កម្ពុជាដំណឹង

សម រង្ស៊ី ស្នើ កឹម សុខា «កុំរវើរវាយ»​ចំពោះមាតុភូមិនិវត្តន៍​របស់ មូរ សុខហួរ

ជាលើកដំបូងហើយ ដែលលោក សម រង្ស៊ី បានប្រើវោហាស័ព្ទខុសពីសព្វដង ដោយបាន​ស្នើឲ្យ​លោក កឹម សុខា «កុំរវើរវាយ»ចំពោះមាតុភូមិ​និវត្តន៍ របស់អ្នកស្រី មូ សុខហួរ ដែលនឹងគ្រោងធ្វើ ក្នុងថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ខាងមុខ។

ប្រតិកម្មរបស់​ប្រធានស្ដីទី​របស់គណបក្សប្រឆាំង ធ្វើឡើងដើម្បីឆ្លើយតប ទៅនឹងទស្សនៈ​របស់​ប្រធានក្នុងតំណែង របស់គណបក្សនេះ (លោក កឹម សុខា) ដែលបានសរសេរបង្ហោះ លើបណ្ដាញសង្គម ចំថ្ងៃប្រកាសធ្វើមាតុភូមិនិវត្តន៍ របស់ក្រុមមេដឹកនាំគណបក្ស ពីក្រៅប្រទេស។

លោក កឹម សុខា បានសរសរថា៖

«ខ្ញុំបានកំណត់ហើយថា​ “ប្រជាពលរដ្ឋខ្មែរ ជាជនរួមជាតិ ជាជនរួមឈាម ជាបងប្អូន​របស់ខ្ញុំ”​ ហើយ”ប្រទេសកម្ពុជា ជាមាតុភូមិ ជាទឹកដីកំណើត ជាកន្លែងដែលខ្ញុំ កើត រស់ និងស្លាប់”​ ដែលខ្ញុំមិនអាចបោះបង់ និងមិនគាំទ្រអ្នកណា​ដែលបង្ករគ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋខ្មែរ និងមាតុភូមិកម្ពុជាឡើយ ទោះបីខ្ញុំស្ថិតក្នុងស្ថានភាព ណាក៏ដោយចុះ។»

សំណេរខាងលើ បង្កឲ្យមានការជជែកវែកញែក យ៉ាងច្រើន នៅលើបណ្ដាញសង្គម ជុំវិញ​ជំហរ​របស់លោក កឹម សុខា ដែលជាប្រធានគណបក្ស ចំពោះដំណើរវិលចូល​មាតុប្រទេស​វិញ របស់អនុ​ប្រធានគណបក្ស និងមេដឹកនាំគណបក្ស​មួយចំនួនទៀត បន្ទាប់ពីពួកគេ បាននិរទេសខ្លួន រស់នៅក្រៅប្រទេស តាំងពីអំឡុងឆ្នាំ២០១៧កន្លងមក។

សម្រាប់លោក សម រង្ស៊ី បានពន្យល់ថា គេគប្បីសម្លឹងមើល ពីចរិតនយោបាយ របស់​អ្នកស្រី មូរ សុខហួរ ដែលលោក សម រង្ស៊ី អះអាងថា មិនអាចជាគ្រោះថ្នាក់ សម្រាប់នរណា​ម្នាក់​​ឡើយ។ ប្រធានស្ដីទីរបស់គណបក្សសង្គ្រោះជាតិ បានថ្លែងឡើង តាមរយៈវិទ្យុអាស៊ីសេរី​ក្នុងយប់ថ្ងៃសុក្រទី៤ ខែធ្នូ ឆ្នាំ២០២០នេះថា៖

