កម្ពុជាដំណឹង

សម រង្ស៊ី ថ្លែងឲ្យប្រើការចាប់ខ្លួន រ៉ុង ឈុន ដើម្បី​ងើបឈរ​ឡើង ផ្លាស់ប្ដូរ​របប

មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានធ្វើសេចក្ដីថ្លែងការណ៍​ផ្ទាល់មាត់មួយ ពីប្រទេស​បារាំង អំពាវនាវ​ឲ្យ​ពលរដ្ឋ​រួបរួមគ្នា ក្នុងការប្រើឱកាស នៃការចាប់ខ្លួនលោក រ៉ុង ឈុន ដើម្បី​ងើបឈរឡើង ឈាន​ទៅផ្លាស់ប្ដូររបបដឹកនាំ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមបែបបទ​ប្រជាធិបតេយ្យ។

សេចក្ដីថ្លែងការណ៍របស់ប្រធានស្ដីទី គណបក្សសង្គ្រោះជាតិ ធ្វើឡើងតាមរយៈវីដេអូមួយ ដែលបង្ហោះ​តាមបណ្ដាញ​សង្កម កាលពីប៉ុន្មាន​នាទីមុននេះ។ លោក សម រង្ស៊ី បានហៅ​លោក រ៉ុង ឈុន ថាជាឥស្សរជន និងជាបញ្ញាវ័ន្ដ​ម្នាក់ ដែលប្រជាពលរដ្ឋខ្មែរគោរព ដោយសារ​​សកម្មភាព​ជួយឈឺឆ្អាល​ពលរដ្ឋ ក្នុងរយៈពេលកន្លងមក។

លោកបន្តថា ការចាប់ខ្លួនលោក រ៉ុង ឈុន ដែលមានលក្ខណៈ«ធ្ងន់ធ្ងរ» កាលពីយប់​ថ្ងៃទី​៣១ ខែកក្កដា តម្រូវ​ឲ្យមាន​ការទាមទារ ដើម្បីដោះលែង​រូបលោក ឲ្យមានសេរីភាព​ឡើងវិញ។

បន្ទាប់ពីបានផ្សាយឡើងវិញ នូវរូបភាពរបស់លោក រ៉ុង ឈុន ដែលត្រូវបានក្រុមសន្តិសុខ របស់សាលារាជធានី ​ចាប់បញ្ចូល​រថយន្ដ តាំងពីច្រើនឆ្នាំមុនរួច មេដឹកនាំប្រឆាំងបាន​ថ្លែង​ឡើងថា៖

«យើងនឹងធ្វើតាមបណ្ដាំលោក រ៉ុង ឈុន គឺយើងនឹងរួបរួមគ្នា កូនខ្មែរទាំងអស់ នឹងរួបរួម​គ្នាជាធ្លុងមួយ មិនមែនត្រឹមតែទាមទារ ឲ្យដោះលែងលោក រ៉ុង ឈុន នោះទេ តែទាមទារ​ឲ្យ​ផ្លាស់ប្ដូរ​ជាវិជ្ជមាន តាមបែបបទ​ប្រជាធិបតេយ្យ ដូច​ប្រជារាស្ត្រខ្មែរ​ចង់បាន តាំងពី​យូរណាស់​មកហើយ។»

យ៉ាងណា ការអំពាវនាវរបស់លោក សម រង្ស៊ី មិនបានបញ្ជាក់ឲ្យលំអិតទេ ថាតើការទាមទារ ឬការងើបឈរនេះ អាចធ្វើទៅ​បាន តាមរបៀបណា ខណៈរូបលោក នឹងមេដឹកនាំ​ដ៏​សំខាន់ៗ គណបក្សប្រឆាំង កំពុង​រស់នៅ​​និរទេស​ខ្លួន ក្រៅប្រទេសកម្ពុជា​នៅឡើយនោះ។

លោក សម រង្ស៊ី បានបន្តទៀតថា៖

«ការចាប់ឃុំឃាំងលោក រ៉ុង ឈុន នេះ ជាឱកាសប្រវត្តិសាស្ត្រ ដើម្បី​ប្រជារាស្ត្រ​ខ្មែរ ជាពិសេស​​យុវជន ជាពិសេស​​កម្មករ ជាពិសេស​មន្ត្រីរាជការ គ្រូបង្រៀន ប៉ូលីស​​ទាហាន​ទាំងអស់ យើងត្រូវតែរួបរួមគ្នា ងើបឈរឡើង តស៊ូ​ទាំងអស់​គ្នា ដើម្បី​រំដោះ​​ប្រទេសជាតិ​យើង ពីរបបផ្ដាច់ការ ពីរបបក្បត់ជាតិ ដឹកនាំ​ដោយ ហ៊ុន សែន៕»

០២ សីហា ២០២០ / 02 August 2020តើការចាប់ខ្លួនលោក រ៉ុង ឈុន នឹងនាំមកនូវផលប៉ះពាល់អ្វីខ្លះ?What will be the consequences of the arrest of union leader Rong Chhun?

Posted by Sam Rainsy on Saturday, 1 August 2020


លំអិតបន្ថែមទៀត

កម្ពុជា

នៅពេល​ដែល​កូនស្រី កឹម សុខា រួមគ្នា​វាយបក សម រង្ស៊ី…

ការលើកឡើង​របស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលថា «មតិយោបល់»របស់លោក កឹម សុខា «មិនឆ្លុះបញ្ចាំង ពីឆន្ទះពិតរបស់លោក» ព្រោះលោក «ជាចំណាប់ខ្មាំង» របស់លោក ...
កម្ពុជា

ហ៊ុន សែន ប្រាប់ឲ្យ​«ចាប់ក្បាល» សម រង្ស៊ី ដោយមិនចាំបាច់​មានបញ្ជា​ពីលោក

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ដែលស្ថិតក្នុងឯកសណ្ឋាន ជាមេទ័ពនៃកងកម្លាំងប្រដាប់អាវុធកម្ពុជា បានប្រាប់កងទ័ព ឲ្យ«ចាប់ក្បាល អាហ្នឹង» ដោយមិនចាំបាច់ មានបញ្ជាពីលោក ដោយហៅការចាប់ខ្លួននោះ ជាការអនុវត្តន៍ច្បាប់។ ...
លោក ស៊ន តារា និងលោក ហ៊ុន សែន
កម្ពុជា

ស៊ន តារា ប្រកាស​«ដើរស្រាត​ចូលស្រុក» បើ ហ៊ុន សែន បិទហ្វេសប៊ុក

លោក ស៊ន តារា អ្នកគាំទ្រគណបក្សប្រឆាំងមួយរូប ដែលកំពុងនៅក្នុងប្រទេសបារាំង បានប្រកាសថា លោក នឹង«ដើរស្រាត​ចូលស្រុក»វិញ ប្រសិនជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បិទបណ្ដាញសង្គមហ្វេសប៊ុក នៅកម្ពុជាមែននោះ។ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.