បានខ្លះហើយ»

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងទទួលយក ការប្រៀនប្រដៅ «បានខ្លះហើយ» ពីប្រធានស្ដីទី គណបក្សប្រឆាំង លោក សម រង្ស៊ី ដែលអះអាងទៀតថា យ៉ាងហោចណាស់ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.