«ឥឡូវ សុំឲ្យម្នាក់ៗគិតថ្លឹងថ្លែង ឲ្យត្រឹមត្រូវថា លោកស្រី មូរ សុខហួរ យើងស្គាល់ចរិតគាត់ យើងស្ដាប់ភាសាគាត់ យើងស្គាល់ទង្វើគាត់ បទពិសោធន៍របស់គាត់ គាត់ធ្លាប់បាន​ធ្វើអ្វីខ្លះ តែងតែនិយាយបែបណា? តើគាត់ជាគ្រោះថ្នាក់ ឲ្យនរណាភ័យខ្លាចស្លន់ស្លោរ ដេកមិនលក់ឬទេ? តើនរណាអាចយល់ថា មិនត្រូវឲ្យគាត់មកទេ ពីព្រោះគាត់ហ្នឹង នឹង​នាំមក​ នូវភាពចល្លាចល… ។»

«បើនរណាគិតអញ្ចឹង គឺច្បាស់ជាគេថ្កោលទោសហើយ ព្រោះគិតហ្នឹងរវើរវាយហើយ។»

បន្ទាប់មក លោក សម រង្ស៊ី បានតំឡើងទម្ងន់ពាក្យ នៅក្នុងវោហាស័ព្ទរបស់លោក ដោយមិនចំឈ្មោះ ហើយស្នើទៅនរណាក៏ដោយ រាប់ទាំងលោក កឹម សុខា ផង «កុំរវើរវាយ»​ដូច្នេះ។ លោកថា៖

«ខ្ញុំសុំឲ្យថ្នាក់ដឹកនាំគណបក្សណាក៏ដោយ ដែលមានស្មារតីទទួលខុសត្រូវ កុំរវើរវាយ សម្រាប់​ថ្ងៃ៤មករានេះ។ កុំទៅចោទប្រកាន់រវើរវាយ ពីលោកស្រី មូរ សុខហួរ ដែលជាស្ត្រី ជារដ្ឋមន្ត្រីក្រសួងកិច្ចការនារី (…) គាត់ធ្លាប់តែជួយប្រជាពលរដ្ឋ ធ្វើជាសង្គមស៊ីវិល ធ្វើជា​សមាគមមនុស្សធម៌ អញ្ចឹងទៅចោទ ទៅខ្លាចលោកស្រី មូរ សុខហួរ ថានាំឲ្យមាន​ចល្លាចល នាំឲ្យមាន​គ្រោះថ្នាក់​ដល់ប្រទេសជាតិអី។»

«បើនរណាគិតស្មានអញ្ចឹង គឺអ្នកហ្នឹង​មនុស្សយ៉ាប់មែនទែនហើយបាទ៕»



លំអិតបន្ថែមទៀត

កំសាន្ដ

ព័ត៌មាន​អាជ័យ៖ កូនស្រី​មេ​បក្ស «ឆេះ»​ហើយ​ទាន!

«ឆេះ» ៖ តាមពិតទៅ កន្លែងដែលភ្លឺពេក កន្លែងដែលគេចង់ឲ្យឃើញ អាជ័យខ្ញុំមិនសូវជាចង់ឃើញទេ។ ផ្ទុយទៅវិញ អាជ័យខ្ញុំចូលចិត្តត្រសុល ទៅរកកន្លែងណា ដែលងងឹង និងកន្លែងដែលគេមិនចង់ឲ្យដឹង ដោយហេតុថា គឺកន្លែងអញ្ចឹងទៅវិញទេ ...
កម្ពុជា

សម រង្ស៊ី អះអាងថាស្គាល់​«ក្រយៅ» ហ៊ុន សែន ហើយ

មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានថ្លែងពីកោះអូស្ត្រាលីថា នឹងគ្មានការចរចា  ដើម្បីការសម្របសម្រួលនយោបាយណាមួយ ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឡើយ សម្រាប់រយៈពេលតទៅមុខទៀត។ លោកបានលើកមូលហេតុថា ...
កម្ពុជា

ក្រុមអ្នកជំនាញ អ.ស.ប ថាការជំនុំជម្រះក្តី កឹម សុខា «គ្មានគុណភាព»

«គ្មានគុណភាព» នេះជាការអះអាងឡើង របស់ ក្រុមអ្នកជំនាញសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ដើម្បីហៅការជំនុំជម្រះក្តី ពីបទក្បត់ជាតិ ដែលបានបើកសវនាការ ក្នុងអាទិត្យនេះ ប្រឆាំងនឹងលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងនៅកម្ពុជា។ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.